សាក្សីនិយាយនៅថ្ងៃពុធនេះថា ពួកខ្មែរក្រហមមាននយោបាយមួយគឺត្រូវបោសសម្អាតប្រជាពលរដ្ឋដែលពួកគេជឿថា ជាប់ទាក់ទងនឹងរបបលោកសេនាប្រមុខលន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
លោក ពាន ឃាន អាយុ៦២ឆ្នាំ ជាអតីតអ្នកនាំសារ និងកងការពាររបស់កុយ ធួន ប្រធានភូមិភាគ៣០៤ និងជាអតីតរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មខ្មែរក្រហម។ លោក ឃាន បាននិយាយក្នុងការផ្តល់សក្ខីកម្មក្នុងការកាត់ទោសសំណុំរឿង ០០២ នៅរសៀលនេះថា ខ្មែរក្រហមបានជម្លៀសប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញ ដើម្បីងាយស្រួលកម្ចាត់សត្រូវ។
«ជំលៀសប្រជាជនចេញពីក្រុងភ្នំពេញគឺដើម្បីស្រួលបោសសម្អាតពួកខ្មាំង ពួកក្បត់នៅទីក្រុងភ្នំពេញ។ ជាខ្មាំងគឺកាលនោះគេថា ជាទាហានលន់ ណុល ហើយប្រជាជនក៏ជាប្រជាជនដែលស្ថិតនៅក្រោមឥទ្ធិពលរបស់លន់ ណុល។ អញ្ចឹងនៅក្នុងរបបទាំងអស់ហ្នឹងត្រូវបោសសម្អាត។ ហើយក្រោយមកទៀតគឺកុំឲ្យមានពួកស៊ីអេអាបង្កប់នៅទីក្រុងភ្នំពេញ»។
សាឡុត បាន ដែលជាក្មួយប្រុសបង្កើតរបស់ប៉ុល ពត មេស្ថាបនិកនៃរបបកម្ពុជាធិបតេយ្យដែលបញ្ចប់ការផ្តល់សក្ខីកម្មនៅថ្ងៃនេះ ក៏បានបញ្ជាក់ក្នុងសវនាការដែរថា ពួកខ្មែរក្រហមមានគោលដៅមួយគឺតស៊ូប្រឆាំងនឹងអ្វីដែលពួកខ្លួនហៅថា ការឈ្លានពានរបស់ចក្រពត្តិអាមេរិក។
លោក ពាន ឃាន បានចូលតស៊ូក្នុងព្រៃជាមួយពួកខ្មែរក្រហមក្នុងខេត្តរតនគិរីកាលពីឆ្នាំ១៩៦៦ នៅពេលដែលលោកមានអាយុ១៦ ឆ្នាំ។ មានដើមកំណើតជាជនជាតិភាគតិច ខ្វែក និងកំពង់រស់នៅក្នុងខេត្តតាកែវ សាក្សីរូបនេះនិយាយថា ប្រជាពលរដ្ឋដែលពួកខ្មែរក្រហមចាប់ខ្លួនថា ជាខ្មាំងនោះនឹងត្រូវសម្លាប់ចោល។
«ពេលនោះដោយសារតែគេចាត់ទុកថាជាសត្រូវ ដូច្នេះបើសិនជាគេចាប់បានគឺត្រូវតែកម្ទេចហើយ»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន ១,៧លាននាក់ក្នុងចន្លោះដែលពួកគេកាន់កាប់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ មករា ឆ្នាំ ១៩៧៩។
មេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ដែលនៅរស់រានមានជីវិតជាមួយនឹងភាពចាស់ជរាកំពុងស្ថិតក្នុងការកាត់ទោសក្នុងសំណុំរឿង០០២ នេះ។ ក្នុងនោះមានខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស និង នួន ជា អតីតប្រធានសភាខ្មែរក្រហម៕