ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្តមាន​​ស្ត្រី​​ក្នុង​​វិស័យ STEM នៅ​កម្ពុជា​មាន​​ចំនួន​​តិចតួច​​នៅ​​ឡើយ


រូបឯកសារ៖ យុវសិស្ស​វិទ្យាល័យ​ចូល​មើល​ស្តង់​វិទ្យាសាស្ត្រ​នៅ​ក្នុង​មហោស្រពជាតិ​ស្តី​ពីវិទ្យាសាស្រ្ត​និង​​វិស្វកម្ម​លើកទី​៥​ឆ្នាំ​២០១៩​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅពហុ​កីឡដ្ឋាន​អូឡាំពិក​ រាជធានីភ្នំពេញ​។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ យុវសិស្ស​វិទ្យាល័យ​ចូល​មើល​ស្តង់​វិទ្យាសាស្ត្រ​នៅ​ក្នុង​មហោស្រពជាតិ​ស្តី​ពីវិទ្យាសាស្រ្ត​និង​​វិស្វកម្ម​លើកទី​៥​ឆ្នាំ​២០១៩​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅពហុ​កីឡដ្ឋាន​អូឡាំពិក​ រាជធានីភ្នំពេញ​។ (ទុំ ម្លិះ/VOA)

ស្រ្តី​នៅ​ក្នុង​វិស័យ​ស្ទែម ​(STEM)​ ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ​បើ​ធៀប​នឹង​វត្តមាន​បុរស​ដែល​សិក្សា​ជំនាញ​នេះ។

ស្ទែម (STEM) មាន​ន័យ​ដើម​ថា​ វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ (Science, Technology, Engineering, and Mathematics)។ មុខវិជ្ជា​ស្ទែម​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​កម្ពុជា មាន​ដូច​ជា ការ​ពិសោធន៍ ការ​ស្រាវជ្រាវ​ និង​ការ​បង្កើត​ភាព​ច្នៃប្រឌិត​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ជា​ដើម។

ទន្ទឹម​នឹង​ការ​រីក​ដុះដាល​ផ្នែក​បច្ចេកវិទ្យា​ក្នុង​សតវត្សរ៍​ទី ​២១ ​នេះ គេ​កត់​សម្គាល់​ឃើញ​ថា​ជំនាញ​ស្ទែម​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​សិស្សានុសិស្ស។ ប៉ុន្តែ​គេ​ក៏​ឃើញ​បុរស​សិក្សា​ផ្នែក​នេះ​ច្រើន​ជាង​ស្រ្តី​ដែរ។

កញ្ញា ទឹម សុផានីដែត​ និស្សិត​ឆ្នាំ​ទី ​៣ ​ផ្នែក​វិទ្យា​សាស្ត្រ​កំព្យូទ័រ (Computer Science) ​នៅ​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ប្រាប់​វីអូអេ​ថា​ ក្នុង​ចំណោម​និស្សិត១៨​នាក់​ក្នុង​ថ្នាក់​កញ្ញា មាន​និស្សិតស្រី​ចំនួន​តែ​៥​នាក់​ប៉ុណ្ណោះ។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ ចំនួន​ស្ត្រី​នៅ​ក្នុង​វិស័យ​ស្ទែម​ ឧទាហរណ៍​នៅ​ក្នុង​វិស័យ​ computer science (វិទ្យាសាស្ត្រ​កំព្យូរទ័រ) របស់​ខ្ញុំ​គឺ​នៅ​មាន​កម្រិត​បើ​ប្រៀប​ធៀប​ទៅ​នឹង​បុរស។ ឧទាហរណ៍​នៅ​ក្នុង​ថ្នាក់​ដែល​ខ្ញុំ​រៀន​ផ្ទាល់​ ចំនួន​សិស្ស​ស្រី​គឺ​មាន​ត្រឹម​តែ​៥​នាក់ បើ​ប្រៀប​ជាមួយ​នឹង​សិស្ស​ប្រុស​ អញ្ចឹង​ខ្ញុំ​សង្កេត​ឃើញ​ថា​ សិស្ស​ស្រី​នៅមាន​កម្រិត​ជាង​សិស្ស​ប្រុស​ខ្លាំង​មែនទែន»។

និស្សិត​វ័យ​ ២០ ​ឆ្នាំ​រូប​នេះ​ថា​ កញ្ញា​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ​នេះ ដោយ​សារ​ការ​ស្រឡាញ់ ហើយ​ទីផ្សារ​ការងារ​នៅ​ក្នុង​វិស័យ​នេះក៏​មាន​ច្រើន​ដែរ។

កញ្ញា ហេង វិជ្ជារ៉ា អាយុ​ ២១ ​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣​រៀន​ជំនាញ​វិទ្យាសាស្រ្ដ​ទិន្នន័យ​និង​បញ្ញា​សិប្បនិម្មិត​ (Data science and artificial intelligence) នៅ​សាកលវិទ្យាល័យ​ខេមតិច។ កញ្ញា​លើក​ឡើង​ថា​ មូល​ហេតុ​ដែល​ចាប់​អារម្មណ៍​រៀន​ជំនាញ​ដែល​ទាក់ទង​នឹង​ស្ទែម​ដោយ​សារ​តែ​កញ្ញា​មើល​ឃើញ​ថា​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​មាន​ការ​រីក​ចម្រើន​ខ្លាំង។

វិជ្ជារ៉ា​បន្ត​ថា​ វត្តមាន​ស្រី្ដ​ដែល​សិក្សា​ជំនាញ និង​ចេញ​ធ្វើ​ការងារ​ទាក់ទង​នឹង​ស្ទែម​មាន​ការ​កើន​ឡើង​តិច​តួច ហើយ​ចំនួន​ស្រ្តី​នៅ​តែ​តិច​ជាង​បុរស។ វិជ្ជារ៉ា​បន្ថែម​ថា​ ជាក់​ស្ដែង​នៅ​ក្នុង​ថ្នាក់​រៀន​របស់​ខ្លួន​មាន​និស្សិត​ស្រី​តែ​បី​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​និស្សិត​សរុប​២០​នាក់។

កញ្ញា ហេង វិជ្ជារ៉ា ថ្លែង​ថា៖ «ហើយ​អារម្មណ៍​ខ្ញុំ​ពេល​ទៅ​រៀន​រាល់​ថ្ងៃហ្នឹង ពេល​ខ្លះ​ភាគ​ច្រើន​ទៅ​រៀន​មាន​តែ​ស្រី​ម្នាក់​ឯង​ក្នុង​ថ្នាក់​ចឹង​ ហើយ​មាន​អារម្មណ៍​ lonely​(ឯកោ) យើង​អត់​មាន​សិស្ស​ស្រី​គ្នា​ឯង​និយាយ​ជាមួយ​គ្នា ឬ​ក៏​ជួយ​គ្នា​នៅ​ពេល​ដែល​យើង​អត់​ចេះ​អីចឹង»។

និស្សិត​ស្រី​រៀន​ជំនាញ​ទាក់ទង​នឹង​ស្ទែម​រូប​នេះ​បន្ត​ថា ​ភាគ​ច្រើន​ក្មេង​ស្រី​ដែល​រៀន​ជំនាញ​នេះ​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​ដោយ​សារ​តែ​បញ្ហា​ជីវភាព និង​ពេល​វេលា ដើម្បី​រក​ការងារ​ផ្សេង​ធ្វើ​សម្រាប់​ជួយ​គ្រួសារ បើ​ទោះ​ជា​ក្មេង​ស្រី​ទាំង​នោះ​ស្រឡាញ់​និង​ចង់​រៀន​ជំនាញ​នេះ​ក៏​ដោយ។

កញ្ញា​ អូ​ ច័ន្ទ​បុស្បា​ និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​(IT)នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ប្រាប់​វីអូអេ​ថា​ កញ្ញា​ចាប់​យក​ជំនាញ​នេះ​ដោយ​សារ​វា​ទាក់ទង​ជាមួយ​មុខ​វិជ្ជា​គណិតវិទ្យា​ និង​កំព្យូទ័រ ដែល​ជា​មុខវិជ្ជា​នាង​ចូល​ចិត្ត។​ បុស្បា​ជឿ​ថា ​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា​កំពុង​មាន​ទីផ្សារ និង​តម្រូវ​ការ​ក្នុង​សង្គម។

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​ថ្នាក់​ បុស្បា​ មាន​និស្សិត​ស្រី​ចំនួន​១៤​នាក់​ប៉ុណ្ណោះ​ក្នុង​ចំនួន​សិស្ស​សរុប​៤២​នាក់។ កញ្ញា​គិតថា ​នេះ​អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួនដូច​ជា​កត្តា​គ្រួសារ និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន។

កញ្ញា​ថ្លែង​ថា៖ «មុន​ពេល​ដែល​ខ្ញុំ​មក​រៀន​ IT ហ្នឹង​ក៏​មាន​អ្នក​និយាយ​អញ្ចឹង​ដែរ​ថា ​អូន​ឯង​ស្រី​ហ្នឹង​ទៅ​រៀន​ IT ​ធ្វើ​អី ដល់​ពេល​ទៅ​រៀន​ហើយ​ រៀន​ចប់​មក​អង្គុយ​លក់​ទូរស័ព្ទ​ជាមួយ​បង​អញ្ចឹង»។

អ្នក​ស្រី ឃួន​ វិច្ឆិកា​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិច​តេឡេក្រាម​ថា​ ចំនួន​ស្ត្រី​ដែល​ចាប់​យក​អាជីព ឬ​ជំនាញ​ស្ទែម​ មាន​តិច​ជាង​បុរស ប៉ុន្តែ​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ វត្តមាន​ស្រ្តី​កើន​ឡើង​ទ្វេ​ដង ពោល​គឺ​មាន​ប្រមាណ​ ៣៨% ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​ស្រី​បន្ថែម​ថា​ ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កុមារី និង​យុវតី រួម​មាន​ការ​បង្កើត​កម្ម​វិធី​នានា​ដូច​ជា​កម្មវិធី​សរសេរ​កូដ កម្ម​វិធី​ប្រកួត​ប្រជែង​ឌីជីថល និង​ការ​ផ្សព្វ​ផ្សាយ​គំរូ​ស្រ្តី​ដែល​ចាប់​យក​អាជីព​ STEM ​ជា​ដើម។

គួរ​បញ្ជាក់​ថា ​ក្នុង​ឱកាស​ទិវា​អន្តរ​ជាតិ​នារី​ ៨ ​មីនា អ្នក​ស្រី ពេជ​ ចន្ទមុន្នី​ ភរិយា​របស់​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​វីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត ថា​ វត្ត​មាន​ស្ត្រី និង​ក្មេង​ស្រី​នៅ​ក្នុង​វិស័យ​ឌីជីថល ក៏​ដូច​ជា​វិស័យស្ទែម​មាន​ចំនួន​តិច​នៅ​ឡើយ ខណៈ​ពេល​ដែល​ប្រជាប្រិយភាព និង​តម្រូវ​ការ​ទី​ផ្សារ​ការងារ​ខ្ពស់។ អ្នក​ស្រី​បន្ត​ថា ​រដ្ឋាភិបាល​នឹង​បន្ត​ពង្រឹង​និង​បង្កើន​យុទ្ធនាការ​ផ្សេងៗ​ដើម្បី​លើក​កម្ពស់​ស្រ្តី និង​ក្មេង​ស្រី​ចូល​រួម​ក្នុង​វិស័យ​ស្ទែម​ឱ្យ​បាន​ច្រើន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG