ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឯកសារ​ និង​ភាពយន្ត​អំពី​ជនភៀសខ្លួន​ខ្មែរ​រៀបរាប់​ពីរឿង​រន្ធត់​ និង​អាឡោះ​អាល័យ​​

  • ជាង សុភីណារ័ត្ន

Long Beach Film Trauma
រឿង​រ៉ាវអំពី​ជនភៀស​ខ្លួន​ខ្មែរ​ជាច្រើន​ត្រូវ​បានចងក្រងជា​ឯកសារ​ រួមមានថតជា​ខ្សែ​ភាពយន្ដ​និង​សរសេរ​ជាសៀវភៅ។ ​ខ្សែភាពយន្ដ​និង​សៀវភៅ​ទាំង​នេះ​រៀបរាប់​ពីរឿងគួរ​ឲ្យ​អាលោះ​អាល័យ ​ និង​រឿង​បែប ​រន្ធត់។​

សម្រាប់​ឆ្នាំ​២០១២​នេះ​មាន​រឿង​ខ្មែរ​ជា​ច្រើន​ដែល​បាន​និទាន​តាម​រយៈ​ខ្សែ​ភាព​យន្ត​និង​សៀវភៅ។​ សម្រាប់ខាង​ភាព​យន្ត​គឺ​មាន​រឿង​ខ្សែភាព​យន្ត​ឯក​សារ​ដែល​គួរ​ឲ្យ​អាលោះ​អាល័យ ​Golden​ Slumbers ​និង​រឿង​បែប ​រន្ធត់​ Two​ Shadows​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ស្រមោល​ពីរ។​

នៅ​ក្នុង​ចំណុច​សំខាន់​នៃ​រឿង​ទាំង​ពីរ​នេះ​និង​រឿង​ដទៃ​ទៀត​គឺ​នៅ​មាន​ស្នាម​ដិត​ជាប់​នឹង​របប​ប្រល័យ​ពូជ​សាសន៍។​

មាន​រឿង​បែប​នេះ​ច្រើន​ទៀត​ដែល​នឹង​ចេញ​មក​បញ្ជាំង​សម្រាប់​ទស្សនិក​ជន​ទូ​ទៅ។​ ភាគ​ច្រើន​នៃ​រឿង​នេះ​គឺ​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​ខ្មែរ។

នាង​ ឈុន​ កែវ​មរកត ដែលជា​អ្នក​ជួយ​រៀប​ចំ​មហោ​ស្រព​ភាព​យន្ត​សេរីភាព​និង​ក្តី​សង្ឈឹម​ឆ្នាំ​នេះ​នៅ​ទី​ក្រុង​ឡង​ប៊ិច​ បាន​ប្រាប់​ថា​ នាង​ចង់​នាំ​យក​រឿង​បែប​នេះ​ជា​ច្រើន​ទៀត។​
នាង​ឈុន​ កែវ​មរ​កត អ្នក​រៀប​ចំ​មហោ​ស្រព​ភាព​យន្តនិយាយ​ថា៖​
«ខ្ញុំ​បាន​ទៅលេង​ស្រុក​ខ្មែរ​កាលពីឆ្នាំមុន​ ហើយ​បាន​ស្តាប់​នូវ​រឿង​ជា​ច្រើន​ពី​បង​ប្អូន​និង​ជី​ដូន​ជីតា​របស់​ខ្ញុំ​ដែល​រស់​នៅ​ទី​នោះ​ហើយ​និង​រឿង​ពី​របប​ប្រល័យ​ពូជ​សាសន៍​សម័យ​ខ្មែរ​ក្រហម ហើយ​ខ្ញុំ​ក៏​ដឹង​ថា​ យើង​ត្រូវ​ការ​វីធី​តាម​បែប​សិល្បៈ​ផ្សេងៗ​ទៀត​ដើម្បី​ប្រាប់​នូវ​រឿង​ទាំង​នេះ»។​
រឿង​ទាំង​នេះ​បាន​ជួយ​ឲ្យ​អ្នក​ទស្សនា​អន្តរជាតិ​យល់​ដឹង​ពី​បញ្ហា​សង្រ្គាម​ដែល​បន្ត​ជា​ច្រើន​ឆ្នាំ​ហើយ​មាន​ឥទ្ធិពល​មក​លើ​ខ្មែរ​ជា​ច្រើន​ជំនាន់។ ​
នេះ​គឺ​រួម​បញ្ជូល​ទាំង​រឿង​របស់​លោក​ស្រីលីម កាំយុក ដែល​បាន​ប្រាប់​ទៅ​កូន​ប្រុស​របស់​គាត់ គឺ​អ្នក​និពន្ធ​ លោក​អៀ​ សុផល​ដែល​បាន​ពណ៌នា​នៅ​ក្នុង​ឯក​សារ​ខ្លី​មួយ​របស់​ Channel News Asia។​

លោក​អៀ សុផល និយាយថា៖​
«វា​ជា​ឱកាស​មួយ​សម្រាប់​ចែក​រំលែក​ឲ្យពិភព​លោកដឹងពីអ្វី​ដែល​គាត់​បាន​ឆ្លង​កាត់។​ ហើយ​ខ្ញុំ​គិត​ថា ​សម្រាប់​មនុស្ស​ភាគ​ច្រើន​គឺ​មាន​ការ​ពិបាក​ពី​ព្រោះ​វា​បាន​នាំ​មក​វិញ​នូវ​របួស​ផ្លូវ​ចិត្ត​និង​ភាព​តាន​តឹង​កាល​ពី​សម័យ​នោះ»។​

ប៉ុន្តែ​រឿង​ក៏​អាច​ជា​វិធី​សម្រាប់​បន្ធូរ​អារម្មណ៍​ ជា​ពិសេស​សម្រាប់អ្នក​ដែល​និទាន​រឿង។​ អ្នក​និពន្ធ​ លោក កែវ សំ ជា​អ្នក​ជំនាញ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​បាន​សរ​សេរ​សៀវភៅ​អំពី​របួស​ផ្លូវ​ចិត្ត​របស់​គាត់​នៅ​សម័យ​ខ្មែរ​ក្រហម។

លោក​បាន​ប្រាប់​ថា​ ការ​និយាយ​ចេញ​ទាំង​នេះ​ធ្វើ​ឲ្យ​លោក​ឈ្នះ​នូវ​ការ​ឈឺ​ចាប់​របស់​គាត់។​
លោក​កែវ សំ​និយាយ​ថា៖​
«កាល​ណា​យើង​មាន​ទុក្ខ​ព្រួយ​ខ្លាំង​មែន​ទែន​ យើង​មាន​ទុក្ខ​ព្រួយ​នៅ​ក្នុង​ខ្លួន។ ​យើង​មិន​និយាយ​ចេញ​ វា​កាន់​តែ​ណែន​ទៅៗ តឹង​ដើម​ទ្រូងផ្ទុះ»។​

អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ម្នាក់​គឺ​លោក​យាន ម៉ារីន។​ លោក​សង្ឈឹម​បែប​នេះ ​ស្រប​ពេលដែល​គាត់​កំពុង​សរ​សេរ​ពី​ប្រវត្តិ​របស់​គាត់​ក្នុង​នាម​ជា​កូន​កំព្រា​ឆ្លង​កាត់​របប​ប្រល័យ​ពូជ​សាសន៍។​
លោក​យាន​ ម៉ារីន និយាយ​ថា៖ ​
«ដូច​ជា​ខ្ញុំ​បាន​បញ្ចេញ​វា ជា​ជាង​ការ​ទុក​នៅក្នុង​បេះ​ដូង​ខ្ញុំ រួម​ទាំង​ការ​សរ​សេរ បើក​បង្ហាញ។ វា​ដូច​ជា​ការ​ព្យាបាល​មួយ​ដែរ»។​
សម្រាប់លោក យាន ម៉ារីន​ ការ​សរសេរ​ប្រាប់ពីរឿង​របស់​គាត់​ទើប​តែ​បាន​ចាប់​ផ្តើម។ សម្រាប់លោក​កែវ សំ រឿងរបស់​គាត់​បាន​បញ្ចប់​ទៅ​ហើយ។​ប៉ុន្តែ​ក៏​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ទាក់​ទង​នឹង​សម័យ​អតីត​កាល​នៅ​តែ​បន្ត​អាថ៌កំបាំង៕​
XS
SM
MD
LG