ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​ដើម​រៀបចំ​ពិធី​បំបួស​ដើម​ឈើ​ការពារ​ព្រៃ


អ្នក​ភូមិ​ប្រហែល​១២០​នាក់​បាន​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ការ​បួងសួង​នៅ​ទី​សក្ការៈ​ព្រះ​ពុទ្ធ​មួយ​ នៅ​មាត់​ទន្លេ​នា​ក្រុង​ភ្នំពេញ។
ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​សរុប​ជាង​ ៣០០​នាក់​មកពី​ស្រុក​ត្បែង​មាន​ជ័យ​ ជាំក្សាន្ត​ និង​ឆែប​ ក្នុង​ខេត្ត​ព្រះវិហារ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ប្រារព្ធ​ធ្វើ​ពិធី​បំបួស​ព្រៃ​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​តំបន់​ព្រៃ​ព្រះ​រកា​ដែល​ជា​ចំណុច​ប្រសព្វ​នៃ​ស្រុក​ទាំង​បី​និង​មាន​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​សរុប​ជាង​ ៩​ម៉ឺន​ហិកតា។

អ្នក​ស្រី​ ស៊ិនសាំង​ អាយុ​៥៧ឆ្នាំជាជន​ជាតិ​ដើម​កួយ​រស់​នៅ​ក្នុង​ភូមិ​ស្រែពាង​ ឃុំ​ប្រ​មេ​ ស្រុងត្បែង​មាន​ជ័យ​ខេត្ត​ព្រះ​វិហារ។ ​អ្នកស្រី​ថ្លែងថា​អ្នកស្រី​និង​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ប្រហែល​ជិត​ ៥០នាក់​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ព្រៃ​ដើម្បី​ចូលរួម​ពិធី។​

អ្នកស្រី​បន្ថែម​ទៀត​ថា​ព្រៃ​ព្រះរកា​ជា​ប្រភព​ធនធាន​ដ៏​សំខាន់​របស់អ្នកភូមិ​ប៉ុន្តែ​បច្ចុប្បន្ននេះ​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ដែល​មាន​ក្រុម​ទាហាន​ប្រដាប់​អាវុធ​ជា​អ្នក​ការ​ពារ។

«ខាង​ជាំក្សាន្ត​មាន​ទាហាន​កងពល​គេកាប់​អស់​រាប់​រយ​ដើម។ ​ចឹង​បាន​យើង​ខ្ញុំ​នាំ​គ្នា​ទៅ​មើល​ហ្នឹង។ វា​ធ្ងន់ធ្ងរ​ណាស់​ពីព្រោះ​មិនមែន​កាប់​តែ​ឈើ​បេង​ នាងនួន​ឯណា​ សូម្បី​តែ​ព្រៃឈើ​ព្រៃច្បោះ​ហ្នឹង​ក៏​គេ​កាប់​ដែរ។ ​អ្នក​ភូមិ​ខ្ញុំ​គេ​សួរ​ទៅ​ថា​អ្នកណា​ឲ្យ​កាប់​ គេ​ប្រាប់​ថា​អ្នក​ស្រី​ ហ៊ុន​ ម៉ាណា។ ​គេ​ប្រាប់ខ្ញុំ​ចឹង​ខ្ញុំ​ក៏​មិន​ដឹង​ពិត​មិនពិត​ដែរ»។

កាល​ពី​សប្តាហ៍​មុន​សំណង់​ប្រាសាទ​បុរាណ​២​នៅ​ក្នុង​ស្រុក​ត្បែង​មានជ័យ​ដដែល​នេះ​ក៏ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ឈូស​កម្ទេច​ចោល​ផងដែរ។​

ជន​ជាតិ​ដើម​កួយ​ម្នាក់​ទៀត​មក​ពី​ស្រុក​ជាំក្សាន្ត​ អ្នក​ស្រី​ នួន​ ម៉ុន​អាយុ​៦៣​ឆ្នាំ​ ក៏​បាន​រៀបរាប់​ថា​ អ្នក​ស្រី​និង​អ្នក​ភូមិ​ជាង​៣០​នាក់​ទៀត​បាន​មក​ចូលរួម​ពិធី​បំបួស​ព្រៃ​នេះ​ដោយចំណាយ​ពេលវេលា​ និង​ថវិកា​ផ្ទាល់ខ្លួន។ អ្នក​ស្រីបន្ត​ថា​ក្រុមហ៊ុន​ដែល​អះអាង​ថា​បាន​សិទ្ធិ​វិនិយោគ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ឥត​រើស​ប្រភេទ​ឡើយ។​

«កំពុង​នៅ​ក្នុង​ព្រៃ​ហ្នឹង​ដើម្បី​ធ្វើ​ពិធី។ យើង​ខ្ញុំ​ទាំង​៣​ស្រុក​ហ្នឹង​ចង់​ឲ្យ​រដ្ឋាភិបាល​រក្សា​ព្រៃ​ព្រះ​រក្សា​ហ្នឹង​ឲ្យ​ជន​ជាតិ​យើងទាំង​អស់​គ្នាហ្នឹង»។

លោក​ ឡោ​ ច័ន្ទ​មន្ត្រី​សម្រប​សម្រួល​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ​មាន​ប្រសាសន៍​ថាមាន​ក្រុម​ហ៊ុន​វិនិយោគ​ចិន​ពីរ​គឺ​ក្រុម​ហ៊ុន​ Rui Feng (Cambodia) ​International ​Co.Ltd​ និង​ ក្រុមហ៊ុន​ Lan​ Feng​ (Cambodia) ​International ​Co.Ltd ​ដែល​ទទួល​សិទ្ធិ​វិនិយោគ​នៅតំបន់​ដែលកំពុង​ធ្វើ​ការ​ឈូស​ទន្ទ្រានដី​សរុប​ជិត​ ១៨.០០០​ហិកតា​សម្រាប់​ដាំ​ដំណាំ​អំពៅ​ និង​ដើម​អាកាស្យា។​

ការ​វិនិយោគ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តំបន់​ព្រៃ​ព្រះ​រកា​ដែល​ជា​ជង្រុក​ព្រៃ​ដាល់​មាន​ព្រំប្រទល់​ជាប់​ ៣​ស្រុក​ក្នុង​ខេត្ត​ព្រះ​វិហារ។

«ទៅតាម​ដាន​បទ​ល្មើស​ព្រៃឈើ​ហ្នឹង​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​ឃើញ​ថា​ក្រុម​ហ៊ុន​នៅ​តែ​បន្ត​ឈូសឆាយ​ដី​ព្រៃឈើ​នៅ​តំបន់​ទាំង​អស់​ហ្នឹង។​ បើ​និយាយ​ពី​ព្រៃឈើ​នៅ​តំបន់ហ្នឹង​គឺ​ខ្ទេចខ្ទី​អស់​ហើយ»។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​មិនអាច​ស្នើសុំ​សេចក្តី​អធិប្បាយ​ពី​លោក​ អ៊ុំ​ ម៉ារ៉ា​អភិបាល​ខេត្តព្រះវិហារ​បាន​ទេ​ដោយ​លោក​លើក​ឡើង​ថា​លោក​កំពុង​ចូលរួម​សិក្ខា​សាលា។​

«ខ្ញុំ​កំពុង​នៅ​ក្នុង​សិក្ខា​សាលា។ ​មាន​ស្តាប់​ឮ​សំឡេង​អត់។​ អត់​បាន​ទេ»។

អ្នក​ស្រី​នួន​ ម៉ុង​ថ្លែង​ទាំង​ត្អូញ​ត្អែរ​ថា​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ស្រុក​របស់​អ្នក​ស្រី​ និង​ស្រុក​ពីរ​ទៀត​ដែល​កន្លង​មក​ពឹង​ផ្អែក​ទាំង​ស្រុង​អនុ​ផល​ព្រៃឈើ​ពី​ព្រៃ​ព្រះ​រកា​នោះ​ នឹង​ប្រឈម​នឹង​ការ​បាត់​បង់​ប្រភព​ចំណូល​ទ្រទ្រង់​គ្រួសារ​ដែល​បាន​មក​ពី​ព្រៃឈើ​និង​វប្បធម៌​ប្រពៃណី​ជន​ជាតិ​ដើម​ភាគតិច​ប្រសិន​បើ​ក្រុម​ហ៊ុន​នៅ​បន្ត​ធ្វើការ​ឈូសឆាយ​និង​កាប់​ព្រៃ​ឈើ៕
XS
SM
MD
LG