ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ការ​អបអរ​ចំពោះ​ការ​ផ្សាយ​បន្ត​ផ្ទាល់​វិទ្យុ​បរទេស​ជា​ខេមរ​ភាសា​ឡើង​វិញ

  • សុខ ខេមរា

លោក​ម៉ម សូណង់ដូ​ ប្រធានវិទ្យុ​​សម្បុកឃ្មុំ​​ចូលរួម​​ក្នុង​​កម្មវិធី​​ហេឡូ​វីអូអេ​ ​ថ្លែង​អំពី​​ស្ថានភាព​​វិទ្យុ​របស់​លោក។​
ម្ចាស់​ស្ថានីយ៍វិទ្យុ​អេហ្វអឹម​ក្នុង​ប្រទេស​កម្ពុជា​ ប្រជា​ពលរដ្ឋ​ និង​ក្រុម​អ្នក​ឃ្លាំមើល​ សាទរ​ចំពោះ​ការបើក​ឲ្យ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរ​ភាសា​ឡើង​វិញ​ ដោយ​អះអាង​ថា​ អ្នក​បោះ​ឆ្នោត​នឹង​បាន​ទទួល​ព័ត៌មាន​ច្រើន​ ពី​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ។​ លោក​សុខ ខេមរា​នៃ​វីអូអេ ​ដែល​តាម​ដាន​បម្រែ​បម្រួល​ដ៏​ឆាប់​ភ្លាមៗ​នេះ​ បាន​រាយ​ការណ៍​ថា ​ម្ចាស់​ស្ថានីយ៍ជាច្រើន​បាន​ចាប់​ផ្តើម​ផ្សាយ​កម្មវិធី​វិទ្យុ​វីអូអេ​ និង​វិទ្យុ​អាស៊ីសេរី​វិញ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​បាន​ដំណឹង​ថា ​រដ្ឋាភិបាល​សម្រេច​លុប​ចោល​បម្រាមដ៏តក់​ក្រហល់​កាលពី​ពីរ​ថ្ងៃមុន។

ម្ចាស់​ស្ថានីយ៍វិទ្យុ​អេហ្វអឹម​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ផ្សាយ​កម្មវិធីរបស់​វិទ្យុ​វីអូអេ​ និង​វិទ្យុ​អាស៊ីសេរី​ ហើយ​និង​វិទ្យុ​បរទេស​ផ្សេង​ទៀត​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រោយពី​ក្រសួង​ព័ត៌មាន​បាន​លុបចោល​បម្រាម​កាល​ពី​ថ្ងៃសៅរ៍​ ដែល​បាន​ដាក់​ការ​ហាម​ឃាត់​កាលពី​ពីរ​ថ្ងៃ​មុន​ ដែល​ថា ​មិន​ឲ្យ​ស្ថានីយ៍វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ទាំងអស់​ផ្សាយ​កម្ម​វិធី​របស់​វិទ្យុ​បរទេស​ជា​បណ្តោះ​អាសន្ន​ក្នុង​ពេល​ យុទ្ធនាការ​បោះឆ្នោត។ ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​ក្រសួង​ព័ត៌មាន​នេះ​កើត​ឡើង​ ក្រោយពីការ​ថ្កោលទោស​ពី​ស.រ.អា.​ និង​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​ពី​ប្រជា​ពលរដ្ឋត្រូវ​បាន​ស្វាគមន៍​ពី​ក្រុម​អ្នក​ឃ្លាំមើល​ដែល​ចង់​ឃើញ​ប្រជា​ពលរដ្ឋ​អ្នក​បោះឆ្នោត​ទទួល​បាន​ព័ត៌មាន​ដ៏ច្រើន​ទាក់ទិន​នឹង​យុទ្ធនាការ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ។​

ស្ថានីយ៍វិទ្យុ​ ដែល​ផ្សាយ​បន្តផ្ទាល់​នូវ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​វីអូអេ​និង​វិទ្យុ​បរទេស​ផ្សេងៗ​ទៀត​ទាំងនោះ ​រួមមាន​វិទ្យុ​អេហ្វអឹម​១០៥​ អេហ្វអឹម​១០២ ​អេហ្វអឹម​៩០ ​អេហ្វអឹម​៩៣.៥ ​និង​អង្គរ​រដ្ឋា​អេហ្វអឹម​៩៥.៥ ​ក្នុងខេត្ត​សៀមរាប​ជាដើម។​ វិទ្យុ​ទាំង​នេះ​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​សំឡេងស.រ.អា.​ វិទ្យុ​អាស៊ីសេរី​ វិទ្យុ​អូស្ត្រាលី​ វិទ្យុ​បារាំង​ RFI​ ​ជាដើម។​ វិទ្យុ​អេហ្វអឹម​ទាំងនេះ​បាន​ផ្សាយ​បន្ត​កម្មវិធីរបស់​វិទ្យុ​បរទេស​នេះ​ចាប់​ពី​រយៈ​ពេល​៧​ទៅ​១០​ឆ្នាំ​ហើយ ​ដោយផ្សាយ​ពីរ​លើក​ក្នុង​មួយ​ថ្ងៃ។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ប៉ុន្មាន​ម៉ោងមុន​នេះ​ពី​ប្រទេស​បារាំង​ លោកម៉ម សូណង់ដូ​ នាយក​វិទ្យុ​សម្បុក​ឃ្មុំ​អេហ្វអឹម​១០៥​មេហ្គាហឺត ​បាន​ថ្លែង​ថា ​វិទ្យុ​របស់​លោក​បាន​ផ្សព្វផ្សាយ​កម្មវិធី​វីអូអេ​ និង​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​អាទិត្យ​ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្រោយពី​ទទួល​បាន​ការ​ជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន។​

លោក​និយាយ​ថា៖ «ខ្ញុំយល់​ស្រប​ហើយ​គាំទ្រ។ ជាការ​ល្អ​មួយ​ជាពិសេស​ប្រជា​ពលរដ្ឋ​សព្វថ្ងៃ​ត្រូវការ​ព័ត៌មាន។​ ហើយ​វិទ្យុ​វីអូអេ​ និង​វិទ្យុ​អាស៊ីសេរី​ហ្នឹង​ជាវិទ្យុ​មួយ​និយាយ​ការណ៍​ពិត​ ផ្សព្វផ្សាយ​ពី​វ៉ាស៊ីនតោន​ ស.រ.អា.​និយាយ​ជា​ខេមរ​ភាសា។​ ដោយសារ​តែ​វិទ្យុ​ទាំងពីរ​ហ្នឹង​ហើយ​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​មានការ​ចេះ​ដឹង​ មាន​ការ​វិភាគ​ ហើយ​ជា​ពិសេស​យល់ច្បាស់​អំពី​សិទ្ធិ​សេរីភាព​និង​លទ្ធិ​ប្រជាធិប​តេយ្យ»។​

លោក​ម៉ម សូណង់ដូ​បាន​អះអាង​ថា​ វិទ្យុ​របស់​លោក​បាន​បិទការ​ផ្សាយ​កម្មវិធីរបស់​វីអូអេ​ និង​អាស៊ីសេរី​ និង​វិទ្យុ​បរទេស​ផ្សេង​ទៀត​តែ​មួយ​ថ្ងៃទេ​ ពេល​ក្រសួង​ព័ត៌មាន​ទូរស័ព្ទ​មក​ណែនាំ​ឲ្យ​បិទ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​ដែល​លោក​ទើប​ចាក់​ផ្សាយ​បានតែ​១៥​នាទី​កាលពី​យប់ថ្ងៃ​២៩​ មិថុនា។​ លោក​បន្ថែម​ថា ​ការបិទ​កម្ម​វិធី​ផ្សាយ​របស់​វីអូអេ​ និង​វិទ្យុបរទេសផ្សេង​ទៀត​នេះ​ជា​ការ​បង្ហាញ​ពី​ប្រជាប្រិយ​ភាព​របស់​វិទ្យុ​បរទេស​ដូច​ជា​វីអូអេ។

​លោកបន្ថែមថា៖​ «រឿងហ្នឹង​បញ្ជាក់​ឲ្យឃើញ​ថា​ គឺ​ការ​ផ្សព្វផ្សាយ​របស់​វីអូអេ​ និង​អាស៊ីសេរី​គឺ​ចាំ​បាច់ ​ជា​អុកស៊ីសែន​មួយ​សម្រាប់ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ខ្មែរ​ទាំង​មូល»។​

លោក​ស្រី​ជា ស៊ុនដាណែត ​នាយិកា​វិទ្យុ​អេហ្វអឹម​១០២​ គ្រាន់តែ​បាន​អះអាង​ថា ​ស្ថានីយ៍វិទ្យុ​របស់​លោកស្រី​បាន​ដំណើរ​ការ​វិញ​ហើយ​កាលពី​ថ្ងៃ​អាទិត្យ។​

ដោយឡែក​លោក​កែវ ច័ន្ទរដ្ឋា​ នាយក​វិទ្យុ​អង្គររដ្ឋា​ នៅខេត្ត​សៀមរាប​៩៥.៥ ​បាន អះអាង​ថា​ ស្ថានីយ៍វិទ្យុ​របស់​លោក​បាន​ដំណើរការ​វិញ​កាលពី​យប់ថ្ងៃ​អាទិត្យ​ដែរ ក្រោយពី​បាន​ទទួលការ​ជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន។

លោកឲ្យដឹងថា៖ «យើងអត់​បាន​ទទួល​លិខិត​ឡើង​វិញ​ទេ។​ តែ​ដោយសារ​ខ្ញុំមើល​តាម​ហ្វេស​ប៊ុក​ហើយនឹង​បាន​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ គឺ​តាម​ទូរទស្សន៍។​ ដូច្នេះ​ខ្ញុំបាន​សម្រេច​ចិត្ត​ថា​ នឹង​ផ្សាយ​ឡើង​វិញ»។​

ការផ្អាក​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​ធ្វើឡើង​កាលពី​ថ្ងៃ២៥​មិថុនា ​តែ​ចាប់​ផ្តើម​ អនុវត្តន៍​ថ្ងៃ​២៨​មិថុនា​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​អ៊ុក ប្រាថ្នា​ រដ្ឋមន្ត្រី​ស្តីទី។​ លោក​បាន​ហាម​ប្រាម​និង​ណែនាំ​ដល់វិទ្យុ​រដ្ឋ​ និង​ឯកជន​ឲ្យ​បំពេញ​តួនាទី​អព្យាក្រិត្យ​ក្នុង​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​ទាក់ទង​នឹង​ការ​បោះឆ្នោត​ក្នុងរយៈ​ពេល​បើក​យុទ្ធនាការ​៣១​ថ្ងៃ​មុន​ការ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត។​

សេចក្តី​ណែនាំ​ដដែល​នោះ​បាន​បញ្ជាក់​ថា៖​ «ករណី​ស្ថានីយ៍វិទ្យុ​FM ​ណា​មិន​គោរព​តាម​សេចក្តី​ណែនាំនេះ ​ក្រសួង​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ជាធរមាន»។​

សេចក្តី​ណែនាំ​របស់​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ព័ត៌មាន​គឺ​លោក​អុក ប្រាថ្នា​ ដែលខុស​ពី​សេចក្តី​ណែនាំ​ទី១​របស់​លោក​ខៀវ កាញារិទ្ធ​ ដែល​ឲ្យ​ផ្អាក​ការផ្សាយ​តែ​រយៈ​ពេល​៥​ថ្ងៃ​មុនការ​បោះ​ឆ្នោត​នោះ​ បានធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជាច្រើន​ពី​ប្រជា​ពលរដ្ឋ​និង​ពី​ស.រ.អា.។​

ក្រោយពី​ប្រទេស​កម្ពុជា​ហាម​ប្រាម​មិន​ឱ្យ​ផ្សព្វផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​នៅ​តាម​ស្ថានីយ៍អេហ្វអឹម​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត​នោះ​ កាល​ពី​ថ្ងៃ​សុក្រ ​សហ​រដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ថា ការ​ជា​ការ​ហាម​ប្រាម​នេះ​រំលោភ​ធ្ងន់ធ្ងរ​លើ​សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​បញ្ចេញ​មតិ​ ​ហើយ​បាន​ព្រមាន​ថា​ ​ចំណាត់​ការ​នេះ​នឹង​នាំ​ឱ្យ​ការ​បោះឆ្នោត​នេះ​មិន​មាន​លក្ខណៈ​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន។​

​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។​

ទោះជា​យ៉ាងណា​ក៏ដោយ ​មន្ត្រី​ក្រសួង​ព័ត៌មាន​ពុំ​បាន​ពន្យល់​ថា ​អ្វីទៅ​ស្ថិត​នៅ​ពី ក្រោយ​ការ​ផ្លាស់ប្តូរ​ជំហរ​លឿន​ភ្លាមៗ​នេះ​ទេ។​ មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​បិទ​ទូរស័ព្ទ​ កាត់ផ្តាច់​ទូរស័ព្ទ​មិន​ឆ្លើយ​ រោទិ៍​សំឡេង​គ្មាន​អ្នក​ទទួល។​ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ខ្មែរខ្លះ​បាន​និយាយ​ថា ​ការ​ផ្លាស់ប្តូរ​លឿន​នេះ​កើត​ឡើង​ដោយសារ​មាន​ការ​ សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​លើ​សេចក្តី​ណែនាំ​របស់​មន្ត្រី​ជាន់ខ្ពស់​ទាំង​ពីរ​គឺ​លោក​រដ្ឋមន្ត្រី​ខៀវ កាញារិទ្ធ​ និង​លោក​អុក ប្រាថ្នា​ រដ្ឋមន្ត្រី ស្តីទី ។​

លោក​ខៀវ កាញារិទ្ធ ​ដែល​កំពុង​ចូលរួម​ឃោសនា​បោះឆ្នោត ធ្លាប់​បានអះអាង​ ថា​ មិន​ទទួល​ខុសត្រូវ​កិច្ចការ​ក្រសួង​ព័ត៌មាន​ទេ​ដោយសារ​រដូវ​ឃោនា។​ ក្រោយ​ពី​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យ​ស្ថាននីយ៍​វិទ្យុ​អេហ្វអឹម​ទាំងអស់​ផ្សាយ​ឡើងវិញ​នូវ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​នោះ​ លោក​ខៀវ កាញារិទ្ធ​បាន​អះអាង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា៖ «ការ​បិទ​ព័ត៌មាន​ បិទ​កាសែត​ មិនមែន​ជា​ជម្រើស​ របស់​ក្រសួង​ព័ត៌មាន​ទេ។​ អរគុណ​ដែល​មន្ត្រី​ទាំងអស់​បាន​យល់ពី​ចំណុច​នេះ។​ ថ្វីត្បិតតែ​ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​ទទួល​ការជេរ​ប្រទេច​យ៉ាង​អយុត្តិធម៌ក្តី​ ក៏​ខ្ញុំសប្បាយ​ចិត្ត​នឹង​ឃើញ​មន្ត្រី​ខ្ញុំ​បាន​យល់​ពី​ចំណុច​នេះ» ។​

លោក​បាន​ប្រើ​ពាក្យ​ជា​ន័យ​ប្រៀបធៀប​ខ្លះ​មក​បញ្ជាក់​ថា៖​ «ខ្ញុំតែង​អប់រំ​មន្ត្រី​ខ្ញុំ​ថា​ បើ​និយាយ​ថា​ ផែនដី​សំប៉ែត​ដូចផែន​ស្ករ​គឺមើល​ទៅ​ឃើញ​សមមែន ​តែបើ​និយាយ​ថា​ ផែន​ដី​មូល​ដូចផ្លែក្រូច ​យើងត្រូវ​អត់ធ្មត់​ពន្យល់​គេ​ច្រើន។​ ហើយនេះ​គឺ​ជា​ការងារ​របស់​មន្ត្រី​ព័ត៌មាន»។​

លោក​អ៊ុក គឹមសេង ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ ពុំបាន​ពន្យល់​លម្អិត​អំពី​ការ​សើរើ​ជំហរ​នេះ​ទេ​ តែ​បាន​អះអាង​ថា៖ ​«មែនទែន​ទៅ​ មកដល់​ថ្ងៃនេះ ​ក្រសួង​បាន​សម្រេច​លុប​ចោល​នូវ​ប្រកាស​ថ្ងៃមុន​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ហាម​ឃាត់​មិន​ឲ្យ​វិទ្យុ ​ទូរទស្សន៍​ក្នុង​ស្រុក​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​អីអញ្ចឹង។​ ជារួម​អ្វីដែល​ធ្លាប់​មាន​គឺ​ដំណើរការ​ធម្មតា​ហើយ»។​

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រ្វែល​បាន​អះអាង​ថា​ ការ​សម្រេច​ផ្តល់​ការ​អនុញ្ញាត​ឡើង​វិញ​នេះ​ជា​ការ​វិល​ត្រឡប់​វិញ​ មក​ស្ថាន​ការណ៍​ធម្មតា​ដូច​ការ​បោះឆ្នោត​មុនៗ​ ដែល​វិទ្យុ​អេហ្វអឹម​នានា​បាន ផ្សាយ​បន្ត​នូវ​វិទ្យុ​វីអូអេ ​អាស៊ីសេរី​ អេប៊ីស៊ី ​អូស្ត្រាលី​ វិទ្យុ​បារាំង​អន្តរជាតិ​ផ្នែក​ខេមរ​ភាសា។​

លោកស្រី​និយាយថា៖​ «ខ្ញុំ​ថា ​វា​បាន​ត្រឡប់​មក​ស្ថាន​ការណ៍​ធម្មតា​វិញ។​ វាអាច​ជួយ​ផ្តល់​ព័ត៌មាន​ច្រើន​ ទៅដល់​អ្នក​បោះឆ្នោត ​ហើយ​នឹង​ធ្វើ​ឲ្យ​ដំណើរការ​ ឃោសនា​បោះ​ឆ្នោត​ហ្នឹង ​វា​ស្ថិតនៅ​ក្នុង​ស្ថាន​ការណ៍​មួយ​ដែល​យើង​គិត​ថា​ វា​មាន​ប្រក្រតី​ឡើង​វិញ»។​

លោក​គល់ បញ្ញា​បានបន្ថែម​ថា​ ការ​ផ្លាស់ប្តូរ​ជំហរ​នេះ​វាមិន​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រិតត្បិត​អាក្រក់​ហួសហេតុ​ពេក​ ដែល​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ក្នុង​ស្រុក​បាត់​តុល្យភាព​នៃ​ការ​ផ្សព្វផ្សាយ​ ហើយថែម​ទាំង​បន្ថយ​នូវ​ការ​រិតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទៀត។​

លោក​និយាយ​ថា៖ «រឿង​នេះ​យើង​គ្រាន់តែ​ឃើញ​ថា​ បាន​ត្រឡប់​មក​ស្ថាន​ការណ៍​ដូចដើម​វិញ​ ព្រោះ​ ថា ​ការបោះ​ឆ្នោត​ឆ្នាំ​២០០៨ ​វាអត់​មាន​ត្រូវ​ឃាត់​វិទ្យុ​អេហ្វអឹម​អី​ទេ។​ វា​គ្រាន់តែ​បាន​ត្រឡប់​មក​វិញ​ស្ថាន​ការណ៍​ដើម​វិញ។​ តែ​មិន​មាន​ន័យ​ថា​ ទៅ​កែ​លម្អ​ស្ថាន ការណ៍​បច្ចុប្បន្ន​នៅ​ឡើយ​ទេ។ យើង​កំពុង​តាម​ឃ្លាំមើល​ទៀត​អំពី​រឿង​ប្រព័ន្ធ​ ផ្សព្វ​ផ្សាយ​នេះ»។​

លោក​បាន​បន្ត​ថា​ ទូរទស្សន៍​ វិទ្យុ​របស់​រដ្ឋ ​និង​ឯកជន​នៅតែ​គ្មាន​ការ​កែ​លម្អ​ បង្ហាញ​រូបភាព​គណបក្ស​គ្រប់គ្រង​ប្រទេស​ច្រើន​សឹងតែ​គ្មាន​ការ​បង្ហាញ​ពី​ គណបក្ស​ផ្សេង ​ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា។​ ការ​ដាក់​ការ​ពិភាក្សា​របស់​ សង្គម​ស៊ីវិល​ក៏​មិន​អាច​ត្រូវ​គេ​ផ្តល់​ឲ្យ​ដែរ។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស ​នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ និកហ្វិក​ បាន​ ស្វាគមន៍​ចំការ​អនុញ្ញាត​របស់​ក្រសួង​ព័ត៌មាន​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​បន្ត​នូវ​កម្មវិធី​វិទ្យុ​បរទេស​ឡើង​វិញ។​

លោក​និយាយថា៖​ «បន្ទាប់ពី​មាន​ការ​ផ្អាក​មក​ យើង​ឃើញ​ថា ​មាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់​គឺ​ឲ្យ​ផ្សាយ​ឡើងវិញ ​ហើយ​ក្នុង​នោះ​ការ​តាមដាន​របស់​យើង​ឃើញ​ថា​ បាន​ចាក់​ផ្សាយ​នៅតាម​វិទ្យុ​មួយ​ចំនួន​នៅ​ក្នុង​កម្ពុជា​ពិត​ប្រាកដ​មែន។​ អញ្ចឹង​ខ្ញុំគិត​ថា ​នេះ​ជា​ដំណោះ​ស្រាយ​ល្អ​ដែល​ប្រជា​ពលរដ្ឋ​ ជាពិសេស​ម្ចាស់​ឆ្នោត​លោក​មាន​ឱកាស​ទទូល​ព័ត៌មាន​ច្រើន​ក្នុង​ការ​សម្រេច​ចិត្ត​ព្រោះ​ថា ​ការ​បោះឆ្នោត​នេះ​មិនមែន​ជា​រឿង​របស់​បុគ្គល​ណា​ម្នាក់​ តែជា​រឿង​ជាតិ​ទាំងមូល​ដែល​ទាមទារ ​ត្រូវតែ​ប្រជា​ពលរដ្ឋ​សម្រេច​ចិត្ត​ប្រកប​ដោយ​មនសិកាខ្លួន​ឯង»។​

លោក​បន្ថែម​ថា​ ការផ្អាក​នេះ​អាច​ជា​ការ​ព្រួយ​បារម្ភ​ពីភាគី​ណាមួយ​និង​ជា​ការ សាក​ល្បង។​

លោក​និយាយ​ថា៖ ​«ខ្ញុំគិតថា​ ការ​បិទ​នេះ​ ជា​ការ​បិទ​សាក​ល្បង។​ ជួនកាល​បើ​គ្មាន​ការ​ឆ្លុះ​បញ្ចាំង​ឆ្លើយតប​ទៅវិញ​ទេ​ អាច​នឹង​បិទ​បន្ត​ទៅ​ទៀត។ ​ដូចជា​ករណី​ប្រកួត​ប្រជែង​ក្រុមហ៊ុន​ទូរស័ទ្ទ​នៅកម្ពុជា​ក៏​អញ្ចឹង​ដែរ។​ ពេល​មាន​ការរិះគន់​ច្រើន​តាម​ហ្វេសប៊ុក​អំពីអ្វី​ដែល​ធ្វើទៅ​ប្រជាពលរដ្ឋ​ពិបាក​ទទួល​យក​បាន​ គាត់​មាន​ការ​ដោះស្រាយ​ភ្លាមៗ។​ អញ្ចឹង​ខ្ញុំ​គិត​ថា​ នេះ​អាច​នឹង​មាន​ករណី​ប្រហាក់​ប្រហែល​គ្នា​ហ្នឹង​ដែរ»។​

ដោយ​បើក​ស្តាប់​កម្មវិធី​ផ្សាយ​របស់​វីអូអេ​តាម​វិទ្យុ​សម្បុក​ឃ្មុំ​បណ្តើរ​ និង​ថ្លែង​ប្រាប់ វីអូអេ​បណ្តើរ​ លោក​អ៊ូ ឫទ្ធី​ ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ជា​អ្នក​តាម​ដានការ​ ផ្សាយ​របស់​វីអូអេ​ និងវិទ្យុ​ផ្សេង​ទៀត ​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​កម្មវិធី​ផ្សាយ​ របស់​វិទ្យុ​បរទេស​ រួមទាំង​វីអូអេ ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត។

លោក​និយាយថា៖ ​«ខ្ញុំគិត​ថា​ មាន​ប្រយោជន៍​ច្រើន​នៅ​ពេល​ស្តាប់​វីអូអេ​ទៅ។​វីអូអេ​បាន​និយាយ​អំពី​គោល​នយោបាយ​គណបក្ស​ផ្សេងៗ​ គណបក្ស​ដែល​ចូល​រួម​ការ​ប្រកួត​ប្រជែង​ហ្នឹង។​ ហើយ​ដោយសារ​មាន​វីអូអេ​ វិទ្យុ​អាស៊ីសេរី​អស់​ហ្នឹង​យើង​អាច​ដឹង​អំពី​ព័ត៌មាន​បោះឆ្នោត ​អំពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ ហើយ​ដឹង​អំពី​គោល​នយោបាយ​គណបក្ស​នីមួយៗ​ដែល​វីអូអេ​បាន​ផ្សាយ​លម្អិត​ ហើយ​បាន​សម្ភាស​ជាមួយ​នឹង​មេបក្ស​របស់​គណបក្ស​នីមួយៗ»។​

លោក​បាន​អះអាង​ថា​ កម្មវិធី​ផ្សាយ​របស់​វិទ្យុ​វីអូអេ​ និង​អាស៊ីសេរី​ត្រូវ​ស្ថានីយ៍​វិទ្យុ ក្រុង​ស្រុក​ដទៃទៀត​ផ្សព្វផ្សាយ​វិញ​ហើយ​ដែរ​ ក្រៅពី​វិទ្យុ​សម្បុក​ឃ្មុំ។​

នៅឯ​ខេត្ត​សៀមរាប​ឯណោះ​វិញ​ ក្រោយ​ពីមាន​ការ​បើកឲ្យ​ដំណើរការ​ផ្សាយ​ឡើង​វិញ​ជាធម្មតា​ លោក​ទេព ប៊ុនធី​ អ្នកស្រុក​សៀមរាប​ម្នាក់​បាន​អះអាង​ប្រាប់​វីអូអេ​នៅ​ពេល​កំពុង​ស្តាប់​ការ​ផ្សាយ​របស់​វិទ្យុ​អង្គររដ្ឋា​៩៥.៥ ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា​ លោក​បាន​ស្តាប់​ឮការ​ផ្សាយ​របស់​កម្មវិធី​វីអូអេ​វិញ​ហើយ។​ លោក​ថ្លែង​ថា​ ការ​ស្តាប់​វីអូអេ ​និង​វិទ្យុ​បរទេស​ផ្សេង​ទៀត​ធ្វើឲ្យ​ដឹង​អំពីស្ថាន​ការណ៍​បោះឆ្នោត​ អំពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ។

លោក​និយាយ​ថា៖ «គិត​ទៅ​កម្មវិធី​ដែល​វីអូអេ ​ឬ​អាស៊ីសេរី​ដែល​គាត់​ផ្សាយ​មក​ខ្ញុំ​គិត​ថា ​គឺវា​មាន​ផល​ប្រយោជន៍​ទាំងអស់​ ដូចជា​ផ្នែក​កសិកម្ម​ ផ្នែក​ប្រជាធិប​តេយ្យ​អីហ្នឹង ​យើង​ដឹង​ច្រើន»។​

លោក​ប៊ុនធី​អះអាង​ថា ​លោក​កំពុង​ស្តាប់​កិច្ច​សម្ភាស​រវាង​វីអូអេ​នឹង​ប្រធាន​គណ បក្ស​សម័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​គឺ​លោក​ខឹម វាសនា​អំពី​គោល​នយោបាយ​របស់​លោក។​

ប្រទេស​កម្ពុជា​កំពុង​ដំណើរការ​រៀបចំ​ការ​ឃោសនា​សម្រាប់​ការបោះឆ្នោត​ថ្ងៃ​២៨​កក្កដា​ឆ្នាំ​២០១៣។​ គណបក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​គ្រប់គ្រង​ប្រទេស​ ត្រូវគេ​ចាត់​ទុក​ថា​ មាន​ប្រៀប​ជាង​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ផ្សេងៗ​ទៀត​ទាក់ទិន​នឹង​ការ​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​ ដែល​នាំឲ្យ​គេ​គិត​ថា​ ការរៀបចំ​ការបោះឆ្នោត​ពេលនេះ​គ្មាន​លក្ខណៈ​ប្រកួត​ប្រជែង​ស្មើភាពគ្នា៕
XS
SM
MD
LG