ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្រី​ជាង​២៥​តោន​បាន​ងាប់​ក្នុង​បឹង​ទន្លេ​អភិរក្ស​នៅ​ខេត្ត​កំពង់ធំ


រូបថត​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​បង្ហាញ​ពី​ត្រី​ដែល​បាន​ងាប់​នៅ​ក្នុង​បឹង​ទន្លេ​ឆ្មាដែល​ជា​បឹង​​អភិរក្ស​មួយ​នៅ​ក្នុង​​ខេត្ត​កំពង់ធំ​។ (Facebook/San Prum)
រូបថត​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​បង្ហាញ​ពី​ត្រី​ដែល​បាន​ងាប់​នៅ​ក្នុង​បឹង​ទន្លេ​ឆ្មាដែល​ជា​បឹង​​អភិរក្ស​មួយ​នៅ​ក្នុង​​ខេត្ត​កំពង់ធំ​។ (Facebook/San Prum)

ខណៈ​ដែល​កម្ពុជាជួប​ប្រទះ​នឹង​ការកើនឡើង​កម្តៅ​អាកាសធាតុ ទឹកទន្លេ​បាន​ចាប់ផ្តើមស្រកតាម​កន្លែង។ កម្រិត​ទឹកទន្លេ​ធ្លាក់ចុះ បូករួម​នឹង​ខ្យល់ព្យុះ​កន្រ្តាក់រដូវប្រាំងកាលពី​បី​ថ្ងៃមុននៅតាម​បណ្តាខេត្ត បណ្តាល​ឲ្យ​ត្រី​ជាង​២៥​តោន​បាន​ងាប់នៅ​ក្នុង​បឹង​ទន្លេ​ឆ្មា នៅតាម​មាត់បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ។

ត្រី​ជិត​៣០​តោន​បាន​ងាប់​នៅ​ក្នុង​បឹង​ទន្លេឆ្មា​ដែល​ជា​បឹងអភិរក្ស​មួយ​នៅ​ក្នុងខេត្ត​កំពង់ធំ​ ដោយ​សារ​កម្តៅ​និង​ខ្យល់​កន្ត្រាក់ ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ត្រី​ជា​ច្រើន​តោន​នេះ​បាន​បាត់​បង់​ជីវិត។

លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ថ្លែង​ប្រាប់ VOA ​ តាម​ទូរសព្ទ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា ​ខ្យល់​កន្ត្រាក់​ខ្លាំង​រយៈពេល​ពី​របី​ថ្ងៃ រួម​នឹង​កម្តៅ​អាកាសធាតុ ដែល​បណ្តាល​ឲ្យ​ទឹក​ក្នុង​បឹង​ទន្លេឆ្មា​ហួត​ឡើង​រាក់​ជាង​មុន ​ជា​ហេតុ​បង្ក​ឲ្យ​ត្រី​ជាច្រើន​តោន​នេះ បាន​បាត់​បង់ជីវិត ចាប់​តាំង​ពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន។​ ​ លោក​បាន​បញ្ជាក់​ថា៖

«ដោយ​សារ​ពីយប់ ​២៨ ២៩ វា​ព្យុះ រយៈ​ពេល​ជិត​បី​ម៉ោង។ ហើយ​អាកាសធាតុ​ខែ​នេះ​រៀងក្តៅ​ហើយ​ទឹករាក់​ផង ធ្វើ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង។ និយាយ​រួម​ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​សឹង​រាល់​តែ​ឆ្នាំ ដោយសារ​តែ​តំបន់​នេះ​ទឹក​រាក់ ហើយ​កាល​ណា​មាន​ព្យុះ​វា​នឹង​រងផល​ប៉ះពាល់​ហើយ​បាទ។»

អភិបាល​ខេត្ត​កំពង់ធំ​ដដែល​បាន​បន្ត​ថា​ តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ដែល​មាន​ទំហំ​៨.៣២៥​ហិកតា​ ស្ថិត​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ជាប់​នឹង​មាត់​បឹង​ទន្លេសាប​ដែល​មាន​ត្រី​ងាប់​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​គឺ​នៅ​អំឡុង​រដូវប្រាំង

កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ព្យុះ​កម្តៅ អែលនីណូ (El Niño) ដែល​បណ្តាល​ឲ្យ​អាកាសធាតុ​ឡើង​ក្តៅ​ខុស​ពី​ឆ្នាំ​មុន​រហូត​ដល់ ៤០ អង្សា ទៅ​៤២ អង្សា តាំង​ពី​ខែ​មីនា​មក​ម៉្លេះ។ យោង​តាម​ក្រសួង​ធនធាន​ទឹក​នឹង​ឧតុនិយម ឥទ្ធិពលព្យុះ​កម្តៅ​នេះ​នឹង​បន្ត​ដល់​ចុង​ខែ​ឧសភា ឆ្នាំ​២០១៩។ ព្យុះ​កម្តៅ​ក្នុង​រដូវ​ប្រាំង​នេះ​ក៏​បាន​បណ្តាល​ឲ្យ​បឹងបួរ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ដទៃ​ទៀត​រាំង​ស្ងួត​ផង​ដែរ។

សីតុណ្ហភាព​នៅ​ខេត្ត​កំពង់ធំ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ប្រទេស​កម្ពុជា​មួយ​នេះ​គឺ​ស្ថិត​នៅ​ចន្លោះ​ពី ​៣៧​អង្សា​ ទៅ​៣៨​អង្សា យោង​តាម​លោក សុខ លូ​អភិបាល​ខេត្ត​កំពង់ធំ។

ទោះ​បី​ជា​បឹង​ទន្លេឆ្មា​ត្រូវ​បាន​អភិរក្ស​ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កសិករ​ធ្វើ​ការ​នេសាទ​ក៏​ដោយ ការ​បាត់បង់​ត្រី​ក្នុង​ចំនួន​ច្រើន​នេះ​នៅ​តែ​ប៉ះពាល់​ដល់​ការ​នេសាទ​របស់​កសិករ​នៅ​ឆ្នាំ​ក្រោយ។​ នេះ​បើ​យោង​តាម​លោក ប៉ែន​ វណ្ណរិទ្ធិ នាយខណ្ឌ​ជលផល​ខេត្ត​កំពង់ធំ។

លោក​ ប៉ែន​ វណ្ណរិទ្ធិ បាន​និយាយ​ប្រាប់ VOA ​តាម​ទូរសព្ទ​ថា៖

«តាម​ពិត​តំបន់​ហ្នឹង​ជា​តំបន់​អភិរក្ស មិន​ឲ្យ​ប្រជាជន​ចូល​ទេ ហើយ​ត្រី​គឺ ​ត្រី​សម្រាប់​ទុក មេ​ពូជ​ ហើយ​យើង​គិត​វា​ពិត​ជា​ជះ​ឥទ្ធិពល​ខ្លះ​ហើយ វា​ចៀស​មិន​ផុត​តែ​ត្រី​មេ​ពូជ​វា​ងាប់​អស់ច្រើន​អ៊ីចឹង វា​ជះ​ឥទ្ធិពល​ដល់​ការ​នេសាទ​នៅ​ឆ្នាំ​ក្រោយ វា​បាត់​បង់ត្រី​មេពូជ​មួយ​ចំនួន។»

អ្នកជំនាញ​ជលផល លោក ប៉ែន​ វណ្ណរិទ្ធិ បន្ថែម​ថា បើ​អាកាសធាតុ​នៅ​តែ​បន្ត​បែប​នេះ ត្រី​នៅ​ក្នុង​បឹង​ទន្លេឆ្មា​នេះ​នឹង​នៅ​តែ​បន្តងាប់។ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា លោក​ចាត់​វិធានការ​ទប់ស្កាត់​ការ​រាំងស្ងួត​នេះ ដោយ​ការ​ដាក់​កំប្លោក​នៅ​លើ​បឹង​ទន្លេឆ្មា​ដើម្បី​កាត់​បន្ថយ​កម្តៅ។

លោក​បាន​បន្ត​ថា ត្រី​ដែល​បាន​ងាប់​រាប់តោន​នេះ​គឺ​ជា​ត្រី​ដែល​ងាយ​នឹង​រងគ្រោះ​នៅ​ពេល​ដែល​ទឹក​រាក់​ហើយ​ឡើង​កម្តៅ។

«ប៉ុន្តែ​ប្រភេទ​នេះ​គឺ​ប្រភេទ​ត្រី​ស​ទេ ដែល​ងាប់​នេះ​នោះ ភាគ​ច្រើន​ជា​ពពួក​ត្រី​ស្រកា​ស​ត្រូ​រាល ត្រី​ឆ្ពិន ត្រី​ស្រកែង ត្រី​អី​ហ្នឹង​ណា។ ពពួក​ត្រី​នេះ​វាត្រូវ​ការ​កម្រិត​អុកស៊ីសែន​ខ្ពស់ ព្រោះ​វា​ងាយ​នឹង​ងាប់​ណាស់ វា​ខុស​ពី​ពពួក​ត្រី​អណ្តែង ត្រីផ្ទក់ ត្រី​រ៉ស់ ត្រី​ឆ្តោ វា​មិន​ងាយ​ទេ​ពួក​អាហ្នឹង​នោះ​វា​ស៊ូ។»

លោក ចុក ជឿន អ្នក​នេសាទ​ដែល​រស់​នៅ​ក្បែរ​ទន្លេ​នេះ​បារម្ភ​ពី​ការ​បាត់បង់​ធនធាន​ជលផល ​និង​ចំណូល​របស់​លោក​នៅ​ក្នុង​រយៈ​ពេល​ពី​របីខែ​ខាងមុខ បន្ទាប់ពី​ត្រីជា​ច្រើន​តោន​នេះ​បាន​ងាប់ រួម​ទាំង​អាកាសធាតុ​ក្តៅ​ហែង​ដែល​មិន​អាច​សន្និដ្ឋាន​បាន​ជា​មុន។

លោក​បាន​និយាយ​ថា៖

«អាត្រី​ងាប់​អ៊ី​ចឹង វា​ប៉ះពាល់​ហើយ វា​ប៉ះពាល់​ត្រង់​ថា នៅ​រដូវ​ដែល​យើង​ខែប្រាំ​មួយ ខែប្រាំ​ពីរ​អី ខែ​ប្រាំបី​អីត្រី​វា​ត្រូវ​សាយភាយ​មក​ក្រៅ ដល់​ពេល​ឥឡូវ​ ត្រី​វា​ងាប់​អស់​អ៊ីចឹង​ វា​យ៉ាប់​នឹង​ប្រជាជន​យើង​នៅ​ហ្នឹង​នេសាទ​អត់​បាន វា​ងាប់​អស់​ហើយ។»

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​បារម្ភ​ខ្លាច​មាន​ព្យុះ មាន​ខ្យល់​កន្រ្តាក់​អី​មក​ទៀត​ ត្រី​ហ្នឹង​ស្លាប់​ទៀត​ហើយ អ៊ីចឹង​ខ្ញុំ​ដឹង​ទប់ស្កាត់​ម៉េច​ឈ្នះ​ បើ​គ្រោះ​ធម្មជាតិ​ហ្នឹង ខ្ញុំ​ដឹង​ធ្វើ​ម៉េច។»

អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពល​រដ្ឋ​នាំ​គ្នា​ប្រមូល​យក​ ត្រី​ដែល​ងាប់​ជិត​៣០​តោន​ នៅ​ក្នុង​បឹង​នេះ​ទៅ​ធ្វើ​ជា​ប្រហុក​ ឬផ្អក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រៀបធៀប​នឹង​ឆ្នាំមុនៗ​ ត្រី​ជិត​ ៣០​តោន ​ដែល​បាន​ងាប់​នៅ​ក្នុង​បឹង​ទន្លេឆ្មា​ឆ្នាំ​នេះ មាន​ចំនួន​តិច។ បើ​យោង​តាម​នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធិ ត្រី​ជិត​មួយ​រយ​តោន​បាន​ងាប់​កាល​ពី​ឆ្នាំ​២០១៦​ ពេល​ដែល​បឹង​ទន្លេឆ្មា​នេះ​រីង​ស្ងួត​ហួតហែង៕

XS
SM
MD
LG