ឃុំកំពង់ឃ្លាំង ខេត្តសៀមរាប — នៅក្រោមផ្ទះឈើសង់ខ្ពស់ពីដីជាង៣ម៉ែត្រ ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប អ្នកនេសាទត្រី លោក សុខ ថុល កំពុងជួសជុលលប ដែលមានក្រឡាតូចៗ សម្រាប់ត្រៀមចាប់ត្រីនៅក្នុងបឹងទន្លេសាប។
លោក សុខ ថុល អាយុ៣៤ឆ្នាំ និយាយថាការនេសាទត្រីឆ្នាំនេះ មិនឲ្យផលច្រើនដូចឆ្នាំមុនៗទេ។
«ក្រមែននោះណា៎ឆ្នាំនេះ ខ្ញុំអត់ដែលរកត្រី អត់ដែលទើបឃើញឆ្នាំនេះ ក្រហួសត្រី»។
ឃុំកំពង់ឃ្លាំងជាជម្រកអ្នកនេសាទត្រីរាប់រយនាក់។ ផ្ទះរបស់លោក សុខ ថុល នៅចម្ងាយជាង១០ម៉ែត្រពីដងព្រែកមួយ ដែលមានប្រភពទឹកចេញមកពីបឹងទន្លេសាប។
កម្រិតទឹកនៅឆ្នាំនេះឡើងយឺតជាងសព្វដង ហើយឡើងមិនផុតកន្លះម៉ែត្រនៃសសរផ្ទះរបស់លោក សុខ ថុល ទេ។ ទឹកដែលឡើងយឺត និងមិនជន់ធំនេះ បានបំផ្លាញពងត្រីធំៗដូចប្រភេទត្រីឆ្ដោរ។ ការបំផ្លិចបំផ្លាញនេះ បាននាំឲ្យផលនេសាទឆ្នាំនេះ ធ្លាក់ចុះក្រោម៥០ភាគរយ បើប្រៀបធៀបនឹងផលត្រីដែលលោកចាប់បានកាលពីឆ្នាំមុន។
លោក សុខ ថុល ដែលចាប់អាជីពជាអ្នកនេសាទត្រីតាំងពីអាយុប្រមាណ១៤ឆ្នាំ បានថ្លែងប្រាប់ VOA ថា ការធ្លាក់ចុះផលនេសាទខ្លាំងបែបនេះ បានធ្វើឲ្យប្រាក់ចំណូលរបស់លោកធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន។
លោក សុខ ថុល ដែលមានកូន៤នាក់ក្នុងបន្ទុក បានថ្លែងថា៖ «ឆ្នាំទៅបានមួយថ្ងៃត្រឹមប្រាំពីរ ប្រាំបីម៉ឺន បួនដប់ម៉ឺន អានោះថា ប្រចាំ។ ថ្ងៃណានោះ វាលើសនោះទៀត ម្ភៃ សាមសិបម៉ឺនដែរ។ សព្វថ្ងៃអស់ហើយប្រាំម៉ឺន បីម៉ឺន»។
នៅក្រោមផ្ទះរបស់អ្នកនេសាទដទៃទៀតក្នុងឃុំកំពង់ឃ្លាំង មិនមានអ្វីដែលគេអាចមើលឃើញច្បាស់ក្រៅពីលបត្រីដែលមានសភាពចាស់ៗនោះទេ។ ក្រុមអ្នកនេសាទមួយចំនួន បានដាក់ហាលត្រីតូចៗនៅមុខផ្ទះរបស់ពួកគាត់។
លបចាស់ៗមានក្រឡាតូចៗ ក៏ត្រូវបានដាក់ឲ្យដេករណែលក្រោមផ្ទះរបស់លោក ប៉ូ សុខឃី ដែលជាអ្នកនេសាទមានវ័យចំណាស់ម្នាក់។
លោកកំពុងរវល់ជួសជុលលបដែលមានមុខកាត់ប្រវែងជិត២ម៉ែត្រ និងបណ្ដោយ៦០ម៉ែត្រ ដែលបានដាច់ធ្លាយជាច្រើនកន្លែង ក្រោយពេលប្រើវាអស់រយៈពេល៥ឆ្នាំ។
អង្គុយជាប់ផ្ទាល់នឹងដី ក្រោមផ្ទះឈើដែលសង់ខ្ពស់ពីដីប្រមាណ៣ម៉ែត្រដើម្បីបញ្ចៀសការជន់លិចក្នុងរដូវទឹកឡើង អ្នកនេសាទវ័យ៤៩ឆ្នាំរូបនេះ ពិបាកនឹងបញ្ជាក់ពីប្រាក់ចំណូលដែលលោកអាចរកបានជាប្រចាំថ្ងៃក្នុងរដូវដែលលោកអាចនេសាទត្រីបាន។
លោកថាផលត្រីដែលរកបានតិចតួចសព្វថ្ងៃនេះគឺអាចឲ្យលោកផ្គត់ផ្គង់ការចំណាយសម្រាប់តែមួយថ្ងៃៗប៉ុណ្ណោះ ពោលគឺថ្ងៃណាខ្លះ លោករកបានត្រឹមតែពី៤ម៉ឺនរៀលទៅ៥ម៉ឺនរៀល ប្រសិនបើលោកអាចរកបានត្រីប្រមាណជា២០ទៅ៣០គីឡូក្រាម។
«ទេរកគ្រាន់តែហូបមិនចង់គ្រប់ផងសព្វថ្ងៃហ្នឹង។ ឈប់រកក៏អត់លុយ អត់មានថារកឲ្យបានថាឃើញសល់លុយ សល់កាក់អត់ទេ។ វាពិបាករកនេសាទចឹង ព្រោះរកមួយថ្ងៃ ហូបមួយថ្ងៃ»។
លោក ប៉ូ សុខឃី មិនទម្លាក់ដៃឈប់ជួសជុលលបចាប់ត្រីរបស់លោកនោះទេ នៅពេលលោកកំពុងផ្ដល់បទសម្ភាសន៍ដល់ VOA នៅក្រោមផ្ទះរបស់លោក ស្ថិតក្នុងឃុំកំពង់ឃ្លាំងដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីក្រុងសៀមរាប។
លោកនិយាយថា នៅពេលនេះផលត្រីកាន់តែខ្សត់ទៅៗ នៅពេលមានការកាប់បំផ្លាញព្រៃលិចទឹក ការសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ និងការប្រើទូកកាណូតធំៗប្រភេទយំាងកាវរបស់ឈ្មួញធំៗ ដើម្បីប្រមូលផលត្រីក្នុងបឹងទន្លេសាប។
លោករំឭកឡើងវិញថា ត្រីនៅសម្បូរនៅឡើយកាលពីទសវត្សរ៍ឆ្នាំ១៩៩០ តែរយៈពេល៣ទៅ៤ឆ្នាំចុងក្រោយនេះ ទិន្នផលត្រីបានបន្តធ្លាក់ចុះ។ លោកអះអាងថា ពូជត្រីធំៗក៏សឹងតែលែងមាននៅក្នុងបឹងទន្លេសាប។
«ឥឡូវចប់ អត់មានត្រីលើកទេ។ រឿងត្រីធំ ត្រីឆ្កោក ត្រីឆ្ពិន អត់មានទេ»។
អ្នកឃ្លាំមើលស្ថានភាពតំបន់ទន្លេមេគង្គ កត់សម្គាល់ថាបាតុភូតរាំងស្ងួត El Ninoនិងទំនប់វារីអគ្គិសនីនៅផ្នែកខាងលើទន្លេមេគង្គ បានធ្វើឲ្យប្រែប្រួលនៃការរីកធំ និងរួមតូចនៃផ្ទៃបឹងទន្លេសាប។ ការរីកធំនិងរួមតូចនៃផ្ទៃបឹងទន្លេសាប ធ្លាប់កើតឡើងរយៈពេល៤ ទៅ៥ខែ ប៉ុន្តែនៅឆ្នាំនេះស្ថានភាពនេះ បានកើតឡើងតែ៥សប្តាហ៍ប៉ុណ្ណោះ។
លោក Brian Eyler អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ថ្ងៃចុងក្រោយរបស់ទន្លេមេគង្គដ៏មហិមា» បានពន្យល់តាមសារអេឡិចត្រូនិក ឬអ៊ីមែលថា នៅចុងរដូវខ្យល់មូសុង ទឹកទន្លេមេគង្គបានវិលទៅរកលំហូរធម្មតាវិញ ហើយទឹកបឹងទន្លេសាប បានហូរចាក់ត្រឡប់ទៅតួទន្លេមេគង្គវិញ ដោយបានបញ្ជូនត្រីទៅសម្បុកពងរបស់ពួកវាទៅផ្នែកខាងលើ និងខាងក្រោមនៃទន្លេមេគង្គ។ ការវិលទៅមកនៃទឹកទន្លេមេគង្គជាប្រចាំឆ្នាំរបស់ទន្លេមេគង្គបានផ្ដល់ផលត្រីចំនួន២,៦លានតោនសម្រាប់ប្រទេសទន្លេមេគង្គទាំងអស់។
ប៉ុន្តែអ្នកជំនាញខាងផ្នែកថាមពលនិងធនធានទឹករូបនេះ លើកឡើងថាឆ្នាំនេះ លំហូរទឹកវិលចុះឡើងនេះ ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ហើយបានបង្កឲ្យផលប៉ះពាល់នៃកង្វះអាហារ ពាក់ព័ន្ធនឹងកង្វះត្រីនៅក្នុងរដូវនេសាទដែលមានពីដើមមក និងដែលចាប់ផ្ដើមពីខែធ្នូ រហូតដល់ខែកុម្ភៈ។
លោកបានសរសេរក្នុងន័យដើមថា៖
«ជាធម្មតាការស្រកចុះនិងឡើងរបស់ទឹកក្នុងបឹងទន្លេសាប គឺការចាប់ផ្ដើមនៃការរីកធំមាឌរបស់វា និងការរួមតូចទៅវិញមានរយៈពេល៤ទៅ៥ខែ។ ប៉ុន្តែឆ្នាំនេះ វាបានកើតឡើងតែ៥សប្ដាហ៍ប៉ុណ្ណោះ ដោយសារកត្តារួមគ្នានៃបាតុភូតរាំង El Nino និងទំនប់នៅផ្នែកខាងលើទន្លេមេគង្គ»។
ក្រុមអ្នកទិញដូរត្រី និងអាជីវករផ្សេងទៀត ដែលស្វែងរកប្រាក់ចំណូលក្នុងរដូវនេសាទឆ្នាំនេះ នៅខេត្តសៀមរាប យល់ស្របនឹងការអធិប្បាយរបស់លោក Brian Eyler។
សង្កាត់ចុងឃ្នៀស មានចម្ងាយជាង១០គីឡូម៉ែត្រពីក្រុងសៀមរាប។ នៅក្នុងសង្កាត់ដែលជាទីកន្លែងទេសចរណ៍ផងនោះ កម្មករវ័យក្មេងជាច្រើននាក់ កំពុងចូកយកត្រីតូចៗចេញពីទូក ជាប់ព្រែកមួយកន្លែងជាប់បឹងទន្លេសាប។ ត្រីតូចៗទាំងនោះ ត្រូវគេយកទៅធ្វើជាចំណីត្រីធំៗ ឬក៏យកមកចម្រាញ់ធ្វើទឹកត្រីដើម្បីផ្គត់ផ្គង់ក្នុងស្រុក។
អ្នកស្រី ហែម នី អាយុ៥៥ឆ្នាំ កំពុងឈរមើលកម្មករដឹកជញ្ជូនកូនត្រីនៅត្រើយខាងស្កាំនៃព្រែកនោះ។ អ្នកស្រីដែលជាអាជីវករជួញដូរត្រីមកពីតំបន់ភ្នំក្រោម បានអះអាងថាឆ្នាំនេះសម្បូរត្រីតូច តែត្រីធំមិនសូវមានទេ។ អ្នកស្រីទិញត្រីតូចឬកូនត្រីមួយថ្ងៃយ៉ាងតិច៥ទៅ១០តោន ដើម្បីចែកចាយទៅកន្លែងចិញ្ចឹមត្រីមួយចំនួននៅក្នុងខេត្តសៀមរាប។
ការប្រែប្រួលអាកាសធាតុបានក្លាយជាក្ដីបារម្ភរបស់អ្នកជួញដូរត្រីរូបនេះ ដោយសារទឹកឆ្នាំនេះតូច ហើយផលត្រីក៏មិនសូវសម្បូរ។
«បារម្ភដែរហ្នឹង បារម្ភថា ខ្លាចលោ ប៉ះទង្គិចរឿងត្រីយើងបានតិចបានអីចឹងខ្ញុំបារម្ភដែរណា! ព្រោះអីមុខរបរយើងមានតែប៉ុណ្ណឹង។ តែយើងមិនសូវមាន[ត្រី] វាមានប្រាក់ចំណូលតិចតួចដែរហ្នឹង»។
អ្នកស្រីបានបញ្ជាក់ថាអ្នកស្រីបានប្រមូល ទិញកូនត្រី ទៅលក់ បន្តនេះអាចរកប្រាក់ចំណេញមួយថ្ងៃ១០ម៉ឺនរៀល បន្ទាប់ពីកាត់ការចំណាយលើកម្មករលីសែងដល់ទៅ១៤នាក់។
កំពុងឈរលើដងផ្លូវលំមួយនៅជាប់ព្រែកដែលកម្មករកំពុងវក់វីលីសែងត្រីនោះ លោក ទឹម សារិទ្ធ វ័យ៣៣ឆ្នាំ អ្នកផ្គត់ផ្គង់ទឹកកកសម្រាប់ក្លាសេត្រី និយាយថា រដូវនេសាទត្រីឆ្នាំនេះ បានអូសបន្លាយពេល មកដល់ខែវិច្ឆិកាកន្លងទៅ និងខែធ្នូនេះ។
លោក ទឹម សារិទ្ធ បន្ថែមថា រាល់ដងរដូវដែលត្រូវត្រី គឺចាប់ពីខែកញ្ញាមក ទើបតែឆ្នាំនេះ មានការប្រែប្រួល ដែលធ្វើឲ្យចំណូលរបស់លោកធ្លាក់ជិត៨០ភាគរយ។
លោកនិយាយថា ឆ្នាំទៅលោកអាចរកបានប្រាក់ចំណូលប្រមាណ៤០ម៉ឺនរៀលក្នុងមួយថ្ងៃនៅរដូវដែលសម្បូរត្រីនេះ តែឆ្នាំនេះ រកបានទាបជាងនេះឆ្ងាយ។
«ខ្ញុំរកមួយថ្ងៃប្រាំពីរ ប្រាំបីម៉ឺន បួនដប់ម៉ឺន កាត់ទាំងកូនចៅឲ្យផងអីផង»។
កម្មករជាច្រើននាក់កំពុងបន្តលីត្រីតូចៗចេញពីទូក ខណៈអ្នកលក់ទឹកកកខ្លះបានដឹកទឹកកកទាំងដើមៗមកចែកចាយ និងខ្លះរង់ចាំចែកចាយរួចជាស្រេចនៅលើដីគោក។
នៅមិនឆ្ងាយប៉ុន្មានពីទីកន្លែងផ្គត់ផ្គង់ទឹកកករបស់លោក ទឹម សារិទ្ធ មានរោងសង់លើទឹកមួយដែលមានស្ត្រីបីបួននាក់ កំពុងសម្អាតត្រីកេស រាប់សិបគីឡូហើយក្លាស់សេទឹកកកសម្រាប់បញ្ជូនទៅលក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ទឹម សារិទ្ធ និយាយថា ពូជត្រីធំៗក្នុងបឹងទន្លេសាបកំពុងប្រឈមនឹងការបាត់បង់ ដោយសារការរានព្រៃលិចទឹក ដែលជាជម្រកត្រីពង។ ពូជត្រីទាំងនោះ មានទាំងត្រីកេសផងដែរ។
«ធម្មតាយើងរកមិនដាច់ពូជទេ តែបើយើងដុតជម្រកវាចោលហើយ មានពូជអីសល់»។
អ្នកលក់ទឹកកករូបនេះបានបន្ថែមថា ការប្រើប្រាស់ទូកម៉ាស៊ីនកាណូតធំៗ ដើម្បីចាប់ត្រីពីបាតបឹងទន្លេសាប បានធ្វើឲ្យធនធានត្រីកាន់តែខ្សោះទៅ ហើយការរីកសាយធំនៃទំនប់វារីអគ្គិសនីនៅក្នុងតំបន់ទន្លេមេគង្គ ក៏រឹតតែធ្វើឲ្យអន្តរាយដល់ជលផលក្នុងបឹងទន្លេសាប។
លោកថា បើទឹកឡើងធំមកវិញក្នុងបឹងទន្លេសាបទៅថ្ងៃខាងមុខ នោះផលត្រីធំៗនឹងសម្បូរឡើងវិញ តែបើទឹកបន្តស្រកស្រុត នោះអ្នកនេសាទត្រីនឹងជួបការលំបាកកាន់តែខ្លាំងឡើង។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលកម្ពុជាបានបង្ហាញក្ដីបារម្ភកាលពីកន្លងមកថាផលនេសាទទឹកសាបឆ្នាំនេះនឹងមិនអាចឈានដល់៥០ម៉ឺនតោនបានទេ។ លោកទទួលស្គាល់ថា ការសង់ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ បានធ្វើឲ្យថយចុះកម្រិតទឹកក្នុងបឹងទន្លេសាប។
លោកបានបន្ថែមថា ការប្រែប្រួលអាកាសធាតុ ក៏បានក្លាយជាសម្ពាធលើការកកើតត្រីនៅក្នុងបឹងទន្លេសាបផងដែរ។
«តាមពិតដូចឆ្នាំហ្នឹង ដោយសារបញ្ហាអាកាសធាតុហ្នឹងហើយ ដោយសារថាភ្លៀងវាក្រ វាភ្លៀងមួយចំនួន ភ្លៀងមួយចំនួនអីចឹង ប៉ុន្តែវាដើមឆ្នាំ វារៀងភ្លៀងតិច។ ដូច្នេះទឹកក្នុងស្រែអត់ដក់ ដោយសារភ្លៀងតិចនៅក្នុងតំបន់អីចឹង។ ទឹកទន្លេក៏វាឡើងយឺត មិនអីចឹង ហើយដល់ពេលពាក់កណ្ដាលឆ្នាំឃើញភ្លៀងបានល្អបន្តិច រួចទៅ វាថយចុះ»។
ការបិទទ្វារទំនប់វារីអគ្គិសនីមួយចំនួននៅប្រទេសចិន បានធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គដែលហូរចូលបឹងទន្លេសាប ធ្លាក់ដល់កម្រិតទាបមួយ ពោលគឺមិនបានដល់កម្ពស់២ម៉ែត្រផង។ នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការទន្លេមេគង្គកាលពីខែមេសា ឆ្នាំ២០១៩។
ក្រសួងធនធានទឹករបស់ប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅមុនរដូវទឹកឡើងក្នុងខែមិថុនាថាប្រទេសកម្ពុជានឹងប្រឈមនឹង«សភាពក្ដៅហួតហែងខ្លាំង» ដោយសារតែមានបាតុភូតធម្មជាតិគ្របដណ្ដប់លើតំបន់និងពិភពលោក។
បឹងទន្លេសាប លាតសន្ធឹងដល់ខេត្តចំនួន៦ក្នុងប្រទេសកម្ពុជា រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ប្រជានេសាទរស់នៅក្នុងសហគមន៍ជុំវិញនិងក្នុងតំបន់បឹងទន្លេសាបជារឿយៗតែងតែបង្ហាញក្ដីបារម្ភពីផលប៉ះពាល់នៃការសាងសង់ទំនប់ក្នុងអាងទន្លេមេគង្គដែលអាចបំផ្លាញធនធានត្រី ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាបដែលជាបឹងដ៏ធំបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងឃុំកំពង់ឃ្លាំង លោក ឃឹះ ប៉ូថៃ អាយុ៧៦ឆ្នាំបានឈប់រកត្រីយូរហើយ។ លោកថាការលើកឡើងថាទន្លេសាបជាជង្រុកត្រីនោះលែងជាការពិតហើយដោយសារថាបឹងនេះលែងសម្បូរត្រីទៀតហើយ។
«មួយឆ្នាំខ្សោយបន្តិចៗ វាចុះ ចេះតែធ្លាក់ចុះក្រោម»។
លោកបានផ្លាស់ប្ដូរមុខរបរដល់កូនចៅពីការនេសាទទៅជាការចិញ្ចឹមត្រី ធ្វើត្រីឆ្អើរលក់ ទៅធ្វើការងារឲ្យក្រុមហ៊ុន និងលក់ដូរវិញ។
ក៏ប៉ុន្តែ សុខ ថុល និយាយថា លោកមិនអាចបោះបង់ការនេសាទត្រីដែលជារបរដូនតារបស់លោកនោះទេ។ អ្នកនេសាទរូបនេះ បន្តជួសជុលក្រឡាលបរបស់លោក ដែលបានប្រើជាច្រើនឆ្នាំមកហើយ។ លោករំពឹងថា ឆ្នាំក្រោយទឹកនឹងឡើងធំ ហើយភោគផលត្រីនឹងសម្បូរច្រើន មិនខ្សត់ខ្សោយដូចឆ្នាំនេះទេ៕