លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុននានា ជួយផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅក្នុងកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្ត និងសិល្បៈខ្មែរ ហើយនឹងកម្មវិធីកីឡានៅតាមកញ្ចក់ទូរទស្សន៍ដើម្បីជួយឱ្យសិល្បៈនិងកីឡាខ្មែរអាចរីកចម្រើនបាន។
លោកនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះ នៅក្នុងសុន្ទរកថានា«ទិវាវប្បធម៌ជាតិថ្ងៃ៣ ខែមីនា» លើកទី១៨ នៅសាលមហោស្រពចតុមុខ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះដែលផ្តោតលើប្រធានបទ៖ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស។
លោកបន្ថែមថា៖
«ទាំងចម្រៀងក្តីទាំងទម្រង់សិល្បៈនានាក្តីសូមគាំទ្រ។ សូមអំពាវនាវដល់អ្នកមានធនធានទាំងឡាយគាំទ្រដល់វិស័យសិល្បៈខ្មែរ ហើយក៏គាំទ្រដល់សកម្មភាព កីឡារបស់កម្ពុជាផងដែរ»។
លោក ហ៊ុន សែន ធ្វើការអំពាវនាវបែបនេះបន្ទាប់ពីការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរ និងការសម្តែងសិល្បៈមិនសូវមានការផ្សាយពាណិជ្ជកម្ម ស្របពេលព័ត៌មានតាមបណ្តាញសង្គម Facebook បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជាច្រើនឡើង ជាពិសេសយុវជន។
ក្រៅពីនេះ ក្រុមហ៊ុនទូរទស្សន៍ធំៗនៅប្រទេសកម្ពុជាមានកាន់តែច្រើនឡើង ហើយបានបំបែកជាសាខា ឬស្ថានីយដែលព្យាយាមទាក់ទាញការផ្សាយពាណិជ្ជកម្មរៀងៗខ្លួន ដែលជាប្រភពចំណូលសំខាន់របស់ស្ថានីយនីមួយៗ៕