ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រគល់​ឧទ្ធម្ភាចក្រ​១២​គ្រឿង​ដល់​កម្ពុជា


លោក​នាយក​រដ្ឋ​មន្រ្តី​ចិន Wen Jiabao (ឆ្វេង​ទី​ពីរ) ត្រួត​​ពល​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ ហ៊ុន សែន ក្នុង​ឱកាស​ស្វាគម​ជា​ផ្លូវការ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
លោក​នាយក​រដ្ឋ​មន្រ្តី​ចិន Wen Jiabao (ឆ្វេង​ទី​ពីរ) ត្រួត​​ពល​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ ហ៊ុន សែន ក្នុង​ឱកាស​ស្វាគម​ជា​ផ្លូវការ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
ភ្នំពេញ៖ ប្រទេស​ចិន​បាន​ប្រគល់​ឧទ្ធម្ភាគចក្រប្រភេទ«​Z9» ​ចំនួន​១២​គ្រឿង​ដែល​ផលិត​នៅ​ប្រទេស​ចិននិង​ប្រើប្រាស់​លុយ​កម្ចីរបស់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។

ពិធី​ទទួល​ឧទ្ធម្ភាគ​ចក្រ​នេះ​បាន​ធ្វើ​ឡើង​នៅ​បរិវេណកង​ទ័ព​អាកាស​កម្ពុជា​ក្រោម​ការ​ចូល​រួម​ពី​លោក​ស្រី​ Pan Guangxue​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ទា បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

លោក​ ស៊ុន សំណាង​ មេបញ្ជាការ​កងទ័ព​អាកាស​បាន​បញ្ជាក់​ថា​ឧទ្ធម្ភាគចក្រនេះ​បាន​មក​ដល់​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៣។​

ពិធី​ប្រគល់​ឧទ្ធម្ភាគចក្រទាំង​១២​គ្រឿង​នេះ​បាន​ធ្វើឡើង​ដោយ​មាន​ព្រះ​សង្ឃ​សូត្រ​ធម៌​បាច​ផ្កា​តាម​បែប​ព្រះ​ពុទ្ធ​សាសនា។​

អ្នក​ស្រី​ Pan Guangxue​ ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឱ្យដឹង​ថា​ឧទ្ធម្ភាគចក្រប្រភេទ«​Z9»​ ​ទាំង​១២​គ្រឿង​នេះ​ជា​ប្រភេទ​ឧទ្ធម្ភាគចក្រធុនស្រាល​អាច​ប្រើប្រាស់​ដូច​ជា​ការ​ដឹក​ជញ្ជូន​មនុស្ស​និង​សម្ភារៈ​ ការ​ជួយ​សង្គ្រោះ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​និង​ការ​ពារ​សុវត្ថិភាព​ មាន​គុណភាព​និង​សុវត្ថិភាព​ល្អ។​

លោក​ ស្រី​និយាយ​តាម​រយៈ​អ្នក​បក​ប្រែថា៖​

«​ការ​ប្រគល់​និង​ការ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រទាំង​នេះ​នឹង​លើក​កម្ពស់​សមត្ថភាព​ជួយ​សង្គ្រោះ​ជាបន្ទាន់​នៃ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ដើរ​តួនាទី​យ៉ាង​សំខាន់»។​

ប្រទេស​កម្ពុជា​កំពុង​មាន​បញ្ហា​ជម្លោះ​ព្រំ​ដែន​ជាមួយ​ប្រទេស​ថៃ​ជុំវិញ​បញ្ហា​ដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះ​វិហារ។​

កងទ័ព​ថៃ​នៅ​តែ​មិន​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​មាន​ជម្លោះ​បើ​ទោះ​បីជា​តុលាការ​ក្រុង​ឡាអេ​កាល​ពី​ដើម​ខែ​វិច្ឆិកា​បាន​សម្រេច​ក្តី​ឱ្យកម្ពុជា​ឈ្នះ​ក្តី​និង​បាន​បញ្ជា​ឱ្យថៃ​ដក​កង​ទ័ព​ចេញ​ពីដី​ដែល​មាន​ជម្លោះ​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​យ៉ាង​ណា​ក៏​ដោយ។​

នៅ​ពេល​ដែល​មាន​វិបត្តិ​ព្រំដែន​មិន​ទាន់​ដោះ​ស្រាយ​កម្ពុជា​បាន​ប្រឈម​នឹង​វិបត្តិ​នយោបាយ​មួយ​ទៀត​ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ទាំង​ពីរ​មិន​អាច​រក​ផ្លូវ​ជួប​គ្នា​ដើម្បី​ទំលុះ​ភាព​ជាប់​គាំង​នយោបាយ​បាន។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​គំរាម​ធ្វើ​មហា​បាតុកម្ម​នៅ​ខែ​ក្រោយ​នេះ​នៅ​ខេត្ត​សៀម​រាប​ ព្រះ​វិហារ​ ខេត្ត​កំពង់​ធំ​ និង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ជារៀង​រាល់​ថ្ងៃ​អាទិត្យ។​

លោក​ទៀ បាញ់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​បញ្ជាក់​ថា​ឧទ្ធម្ភាគចក្រ​ទាំង​១២​គ្រឿង​ដែល​ប្រទេស​ចិន​ទើប​ប្រគល់​ឱ្យនេះ​នឹង​យក​ទៅ​សម្រាប់​ដើម្បីបង្ក្រាប​អ្នក​ដែល​ធ្វើ​អន្តរាយ​ដល់​ប្រទេស​ជាតិ។​

លោក​និយាយ​ថា៖​

«​និយាយ​ឱ្យ​ចំក៏បាន​ដែរ​នៅ​លើ​ការ​បង្ក្រាប​នូវ​បទ​ល្មើស​មួយ​ចំនួន​ថែម​ទៀត​បើ​សិន​ជាបទ​ល្មើស​នោះ​វា​ធ្វើ​ឱ្យមាន​ការ​អន្តរាយ​ឬនាំ​ឱ្យមាន​ការ​ប៉ះ​ពាល់​ដល់​អធិបតេយ្យ​ក៏ដូច​ជាការ​ប៉ះ​ពាល់​ដល់​ស្លាប់​ទាំង​ឡាយ​របស់​យើង​នេះ។ ​យើង​អាច​ប្រើប្រាស់​ដល់​កិច្ច​ការ​នេះ​ដល់​ប្រតិបត្តិការ​ដែល​បាន​ហ្វឹក​ហ្វាត់»។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​គ្រឿង​សព្វាវុធ​ដែល​យក​មក​គំរាម​កំហែង​ជម្លោះ​ផ្ទៃ​ក្នុង​គឺ​គ្មាន​ឥទ្ធិពល​ទេ​បើ​សិន​ជា​រដ្ឋាភិបាល​ឈ្លាស​វៃ​គ្រប់​គ្រាន់​គឺមិន​ដែល​យក​អាវុធ​មក​ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​ប្រជា​ពលរដ្ឋ​គ្នា​ឯង​ទេ។

លោក​និយាយ​ថា៖

​«​ខ្ញុំ​ជឿ​ថា​រដ្ឋាភិបាល​ពិតជា​មិន​ឆោត​រហូត​ដល់​តែ​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ឬ​មួយ​ក៏​អាវុធ​យុទ្ធភណ្ឌ​មក​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​ដែរ»។​

ប្រទេស​ចិន​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​តាន​តឹង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោតដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោតរដ្ឋាភិបាល​ចិន​បាន​ផ្តល់​អាវុធ​ខ្លី​ទំនើបៗ​ប្រមាណ​១០០០​ដើម​មក​ឱ្យរដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន៕​
XS
SM
MD
LG