ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មាន​អារម្មណ៍​បារម្ភអំពី​សំណុំ​រឿងក្តី​បន្ថែម​​


ខេត្ត​ឧត្តរ​មាន​ជ័យ​៖ ខណៈ​ពេល​ដែល​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​លើ​សាលាក្តី​ខ្មែរ​ក្រហម​ដើម្បី​ឲ្យ​បន្ត​ករណី​ថ្មី​ចំនួន​២​បន្ថែម​ទៀត​នោះ ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​បាន​សម្តែង​អារម្មណ៍​មិន​សូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​ចំពោះ​លទ្ធ​ភាព​ដែល​អាច​មាន​ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​បន្ថែម​ទៀត​នោះ។

ជា​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​អន្លែង ​នា​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​នេះ ​លោក​ អ៊ុំ មេឃ​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​តែង​តែ​ចង់​ឃើញ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃោរឃៅ​ដែលត្រូវ​បាន​ប្រព្រឹត្ត​នៅក្រោម​របប​គ្រប់គ្រង​របស់​ពួកគេ។​

ឪពុក​នៃ​កូន​ស្រី​បីនាក់​រូប​នេះ​និយាយ​ថា ​វា​ជា​ទង្វើ​ត្រឹម​ត្រូវ​ហើយ​ដែល​សាលាក្តី​ខ្មែរ​ក្រហម​បាន​នាំ​ខ្លួន​មេដឹក​នាំ​កំពូលៗ​នៃ​របបនោះ​មក​ជំនុំ​ជម្រះ​ទោស​នោះ។​

«មេដឹកនាំ​ខ្មែរក្រហម​កាល​ពេល​នោះ​ វា​ធ្វើ​ខុស ​ហើយ​ឥឡូវ​ត្រូវតែ​ទទួល​ការ​កាត់ទោស»។​

លោក នួន ជា ​អតីត​មេ​មនោគម​វិជ្ជា​របស់​ខ្មែរក្រហម​ លោក​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ ​និង​លោក​អៀង សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ជំនុំ​ជម្រះ​ទោស​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​ ពី​បទ​ឧក្រិដ្ឋកម្ម​ជាច្រើន​ដោយ​រួម​ទាំង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ផងដែរ​ ដោយសារ​ការ​ស្លាប់​ប្រជាជន​ប្រមាណ​១លាន​៧សែន​នាក់​នៅ​ក្រោម​របប​ដែល​ពួក​គេ​គ្រប់គ្រង​ចន្លោះ​ឆ្នាំ១៩៧៥​ដល់​១៩៧៩។​

ប៉ុន្តែ​ដូច​លោក​អ៊ុំ មេឃ​ដែរ ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ជាច្រើន​នៅ​ក្នុង​តំបន់​នេះ​និយាយ​ថា​ អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ដ៏​ឃោរឃៅ​នោះ​ គួរ​តែ​ត្រូវ​បាន​កម្រិត​នៅ​ត្រឹម​តែ​អតីត​មេដឹកនាំ​កំពូលៗ​ទាំង​នោះ​បាន​ហើយ។​

លោក​ យឹម ផាន់ណា​គឺ​ជា​អតីត​មេបញ្ជាការ​យោធា​ម្នាក់​របស់​ខ្មែរ​ក្រហម។ ​បច្ចុប្បន្ន​លោក​គឺជា​អភិបាល​ស្រុក​អន្លង់វែង​នេះ។ ​លោក​មាន​ប្រសាសន៍​ថា ​មាន​តែ​មេដឹកនាំ​ចាស់ៗ​ទាំង​នោះ​ទេ ​ដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​សោកនាដ​កម្ម​នា​សម័យ​នោះ។​

«វា​នៅក្នុង​សម័យ​កាល​ដែល​គាត់​ទទួល​ខុសត្រូវ។ ​ទោះបី​គាត់​អះអាង​ថា​ គាត់​មិន​យល់​ មិន​បាន​ឃើញ ​មិន​បាន​ដឹង​នូវ​អំពើ​ សកម្មភាព​ទាំងឡាយ​នៅ​ក្នុង​របប​៣ឆ្នាំ​ហ្នឹង​ក៏ដោយ​ ក៏​ប៉ុន្តែ​គាត់​ត្រូវ​ចាត់​ទុក​ថា ​គាត់​ជា​ម៉ែ​ ជា​ឪ ម្តេច​ក៏​មិន​មើល​ឲ្យ​បាន​ដិតដល់?​ ម្តេច​ក៏​បណ្តាល​ឲ្យ​មាន​បញ្ហាហ្នឹង?»​

រហូត​មក​ដល់​ពេលនេះ ​តុលាការ​បាន​ចាប់​ខ្លួន​មេដឹកនាំ​នៃ​របប​នោះ​ចំនួន​៥នាក់​ហើយ​ នៅក្នុង​ករណី​ពីរ​ដំបូង​ដែល​គេ​ហៅ​ថា ​ករណី​០០១​និង​០០២​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​មេគុក​ទួលស្លែង​លោក​កាំង ហ្គិចអ៊ាវ ​ហៅ​ឌុច និង​មេដឹកនាំ​កំពូលៗ​ចំនួន​៤នាក់​ទៀត​ដែល​កំពុង​ត្រូវ​បាន​ជំនុំ​ជម្រះ​ទោស។​

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​ជា​សាធារណៈ​ចំពោះ​ការ​ប៉ុនប៉ង​របស់​តុលាការ​ក្នុងការ​នាំ​ខ្លួន​ជន​សង្ស័យ​ចំនួន​ប្រាំ​នាក់​បន្ថែម​ទៀត​មក​កាត់​ទោស​ក្នុង​សំណុំ​រឿង​ក្តី​០០៣​និង០០៤​ ដោយ​ផ្តល់​ហេតុផល​ថា ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ជា​ថ្មី​ទៀត។​

លោក​ ហ៊ុន សែន​ខ្លួន​ឯង​ផ្ទាល់​គឺ​ជា​អតីត​ទាហាន​ថ្នាក់​កណ្តាល​ម្នាក់​របស់​ខ្មែរ​ក្រហម។​
«ខ្ញុំក៏​ធ្លាប់​និយាយ​ដែរ​ថា ​សុខចិត្ត​ឲ្យ​សាលាក្តី​បរាជ័យ​ តែ​មិន​សុខចិត្ត​ឲ្យ​ប្រទេស​កើត​សង្គ្រាម​ នាំ​ឲ្យ​ស្លាប់​មនុស្ស​ទេ»។​
លោក​ ហ៊ុន សែន​



ដូច​គោល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ ​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយ​ចំនួន​នៅទីនេះ​មិន​ចង់​ឲ្យ​មាន​ការ​បន្ត​ករណី​០០៣​និង​០០៤​តទៅ​ទៀត​ទេ»។​

លោក​យឹម ផាន់ណា​មាន​ប្រសាសន៍​ថា​ វត្ត​មាន​នៃ​ករណី​បន្ថែម​ទាំង​នេះ អាច​ធ្វើ​ឲ្យ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ខ្លះ​ មិន​ស្រួល​ចិត្ត​ឡើយ។​

«វា​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ មន្ទិល មិន​ទុកចិត្ត​អី។​ អាហ្នឹង​វា​ប្រាស់ចាក​ពី​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល។ ​ហើយ​បើមាន​បញ្ហា​ហ្នឹង​កើត​ឡើង អាហ្នឹង ការ​កង្វល់​ ព្រួយបារម្ភ​ដែលជា​អតីតភាព ​បងប្អូន​ ចេះ​តែ​គិត ​ចេះ​តែ​ព្រួយ ​វា​ទៅ​ជា​អត់​សុខុដមរមនា»។​

ស្រុក​ដាច់​ស្រយាល​នៃ​តំបន់​ព្រៃ​នៅ​តាម​ជើង​ភ្នំ​ដងរែក​នេះ​ធ្លាប់​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេបញ្ជាការ​ខ្មែរ​ក្រហម​ម្នាក់​ឈ្មោះ​ឈិត ជឿន ​ហៅ​តាម៉ុក ដែល​គេ​ចាត់​ទុក​ថា​ ជា​អ្នក​កាប់​សម្លាប់​ឥត​ត្រាប្រណី។ ​គាត់​បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​ក្នុង​ឆ្នាំ​២០០៦ ​ខណៈ​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទីក្រុង​ភ្នំពេញ។​ សព្វ​ថ្ងៃ​ ផ្នូរ​របស់​គាត់​នៅ​ទីនេះ​បាន​ក្លាយ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍។​

អតីត​តំបន់​តស៊ូ​ចុង​ក្រោយ​របស់​ក្រុម​ខ្មែរ​ក្រហម​នេះ​បានចូល​រួបរួម​ជា​មួយ​រដ្ឋាភិបាល​វិញ​កាល​ពី​ឆ្នាំ​១៩៩៩។​ ហើយ​អ្នក​ស្រុក​ជា​ច្រើន​នៅ​ទីនេះ គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ​ឬ​សាច់​ញាតិ​របស់​ពួកគេ។​

លោក ​យឹម ផាន់ណា​ទទួល​ស្គាល់​ថា ​អតីត​កម្មាភិបាល​ខ្លះ​ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស​ខ្លះ​មែន​នៅ​សម័យ​ខ្មែរក្រហម​នោះ។​

ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា​ ពួកគេ​មិន​គួរជា​អ្នកទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ប្រជាជន​ទេ ​ដោយ​សារ​ពួកគេ​គ្រាន់​តែ​ធ្វើ​តាម​បញ្ជា​ពី​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ។​

«ខ្ញុំ​ថា​ មិន​គួរ​ទៅ​កាត់​ទោស​ដល់​ពួកគាត់​ហ្នឹងទេ។ ​វា​វែង​ឆ្ងាយ»។​

អ្នក​ស្រី អ៊ឹម ចែម​គឺ​ជា​អតីត​កម្មាភិបាល​ថ្នាក់​កណ្តាល​ម្នាក់​របស់​ខ្មែរ​ក្រហម ​កាល​សម័យ​នោះ។​ យោង​តាម​ឯកសារ​ជាច្រើន​ អ្នក​ស្រី​ដឹកនាំ​មន្ទីរ​សន្តិសុខ​មួយ​នៅក្នុង​ស្រុក​ព្រះនេត្រ​ព្រះ​ ​ខេត្ត​បន្ទាយ​មានជ័យ​ ជា​ទី​ដែល​មាន​មនុស្ស​ប្រមាណ​៤ម៉ឺន​នាក់​បាន​ស្លាប់​នៅក្រោម​របប​នោះ។​

បច្ចុប្បន្ន​ អ្នក​ស្រី​គឺជា​ជន​សង្ស័យម្នាក់​ក្នុង​សំណុំ​រឿង​ក្តី​០០៤។​ ប៉ុន្តែ​អ្នក​ស្រី បដិសេធ​ថា ​អ្នក​ស្រី​មិន​មែន​ជា​ឃាតករ​ ឬ​មិន​ធ្លាប់​ប្រព្រឹត្ត​អ្វី​ខុស​នៅក្នុង​របប​នោះ​ទេ។​

«ទោះបី​ជាប់​ឈ្មោះ​យ៉ាង​មិច​ក៏ដោយ​...ក្នុង​តុលាការ​ថា​ ពាក្យ​បណ្តឹង​គេ​ចូល​០០៣ឬ​០០៤​អីក៏ដោយ​ បើ​ខ្ញុំ​មិន​ទៅ​ ខ្ញុំ​មិន​មាន​ខុស។​ ខ្ញុំ​ការពារ​សិទ្ធិ​របស់​ខ្ញុំ។ ខ្ញុំ​អត់​មាន​ឲ្យ​អ្នកណាមក​គាប​សង្កត់​ខ្ញុំ ​ឲ្យ​ខ្ញុំ​មាន​ទោស ​ឲ្យ​ខ្ញុំ​ជាប់​គុក​ ទទួល​កំហុស​ ទទួល​ទោស​ទេ»។​

នៅក្នុង​ដំណើរ​ទស្សនកិច្ចមក​កាន់​អតីត​ផ្ទះ​តាម៉ុក​កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ព្យាយាម​ធានា​ចំពោះ​អតីត​កម្មាភិបាល​ថ្នាក់​ក្រោម​ថា​ ពួកគេ​នឹង​មិន​ត្រូវ​បាន​កាត់​ទោស​ដោយ​សាលាក្តី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នេះ​ទេ។​

លោកនេត្រ ភក្ត្រា​គឺ​ជា​អ្នក​នាំ​ពាក្យ​សាលាក្តី​នេះ​ខាង​ភាគី​ជាតិ។
«ចំពោះ​ការ​លេច​ឮឈ្មោះ​អី​ផ្សេងៗ​...ពី​មុន​មក​មាន​ការ​លេច​ធ្លាយ​នោះ​ ខ្ញុំ​បាទ​សូម​ជម្រាប​ថា​ នេះ​មិនមែន​ជា​ព័ត៌មាន​ផ្លូវការ​ទេ។​ ព័ត៌មាន​ដែល​ផ្លូវ​ការ​ថា​ ជន​សង្ស័យ​នេះ​ឬ​ជនសង្ស័យ​នោះ​គឺទាល់តែ​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ចេញ​ពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា»។​
ប៉ុន្តែ​លោក Lars Olsen ​ អ្នក​នាំ​ពាក្យ​សាលាក្តី​នេះ​ខាង​ភាគី​អន្តរជាតិ​ និយាយ​ថា ​បច្ចុប្បន្ន​មាន​ករណី​ចំនួន​៤​កំពុង​ស្ថិត​នៅក្នុង​ដៃ​របស់​តុលាការ​ គឺ​ករណី​០០១, ០០២, ០០៣​និង​០០៤។​
តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​រហូត​មក​ដល់​ពេលនេះ ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ថា​នឹង​មានការ​ប្រកាស​បទ​ចោទ​ប្រកាន់ទៅ​លើ​ជនសង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​ទាំង​ពីរ​ទៀត​ដែរ​ឬ​យ៉ាងណា​ទេ៕​
XS
SM
MD
LG