ផលនេសាទទឹកសាបក្នុងឆ្នាំ២០១៩ បានធ្លាក់ចុះជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល VOA ទទួលបាននៅថ្ងៃច័ន្ទនេះ។
របាយការណ៍បង្ហាញថា ផលនេសាទទឹកសាបក្នុងឆ្នាំ២០១៩នេះ មានចំនួនជាង៤៧ម៉ឺនតោន ដែលធ្លាក់ចុះជាង៥ម៉ឺនតោន គឺស្មើនឹង១០ភាគរយ បើធៀបនឹងផលនេសាទក្នុងឆ្នាំ២០១៨ ដែលមានចំនួនជាង៥៣ម៉ឺនតោន។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលកម្ពុជា បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានប៉ះពាល់ដល់ទឹកភ្លៀង ដែលជាមូលហេតុនាំឲ្យត្រីធ្លាក់ចុះ។
លោកបានមានប្រសាសន៍ថា៖ «អ៊ីចឹងដូចជាឆ្នាំហ្នឹង វាមានការប្រែប្រួលអាកាសធាតុ អ៊ីចឹងយើងឃើញភ្លៀងនៅក្នុងតំបន់ហ្នឹងវាតិច វាតិចជាងមុន។ វាភ្លៀងតិចហើយវាភ្លៀងអត់ដើមរដូវ អ៊ីចឹងហើយបានវាធ្វើឲ្យកម្ពស់ទឹកហ្នឹងវាក្រឆាប់ឡើង ហើយដល់ពេលវាឡើងហើយ វាស្រកវិញលឿន»។
ប្រជានេសាទបង្ហាញការព្រួយបារម្ភថា ទន្លេសាបដែលបានផ្តល់ប្រូតេអ៊ីនជាង៧៥ភាគរយដល់ប្រជាជនកម្ពុជា កំពុងប្រឈមនឹងវិបត្តិខ្វះត្រី ដោយសារផលនេសាទរបស់ខ្លួនក្នុងរដូវនេសាទឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។
លោក ស៊ឺ ម៉ៅ តំណាងគន្លងដាយត្រី ១៥E នៅទន្លេសាបនៅស្រុកពញាឮ ខេត្តកណ្តាលបានប្រាប់VOA ថាអំឡុងរដូវនេសាទត្រីប្រហុក ផ្អកលើកទីពីរនេះដែលបានចាប់ផ្តើមនៅដើមខែមករាឆ្នាំ២០២០ ផលនេសាទរបស់លោកកាន់តែតិចជាងមុន។ ដោយក្នុងមួយម៉ោង លោកអាចនេសាទបានប្រហែល១០០ទៅ២០០គីឡូក្រាមប៉ុណ្ណោះប៉ុន្តែឆ្នាំមុន លោកអាចនេសាទបាន៤០០ទៅ៥០០គីឡូក្រាម។ ការណ៍នេះបណ្តាលឲ្យតម្លៃត្រីឡើងថ្លៃ។
លោកបាននិយាយថា៖ «វាប៉ះពាល់ដល់ប្រជាពលរដ្ឋយើង។ អត់ត្រី ត្រីវាថ្លៃ។ ប្រវត្តិសាស្ត្រនៅស្រុកខ្មែរយើង មិនដែលមានត្រីប្រហុកណាមួយគីឡូ បីបួនពាន់។ មួយគីឡូឥឡូវមានហើយហ្នឹងឆ្នាំហ្នឹង»។
លោក សូយ កែវ លេខាសហគមន៍នេសាទបឹងទន្លេសាប កោះព្រែករាំងសីល ក្នុងខេត្តពោធិ៍សាត់ បានប្រាប់VOAថាផលនេសាទឆ្នាំនេះ ធ្លាក់ចុះខ្លាំងដែលវាខុសប្លែកពីឆ្នាំមុនៗ ហើយវាបានប៉ះពាល់ដល់ជីវភាពប្រជានេសាទនៅក្នុងសហគមន៍របស់លោកយ៉ាងខ្លាំង។
លោកបានប្រាប់ VOA ថា៖ «អត់មានត្រីហ្មង រាល់ឆ្នាំវាមាន ខែហ្នឹងត្រូវលិចទូក លិចច្បារ មួយៗរាប់រយគីឡូបណ្តោយ ប៉ុន្តែឆ្នាំហ្នឹង ម្នាក់ៗបួនដប់ម្ភៃគីឡូ ម្ភៃសាមសិបគីឡូ មានអីហ្នឹងត្រូវ។ ចេះថាអាដំបូងសង្ឃឹមពេលទឹកស្រក ដល់ពេលទឹកស្រក អត់បណ្តោយ អត់មាន»។
ទន្លេសាបរបស់កម្ពុជា គឺជាបឹងទឹកសាបធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវាបានផ្ដល់ផលនេសាទប្រមាណ៥០ម៉ឺនតោនជារៀងរាល់ឆ្នាំ។
លោក Brian Eyler អ្នកនិពន្ធសៀវភៅ «Last Days of the Mighty Mekong» និងនាយកគម្រោងអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលStimsonក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា ផលនេសាទដែលធ្លាក់ចុះនេះគឺបណ្ដាលមកពីរដូវទឹកឡើងនៅបឹងទន្លេសាប និងទន្លេមេគង្គ មានរយៈពេលខ្លី។ លោកបន្តថា ជាក់ស្ដែងជំនន់បឹងទន្លេសាបរាល់ឆ្នាំ គឺមានរយៈពេល៤ខែ ក៏ប៉ុន្តែសម្រាប់ឆ្នាំនេះ ជំនន់បឹងទន្លេសាប មានរយៈពេលត្រឹមតែ៦សប្ដាហ៍ប៉ុណ្ណោះ។
បើតាមលោក Brian Eyler ដដែល ការស្ថាបនាទំនប់វារីអគ្គិសនីនៅទន្លេមេគង្គដែលបានបង្អាក់ការបម្លាស់ទីរបស់ត្រី និងការទប់ស្កាត់ការនេសាទត្រីខុសច្បាប់មិនមានប្រសិទ្ធភាព ជាមូលហេតុធ្វើឲ្យចំនួនត្រីធ្លាក់ចុះ៕