ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រំពឹង​ទទួល​បាន​មេដាយច្រើន​ជាង​មុន ក្នុង​ការប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី


រូបឯកសារ៖ អ្នកគាំទ្រ​កម្ពុជា​គូរ​រូប​ទង់ជាតិ​លើ​មុខ​អំឡុង​ពេល​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​សិង្ហបុរី នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៥។  
រូបឯកសារ៖ អ្នកគាំទ្រ​កម្ពុជា​គូរ​រូប​ទង់ជាតិ​លើ​មុខ​អំឡុង​ពេល​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​សិង្ហបុរី នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៥។  

«អញ្ចឹង​ពេល​ដែល​អស់​លោក លោកស្រី អ្នកនាង​កញ្ញា​ទៅ​ធ្វើ​ការ​ប្រកួត​ជាមួយគេ ពេល​ដែល​ឃើញ​គូ​ប្រកួត​មក​ពី​ប្រទេស​នេះ សូម​កុំ​ចាញ់​ច្រាប ថា​ប្រទេស​គេ​ធំ ប្រទេស​គេ​មាន សូម​កុំ​ចាញ់​ច្រាប អា​រឿង​ហ្នឹង»។

មន្រ្តី​កីឡា​កម្ពុជារំពឹង​ថា កីឡាករ​ខ្មែរ​នឹង​ទទួល​បាន​មេដាយ​ច្រើន​ជាង​មុន នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ប្រាប់​VOA​ថា កីឡាករ​កម្ពុជា​ចំនួន​១៧០​នាក់ នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ប្រភេទ​កីឡា​ចំនួន​ ២៤។ លោក​បន្ត​ថា នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​២៩​ខាង​មុខ​នេះ ប្រភេទ​កីឡា​ថ្មី​ចំនួន​ពីរ​ទៀត​ដែល​កម្ពុជា​នឹង​ចូលរួម​ប្រកួត​ប្រជែង រួម​មាន ប្រដាល់​ក្បាច់​គុន​ខ្មែរ និង​កីឡា​ជិះ​ទូក​ក្តោង។ លោក​រំពឹង​ថា​ កម្ពុជា​នឹង​ទទួល​បាន​មេដាយ​ច្រើន​ជាង​មុន។

«យើងមាន​ប្រភេទ​កីឡា​មួយ​ចំនួន ដែល​យើង​ហៅ​ថា ​ប្រភេទ​កីឡា​ដែល​មាន​សក្តានុពល​ជាង​គេ​នៅ​ក្នុង​ការ​ប្រកួត។ ប្រភេទ​កីឡា​ដែល​ធ្លាប់​ទទួល​បាន​ស្នាដៃ​កាល​ពី​ការ​ប្រកួត​កន្លង​ទៅ ដូច​ជា​កីឡា​សីដក់ តៃក្វាន់ដូ ប៉េតង់ ក្បាច់​គុន​ខ្មែរ ប្រដាល់សាកល វូស៊ូ កីឡា​វាយ​កូនបាល់ និង​ការ៉ាតេ។ នៅ​ក្នុង​ចំណោម​កីឡា​ទាំង​២៤ កីឡា​ទាំង​នេះ យើង​អាច​សង្ឃឹម​ថា​អាច​ឈាន​ទៅ​រក​មេដាយ ដោយ​មិន​ដឹង​ថា​ជា​មេដាយ​មាស ប្រាក់ ឬសំរឹទ្ធ»។

កីឡា​ស៊ីហ្គេម ប្រព្រឹត្ត​ទៅ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ដោយ​មាន​កីឡាករ​មក​ពី​១១​ប្រទេស​ចូលរួម ក្នុង​នោះ​មាន​ប្រទេស​ទាំង​១០​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ទីម័រ​ខាង​កើត។ កាល​ពី​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៨ ក្នុង​ឆ្នាំ​២០១៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សិង្ហបុរី​ កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៥ ដែល​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន​១ ដែល​បាន​ទៅ​លើ​ប្រភេទ​កីឡា​សីដក់ មេដាយ​ប្រាក់​ចំនួន​៥ និង​មេដាយ​សំរឹទ្ធ​ចំនួន​៩។

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ព្រហស្បតិ៍នេះ ជាមួយ​កីឡាករ​ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា កីឡាករ​ទាំង​អស់​បាន​ទទួល​ការ​ឧបត្ថម្ភ និង​ការ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ចំនួន​៦​ខែ ព្រម​ទាំង​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​សម្រាប់​ប្រភេទ​កីឡា​មួយ​ចំនួន។ លោក​បន្ត​ថា​ ប្រភេទកីឡា​សក្តានុពល​ចំនួន​៦​ដែល​អាច​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ រួម​មាន​តៃក្វាន់ដូ ប៉េតង់ កីឡា​សីប៉ាតាក្រ(សីដក់) ប្រដាល់​សាកល ប្រដាល់​គុនខ្មែរ និង​កីឡា​ក្បាច់​វូស៊ូ។

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​អប់រំ កីឡាករ​កម្ពុជា​ណា​ដែល​ឈ្នះ​មេដាយ​មាស នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ចំនួន​៤០​លាន​រៀល មេដាយ​ប្រាក់​ចំនួន​៣០​លាន​រៀល និង​មេដាយ​សំរឹទ្ធ ចំនួន​១៦​លាន​រៀល។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​នោះ​ដែរ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ​ទាំងអស់​ខិតខំ​ប្រកួត​ប្រជែង ដោយ​ស្មោះត្រង់ និង​ជៀសវាង​ការ​ប្រើប្រាស់​សារជាតិ​ញៀន។

«តាំង​ចិត្ត​ឲ្យ​ក្លាហាន​ថា​ក្នុង​ឋានៈ​ជា​ជាតិ​សាសន៍​មួយ មក​ប្រកួត គឺ​ខិតខំ​យក​ឈ្នះ ប៉ុន្តែ​យក​ឈ្នះ​ទៅ​តាម​បែប​បទ កុំ​ទៅ​ទាត់​ជើង​គេ ក្រែលោ​កាត​ក្រហម គេ​ដេញ​ចេញ។ ឯ​ចំពោះ​ខាង​បាល់ទះ មិន​សូវជា​បញ្ហា​ទេ ព្រោះអាហ្នឹង​វា​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​(គូ​ប្រកួត)។ បើ​ទាស់ ទាស់​ជាមួយ​អាប៊ីត(អាជ្ញាកណ្តាល)តើ»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (ហ៊ាន សុជាតា/VOA)

លោក​ ហ៊ុន សែន ​ក៏​បាន​លើក​ទឹក​ចិត្ត កុំ​ឲ្យ​កីឡាករ​កម្ពុជា ខ្លាច​កីឡាករ​បរទេស​ដែល​មាន​ឥទ្ធិពល​ជាង។

«អញ្ចឹង​ពេល​ដែល​អស់​លោក លោកស្រី អ្នកនាង​កញ្ញា​ទៅ​ធ្វើ​ការ​ប្រកួត​ជាមួយគេ ពេល​ដែល​ឃើញ​គូ​ប្រកួត​មក​ពី​ប្រទេស​នេះ សូម​កុំ​ចាញ់​ច្រាប ថា​ប្រទេស​គេ​ធំ ប្រទេស​គេ​មាន សូម​កុំ​ចាញ់​ច្រាប អា​រឿង​ហ្នឹង»។

កីឡា​ការិនី​ប៉េតង់ អ្នកស្រី អ៊ុក ស្រីមុំ ដែល​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កាល​ពី​ការ​ប្រកួត​ ស៊ីហ្គេម​ឆ្នាំ​២០១៥ និង​ធ្លាប់​ទទួល​បាន​មេដាយ​មាស​លំដាប់​ពិភព​លោក បាន​ថ្លែង​ប្រាប់​VOA​ថា អ្នកស្រី​បាន​ខិតខំ​ហ្វឹកហាត់​ច្រើន​ ដើម្បី​ប្រកួត​ប្រជែង​នៅ​ពេល​ខាង​មុខ​នេះ។

«កំឡុង​ពេល​ត្រៀម​ខ្លួន​នេះ​ ពួក​ខ្ញុំ​កំពុង​ខំ​ហ្វឹក​ហាត់​រាល់​ថ្ងៃ ដោយ​មិន​ទាន់​ហ៊ាន​ថា នឹង​ទទួល​បាន​មេដាយ​នៅ​ឡើយ​ទេ ពីព្រោះ​ទាំង​គេ ទាំង​យើង​សុទ្ធ​តែ​ប្រឹង​ដូច​គ្នា«។

កីឡាករ​ជម្រើស​ជាតិ​តៃ​ក្វាន់ដូ លោក ប៉ាន់ ខេមរា​ បាន​ថ្លែង​ប្រាប់​VOA​ថា លោក​សង្ឃឹម​ថា នឹង​ទទួល​បាន​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ។

ប្រទេស​កម្ពុជា​បាន​យល់​ព្រម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នៅ​ក្នុង​ឆ្នាំ​២០២៣។ កម្ពុជា​កំពុង​តែ​ស្ថាបនា​ពហុកីឡាដ្ឋាន​ជាតិ​ដ៏​ធំ​មួយ ដើម្បី​ស្វាគមន៍​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​មួយ​នេះ៕

XS
SM
MD
LG