ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​វិទ្យុសម្បុក​ឃ្មុំ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​វិញ​ហើយ​


នាយក​វិទ្យុសម្បុកឃ្មុំ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ
នាយក​វិទ្យុសម្បុកឃ្មុំ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ

ការ​ដោះ​លែង​លោក​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​អធឹកអធម​ពី​អ្នក​គាំទ្រ​របស់​លោក​រាប់​រយ​នាក់​ដែល​នៅ​រង់ចាំ​ខាង​ក្រៅ​បន្ទប់​ពន្ធនាគារ។​

ភ្នំពេញ
ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​គឺ​លោក​ ម៉ម សូណង់ដូ​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៥​ខែ​មីនា​នេះ​ បន្ទាប់​ពី​ជាប់​ទោស​នៅ​ទី​នោះ​អស់​រយៈ​ពេល​៨​ខែ​មក។​
ការ​ដោះ​លែង​លោក​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​អធឹកអធម​ពី​អ្នក​គាំទ្រ​របស់​លោក​រាប់​រយ​នាក់​ដែល​នៅ​រង់ចាំ​ខាង​ក្រៅ​បន្ទប់​ពន្ធនាគារ។​

លោក​ម៉ម សូណង់ដូ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ឆ្នាំ​មុន​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ពី​បទ​ញុះញ៉ង់​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ​ក្នុង​ខេត្ត​ក្រចេះ ​ជា​ទី​កន្លែង​ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​យូរ​អង្វែង​រវាង​ក្រុម​អ្នក​ភូមិ​ និង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ដ៏​ចម្រូងចម្រាស់​មួយ។​

ប៉ុន្តែ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​សាលា​ឧទ្ធរណ៍​បាន​កាត់​បន្ថយ​ទោស​នោះ​មក​នៅ​ត្រឹម​៥​ឆ្នាំ​វិញ ​ហើយ​តម្រូវ​ឲ្យ​លោក​ជាប់​ទោស​ត្រឹម​តែ​៨​ខែ ​ដោយ​ព្យួរ​ទោស​ដែល​នៅ​សល់។​

គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ ​លោក​ម៉ម សូណង់ដូ​បាន​ជាប់​នៅក្នុង​ពន្ធនាគារ​គ្រប់​៨​ខែ​ល្មម ​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​មុន។​

ចំណាត់​ការ​របស់​តុលាការ​សាលា​ឧទ្ធរណ៍​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​កាន់​តែ​ខ្លាំង​ឡើង​ពី​សហគមន៍​ជាតិ​និង​អន្តរ​ជាតិ​ប្រឆាំង​នឹង​ការ​កាត់​ទោស​អ្នក​កាសែត​វិទ្យុ​លោកម៉ម សូណង់ដូ ​ដែល​ជា​អ្នក​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​យូរ​មក​ហើយ។​

«ខ្ញុំ​សូម​អរគុណ​បងប្អូន​ខ្មែរ​ទាំងអស់​ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។​ ដោយ​សារ​តែ​ការ​រួបរួមគ្នា​ហ្នឹង​ហើយ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​សេរី​ភាព។ ​បន្តិច​បន្តួច​ក៏​ជា​សេរីភាព​ដែរ។​ ប៉ុន្តែ​ត្រូវ​យើង​រួបរួម​គ្នា​តទៅ​ទៀត​ដើម្បី​ការ​ពារ​សិទ្ធិ​សេរីភាព​ ការពារ​យុត្តិ​ធម៌​ ហើយ​នឹង​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅក្នុង​ស្រុក​ខ្មែរ​យើង»។​

លោក​យឹម សុវណ្ណ​គឺ​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​ដែល​បាន​រួបរួម​គ្នា​គឺ​គណបក្ស​ សង្គ្រោះ​ជាតិ។​
«ការ​ដែល​ដាក់​គាត់​នៅ​ក្នុង​ពន្ធនាគារ​៨​ខែហ្នឹង​គឺ​វា​អយុត្តិធម៌​រួច​ទៅ​ហើយ ​ពី​ព្រោះ​តាំង​ពី​ដើម​ឡើយ​គាត់​អត់​មាន​ទោស​អ្វី​ទាំង​អស់។ ​ហើយ​ប្រសិន​ជាគ្មាន​ការ​ដោះលែង​ទេ ​ក៏​ប្រឈម​មុខ​នឹង​ការ​គាប​សង្កត់​ពី​អន្តរជាតិ​កាន់​តែ​ខ្លាំង​ដែរ»។

ទោះ​បី​ជា​មាន​សេរីភាព​វិញ​ក៏​ដោយ​ ក៏​លោក​ម៉ម សូណង់​ដូ​នៅ​តែ​ជាប់​ការ​ចោទ​ប្រកាន់​ថ្មី​មួយ​ទៀត​ពីបទ​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ភូមិ​ប្រម៉ា​នោះ​ដែរ​ នេះ​បើ​យោង​តាម​មេធាវី​របស់​លោក។​
ប៉ុន្តែ​ក្រុមគាំ​ទ្រ​លោកម៉ម សូណង់​ដូ​និយាយ​ថា ​ពួកគេ​មិន​ជឿ​ថា ​លោក​បាន​ប្រព្រឹត្ត​ដូច​បទ​ចោទ​ប្រកាន់​នោះ​ទេ។​

លោក​ជាប ជៀន​គឺ​ជា​អ្នក​ភូមិ​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែង។​

«តុលាការ​ដែល​ចោទ​គាត់​ថា ​បាន​បង្កើត​តំបន់​អបគមន៍​ ឬ​បំផ្លាញ​ព្រៃឈើ​ ខ្ញុំ​មិន​ទទួល​យក​បាន​ទេ។​ ចំណុច​ដែល​តុលាការ​ចោទ​ប្រកាន់​នេះ​ឃើញ​ថា ​អយុត្តិធម៌​ទាំង​ស្រុង​ហើយ​ បាន​ជា​ខ្ញុំ​តស៊ូខំ​ប្រឹង​មក»។​

លោក​អ៊ូ វីរៈ​គឺ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​
«បើសិន​ជា​លោកម៉ម សូណង់ដូ​ត្រូវ​បាន​ចោទ​ទៅលើ​បទ​ហ្នឹង​ ខ្ញុំ​ថា ​រដ្ឋា​ភិបាល​ត្រូវ​តែ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុមហ៊ុន​នៅក្នុង​តំបន់​ភូមិ​ប្រម៉ា​នេះ​ ថាតើ​សម្បទាន​ដី​នោះ​ស្រប​ច្បាប់​ ឬ​អត់។ ​ប្រសិន​បើ​កន្លែង​នោះ​ជា​ព្រៃ​វិញ ​ការ​ផ្តល់​ដី​សម្បទាន​នេះ​គឺ​ខុស​ច្បាប់​ទាំង​ស្រុង​ហើយ»។​
ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​លោក​និយាយ​ថា ​ការ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​នៅ​ថ្ងៃ​នេះ​គឺ​ជាការ​លើក​ទឹក​ចិត្ត​ដល់​ប្រជាជន​គ្រប់​គ្នា​ឲ្យ​បន្ត​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅកម្ពុជា៕​
XS
SM
MD
LG