រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យដឹងថា កម្ពុជានឹងដាក់ឱ្យដំណើរការអ៊ីនធឺណិតល្បឿនលឿន 5Gនាពេលខាងមុខនេះ ដើម្បីការរស់នៅកាន់តែងាយស្រួល និងបង្កើនផលិតភាពការងារ។
ថ្លែងនៅក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ កាលពីថ្ងៃចន្ទ នៅមជ្ឈមណ្ឌលកោះពេជ្រ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ថ្លែងថា៖ «ទន្ទឹមនឹងនេះ កម្ពុជានឹងពិចារណាដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងពេលសមស្របខាងមុខ ដើម្បីជំរុញបរិវត្តកម្មឌីជីថលនិងបង្កលក្ខណៈងាយស្រួលនៅក្នុងកិច្ចការងាររដ្ឋបាលនិងប្រសិទ្ធភាពការងារ តាមការចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី»។
លោក លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្រុមការងាររបស់ក្រសួងកំពុងតែសិក្សាលទ្ធភាពដើម្បីដំណើរការប្រព័ន្ធ 5G ប៉ុន្តែក្រសួងនៅមិនទាន់សម្រេចនៅក្នុងការសហការជាមួយក្រុមហ៊ុនណាមួយនៅឡើយទេ។
លោកថ្លែងថា៖ «ក្រុមការងារបច្ចេកទេសគាត់កំពុងសិក្សារឿងហ្នឹង ការដាក់ឱ្យប្រើប្រាស់។ អ៊ីចឹងពេលដែលរួចរាល់ ក្រសួងនឹងប្រកាសជូន។ ទាក់ទងនឹងក្រុមហ៊ុន អត់ទាន់មានការសម្រេចថា សហការជាមួយក្រុមហ៊ុនណានៅឡើយទេ»។
ទោះជាយ៉ាងណា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបានចុះអនុសារណៈយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុន Huaweiរបស់ចិន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា 5G។ ប៉ុន្តែក្រុមហ៊ុនចិនមួយនេះរងការចោទប្រកាន់ថា បានលួចយកទិន្នន័យសម្ងាត់ពីសហរដ្ឋអាមេរិក ហើយប្រទេសមួយចំនួនទៀតក៏កំពុងប្រុងប្រយ័ត្នខ្លាំងចំពោះបច្ចេកវិទ្យារបស់ក្រុមហ៊ុនមួយនេះ។ អាមេរិកក៏បានដាក់ទណ្ឌកម្មក្រុមហ៊ុននេះ ដោយរឹតត្បិតមិនឱ្យមានវត្តមានប្រព័ន្ធ 5G របស់ក្រុមហ៊ុនលើទឹកដីរបស់ខ្លួន។
បន្ថែមពីនេះ សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនក៏បានដាស់តឿនបណ្ដាប្រទេសក្នុងសកលលោកឱ្យប្រយ័ត្នប្រយែងក្នុងការចាប់ដៃគូកសាងបណ្ដាញអ៊ីនធឺណិតជំនាន់ថ្មីលឿនរហ័សនេះ ជាមួយនឹងក្រុមហ៊ុន Huawei។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្យាយាមទាញភ្ជាប់ថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងរដ្ឋាភិបាលចិនកុម្មុយនីស្ដ និងស្ថាប័នយោធានិងចារកម្មរបស់ខ្លួន។ ប៉ុន្តែក្រុមហ៊ុន Huawei បានបដិសេធការចោទប្រកាន់នេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ លើកឡើងថា ការដំណើរការប្រព័ន្ធអ៊ីនធឺណិត 5G ជារឿងល្អមួយ ប៉ុន្តែលោកថា ប្រព័ន្ធ 4G មិនទាន់ដើរបានល្អនិងគ្របដណ្តប់ពេញលេញនៅតាមទីប្រជុំជន ជាពិសេសនៅតាមទីជនបទនៅឡើយទេ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគាំទ្រឱ្យមានការគិតគូរពីរឿងបង្កើត 5G ក៏ប៉ុន្តែខ្ញុំស្នើសុំដែរឱ្យធ្វើយ៉ាងម៉េចឱ្យ 4G ហ្នឹងឱ្យវាដើរ stable (ស្ថិរភាព) ទៅ គ្រប់ទីកន្លែងមានសេវា 4G បាន stable។ អាហ្នឹងគឺល្អខ្លាំងមែនទែន»។
បើតាមអ្នកជំនាញរូបនេះ ប្រព័ន្ធ 5G តម្រូវឱ្យអ្នកប្រើប្រាស់មានទូរសព្ទស៊េរីខ្ពស់ទើបអាចប្រើប្រាស់បាន និងថា ក្រុមហ៊ុនដែលជួយកម្ពុជានៅក្នុងការអភិវឌ្ឍគឺក្រុមហ៊ុន Huawei៕
វេទិកាបញ្ចេញមតិ