មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចរំពឹងថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ នឹងនៅតែបន្តល្អូកល្អើន និងរឹងមាំបន្ថែមទៀត ខណៈលោក Xi Jinping ត្រូវបានសមាជបក្សកុម្មុយនីស្តចិនជ្រើសរើសឱ្យធ្វើជាមេដឹកនាំជាបន្តទៀត កាលពីថ្ងៃអាទិត្យ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការបន្តកាន់តំណែងរបស់លោក Xi ជាឆន្ទៈរបស់ប្រជាពលរដ្ឋចិន និងថាកម្ពុជាជាមិត្ត តែងតែគាំទ្រចំពោះភាពជោគជ័យនេះ។ លោកបន្តថា កម្ពុជាមិនមែនចេញសារលិខិតសាទរចំពោះតែមេដឹកនាំចិនមួយទេ។
អ្នកនាំពាក្យរូបនេះអះអាងថា មិត្តភាពរវាងកម្ពុជានិងចិនគឺជាមិត្តភាពដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ខណៈថាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់លោក Xi និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកថ្លែងថា៖ «ប្រទេសកម្ពុជាជាប្រទេសតូចមួយដែលមានប្រជាជនត្រឹមតែ ១៥ទៅ១៦លាននាក់ហ្នឹង ក៏យើងធ្វើមិត្តភាព សាមគ្គីភាពជាមួយគ្នាក្នុងលក្ខណៈដែលគោរពគ្នាទៅវិញទៅមក មិនប្រកាន់ថាប្រទេសធំ ប្រទេសតូច ប្រទេសខ្លាំងឬប្រទេសខ្សោយទេ«។
បើតាមលោក សុខ ឥសាន កម្ពុជាគោរពទៅតាមរដ្ឋធម្មនុញ ក៏ដូចជាគោលនយោបាយការបរទេសរបស់ខ្លួន ដោយមិនផ្អៀងទៅកាន់ប្រទេសណាតែមួយឡើយ ជាពិសេសវាដើរស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលថាកម្ពុជាមិនយកប្រទេសណាមួយជាសត្រូវ។
ក្រោយការជ្រើសរើសលោក Xi ឱ្យបន្តដឹកនាំប្រទេសចិន លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានចេញសារលិខិតអបអរសាទរចំពោះការបន្តកាន់តំណែងរបស់លោក Xi និងសរសើរថា ក្រោមការដឹកនាំរបសលោក Xi បាននាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិចិន និងពិភពលោកទាំងមូល។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណីរវាង CPP [គណបក្សប្រជាជនកម្ពុជា] និងCPC [គណបក្សកុម្មុយនីស្តចិន] លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ទៅកាន់កម្រិតថ្មីមួយទៀត»។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា យល់ថាទំនាក់ទំនងកម្ពុជានិងចិន បានឈានដល់កម្រិតកំពូល បើប្រៀបធៀបជាមួយទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសផ្សេងទៀត ដោយហេតុថាមេដឹកនាំនៃប្រទេសទាំងពីរតែងតែបង្ហាញនូវភាពល្អូកល្អើន និងស្និទ្ធរមួតជាមួយគ្នា។
ទោះជាយ៉ាងណា បើតាមលោក វណ្ណ ប៊ុនណា ការងាកខ្លាំងរបស់កម្ពុជាទៅលើមហាយក្សចិនអាចជះផលអាក្រក់ដល់ខ្លួនឯង ពីព្រោះថាការប្រកួតប្រជែងរបស់មហាអំណាច គឺអាមេរិក និងចិន កំពុងតែឡើងកម្តៅ។ ហេតុនេះកម្ពុជាមិនត្រូវធ្វើឱ្យល្អក់កករខ្លាំងក្នុងទំនាក់ទំនងជាមួយអាមេរិកឡើយ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវទិសដៅគោលនយោបាយការបរទេសរបស់ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «អ៊ីចឹងទេ កម្ពុជាក្នុងនាមជារដ្ឋតូច បើទោះជាមានទំនាក់ទំនងជាមួយចិនល្អយ៉ាងណាក៏ដោយ ក៏ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យមានទំនាក់ទំនងរកាំរកូសខ្លាំងជាមួយនឹងសហរដ្ឋអាមេរិក។ ត្បិតសហរដ្ឋអាមេរិកអាចប្រើប្រាស់វិធីសាស្ត្រគ្រប់យ៉ាងក្នុងការធ្វើឱ្យកម្ពុជាមានផលវិបាកផងដែរ។ដូច្នេះក្នុងនាមជារដ្ឋតូចគួរតែក្លាយទៅជារដ្ឋមួយដែលអាចទាញយកផលប្រយោជន៍ពីសហរដ្ឋអាមេរិកនិងចិន។ អ្វីដែលសំខាន់គឺកម្ពុជាផ្អែកទៅលើមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញរបស់ខ្លួនអំពីគុណតម្លៃនៃការទំនាក់ទំនងឬក៏ការកាន់គោលជំហរអព្យាក្រឹតរបស់ខ្លួននៅក្នុងទំនាក់ទំនងការបរទេស»។
ចំណែកលោក រ៉ឹម សុខវី សហស្ថាបនិក The Thinker Cambodia ដែលជាវេទិកាវិភាគគោលនយោបាយ និងជាអ្នកវិភាគមួយរូប ប្រាប់វីអូអេថាកម្ពុជាមិនមានផលប្រយោជន៍ជាយុទ្ធសាស្ត្រច្រើនសម្រាប់ប្រទេសចិនឡើយ ប៉ុន្តែការដែលចិនចាប់យកកម្ពុជា ដោយហេតុថា កម្ពុជាជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចិនចង់បានការគាំទ្រពីប្រទេសតូច ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។
លោក សុខវី បន្ថែមថាការអនុវត្តទៅតាមគោលនយោបាយអព្យាក្រឹត គឺពិបាកនៅក្នុងការសម្រេចបាន ពីព្រោះមេដឹកនាំកម្ពុជាបានងាកទៅកាន់ចិន។
លោកថ្លែងថា៖ «ចំពោះខ្ញុំគឺពិបាកទៅរួចណាស់ដោយសារតែយើងត្រូវដឹងថាអព្យាក្រឹតភាពទាល់តែមេដឹកនាំគាត់អព្យាក្រឹតដែរ។ កត្តាទី១ ហេតុអ្វីបានកម្ពុជាទន់ទៅរកចិន ដោយសារតែវា provide security to the leadership of Cambodian government (ផ្តល់នូវសន្តិសុខដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន)។ អ៊ីចឹងបើយើងងាកទៅរកពួកអឺរ៉ុបវាអត់secure (សន្តិសុខ)ទេ ព្រោះអីវាត្រូវការឱ្យមានការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតដែលមានតម្លាភាព មានអីចឹងជាដើម។ អ៊ីចឹងអាហ្នឹងវាអាចជាបញ្ហាមួយដែលបង្កហានិភ័យដល់បក្សកាន់អំណាច»។
គួរបញ្ជាក់ថាប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិន តាំងពីសម័យលោក Mao Zedong ការជ្រើសរើសលោក Xi ដែលបានឡើងកាន់អំណាចដំបូងកាលពីឆ្នាំ២០១២ ឱ្យធ្វើជាប្រធានាធិបតីបន្តទៀត គឺជាការបោះបង់ចោលនូវទម្លាប់កន្លងមករបស់គណបក្សកុម្មុយនីស្ដចិនដែលជាទូទៅមេដឹកនាំមុនៗរបស់គណបក្សនេះ ដឹកនាំតែ២អាណត្តិ គឺរយៈពេល១០ឆ្នាំតែប៉ុណ្ណោះ ហើយនឹងចាកចេញពីតំណែង។ អ្នកខ្លះរំពឹងថាលោក Xi ព្យាយាមកាន់អំណាចឱ្យបានពេញមួយជីវិតរបស់លោក៕