ចំណេះដឹងខាងគណិតវិទ្យា និងវិទ្យាសាស្ត្រពិត ត្រូវគេមើលឃើញថា មានសារៈសំខាន់ក្នុងការរុញច្រានប្រទេសមួយឲ្យអភិវឌ្ឍជឿនលឿន។ ប៉ុន្តែ នៅកម្ពុជា អ្នកជំនាញ មើលឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើន ហាក់មិនសូវចាប់អារម្មណ៍លើមុខវិជ្ជាទាំងនេះទេ។
ក្រុមអ្នកឯកទេសខាងគណិតវិទ្យា បានលើកឡើងថា ការសិក្សាខាងគណិតវិទ្យា និងវិទ្យាសាស្ត្រ ហាក់នៅមិនទាន់មានលក្ខណៈផុលផុសខ្លាំងនៅឡើយនៅកម្ពុជា ដោយសារ សាធារណៈជនខ្មែរជាច្រើនទំនងជាពុំទាន់យល់ច្បាស់អំពីសារៈសំខាន់នៃចំណេះដឹងទាំងនេះ។
លោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរកាលពីថ្ងៃព្រហស្បតិ៍ថា សិស្ស និស្សិតខ្មែរជាច្រើននៅមានការស្ទាក់ស្ទើរក្នុងការសិក្សាមុខវិជ្ជាទាំងនេះ ដោយសារពួកគេមិនប្រាកដក្នុងចិត្តថា តើមុខវិជ្ជាទាំងនេះ នឹងជួយពួកគេបានយ៉ាងដូចម្តេចខ្លះនៅក្នុងពេលអនាគត។ លោកបានបន្តទៀតថា៖
«គេដឹងថា អាហ្នឹងមានសារៈសំខាន់ណាស់ គេឆ្លើយសឹងតែ៩៨% ហើយប៉ុន្តែពេលសួរថាតើប្អូនមានបំណងរៀនមុខវិជ្ជាគណិតវិទ្យាទេ គេថាហ្អេ ដល់អាបញ្ហាហ្នឹងគឺគេហាក់ដូចជាមានការរារែក»។
លោកច័ន្ទ រ័ត្ន បណ្ឌិតផ្នែកគណិតវិទ្យាពីប្រទេសរុស្សី មានប្រសាសន៍បន្ថែមថា បើទោះជាបច្ចុប្បន្ន កម្មវិធីសិក្សាលើមុខវិជ្ជាទាំងនេះត្រូវបានកែលម្អបានច្រើនក៏ដោយ ក៏ការសិក្សាមុខវិជ្ជាទាំងនេះ នៅខ្វះការផ្សារភ្ជាប់ទៅនឹងការងារជាក់ស្តែងនៅក្នុងសង្គមនៅឡើយ ពោលគឺរៀនបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ។ លោកថ្លែងថា៖
«កម្មវិធីសិក្សាយើងពេលខ្លះ វាអត់បានឆ្លើយតបទៅនឹងជីវភាពប្រចាំថ្ងៃ ពីតម្រូវការថាយើងរៀនហ្នឹង ចេះអាហ្នឹងដើម្បីអី ទៅប្រើនៅឯណាអីឯណា»។
ការអប់រំគណិតវិទ្យា និងវិទ្យាសាស្ត្រពិត ត្រូវបានគេទទួលស្គាល់ថា ជាគ្រឺះដ៏សំខាន់សម្រាប់អភិវឌ្ឍខួរក្បាលមនុស្សឲ្យមានសមត្ថភាពខាងការគិត គណនា វិភាគ ដោះស្រាយបញ្ហា និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។
ការសិក្សាមួយចំនួនបានបង្ហាញថា បណ្តាប្រទេសជឿនលឿនភាគច្រើននៅលើពិភពលោក គឺសុទ្ធសឹងតែជាប្រទេសសម្បូរទៅដោយពលរដ្ឋដែលមានសមត្ថភាព និងចំណេះដឹងខ្ពស់ខាងគណិតវិទ្យានិងវិទ្យាសាស្ត្រ ជាឧទាហរណ៍ សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងជប៉ុនជាដើម។
លោក បណ្ឌិត ច័ន្ទ រ័ត្ន មានប្រសាសន៏ថា ការពង្រឹងការអប់រំគណិតវិទ្យា និងវិទ្យាសាស្ត្រនេះ គឺជាកត្តាចម្បងក្នុងការជួយរុញច្រានប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជានេះ ឲ្យក្លាយជាប្រទេសជឿនលឿនដូចបណ្តាប្រទេសអភិវឌ្ឍដទៃទៀតដែរ។ ទាក់ទិននឹងរឿងនេះ លោកបណ្ឌិតច័ន រ័ត្ន ថ្លែងប្រាប់វីអូអេខ្មែរថា៖
«អញ្ចឹងហើយ បានជាជំរុញឲ្យបុគ្គលិកគេ ឬពលរដ្ឋគេឲ្យមានសមត្ថភាពខាងគណិតវិទ្យា ពីព្រោះគេគិតថា ចំណេះដឹងផ្នែកគណិតវិទ្យា វាជាគុណសម្បត្តិមួយ ជាទ្រព្យសម្បត្តិមហាសាលមួយខាងផ្នែកស្មារតីរបស់មនុស្សម្នាក់ៗ»។
កញ្ញា លី ចន្ធីតា និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិតផ្នែកគណិតវិទ្យានៃសាកលវិទ្យាល័យខេមរៈក្នុងទីក្រុងភ្នំពេញ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍នៅថ្ងៃសុក្រនេះថា ការសិក្សាគណិតវិទ្យាបានធ្វើឲ្យកញ្ញាផ្លាស់ប្តូរពីមនុស្សចិត្តចង្អៀតម្នាក់មកជាមនុស្សដែលមានចិត្តទូលាយ ចេះចែករំលែកចំណេះដឹងដល់អ្នកដទៃ។
សម្រាប់ កញ្ញា លី ចន្ធីតា ការសិក្សាគណិតវិទ្យាគឺប្រៀបដូចជាការមានពន្លឺបំភ្លឺផ្លូវជានិច្ចដូច្នោះដែរ។ កញ្ញាប្រាប់វីអូអេខ្មែរថា៖
«សម្រាប់ខ្ញុំ គណិតវិទ្យាគឺជាផ្លូវនាំទៅរកភាពរីកចម្រើន។»
បច្ចុប្បន្ន នៅកម្ពុជា មានបណ្ឌិតផ្នែកគណិតវិទ្យាចំនួន៤នាក់ អនុបណ្ឌិតគណិតវិទ្យាប្រមាណ៨០នាក់ និងគ្រូបង្រៀនដែលទទួលបានបរិញ្ញាបត្រផ្នែកគណិតវិទ្យាសរុបប្រមាណ១៥០០នាក់។ នេះបើផ្អែកតាមលោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំយុវជន និងកីឡាផងដែរ។
លោកបណ្ឌិត អ៊ាប បុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា វិទ្យាស្ថានរបស់លោកបានជួយបណ្តុះបណ្តាលអ្នកគណិតវិទ្យាថ្នាក់អនុបណ្ឌិតបាន៨នាក់ដែរកន្លងមក ប៉ុន្តែលោកបណ្ឌិតបន្តថា រដ្ឋត្រូវគិតគូរយកចិត្តទុកដាក់អភិវឌ្ឍធនធានមនុស្សឲ្យមានសមត្ថភាពខាងគណិតវិទ្យា និងវិទ្យាសាស្ត្រពិត បន្ថែមទៀតតាមរយៈការវិនិយោគលើឧបករណ៍ពិសោធន៍ឲ្យបានច្រើន ដើម្បីអភិវឌ្ឍប្រទេសឲ្យរីកចម្រើនឆាប់រហ័ស។ លោកថ្លែងថា៖
«ក្នុងការរៀនហ្នឹង ប្រសិនណាបើយើងរៀនតែទ្រឹស្តីទេ អាហ្នឹងបានន័យថា ជាចំណេះវិជ្ជាមួយស្រមើស្រមៃ។ ជាចំណេះស្រមើស្រមៃរហូតគឺថា គ្មានឃើញការពិតជាក់ស្តែងទេ។ អញ្ចឹងបានភាគច្រើន គេរៀនទ្រឹស្តីហើយ គេមានពិសោធន៍ទៀត»។
លោក បណ្ឌិត អ៊ាប បុណ្ណា មានប្រសាសន៍បន្ថែមទៀតថា ដោយសារកង្វះការអនុវត្តជាក់ស្តែងក្នុងចំណោមអ្នកសិក្សាខាងគណិតវិទ្យា និងវិទ្យាសាស្ត្រ ក្នុងស្រុកនេះហើយ ទើបបានជាក្រុមហ៊ុនភាគច្រើនបានយកតែអ្នកជំនាញពីក្រៅប្រទេសមកធ្វើការនៅក្នុងគម្រោងអភិវឌ្ឍនានាដូចជាការសាងសង់ ផ្លូវ ស្ពាន ឬអាគារទំនើបៗជាដើមនោះ។ លោកបណ្ឌិត បុណ្ណាបន្តទៀតថា៖
«គាត់នៅមានកម្រិត ព្រោះគាត់អត់ទាន់បានapplyទៅនឹងស្អីមួយ។ ការងាររបស់គាត់ គាត់អត់បានអនុវត្តជាក់ស្តែង អញ្ចឹងគាត់នៅមានកម្រិតនៅឡើយ»។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងវិស័យគណិតវិទ្យា និងវិទ្យាសាស្ត្រនេះ កម្ពុជាបានរៀបចំសន្និសីទអន្តរជាតិមួយរយៈពេលបីថ្ងៃស្តីពីការអប់រំមុខវិជ្ជាទាំងនេះនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ដល់២៥ ខែកុម្ភៈកន្លងទៅនេះ ដោយប្រមូលផ្តុំសាស្ត្រាចារ្យគណិតវិទ្យាល្បីៗចំនួន៣០នាក់មកពីបណ្តាប្រទេសចំនួន១៤មកចូលរួម ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់អភិវឌ្ឍវិស័យទាំងនេះនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើមនេះ។
លោកបណ្ឌិត ច័ន្ទ រ័ត្ន ដែលជាប្រធានគណៈកម្មាធិការរៀបចំសន្និសីទអន្តរជាតិនោះ មានប្រសាសន៍ថា ការប្រមូលផ្តុំអ្នកឯកទេសខាងគណិតវិទ្យាពីបរទេសនេះ បានផ្តល់វិធីសាស្ត្របង្រៀនថ្មីៗដល់លោកគ្រូអ្នកគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាចំនួន២០០នាក់នៅទូទាំងប្រទេសកម្ពុជា ឲ្យពួកគាត់យកទៅអនុវត្ត ដើម្បីអភិវឌ្ឍមុខវិជ្ជានេះឲ្យកាន់តែគួរចាប់អារម្មណ៍ថែមទៀតក្នុងចំណោមសិស្ស និស្សិតរបស់ខ្លួន។
លោកបណ្ឌិត ច័ន្ទ រ័ត្ន មានប្រសាសន៍បន្ថែមថា កម្ពុជាក៏គ្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការអប់រំគណិតវិទ្យា និងវិទ្យាសាស្ត្រពិត ឲ្យកាន់តែធំថែមទៀតនៅដើមខែមីនា ឆ្នាំក្រោយ ដើម្បីគៀងគរអ្នកជំនាញខាងមុខវិជ្ជានេះ ឲ្យមកជួយអភិវឌ្ឍវិស័យគណិតវិទ្យានិងវិទ្យាសាស្ត្រថែមទៀត នៅកម្ពុជានេះ៕