ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានីយ​វិទ្យុ​ក្នុងស្រុក​ខ្លាច​រអារ​ដោយសារ​បម្រាម​ក្រសួង​ព័ត៌មាន


លោកម៉ម សូណង់ដូ ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ក្នុង​កម្មវិធី​ហេឡូ​ វីអូអេ ថ្ងៃទី​២៧ ឧសភា ២០១៣។
លោកម៉ម សូណង់ដូ ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ក្នុង​កម្មវិធី​ហេឡូ​ វីអូអេ ថ្ងៃទី​២៧ ឧសភា ២០១៣។
ស្ថានីយ​វិទ្យុ ​FM ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា​កំពុង​មាន​ភាព​ស្រពិច​ស្រពិលមិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ ណា​ក្នុង​ពេល​ថ្ងៃបោះឆ្នោត​និង​មួយ​ថ្ងៃ​មុន​ពេល​បោះឆ្នោត​ដោយ​សារ​តែសេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាននិង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត។ ​

ម្ចាស់​ស្ថានីយ​វិទ្យុទាំង​នោះ​ត្រៀម​ផ្អាក​ការផ្សាយ ​ដោយសារ​តែ​ខ្លាច​ល្មើស​នឹង​បម្រាម​របស់​ស្ថាប័នទាំងពីរនេះ​ដែល​នាំ​ ឱ្យ​ពួកគាត់​ត្រូវ​បាត់​បង់​អាជ្ញាបណ្ណផ្សាយ​ ​ពេល​ក្រោយ​ពី​ការ​បោះឆ្នោត​បាន​បញ្ចប់។

លោកម៉ម សូណង់​ដូនាយក​វិទ្យុ​សំបុកឃ្មុំ​អេហ្វ​អឹម ១០៥​ដែល​ទទួល​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ និងអាស៊ី​សេរីមាន​ការ​លំបាក​ក្នុង​ការយល់​ឱ្យ​បាន​ច្បាស់​អំពី​សេចក្តី​ ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ដែល​បាន​បញ្ជា​មិន​ឱ្យ​ផ្សាយ​ព័ត៌មាន​ទាក់​ទង​ នឹង​ការបោះឆ្នោតសម្រាប់​ថ្ងៃ​ទី ២៧​និង​២៨​ខែកក្កដា។

លោក​និយាយថា៖ «ប្រសិន​ជា​ក្រសួង​ព័ត៌មាន​គេ​ចេញ​ការ​ណែនាំ​ហាម​ប្រាម​មិន​ឱ្យ​ធ្វើ​អ្វី មួយ​តាម​ដែល​ខ្ញុំ​ដឹង​គួរ​តែ​យើង​គោរព​គេ​ប៉ុន្តែ​ប្រសិន​បើ​ជា​សហរដ្ឋ​ អាមេរិក​ឬក៏​ប្រទេស​ធំៗ​ដែល​គេ​ផ្តល់​លុយ​ជួយ​ឱ្យ​យើងមាន​ការ​បោះឆ្នោត​ ឬក៏​មាន​ការ​ណែនាំ​អំពី​ការ​បោះឆ្នោត​ឬក៏​មើល​ការ​ខុសត្រូវ​ការ​បោះឆ្នោត ហើយ​ប្រសិន​បើ​គេ​អាច​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អ្នក​ សារព័ត៌មានជា​ពិសេស​វិទ្យុ​ហ្នឹង​ឱ្យ​យើង​ផ្សាយ​ដូច​ជា​យើង​ផ្សាយ​ ជារៀងរាល់​ថ្ងៃ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ខ្ញុំ​ថា​ជា​ការ​ល្អ​មួយ»។

លោក ​ម៉ម សូណង់​ដូ​បាន​បញ្ជាក់​ថា​កាលពី​ពេល​ចាប់​ផ្តើម​ឃោស​នា​ដំបូង​នៅ ថ្ងៃ​ទី​២៧​ខែ​មិថុនា​ ​លោក​រដ្ឋ​មន្ត្រី​ស្តីទី ​អ៊ុក ប្រាថ្នា​ បាន​ចេញ​សេចក្តី​ណែនាំ​ហាម​ប្រាម​ការផ្សាយ​បន្ត​ផ្ទាល់​ពី​វិទ្យុ​ បរទេសផ្សាយ​ជា​ខេមរភាសាម្តងហើយ​ប៉ុន្តែ​ដោយ​សារ​តែ​លោកទទួល​បាន​ ការណែនាំ​យឺតយ៉ាវ​ហើយ​បន្ត​ចាក់ផ្សាយ​កម្មវិធី​វិទ្យុ​បរទេសក៏​ត្រូវ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​ទូរស័ព្ទទៅ​គំរាម​ទើប​លោកបានដឹងហើយ​ មិន​ហ៊ាន​ប្រឆាំង​នឹង​បទបញ្ជា​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖​«អ្វី​ ដែល​គេ​ណែនាំ​យើង​ធម្មតា​តែ​គេ​បង្ខំយើង​ គឺ​យើង​ត្រូវ​គោរព​គេ។ ដូច​ខ្ញុំ​យក​ឧទាហរណ៍​ពេល​ថ្មីៗ​នេះ​ដែល​គេ​បញ្ចេញ​សេចក្តី​ណែនាំ​មិន​ឱ្យ​ ផ្សាយ​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​ពី​បរទេស​ហើយ​គេ​ណែនាំ​ឱ្យ​បិទ​ ហើយ​ខ្ញុំ​សាក​ផ្សាយ​តទៅ​ទៀត​ គឺ​ខ្ញុំ​សាក​ផ្សាយ​តែ​១៥​នាទី​គេ​បញ្ជា​ថា​ត្រូវ​តែ​បិទ​។​ នេះ​ជារឿង​មួយ​ដែល​យើង​មិន​ដឹង​ទប់​ទល់​យ៉ា​ងម៉េច​ដែរ​ពីព្រោះ​យើង​នៅ ក្រោម​ច្បាប់​របស់​ក្រសួង​សារព័ត៌មាននៅ​ប្រទេស​ខ្មែរយើង»។

យោង​តាម ​សេចក្តី​ណែនាំ​របស់​លោក​ខៀវ កាញារឹទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៣ ​បាន​ណែនាំ​ឱ្យ​គ្រប់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​«ត្រូវ​បញ្ឈប់​ ការ​ផ្សព្វផ្សាយ​និង​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ទាំង​អស់​អំពី​ការ​ ស្ទង់​មតិ​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ទាក់​ទង​នឹង​ការបោះឆ្នោត​ក្នុង​រយៈ​ពេល​៥​ថ្ងៃ ​មុន​ថ្ងៃ​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត​រួម​ទាំង​បញ្ឈប់​ការផ្សព្វផ្សាយ​ពី​ សកម្មភាព​ឃោសនា​អ្វី​ទាំង​អស់​អំឡុង​ពេល​២៤ម៉ោង​មុនថ្ងៃ​បោះឆ្នោត​និង​ថ្ងៃ​ បោះឆ្នោត»។​

លោកស្រី​ ជា ស៊ុនដាណែត​នាយិកា​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជាដែល​មាន​វិទ្យុ​អេហ្វ​ អឹម​១០២ហើយ​ទទួល​ផ្សាយកម្មវិធី​របស់វិទ្យុ​វីអូអេ​ អាស៊ី​សេរី​និង​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា​មួយ​ចំនួនទៀត បាន​បញ្ជាក់​ថា​លោកស្រី​នៅ​មាន​ការ​ស្រពិច​ស្រពិល​នៅ​ឡើយ​ចំពោះ​សេចក្តី​ ណែនាំ​នេះ​មិន​ដឹង​ថា​ត្រូវ​បន្ត​ផ្សាយ​កម្មវិធីទាំងនោះឬ​ក៏​ចាក់​ផ្សាយ​ ចម្រៀង​ដូច​ការ​ណែ​នាំ​ក្រៅ​ផ្លូវ​ការ​របស់​រដ្ឋាភិបាលដែល​បាន​ធ្វើ​កន្លង​ មក។​

លោក កែវ ចាន់​រដ្ឋា​នាយក​វិទ្យុ​អង្គរ​រដ្ឋា​៩៥.៥​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀម​ រាប​ដែល​ទទួល​ផ្សាយ​កម្មវិធី​វិទ្យុ​វីអូអេ​និង​អាស៊ីសេរី​បាន​ស្នើ​សុំ​ឱ្យ ​មាន​ការ​យោគយល់​ដល់​ការ​លំបាករបស់​លោកដែល​ត្រូវ​តែ​គោរព​តាម​ច្បាប់​របស់ ​កម្ពុជា។ ​

លោក​និយាយថា៖ ​«ខ្ញុំ​យល់​ថា​វាមិន​មែន​ជា​បញ្ហា​អ្វី​ដែល​ក្រសួង​ហាម​ឃាត់​ទេ​ប៉ុន្តែ​ជា ​ទស្សនៈ​របស់​ខ្ញុំ​និង​ជា​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​យើង​មិន​ចង់​ រំខាន​ដល់​សតិអារម្មណ៍​របស់ប្រជាជន​ដែល​កំពុង​តែ​ស្វែង​គិត​នឹង​ ការបោះឆ្នោត​នេះ»។ ​

ប៉ុន្តែ​លោក​បន្ថែម​ថា​បើ​កម្មវិធីដែលមិន​ទាក់​ទង​នឹង​យុទ្ធនាការ​បោះឆ្នោតរបស់​គណបក្ស​នយោបាយ​គឺ​លោក​អាច​នឹង​ផ្សាយ​បាន។ ​

លោក ​និយាយថា៖ «ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ចាក់​ផ្សាយ​នូវ​កម្មវិធី​របស់​វីអូអេ​ដដែល​ប៉ុន្តែ ​ខ្ញុំ​សូម​ឱ្យ​កម្មវិធី​នេះ​ជាកម្មវិធី​ព័ត៌មាន​អន្តរជាតិ​ដែល​មិន​និយាយ​ ពីរឿង​បោះឆ្នោត​នៅ​កម្ពុជា​ហើយ​ជា​ព័ត៌មាន​មួយ​របស់​គណៈកម្មការ​បោះឆ្នោត​ ទៅវិញ»។​

តាម​ប្រភព​ព័ត៌មាន​របស់​មន្ត្រី​រដ្ឋាភិបាល​បាន​បង្ហើប​ឱ្យ ​ដឹង​ថា​មាន​អង្គការ​មួយ​ចំនួន​មាន​គម្រោង​ចង់​ធ្វើ​ការស្ទាបស្ទង់​មតិ​នៅ​ មុន​ការ​បោះឆ្នោត​ដែល​អាចនឹង​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​និង​ជះ​ឥទ្ធិ​ ពល​ដល់​ការសម្រេច​ចិត្ត​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ។ ​

ការស្ទង់​មតិ​ ដោយ​ស្ថាប័ន​ឯករាជ្យ​ឬក្រុមហ៊ុន​តែ​ង​មាន​ធ្វើជា​ធម្មតា​នៅ​ក្នុង​សហរដ្ឋ​ អាមេរិក​ដែល​ក្រុមហ៊ុន​ខ្លះ​ក៏​មាន​ការផ្តល់​លទ្ធផល​សុក្រិត​និង​ក្រុម​ ហ៊ុន​ខ្លះ​ក៏​រក​ឃើញ​លទ្ធផល​លម្អៀង​តិចតួច​បំផុត។ ​នេះ​ជា​ទម្លាប់​មួយ​ដែល​កើត​មាន​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​កាន់​លទ្ធិ​ ប្រជាធិបតេយ្យ។​

លោក​ អ៊ុក គឹមសេង ​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​សេចក្តី​ណែនាំ​របស់​ក្រសួង​ ព័ត៌មាន​ដែល​ចេញ​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៣​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ​ខៀវ កាញារឹទ្ធ​គឺ​នៅ​មាន​ប្រសិទ្ធ​ភាព​រហូត​ដល់​ថ្ងៃ​ផុត​ការបោះឆ្នោត​ជាតិ​ថ្ងៃ ​ទី​២៨​ខែ​កក្កដា។ ​

យ៉ាងណា​ក៏ដោយ​ លោក​មិន​ហ៊ាន​បញ្ជាក់​អ្វី​ច្រើន​ទេ​ទាក់​ទង​នឹង​សេចក្តី​ណែនាំ​របស់​ក្រសួង ​ព័ត៌មាន​ដោយ​គ្រាន់​តែ​បញ្ជាក់​ថាសេចក្តី​ណែនាំនោះ​និងសេចក្តី​បំភ្លឺ​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​លក្ខណៈ​គ្រប់​គ្រាន់​ហើយ។​

លោក ​ អ៊ុក ប្រាថ្នា​រដ្ឋ​មន្ត្រី ស្តីទី​និង​លោក​ប៊ុត បូវុត​អគ្គនាយក​នៃ​ក្រសួង​ព័ត៌មាន​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ក្នុង​រយៈ ​ពេល​បី​ថ្ងៃជាប់​ៗគ្នា។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន ​ចេញ​សេចក្តី​បំភ្លឺ​មួយ​នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ដោយ​បញ្ជាក់​ថា​គ.ជ.ប​ «មិន​បានផ្អាក​វិទ្យុ​មិន​ឱ្យ​ធ្វើការ​ផ្សាយ​បន្ត​នោះ​ទេ»។ សេចក្តី​បំភ្លឺ​នោះ​បន្ថែម​ថា៖​«សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​ តំណាងរាស្រ្ត​នីតិ​កាល​ទី៥​ឆ្នាំ​២០១៣​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ​និង​អ្នក​គ្រប់​គ្រង​ត្រូវ​តែ​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​អស់​លទ្ធភាព​ចូលរួម​ ធ្វើ​ឱ្យ​ការបោះឆ្នោត​មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​និង​យុត្តិធម៌​តាម​រយៈ​ការផ្តល់​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​និង​ ចាត់​ទុក​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​ជា​ព័ត៌មាន​អាទិភាព»។

បទបញ្ជា ​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ជំពូក​៧​ចំណុច ​៧.២.៥ដែល​ក្រសួង​ព័ត៌មាន​និង​គ.ជ.ប​យោង​ជា​ឯកសារ​ផ្លូវ​ច្បាប់​ដើម្បី ដាក់​សម្ពាធ​លើ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​នានា​បាន​ចែង​ទាក់​ទង​នឹង​៖ ​«រាល់​ការ​ស្ទង់​មតិ​និង​ការ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ទាក់​ទង ​ទៅ​នឹងដំណើរ​ការ​បោះឆ្នោត​ត្រូវ​បញ្ឈប់​ប្រាំថ្ងៃ​(០៥)​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត»។ បទបញ្ជានេះ​បាន​បន្ថែម​ដោយ​ការ​ឱ្យ​និយម​ន័យ​នៃ​ការស្ទង់​មតិ​ថា​«គឺ​ជា​ ការ​ប្រើ​បញ្ជី​សំណួរដើម្បី​ស្ទង់​មតិ​របស់​ប្រជា​ពលរដ្ឋ​អំពី​ការ​បោះឆ្នោត ​។ ការផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ត្រូវ​បញ្ជាក់​អំពី​ប្រភព​ផ្តល់​ ព័ត៌មាន​ ពេលវេលា ចំនួន​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ជ្រើស​រើស​មក​ស្ទង់​មតិ​និង​កម្រិត​លម្អៀង​នៃ ​លទ្ធផល»។​

លោក​ទេព​នីថា អគ្គលេខា​ធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ បន្ថែមពីមូលហេតុ​នៃ​ការ​ឈាន​ទៅ​ដល់​ការហាម​ឃាត់​មាន​លក្ខខណ្ឌ​នេះថា៖ «ជា​គោល​ការណ៍​ជានីតិ​វិធី​របស់​គជប​ក្នុង​ការ​បោះឆ្នោត​យើង​តម្រូវ​ឱ្យ​ ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​ស្រុក​អព្យាក្រិត​ទាំង​អស់​ស្រាប់​ដល់​មាន​ ប្រព័ន្ធ​ពី​ក្រៅស្រុក​ដែល​និយាយ​ភាសា​ខ្មែរ​ដែល​យើង​មិនអាច​គ្រប់​គ្រង​ បាន​ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​និយាយ​ព័ត៌មាន​ដែល​ខ្ញុំ​អាច​និយាយ​ ត្រង់​ថា​មិន​អព្យាក្រិត​សម្រាប់​គណបក្ស​ដែល​ប្រកួត​ប្រជែង​ក្នុង​ការ​ បោះឆ្នោត​ហើយ​ផ្សាយ​បន្តផ្ទាល់​ក្នុង​ស្រុក​ទៀត​ ដល់​អញ្ចឹង​មាន​ការ​លំបាក​ណាស់​សម្រាប់​គ.ជ.ប​ព្រោះថា​កាល​ណាមាន​ពីក្រៅ​ មក​និយាយ​លម្អៀង​ឬ​និយាយ​មិន​អព្យាក្រិត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គណបក្ស​ ប្រកួត​ប្រជែង​ហ្នឹង​គេ​ឆ្លើយ​តប​ទៅវិញ​ប្រើ​ប្រព័ន្ធ​ក្នុង​ប្រទេស​ ដល់អញ្ចឹង​ទៅ​យើង​គ្រប់​គ្រង​ប្រព័ន្ធ​ក្នុង​ស្រុក​ឱ្យ​អព្យាក្រិត​មិន​អាច​ ធ្វើ​បាន។ នេះ​ហើយ​ជា​ការ​លំបាក​របស់​គជប​ក្នុង​ការ​បោះឆ្នោត​ប៉ុន្មាន​ដង​មក​ហើយ»។ ​

យ៉ាង ​ណា​ក៏ដោយ​លោក​ទេព​ នីថា​បាន​បញ្ជាក់​ជាថ្មី ថា​ គ.ជ.ប​មិន​បាន​ហាម​ឃាត់​ការ​ផ្សព្វផ្សាយពី​ព័ត៌មាន​ពី​ការ​បោះឆ្នោត​ទេ​ ផ្ទុយ​ទៅវិញ​មាន​តែ​ការ​លើក​ទឹកចិត្ត។​

លោក​និយាយថា៖ «ការផ្សាយ​បន្តជា​សិទ្ធិ​របស់​គាត់​ទេហើយ​គ.ជ.​ប​អត់​ហាម​ទេ​ដូច​សេចក្តី​ ប្រកាស​របស់​គ.ជ.ប​អញ្ចឹង​តែ​គាត់​ជា​អ្នក​ទទួល​ផ្សាយ​បន្ត​ផ្ទាល់​គាត់​ក៏​ ទទួល​មួយ​ចំណែក​មួយ​ដែរ​ដែល​មាន​ព័ត៌មាន​ណា​មួយ​ដែលធ្វើ​ឱ្យ​មាន​ការ​ ភ័ន្តច្រឡំ​ឬ​មាន​ការ​មិន​ទុកចិត្ត​ទៅ​លើ​ការ​បោះឆ្នោត​។ អញ្ចឹង​ហើយ​បាន​ជា​ក្នុង​គោលការណ៍​បាន​ជា​យើង​ថា​សូម​ឱ្យ​គាត់​អ្នក​ព័ត៌មាន ​យក​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​លាស់​មាន​ប្រភព​ត្រឹម​ត្រូវ​ជៀស​វាង​ទទួល​ ព័ត៌មាន​មិន​ច្បាស់​លាស់​ហើយ​ផ្សាយ​ទៅ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ ឬ​ក៏​ជំនឿ​ទុក​ចិត្ត​លើ​ការ​បោះឆ្នោត»។​

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ ជាន់​ខ្ពស់​រដ្ឋាភិបាលមួយ​ទៀត​ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ​ក្នុង​អំឡុង​ពេល​បោះឆ្នោតគេគួរ​តែ​គោរព​តាម​ច្បាប់​និង​បទបញ្ជា ឬ​គោល​ការណ៍​ណែនាំ​ដែល​ចេញ​ដោយ​គ.ជ.​ប ហើយ​ក្រសួង​ព័ត៌មាន​មិន​គួរ​លូក​ដៃ​ឱ្យ​ហួស​ពី​សមត្ថកិច្ច​នេះ​ទេ។ ​

យ៉ាង ​ណា​ក៏ដោយ​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ទាំងនោះ​នៅ​មិន​ទាន់​ហ៊ាន​ថា​នឹង​ត្រូវ​ សម្រេច​ចិត្ត​ធ្វើ​ដូចម្តេច​បើ​ទោះ​បី​ជា​មាន​ការ​បកស្រាយរបស់​គជប​ក៏ដោយ​ ដរាប​ណា​ក្រសួង​ព័ត៌មាន​មិន​បាន​បញ្ជាក់​ច្បាស់​ថា​ត្រូវ​ផ្សាយ​ឬ​មិន​ ផ្សាយ។​

ការហាម​ឃាត់​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថានីយ​ក្នុង​ ស្រុក​មួយ​ចំនួន​ដែរ​ដែល​ត្រូវ​ដក​កម្មវិធី​ព័ត៌មាន​ចេញ​ហើយ​គ្រោង​ចាក់​ ផ្សាយ​តែ​ចម្រៀង​ជំនួស​វិញ។​

លោក​ប៉ា ងួន​ទៀង​នាយក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យបាន​បញ្ជាក់​ថា​ម្ចាស់​ ស្ថានីយវិទ្យុ​សារិកាដែល​ជួល​ម៉ោង​ឱ្យកម្មវិធី​វិទ្យុ​របស់​លោក​បាន​ សម្រេច​ថា​នឹង​ចាក់​ផ្សាយ​កម្មវិធី​ចម្រៀង​វិញ​នៅ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត។​

ប៉ុន្តែ​កម្មវិធីរបស់វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​នឹង​បន្ត​ផ្សាយ​តាម​គេហទំព័រ​អ៊ីនធឺណិត​វិញដោយ​មិន​ផ្អាក​ទេ។​

លោក ​និយាយថា៖ ​«ពួកខ្ញុំ​អត់​គោរព​តាមប្រកាសបម្រាម​របស់​ក្រសួង​ព័ត៌មាន​ទេ​ប៉ុន្តែ​យើង ​គោរព​តាមគ.ជ.ប​មាន​ន័យ​ថា​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​នឹង​គឺ​យើង​អត់​ ផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ​ទៅ នឹង​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​ទេ​ប៉ុន្តែ​យើង​នឹង​ផ្សាយ​គ្រប់​ ព័ត៌មាន​ទាក់​ទង​នឹង​ដំណើរ​ការ​បោះឆ្នោត​ ព័ត៌មាន​ផ្សេងៗ​ពាក់​ព័ន្ធ​ទៅ នឹង​ដំណើរ​ការ​បោះឆ្នោត​ប៉ុន្តែ​យើង​ព្យាយាម​បញ្ចៀស​នូវ​ព័ត៌មាន​ណា​ដែល​ បង្ហាញ​ថា​ គណបក្ស​ណា​មាន​ប្រជាប្រិយ៍ភាព​ជាង​គណបក្ស​មួយ​ណា»។

លោក ​មឿន ឈាន​ណារិទ្ធ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន​ បានបញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​នៅ​មាន​ការខ្វះខាត​ព័ត៌មាន​ទាក់​ទង​នឹង​ការបោះឆ្នោត​នៅឡើយ​ មិន​គួរ​មក​កាត់​ផ្តាច់​ពេល​ដែល​ពលរដ្ឋ​កំពុង​ត្រូ​វ​ការ​ដូច្នេះ​ទេ៖ «ទីមួយ​គឺ​បើ​យើង​និយាយ​ពី​ក្របខណ្ឌ​ផ្នែក​ច្បាប់​គឺ​ជា​ការ​ប្រាសចាក​ទៅ​ នឹង​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជា​ណាចក្រកម្ពុជាដែល​ធានា​នូវ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ក៏​ ដូច​ជា​សេរី​សារព័ត៌មាន​។ ទីពី​គឺ​ប្រជា​ពលរដ្ឋ​យើង​ត្រូវ​ការ​ព័ត៌មាន​ក្នុង​ពេល​បោះឆ្នោត​ខ្លាំង​ បំផុត​បើ​សិន​ជា​យើង​ហាម​ប្រាម​ទៀត​ហ្នឹង​គឺ​ជា​ការ​ខាត​បង់​មែនទែន»។ ​

វិទ្យុ ​វីអូអេ​និង​អាស៊ី​សេរី​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ផ្សាយតាម​ស្ថានីយ​អេហ្វ ​អឹមក្នុង​ស្រុក​ចំនួន​ពីរថ្ងៃ​នៅ​ក្នុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០១២ ដែល​ទង្វើ​នេះ​ត្រូវបាន​ទទួល​ការរិះគន់​ជា​អន្តរជាតិ៕
XS
SM
MD
LG