ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​ការ​ឆ្លង​កូវីដ​១៩​ ពីរ​ករណី​ថ្មី​ទៀត ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​១៤១​នាក់


រូបឯកសារ៖ មនុស្ស​ម្នាពាក់​ម៉ាស់ដើរ​នៅតាម​សួន​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ មនុស្ស​ម្នាពាក់​ម៉ាស់ដើរ​នៅតាម​សួន​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/វីអូអេ)

ប្រទេស​កម្ពុជា ​បាន​រក​ឃើញ​ការ​ឆ្លង​វីរុស​កូរ៉ូណា​​ថ្មី​២​ករណី​​​ទៀត​កាល​ពី​ចុង​សប្តាហ៍ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​ សរុប​កើន​ដល់​១៤១​នាក់​ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ ហើយ​អ្នកឆ្លង​ចំនួន​១៣០​នាក់​​ បាន​ជា​សះស្បើយ​ឡើង​វិញ​ហើយ។

ប្រទេស​កម្ពុជា​បាន​ប្រកាសថា ​ខ្លួន​បាន​រក​ឃើញ​ការ​ឆ្លង​វីរុស​កូរ៉ូណាថ្មី​២ ​ករណី​ទៀត​កាល​ពី​ចុង​សប្តាហ៍ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​សរុប​ក្នុង​ប្រទេស​កើន​ដល់​១៤១​ នាក់​ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា បញ្ជាក់​ថា ​អ្នក​ឆ្លង​ថ្មី​ចុង​ក្រោយ​បំផុត​ទាំង​ពីរ​នាក់ ​គឺ​ជា​បុរស​ជនជាតិ​ខ្មែរ​អាយុ​២៣ ​ឆ្នាំ ​និង​១៥​ ឆ្នាំ។

បុរសទាំង​ពីរ​ ដែល​ម្នាក់​រស់នៅ​ស្រុក​ក្រូច​ឆ្មារ​ខេត្ត​កំពង់ចាម និង​ម្នាក់​ទៀត​រស់នៅ​ក្នុង​ឃុំ​ដើម​មាន ខេត្ត​កណ្តាល ត្រូវ​បាន​ពិនិត្យ​រក​ឃើញ​ថា​ ឆ្លងជំងឺ​កូវីដ១៩​នេះ ពេល​ដែល​អ្នក​ទាំង​ពីរ ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី​២៦​ ខែ​មិថុនា។​

បច្ចុប្បន្ន​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ក្នុង​រាជធានី​ភ្នំពេញ។​

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ​អ្នក​ធ្វើ​ដំណើរ​៩​ នាក់​ទៀត ដែល​មាន​ជន​ជាតិ​ខ្មែរ​៨ ​នាក់​និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ផ្ទុក​វីរុស​កូរ៉ូណា​ ក្រោយ​ពី​ពួក​គេ​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។​ អ្នក​ឆ្លង​ជំងឺ​កូវីដ​ទាំង​៩​នាក់​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ក្នុង​ក្រុង​ភ្នំពេញ។​

ក្រៅ​ពី​អ្នក​ឆ្លង​ថ្មី​ទាំង​១១​ នាក់​រួម​ទាំង​ពីរ​នាក់​ចុងក្រោយ​បំផុត​ផង​ អ្នក​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​ចំនួន​១៣០ ​នាក់​ផ្សេង​ទៀត​បាន​ជា​សះស្បើយ​ឡើង​វិញ​ហើយ។​ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ដដែល៕

XS
SM
MD
LG