ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជា​សហគមន៍​និយាយ​ថា ពួកគេ​មិន​អាច​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃ​ឡង់​បាន​ទេ

  • សាយ មុន្នី

អ្នក​ភូមិ​នៅ​ក្នុង​តំបន់​ព្រៃឡង់​លើក​ឡើង​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ប៉ុន្តែ​ពួកគេ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទាំង​នោះ​បាន​ទេ។

នៅ​ក្នុង​ព្រៃ​ឡង់​ស្ថិត​ក្នុង​ស្រុក​សំបូរ​នៃ​ខេត្ត​ក្រចេះ​នេះ លោក​ហ៊ាន​ ឈិត​កំពុង​ធ្វើ​ដំណើរ​ជាមួយ​ចៅ​ស្រី​ម្នាក់​របស់​លោក​ សំដៅ​ទៅ​រក​ដើម​ច្បោះ​ដើម្បី​ដង​ជ័រ។​

ជា​កសិករ​ម្នាក់​ដែល​ពឹង​អាស្រ័យ​លើ​ដី​ស្រែ​ និង​អនុផល​ព្រៃ​ឈើ​នៅទី​នេះ​ លោកហ៊ាន ឈិត​មាន​ប្រសាសន៍​ថា​ ពី​មុន​លោក​មាន​ដើម​ឈើ​ប្រភេទ​នេះ​ចំនួន​ពីរ​បី​រយ​ដើម​ ប៉ុន្តែ​ពេល​នេះ​នៅ​សល់​ត្រឹម​តែ​បួន​ដប់​ដើម​ប៉ុណ្ណោះ ក្រោយ​ពី​ក្រុមហ៊ុន​សម្បទាន​មួយបានចូល​មក​ដល់​តំបន់​នេះ។

«សព្វ​ថ្ងៃ ក្រុម​ហ៊ុន​ននៀល​ចូលមក​ដល់​ ហើយ​មក​បោះ​ទីតាំង​សព្វ​គ្រប់​អស់​ហើយ​ តើ​ឲ្យ​ប្រជាជន​រំពឹង​អី។​ ចំណែក​ខ្ញុំ​ ដែល​រស់​នៅ​ផ្នែក​នេះ​គឺ​រំពឹង​លើ​ដី​ស្រែ ​និង​ច្បោះជ័រ​ ផ្តៅ វល្លិ៍ ​ជ័រ​ឃ្លៀ​ហ្នឹង​ឯង​ដល់​ក្រុមហ៊ុន​មក​ទោសោ​(បង្កកំហឹង)​នៅព្រៃ​ឈើ​ព្រៃ​ឡង់​នេះ​ តើ​ឲ្យ​ប្រជាជនពឹង​អី?»​

ដូច​អ្នក​ភូមិ​ដទៃ​ទៀត​ដែរ លោកហ៊ាន ឈិត វ័យ​៦២​ឆ្នាំ មាន​ប្រសាសន៍​ថា ​លោក​កំពុង​តែ​បារម្ភ​អំពី​អនាគត​កូន​ចៅ​ និង​ក្រុម​គ្រួសារ​របស់​លោក​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត។​

«សព្វថ្ងៃ​ ខ្ញុំ​ព្រួយ ព្រួយ​អារម្មណ៍ ព្រួយ​ដី​ស្រែ ព្រួយ​របរ​ព្រៃឈើ កូន​ចៅ​រក​ស៊ី​អី ​ពឹង​អី​ បើ​គេ​កាប់​អស់​ហើយ រលីងរលាត់​អស់​ហើយ។ ​ម៉្លោះហើយ អត់​មាន​ទី​សង្ឃឹម​ទេ មិន​ដឹង​ជា​ទៅ​ជ្រក​នៅ​ឯ​ណា​ទេ»។​

នៅ​តាម​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ អ្នក​យក​ព័ត៌មាន​វីអូអេ​បាន​ឃើញ​គ្រឿង​ចក្រ​ជា​ច្រើន។ ក្រុម​បុរស​ទាំង​នោះ​ដែល​អះអាង​ថា ​ជា​កម្មករ​របស់​ក្រុមហ៊ុន ​និយាយ​ថា គ្រឿង​ចក្រ​ទាំង​នេះ​គឺ​សម្រាប់​ឈូស​ឆាយ​ផ្លូវ​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ តែ​ពួកគេ​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន​ទេ។​

ប៉ុន្តែ​ប្រជា​សហគមន៍​នៅ​ក្នុង​តំបន់​នេះអះអាង​ថា​ គ្រឿង​ចក្រ​ទាំង​នេះ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ឈូស​រាន​ព្រៃ​ដើម្បីសម្រួល​ដល់​ការ​ដឹក​ឈើ​ធំៗ​ចេញ​ពី​ព្រៃ​ទៅ​វិញ។

លោកហ៊ាន ឈិត​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​បាន​កាប់​រំលំ​ដើម​ឈើ​ធំៗ​ដោយ​រួម​ទាំង​ដើម​ច្បោះ​ជ័រ​របស់​លោកស្ទើរ​អស់​ពី​ព្រៃ​ក្នុង​តំបន់​នេះ​ទៅ​ហើយ។​

«ព្រៃឈើ​ប្រៀប​បី​ដូច​ជា​ជីវិត​របស់​ខ្ញុំ។​ បើ​ព្រៃ​ឈើ​បាន​ទៅ​គេ​អស់ ខ្លួន​ខ្ញុំ​ចាស់​ទៅ​រក​ពឹង​អី។ ម៉្លោះ​ហើយ ព្រៃ​ឈើ​នេះ​ បើ​បាន​ទៅ​ខាង​ក្រុមហ៊ុន​អស់​ហើយនោះ​ ប្រជាជន​ទាំង​គេ​ ទាំង​ខ្ញុំ​មាន​តែ​ការ​ស្លាប់។ ត្រង់​នេះ​ហើយសូម​ឲ្យ​នាយ​ចៅហ្វាយ​ អ្នក​តូច​ អ្នក​ធំ​ខាង​ក្រសួង​ រដ្ឋ​មន្ត្រី​ទាំង​អស់​ សូម​ជួយ​ការ​ពារ​ប្រជាជន​ផង​ ជួយ​ការពារ​ទឹកដី​ផង»។​

ព្រៃឡង់​គឺ​ជា​ព្រៃ​ក្រាស់​ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដី​ប្រមាណ​៣៦០០​គីឡូម៉ែត្រ​ក្រឡានៃ​ខេត្ត​ចំនួន​បួន​គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។​

មនុស្ស​ប្រមាណ​២០០០០០​នាក់​ ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​ ពឹង​អាស្រ័យ​លើ​ព្រៃ​នេះ​សម្រាប់​ការ​រស់​រាន​មាន​ជីវិត​តាម​បែប​ប្រពៃណី​របស់​ពួក​គេ។​ នេះ​បើ​ផ្អែក​តាម​បណ្តាញ​សហគមន៍​ព្រៃឡង់។​

ប៉ុន្តែ​ប្រជា​សហគមន៍​នៅ​ទី​នេះ​លើក​ឡើង​ថា ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម​នៅ​ក្នុងតំបន់​នេះ ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង។​

លោកហ៊ាន ឈិត​មាន​ប្រសាសន៍​ថា ​បើ​ទោះ​ជា​មាន​ឆន្ទៈ​ ក៏​ប្រជាជន​គ្មាន​លទ្ធ​ភាព​ក្នុង​ការ​ទប់ស្កាត់​ និង​ប្រឈម​ជាមួយ​ក្រុមហ៊ុន​ ឬ​ឈ្មួញ​កាប់​ឈើ​ខុស​ច្បាប់​ដែល​មាន​សុទ្ធតែ​កាំភ្លើង ​និង​អាវុធ​គ្រប់​ដៃ​នោះ​ដែរ។​

«ចុះ​បើ​ខាង​គេ​ចេញ​មក ច្រងាងៗ​ ហើយ​ឯង​បាត​ដៃ​ទទេ បាត​ដៃ​ដប់​ហ្នឹង។ នៅ​ចាំតែ​ពេល​ងាប់​ហ្នឹង! បើ​មាន​ដូចគ្នា អត់​ខ្លាច​ទេ។ អ្ហែង​ហ៊ាន​លេង ក៏​លេង​វិញ​ដែរ។​ តែ​នេះ​គេ​មាន​តែ​គេ ឯ​ប្រជាជន​មាន​ស្អី មាន​តែ​កាំបិត ពូ​ថៅ និង​ដង​រែក​ហ្នឹង!»​

លោក​មាន​ប្រសាសន៍​បន្ត​ថា​ ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​អាច​ធ្វើ​បាន​ លុះ​ត្រា​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល។​

«អ្នក​តស៊ូ​ ឲ្យ​តស៊ូ​យ៉ាងម៉ិច​ បើ​មេ​បា ​នាយ​ចៅហ្វាយធំៗ​នៅ​ទីក្រុង​មិន​ជ្រោង​សោះ​ ឲ្យ​តែ​គ្នា​នៅ​ចុង​ដៃ​ជ្រោង ជ្រោង​យ៉ាងម៉ិច​ឈ្នះ?​ ទាល់​តែ​នៅ​ខាង​គល់​ជួយ​ជ្រោង​ផង ទើប​ខាង​នេះ​មាន​កម្លាំង​ជួយ»។​

ប្រជា​សហគមន៍​បានលើកឡើង​ថា ទោះ​បី​ជា​ពួកគេ​ធ្លាប់​បាន​ខិតខំ​ដើរ​ល្បាត​ព្រៃ​ដោយ​ខ្លួន​ឯង​ជា​ច្រើន​លើក​ ច្រើន​សារ​ដើម្បី​ទប់​ស្កាត់​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នេះ​ក៏​ដោយ​ ក៏ការ​ទប់​ស្កាត់​នៅ​តែ​គ្មាន​ប្រសិទ្ធិភាព ដោយ​សារ​កង្វះ​ការ​ចូលរួមពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។​

លោកកឹម សុខន​គឺ​ជា​តំណាង​សហគមន៍​ព្រៃឡង់​ម្នាក់​នៅ​ក្នុង​តំបន់​នេះ។​

«តាម​ពិត​គឺ​ជា​តួនាទី​របស់​អាជ្ញាធរ​ តួនាទី​របស់​សមត្ថកិច្ច ​ដូចជា​រដ្ឋបាល​ព្រៃឈើ។ ​គាត់​ត្រូវ​មាន​មុខ​ជំនាញ ​ព្រោះ​គាត់​ស៊ី​ប្រាក់​ខែ​ បម្រើ​ការងារ ដូចជា​ទប់ស្កាត់​បទ​ល្មើស​អាណាធិបតេយ្យ​ចូល​ក្នុង​តំបន់​ព្រៃឡង់។​ ប៉ុន្តែ​គាត់​បែរ​ជា​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ទៅ​វិញ»។​

អាជ្ញាធរ​ កន្លង​មក ​តែងបដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​សហគមន៍ ហើយ​បាន​លើក​ឡើង​ថា រដ្ឋាភិបាលផ្តល់​ដីនិង​ព្រៃ​សម្បទាន​ដល់​ក្រុមហ៊ុន​ឯក​ជន​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ​គឺ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ និង​ជួយ​បង្កើត​ការងារ​ដល់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​ ដូចជា​ឲ្យ​ពួកគេ​ធ្វើ​ជា​កម្មករ​ក្រុមហ៊ុន​ទាំង​នោះ​ជាដើម។​

ប៉ុន្តែ​ប្រជា​សហគមន៍​នៅ​ទី​នេះ ​ដោយ​រួមទាំង​លោកហ៊ាន ឈិត​ផង​ និយាយ​ថា​ពួក​គេ​មិន​ចង់​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ទេ។​

«ធ្វើ​កម្មករ​ បើ​ខ្លួន​នៅ​ក្មេង​ចេះ​តែ​ធ្វើ​កើត ចុះ​បើ​ខ្លួន​ចាស់​ដូច​អស់​ខ្ញុំ​នេះ​ ដេក​ចាំ​តែ​ពេល​ងាប់។​ រក​អី​ស៊ី​ រក​អី​ច្រក​ ធ្វើ​អី បាន​អី?»​

លោក​ហ៊ាន ឈិត​និយាយ​បន្ថែម​ថា​ លោកទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ព្រៃឡង់​ដើម្បី​ឲ្យប្រជា​សហគម​ន៍​នៅ​តំបន់​នេះ ​ដោយ​រួម​ទាំង​ក្រុម​គ្រួសារ​របស់​លោក​ផង ​អាច​បន្ត​ជីវិត​រស់​នៅ​របស់​ខ្លួន​ និង​កូន​ចៅ​ពួកគេ​បាន​តទៅ​មុខ​ទៀត៕​
XS
SM
MD
LG