សាលាក្ដីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិបានបញ្ចប់សវនាការស្ដាប់ការធ្វើសេចក្ដីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលក្នុងសំណុំរឿង០០២ វគ្គ២ ដែលមានរយៈពេល៩ថ្ងៃហើយ នៅថ្ងៃសុក្រនេះ។ ចៅក្រមនៃតុលាការនេះ បានដកឃ្លាដើម្បីពិភាក្សាចេញសាលក្រមនាពេលខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃសាលាក្ដីខ្មែរក្រហមដែលចេញផ្សាយនៅថ្ងៃសុក្រនេះ។
ចៅក្រមបានសួរដេញដោលជនជាប់ចោទក្នុងសំណុំរឿងនេះទាំងពីរនាក់គឺ នួន ជា បងធំទី២ និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម ដែលជាប់ចោទពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពាន យ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិមួយចំនួនទៀត។
សូមស្តាប់អ្នកនាំពាក្យលោក នេត្រ ភក្ត្រា ពន្យល់បន្ថែមអំពីការបិទបញ្ចប់សវនាការ៩ថ្ងៃនេះ។
ក៏ប៉ុន្តែនៅចុងបញ្ចប់នៃបទបង្ហាញរបស់លោក ជនជាប់ចោទ ខៀវ សំផន បានច្រានចោលការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ថា លោកមិនជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលនោះទេ ដោយបានអះអាងថា នោះជាការឃោសនារបស់វៀតណាម។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា សវនាការដែលបានស្ដាប់ការផ្ដល់សក្ខីកម្មពីសាក្សីនិងដើមបណ្ដឹងរដ្ឋប្បវេណីមួយចំនួនហើយនិងអ្នកជំនាញសរុបទាំងអស់១៨៥នាក់នោះ មានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន។ ទោះជាយ៉ាងណាក៏ដោយសាលាក្ដីមិនបានបញ្ជាក់ថា ពេលណាខ្លួននឹងចេញសាលក្រមប្រឆាំងនឹងជនជាប់ចោទទាំងពីរនោះទេ៕