ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការពារ​សត្វព្រៃ​ឆ្លើយ​បដិសេធ​តប​នឹង​ការ​វាយ​តម្លៃ​ខាង​បរិស្ថាន​សម្រាប់​គម្រោង​ទន្លេ​មេគង្គ


ផែនទី​ទី​តាំង​ទំបន់​ដុន​សាហុង (Don Sahong) និង​ទំនប់​​សាយ៉ាបូរី (Xayaburi)។
ផែនទី​ទី​តាំង​ទំបន់​ដុន​សាហុង (Don Sahong) និង​ទំនប់​​សាយ៉ាបូរី (Xayaburi)។
មូលនិធិ​ការពារ​ជីវិត​សត្វ​ព្រៃ​ពិភពលោក​ (WWF)​ បាន​ប្រើ​ប្រាស់​របាយការណ៍របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ​ហៅ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិសា្ថន​នៃទំនប់​ដុនសាហុង​ (Don Sahong) ដែល​គេ​បាន​ស្នើ​ឡើង​ដើម្បី​សាងសង់​ថា​ជា​«រូបមន្ត​នៃគ្រោះមហន្តរាយ»។​

អង្គការ​បរិស្ថាន​អន្តរជាតិ​នេះ​បាន​ឆ្លើយ​បដិសេធ​តប​នឹង​ការ​អះអាង​របស់​ក្រុម​អ្នក​សាងសង់​ដែល​ថា​គម្រោង​នេះ​នឹង​មិន​មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ជា​ដុំ​កំភួន​អ្វី​ទេ។​

ទំនប់​នេះ​ត្រូវ​បាន​គេ​គ្រោង​សាងសង់​នៅ​ពីលើ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ​ ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ​ហើយ​ឋាម​ពលអគ្គិសនីដែល​បាន​មក​ពី​នោះ​មាន​ចំនួន​២៦០​មេហ្កាវ៉ាត់​នឹង​ត្រូវ​គេ​លក់​ទៅ​ឱ្យ​ប្រទេស​ថៃ​និង​កម្ពុជា។​

អង្គការ​ WWF អះអាង​ថា ការវាយ​តម្លៃ​របស់​ក្រុម​អ្នក​សាងសង់​លើ​ផលប៉ះពាល់​នៃ​គម្រោង​នេះ​គឺ​មិន​មាន​ការ​គាំទ្រ​ដោយ​ភស្តុតាង​ផ្នែក​វិទ្យាសាស្រ្ត​ទេ ហើយ​ខ្វះ​ការ​ស្រាវជ្រាវ​លើ​ចំណុច​ថា​តើ​សង្គម​និង​សេដ្ឋកិច្ច​នៅ​សងខាង​ព្រំដែន​នេះ​មាន​ផលប៉ះពាល់​យ៉ាង​ដូច​ម្តេច។

ផែនការ​សម្រាប់​គម្រោង​នេះ​រួម​មាន​ច្រក​មួយ​សម្រាប់​ពូជ​ត្រី​ដែល​ត្រូវ​ការ​បម្លាស់ទី​នៅ​ផ្នែក​ទន្លេ​មេគង្គ​ក្រោម​អាច​ឆ្លងកាត់​ទំនប់​នេះ​បាន។ ពូជត្រី​ទាំង​នេះ​គឺ​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​និងងាយស្រួល​រក​សម្រាប់​សហគមន៍​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ។

លោក ​ម៉ាក ហ្កយហត់​ (Marc Goichot)​ អ្នក​ឯកទេស​នៃ​អង្គការ​WWF​ សម្រាប់​គម្រោង​នេះ​បាន​ប្រាប់​វីអូអេ​ថា​ប្រព័ន្ធ​ឆ្លងកាត់​ដែល​គេ​បាន​ស្នើ​ឡើង​នេះ​មិន​មាន​លក្ខណៈ​ថា​អាច​នឹង​ដំណើរ​ការ​ទៅបាន​សម្រាប់​ក្រុម​មច្ឆាជាតិ​ហើយ​ជា​ការ​ប្រថុយ​ប្រថាន​មួយ។

«ប្រសិនបើ​អ្នក​ខ្ទប់​ដំណើរ​ការ​បម្លាស់​ទី​ ​នោះពូជត្រី​ទាំងនេះ​នឹង​បាត់​បង់​ហើយ។ ហើយ​កន្លែង​ដែល​គេ​ចង់​សាងសង់​ទំនប់​គឺ​ស្ថិត​នៅចំ​កន្លែង​ប្រសព្វ​ច្រើន​មុខ​នៃ​ដងទន្លេ​នេះ ដែល​បង្ក​ភាព​ងាយស្រួល​ឱ្យ​ត្រី​អាច​ឆ្លងកាត់​បាន»។

លោក​ហ្កយហត់​ និយាយ​ថា​អង្គការ​ WWF​ មិន​មែន​ស្វែង​រក​វិធី​ដើម្បី​រារាំង​មិន​ឱ្យ​សាងសង់​ទំនប់​នេះ​ទេ​ប៉ុន្តែ​អ្វី ដែល​ខ្លួន​ព្រួយ​បារម្ភ​នោះ​គឺ​ការ​សម្រេច​ជ្រើ​សរើស​យក​ទីតាំង​ត្រង់​ចំណុច​នេះ​មក​សង់​នោះ​។

«យើង​ជឿ​ថា​ មាន​កន្លែង​ជាច្រើន​ទៀត​ដែល​មិន​សូវ​មាន​ភាព​ប្រថុយ​ប្រថាន​ច្រើន​អញ្ចឹង​ ដូច្នេះ​ប្រសិន​បើ​អ្នក​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​កន្លែង​ត្រឹម​ត្រូវ​ វា​អាច​ជួយ​បន្ថយ​ផលប៉ះពាល់​បាន​ងាយ​ជាង​មុន​ច្រើន​ហើយ​អ្នក​នៅ​តែ​អាច​ទទួល​បាន​ផលិតផល​ឋាមពល​ដូច​គ្នា​ដដែល​ដោយ​គ្រាន់​តែ​វា​នឹង​មាន​ផល​ប៉ះពាល់​លើ​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​របស់​អ្នក​តិច​ជាងមុន​ច្រើន​មែន​ទែន»។

កាល​ពី​ខែ​មករា​ បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ជួប​ពិភាក្សា​កម្រិត​រដ្ឋមន្ត្រី​ដើម្បី​សម្រេច​លើ​ជោគវាសនា​នៃ​ទំនប់​ដនសាហុង​នេះ​ដែល​ជា​ទំនប់​មួយ​ក្នុងចំណោម​ទំនប់​១១​ដែល​គេ​មាន​ផែនការ​សាងសង់​នៅ​ផ្នែក​ខាងក្រោម​នៃ​ដងទន្លេ​ដែល​មាន​ប្រវែង​៤.៣០០​គីឡូម៉ែត្រ​នេះ៕

ប្រែសម្រួល​ដោយ​ ម៉ែន គឹមសេង
XS
SM
MD
LG