ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​បាទ​សីហនុ​បាន​លើក​ស្ទួយ​គ្រូ​បង្រៀន​ សុខាភិបាល​និង​សិទ្ធិ​ជន​ជាតិ​ភាគតិច


ព្រះ​សព​របស់​ព្រះ​អង្គ​​​នឹងត្រូវ​​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ខាងមុខនេះ។ ដោយ៖ ស៊ុយ ហ៊ាមខេមរា
ព្រះ​សព​របស់​ព្រះ​អង្គ​​​នឹងត្រូវ​​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ខាងមុខនេះ។ ដោយ៖ ស៊ុយ ហ៊ាមខេមរា
វ៉ាស៊ីនតោន៖ ព្រះបាទ​នរោត្តម​សីហនុ ​ព្រះ​មហាវីរក្សត្រ​ខ្មែរ​បាន​សោយ​ទីវង្គត់ កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា​ឆ្នាំ​២០១២​ ក្នុង​ព្រះជន្មាយុ៩០​ព្រះ​វស្សា​ហើយ​ព្រះ​សព​របស់​ព្រះ​អង្គ​នឹងត្រូវធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ខាងមុខនេះ។

អ្នក​ប្រវត្តិសាស្រ្ត​ អ្នក​នយោបាយ​ និង​សកម្មជន​នានា​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះស្នា​ព្រះ​ហស្ថ​របស់​ព្រះ​អង្គ​ក្នុង​ការ​ធ្វើ​ពលិកម្ម​សព្វបែប​យ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​តាំង​ពី​ការ​ទាម​ទារ​ឯករាជ្យ​ ពី​អាណានិគម​បារាំង​ ការរក្សា​បូរណភាព​ទឹកដី​ រហូត​ដល់​ការ​ទាម​ទារ​ឱ្យ​កងទ័ព​វៀតណាម​ដែល​បាន​គ្រប់​គ្រង​ប្រទេស​ខ្មែរ​អស់​រយៈ​ពេល​១០​ឆ្នាំ​ចាក​ចេញ​ទៅវិញនៅ​ឆ្នាំ​១៩៨៩​មុន​នឹង​គ្រប់​ភាគី​ខ្មែរ​ដែល​មាន​ជម្លោះ​នឹង​គ្នា​យល់​ព្រម​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​នាំ​សន្តិភាព​រហូត​ដល់សព្វថ្ងៃ។ ​

ខាង​ផ្នែក​សង្គម​កិច្ច​វិញ​ក្នុងពេលដែល​ព្រះ​បាទ​នរោត្តម​ សីហនុ​កាន់​អំណាច​រាជការ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ព្រះ​អង្គ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ចំពោះ​ការយកព្រះ​ទ័យ​ទុកដាក់​ដល់​សុខមាលភាព​ប្រជារាស្រ្ត​ដោយ​បាន​បង្កើត​មន្ទីរពេទ្យ​ជាច្រើន​និង​លើក​ស្ទួយ​វិស័យ​អប់​រំ​សិក្សា​ធិការ​ជាតិ​។​

លោក​ស្រី ពុង ឈីវកេក ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​លីកាដូបាន​រំលឹក​ពី​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​ជាតិថា៖​
«អប់​រំ​ពេល​ហ្នឹង​គឺ​ថា​ល្អ​មែនទែន នៅ​ប្រទេស​កម្ពុជាយើង។ កូន​ក្មេង​ប្រុស​ស្រី កូន​អ្នក​ក្រ​កូន​អ្នក​មានអាច​ចូល​រៀន​បានទាំង​អស់​»។

លោកស្រី​ពុង ឈីវកេក​បាន​បញ្ជាក់​ថា​សិស្ស​ដែល​មាន​សមត្ថភាព​គឺ​អាច​ប្រឡង​ចូល​មហាវិទ្យាល័យ​ដោយ​មិន​ចាំ​បាច់​មាន​ការ​សូក​ប៉ាន់​ដើម្បី​ចូលរៀន​ទេ​ហើយ​មាន​គ្រូ​ដែល​មាន​សមត្ថភាព​បង្រៀន​នៅ​ទីនោះ​ដែល​ធ្វើ​ឱ្យ​មហាវិទ្យាល័យ​ខ្មែរ​ជាទី​ចាប់​អារម្មណ៍​របស់​ប្រទេស​ដទៃក្នុង​ការ​បញ្ជូន​កូន​សិស្ស​គេ​មក​រៀន​ផងដែរ។ រី​ឯគុណភាព​ទៀត​សោត​ត្រូវបាន​ប្រទេស​ក្រៅដូច​ជា​បារាំង​ជាដើម​ឱ្យតម្លៃ​ស្មើ​នឹង​កម្រិត​សិក្សា​នៅ​ក្នុង​ប្រទេស​របស់​គេ។​
លោកបណ្ឌិត ​រស់ ចន្រ្តាបុត្រ​អ្នក​ប្រវត្តិ​សាស្រ្តខ្មែរ​ដ៏ល្បី​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​ទទួលស្គាល់​ថា​ការ​មាន​គុណភាព​អប់​រំ​ល្អ​ដោយ​សារ​ព្រះ​បាទ​សីហនុ​បាន​លើក​កម្ពស់និង​ផ្តល់​អាទិភាព​ច្រើន​ដល់​គ្រូ​បង្រៀន។​

«ព្រះ​អង្គ​ក៏​បាន​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ការ​អប់​រំ​ដែរ​ជាពិសេស​ដើម្បី​នឹង​កសាង​ធនធាន​មនុស្ស​មួយ​ក្រោយ​សម័យ​អាណានិគម​បារាំង​គឺ​ដូច្នេះ​គឺ​ត្រូវ​ការ​ធនធាន​មនុស្ស​គឺ​លោក​ខំ​ឱ្យ​ខាង​អប់រំ​ហ្នឹង​ជាវិស័យ​មួយ​សំខាន់​ជាអាទិភាព​មួយ​ធំ​រហូតដល់​ឱ្យ​លោក​គ្រូ​អ្នក​គ្រូ​សាស្រ្តាចារ្យ​ទាំង​អស់​មាន​ប្រាក់​ខែ​ មាន​កម្រិត​ជីវភាព​ខ្ពស់​ ហើយ​ខ្ពស់​ជាង​មន្ត្រី​រាជ​ការ​ទាំង​ឡាយ​នៅ​ក្នុ​ង​ព្រះរាជាណាចក្រ​កម្ពុជា»។

វិស័យ​សុខាភិបាលកម្ពុជា​ក៏​ឈាន​ដល់​កម្រិត​កំពូល​មួយ​ដែល​ផ្តល់​សេវា​ល្អ​ដល់​អ្នក​ជំងឺ​ដោយ​មិន​ចាំ​បាច់​ត្រូវ​រត់​ទៅ​រក​ការព្យាបាល​នៅ​ប្រទេស​ជិតខាង​ទេ។
លោក​បណ្ឌិត​រស់ ចន្ត្រាបុត្រ​ក៏​បាន​បន្ថែម​ថា៖​
«ព្រះ​អង្គ​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​អ្វី​ដែល​ជា​សុខាភិបាល​គឺ​ថា​លោក​ឱ្យ​តម្លៃ​ខ្ពស់​គឺ​បាន​កសាង​ពេទ្យ​ជាច្រើន​នៅ​គ្រប់​កន្លែង​ដើម្បី​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជារាស្រ្ត​ខ្មែរ​នៅ​ជិត​នៅ​ឆ្ងាយ​ទាំង​អស់​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​កូនចៅ​របស់​លោក​ហ្នឹង​មាន​សេវា​អាច​នឹង​បម្រើ​បាន​គ្រប់​បែប​យ៉ាង​ទាំង​អស់»។

រី​ឯ​លោកស្រីពុង ឈីវកេកវិញ​នៅ​ចាំ​បាន​ថា​មន្ទីរ​ពេទ្យ​ខ្មែរ​ពេល​នោះ​មាន​លទ្ធភាព​ពិនិត្យ​ព្យាបាល​ជំងឺ​គ្រប់​បែប​យ៉ាង​ហើយ​អ្នក​ទៅ​រក​សេវាពេទ្យ​ខ្មែរ​មានទាំង​រាស្រ្តក្រីក្រ​តូច​តាច​រហូត​ដល់​សែរាជវង្ស​ដែល​សូម្បី​ព្រះ​បាទ​នរោត្តម​សីហនុ ក៏​ព្រះអង្គសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​ដែរ​ពេល​ទ្រង់​ប្រឈួនម្តងៗ។

លោក​ស្រី​ពុង​ ឈីវកេក​បាន​បន្ថែម​ថាសង្រ្គាម​និង​របប​ខ្មែរ​ក្រហម​បាន​ដុត​បំផ្លាញ​អ្វី​ដែល​ជា​ស្នាព្រះហស្ថ​របស់​ព្រះ​អង្គអស់​ជាច្រើនដែល​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ធ្លាក់​មក​តោង​កន្ទុយ​ប្រទេស​ជិត​ខាង៖

«ហើយ​ខ្ញុំ​ចេះ​អង្គុយ​នឹក​ឃើញ​ថា​បើសិន​ជាយើង​អត់​មាន​ខ្មែរ​ក្រហម​អត់​មាន​សង្រ្គាម​ស៊ីវិល​រហូត​មក​ដល់​ឥឡូវ​នេះ​គឺ​យើង​អត់​ចាញ់​ខាង​ពួក​ថៃ​ ពួកសាំង​ហ្កាពួរ​ពួកអី​ទេច៎ា ពួក​វៀតណាម​អី​គឺ​អត់​ចាញ់​ទេ។ យើង​នឹង​ដើរ​តាម​គេ​ព្រោះ​ពេល​នោះ​គេមក​រៀន​នៅ​កន្លែង​យើង»។ ​

ព្រះបាទ​នរោត្តម​សីហនុ ក៏​ត្រូវ​បាន​គេ​ទទួលស្គាល់​ថាជាក្សត្រ​ដែលគោរព​សិទ្ធិ​និង​ឱ្យ​តម្លៃជន​ជាតិ​ភាគតិច​នៅ​កម្ពុជាដោយ​មិន​មាន​ការរើស​អើង​អ្វី​ទេ​ដូច​ជា​ជន​ជាតិ​ដើម​ភាគតិច​ឬហៅ​ថា​ខ្មែរ​លើ ខ្មែរ​អ៊ីស្លាម និងខ្មែរ​កម្ពុជា​ក្រោម​ជាដើម។​
លោក​ បណ្ឌិត រស់ ចន្ត្រាបុត្រអ្នក​ប្រវត្តិសាស្រ្ត​ខ្មែរបាន​បន្ត​ថា៖​
«ព្រះ​អង្គ​ខិត​ខំ​បង្រួបបង្រួម​ធ្វើ​ដូចម្តេច​ឱ្យ​មាន​ជា​ទស្សនៈ​មួយ​គឺ​មិន​បែង​ចែក​ទេ​គឺ​លោក​លើក​ទាំង​អស់​ជាខ្មែរ​ គឺ​ពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​ជាខ្មែរ​គឺ​មាន​ដូច​ជា​ខ្មែរ​កណ្តាល​ខ្មែរ​កម្ពុជា​ក្រោម​ខ្មែរ​ក្រោម​ហើយ​នឹង​ខ្មែរ​លើ​ហើយ​មិន​តែ​ប៉ុណ្ណោះ​ជន​ជាតិ​ចាម​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​លោក​ក៏​ហៅ​ថា​ជា​ខ្មែរ​ដែរ​ក៏​ប៉ុន្តែ​ជាខ្មែរ​អ៊ីស្លាម​ដូច្នេះ​នៅក្នុង​ទស្សនៈ​នេះ​តាម​ទស្សនៈ​ខ្ញុំ​ផ្ទាល់​គឺ​ទស្សនៈ​លោក​មិន​ចង់​ឱ្យ​បែក​ជាជន​ជាតិ​បែក​ជាក្រុម​គឺ​លោក​ធ្វើ​ម្តេច​ទាំង​អស់​គ្នា​ដែល​មាន​ប្រវត្តិ​រាប់​រយ​ឆ្នាំ​លើ​ទឹកដី​កម្ពជា​ ចាម​ក្តី​ បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ក្តី​គឺ​ថា​ត្រូវ​ចាត់​ទុក​ថា​ជាខ្មែរ​ទាំងអស់​គ្នា»។

នាង​យន់ ម៉ានេ ប្រធាន​ក្រុម​ប្រឹក្សា​នៃ​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​បញ្ជាក់​ថាអតីត​ព្រះ​មហាក្សត្រ​ទទួល​បាន​ការ​គោរព​ខ្លាំង​ក្នុង​ស្រទាប់​ខ្មែរ​ដើម៖​
«នៅពេល​ដែល​នាង​ខ្ញុំ​ដឹង​ក្តី មក​ឮ​ម្តាយ​ ជីដូន​ហើយ​នឹង​បងប្អូន​មួយ​ចំនួន​តែង​តែ​កោត​សរសើរ​ស្ងប់​ស្ងែង​សម្តេច​តា​មែន​ទែន​ព្រោះ​ឃើញ​ថា​សម្តេច​តា​មាន​ចរិក​ទន់​ភ្លន់​សុភាព​រាបសារ​ លោក​តែង​តែ​បង្ហាញ​ក្តី មេត្តា​ករុណា​ចំពោះ​ជន​ជាតិ​ដើម​ភាគ​តិច​។ ហើយ​ជាពិសេស​កាលដែល​លោក​នៅ​មាន​ព្រះ​ជន្ម​លោក​តែង​តែ​បានផ្តល់​ឱកាស​ឱ្យ​ខាង​ជន​ជាតិ​ដើម​ភាគ​តិច​ភ្នង​ ពួកខ្ញុំ​ក៏​ដូច​ជាខាង​ក្រឹង​ ទំពូន​ក្នុង​ខេត្ត​រតនគីរី​ហ្នឹង​បាន​ចូលគាល់​នឹង​សម្តេច​ផ្តាល់​នៅ​ក្នុង​រាជ​វាំង»។

សម្រាប់​ជន​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​វិញ​ការយកព្រះទ័យ​ទុកដាក់​របស់ព្រះ​បាទ​នរោត្តម​ សីហនុនិងការ​គោរព​ឱ្យ​តម្លៃ​ ដោយ​មិន​ចាត់​ទុក​ដូច​ជា​អ្នក​ដទៃ​ធ្វើ​ឱ្យ​ពួកគេ​អាច​គេច​ផុត​ពី​ការ​យាយី​ធ្វើបាប​ហើយ​ជារឿយៗ​ព្រះអង្គយក​ព្រះទ័យ​ទុកដាក់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​បាន​រត់​ភៀស​ខ្លួន​ចូលមក​ក្នុង​ប្រទេស​កម្ពុជា និង​តែង​តែ​លើក​ឡើង​ពី​ធ្វើ​ទុក​បុកម្នេញ​លើ​សិទ្ធិ​ខ្មែរ​ក្រោម​ពី​អាជ្ញា​ធរ​វៀត​ណាម​ខាងត្បូង​ជាដើម។

លោក​ថាច់ ង៉ុក​ថាច់​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បញ្ជាក់​ថា៖
«លោក​មាន​ចិត្ត​នៅ​ក្នុង​អំឡុង​ទសវត្សរ៍ឆ្នាំ៦០​ នៅ​ពេល​ដែល​មាន​បញ្ហា​នៅ​កម្ពុជា​ក្រោម​ហើយ​បងប្អូន​ខ្មែរ​ក្រោម​ភៀស​ខ្លួន​មក​យើង​ក៏​ លោក​ក៏ មាន​ផែនការ​អភិវឌ្ឍ​សម្រាប់​ជួយ​ដល់​បងប្អូន​ខ្មែរ​ក្រោម​មាន​ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​នៅ​ខេត្ត​ពោធិ៍​សាត់​ ដំបន់​ស្វាយ​ដូន​កែវ​ជាដើម​ហើយក្នុ​ងពេល​នោះ​ដែរ​លោក​តា​សឺនសាន​ក៏​មាន​ផែនការ​យក​បងប្អូន​ខ្មែរ​ពី​កម្ពុជា​ក្រោម​មក​ មក​រស់នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ខេត្ត​ពោធិ៍​សាត់​ជាដើម​ ចែក​ទឹក​ចែក​ដី​មុន​ឆ្នាំ​៦០​រហូត​ដល់​ឆ្នាំ​៦០​ហ្នឹង»។
យ៉ាង​ណា​ក៏​ដោយ​ទឹក​ព្រះ​ទ័យ​ល្អ​របស់​ព្រះ​អង្គ​ក៏​ជា​ឱកាស​សម្រាប់​អ្ន​ក​ឆ្លៀត​ឱកាស​ប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​គេ​ដែរ។ លោក​ថាច់​ ង៉ុក​ថាច់​បញ្ជាក់​ថា​មាន​អ្នក​យកកិត្តិនាម​របស់​ព្រះបាទ​នរោត្តម​ក្នុង​នោះ​មាន​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង​និង​ខ្មែរ​ក្រហម​បាន​បោក​ខ្មែរ​ក្រោម​ឱ្យ​ស្លាប់​ជាច្រើន​ក្នុង​ពេល​កន្លងមក៕​

ព័ត៌មានចុងក្រោយជា​រូបភាព​តាម Storify៖
XS
SM
MD
LG