ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​នេសាទ​​តាម​ដង​ទន្លេ​មេគង្គ​ជំរុញ​ឱ្យ​ផ្អាក​សំណង់​វារី​អគ្គិសនី


រូប​ក្រាហ្វិក​ទំនប់ Don Sahong។
សហគមន៍​នេសាទ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ទទូចឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជាមួយ​ភាគី​ឡាវ​ពី​លទ្ធភាព​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​ដន​សាហុង​របស់​ប្រទេស​នេះ​ជា​បណ្តោះ​អាសន្ន ​មូល​ហេតុ​ដោយ​សារទំនប់​នេះអាច​នឹង​ធ្វើ​ឱ្យ​ផុត​ពូជ​ត្រី​ផ្សោត​ដ៏​កម្រ​របស់​កម្ពុជា​ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ពួក​គេ។

រដ្ឋាភិបាល​ក្រុង​វៀងច័ន្ទន៍​គ្រោង​នឹង​សាងសង់​ទំនប់​វារីអគ្គិសនី​កម្រិត​២៦០​មេហ្គាវ៉ាត់​នេះ​ក្នុង​អំឡុង​ឆ្នាំ​២០១៤​នេះ​ ដោយ​មាន​ការ​ជំទាស់​ពី​ក្រុម​អ្នក​ជំនាញ​ការ​ឯករាជ្យ​ផ្នែក​បរិស្ថាន ​និង​ការ​ជំទាស់​ពី​ប្រទេស​កម្ពុជា​ និង​វៀតណាម។​

លោក​ពយ វណ្ណា ​តំណាង​សហគមន៍​អេកូទេសចរណ៍​កោះ​ផ្តៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ អំពាវនាវ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ថា​ រដ្ឋាភិបាល​ឡាវ​គួរ​ពិចារណា​ឡើង​វិញ​ចំពោះ​គម្រោង​ដ៏​វិនាសកម្ម​មួយ​នេះ ​ហើយ​រដ្ឋាភិបាល​កម្ពុជា​គួរ​លើក​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ភាគី​ឡាវ។​

«ប្រសិន​បើ​អស់​ផ្សោត​ហ្នឹង​ទៅ​ ពួក​ខ្ញុំ​ព្រួយ​បារម្ភ​ថា​ ពេល​ទំនប់​ហ្នឹង​កើត​ឡើង​ទៅ​ ខះ​ទឹក ​ហើយ​ពេល​ខះ​ទឹក​ទៅ ​នាំ​ឱ្យ​អស់​ផ្សោត។ ​កាល​ណា​អស់​ផ្សោត​ រមណីយដ្ឋាន​កោះផ្តៅ​មិន​មាន​ន័យ​អ្វី​ទៀត​ទេ។ ​ហើយ​ប្រាក់​ចំណូលរក​លែង​បាន។ ​ហើយ​ការ​នេសាទ​ត្រី​ទៀត​សោត​ក៏​បាត់​បង់​ដែរ។​ ខ្ញុំ​ទទូចសូម​ឱ្យ​រដ្ឋាភិបាល​ឡាវធ្វើ​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​នឹង​បង​ប្អូន​នៅ​ខ្សែ​ទឹក​ខាង​ក្រោម ​ពិសេស​ពិភាក្សា​ឆ្លង​ដែន​តែ​ម្តង។ ​ហើយ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ផង ​ធ្វើ​យ៉ាង​ណា​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ឡាវ​ផង​ ពេល​ប្រជុំ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ»។​

ទំនប់​វារីអគ្គិសនី​នេះ​គ្រោង​នឹង​សាងសង់​នៅ​ត្រង់​ល្បាក់​ខោន​ ដែល​ជា​ជម្រក​ត្រី​និង​សត្វ​ផ្សោត​យ៉ាង​សំខាន់​នៅ​រដូវ​ប្រាំង ​ហើយ​ទំនប់​នេះ​ស្ថិតនៅ​ចម្ងាយ​ត្រឹមតែ​មួយ​ គីឡូម៉ែត្រ​តែប៉ុណ្ណោះ​ពី​ប្រទេស​កម្ពុជា។​

លោក​ Gerry Ryan​ ទីប្រឹក្សា​បច្ចេកទេស​របស់​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​(WWF) ​ថ្លែង​ក្នុង​សន្និសីទ​ជាមួយ​គ្នា​ថា ថ្ម​ក្នុង​ទន្លេ​រាប់​លាន​តោន​នឹង​ត្រូវ​បំបែក​ដោយ​ប្រើ​រំសេវ​ផ្ទុះ​សម្រាប់​សាងសង់​ទំនប់​នេះ ហើយ​ការ​ផ្ទុះ​នេះនឹង​បង្កើត​ឱ្យ​មាន​រលក​សំឡេង​ខ្លាំង​ និង​ធ្វើ​ឱ្យ​ត្រី​ផ្សោត​ងាប់។​

«សត្វ​ផ្សោត​មិន​អាច​ប្រើ​ភ្នែក​ដើម្បី​មើល​បាន​ទេ​គឺវា​ប្រើ​ប្រព័ន្ធ​សំឡេង​ដើម្បី​ដឹង​ថា​ មាន​អ្វី​នៅ​ក្នុង​ទឹក ​ហើយ​ប្រព័ន្ធ​សំឡេង​នេះ​មាន​លក្ខណៈ​ផុយ​ស្រួយ​ណាស់។​ ដូច្នេះ​សំឡេង​លាន់​ខ្លាំង​ដោយ​ការ​បំផ្ទុះ​ថ្ម​ដើម្បី​សង់​ទំនប់​អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​ប្រព័ន្ធ​ស្តាប់​របស់​ផ្សោត ​ដែលអាច​ធ្វើ​ឱ្យ​វា​ស្លាប់​បាន​ភ្លាមៗ ​ឬ​ធ្វើ​ឱ្យ​ផ្សោត​មិន​អាច​ហែល​បាន​ក្នុង​ទឹក​ដូច​ប្រក្រតី»។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ ​WWF​ឲ្យ​ដឹង​ថា​ សត្វ​ផ្សោត​ទឹកសាប​ទន្លេ​មេគង្គ​កំពុង​ឋិត​ក្នុង​ការ​គំរាម​កំហែង​ជិត​ផុត​ពូជ។​ ហើយ​សត្វ​កម្រ​នេះ​មាន​ត្រឹម​តែ​ប្រមាណ​៨៥​ក្បាល​ប៉ុណ្ណោះ​ចន្លោះ​ពី​ទន្លេ​មេ​គង្គ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ​និង​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​កម្ពុជា ​ដែល​មាន​ប្រវែង​១៩០​គីឡូម៉ែត្រ។​

ដោយ​ឡែក ​ការ​សាងសង់​ទំនប់​តាម​ដង​ទន្លេ​មេគង្គ​ក៏​នឹង​ធ្វើ​ឱ្យ​ធនធាន​ត្រី​ថយ​ចុះ​ខ្លាំង​ផង​ដែរ។​

ការ​ស្រាវជ្រាវ​មួយ​របស់​រដ្ឋបាល​ជលផល​កម្ពុជាបង្ហាញ​ថា ​ផល​ប៉ះពាល់​ពី​ទំនប់​នៅ​តាម​ដង​ទន្លេ​មេគង្គ​នឹង​ធ្វើឲ្យ​លទ្ធភាព​ទទួល​ផលត្រី​សម្រាប់​បរិភោគ​សម្រាប់​បុគ្គល​ម្នាក់​ក្នុង​មួយ​ឆ្នាំ​ធ្លាក់​ចុះ​ពី​៤៩​គីឡូក្រាម​មក​ត្រឹម​តែ​២២​គីឡូក្រាម​ប៉ុណ្ណោះ​នៅ​ត្រឹម​ឆ្នាំ​២០៣០ ​ដោយ​សារ​ការ​ធ្លាក់ចុះ​ទិន្នផល​ត្រី។​

លោក​ពយ វណ្ណា ​អត្ថាធិប្បាយ​ថា​ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​លោក​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នេសាទ​ និង​ការ​ផ្តល់​សេវាកម្ម​អេកូ​ទេសចរណ៍​នៅ​កន្លែង​ផ្សោត​រស់​នៅ​ ដូច្នេះ​លោក​បារម្ភ​ថា​ ប្រភព​ចំណូលសំខាន់​នេះ​នឹង​ត្រូវ​រង្គោះ​រង្គើ​ដោយ​ការ​សាងសង់​ទំនប់​នេះ។​

ដោយឡែក​លោក​ស៊ីន ​នីនី ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ភាសា​ខ្មែរ​កាល​ពី​ម្សិលម៉ិញ​ថា​ ប្រទេស​កម្ពុជា​ក៏​មាន​ជំហរ​ស្រប​ទៅ​ហ្នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទាំង​នោះ​ដែរ ​ប៉ុន្តែ​ប្រទេស​ឡាវ​នៅ​តែ​ការពារ​គម្រោង​សាង​សង់​ទំនប់វារី​អគ្គិសនី​របស់​ខ្លួន។​

លោក ​Surasak Glahan ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ទន្លេ​មេគង្គ ​បាន​បញ្ជាក់​តាម​សារ​អេឡិចត្រូនិច​តប​នឹង​សំណួរ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​ក្រុង​វៀង​ចន្ទន៍​នៅ​មិន​ទាន់​ដំណើរការ​សាងសង់​ទំនប់​នេះ​នៅ​ឡើយ​ទេ ​ហើយ​គម្រោង​ដ៏​ចម្រូងចម្រាស​នេះ​នឹង​ត្រូវ​ពិភាក្សា​ក្នុង​កម្រិត​បច្ចេកទេស​ថ្នាក់​តំបន់​នៅ​ថ្ងៃ​ទី​៧​ខែ​មិនា​ខាង​មុខ​នេះ៕
XS
SM
MD
LG