ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​បំផ្លាញ​សារ​ធាតុ​ញៀន​និង​គីមីជាង​ ៣៤០​​​តោន


អ្នកសារព័ត៌មានម្នាក់ ថតរូបគំនរគ្រឿងញៀន ដែលត្រូវបានដុតបំផ្លាញ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
អ្នកសារព័ត៌មានម្នាក់ ថតរូបគំនរគ្រឿងញៀន ដែលត្រូវបានដុតបំផ្លាញ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

អាជ្ញាធរ​កម្ពុជា ​បាន​ដុត​បំផ្លាញ និង​កម្ទេច​សារ​ធាតុ​ញៀន និង​សារ​ធាតុ​គីមី​ផ្សំសរុប​ជាង​ ៣៤០តោន បន្ទាប់រឹប​អូស​បាន​ពី​ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន ​ក្នុង​ឆ្នាំ​២០​២២។ ​សកម្ម​ភាព​ដុត​បំផ្លាញ​ធ្វើ​ឡើង​នៅ​ក្នុង​ កោះ​ពេជ្រ រាជធានី​ភ្នំពេញ កាល​ពីព្រឹក​ថ្ងៃ​ពុធ​នេះ​។

​ក្នុង​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឆ្នាំ​២០​២៣ កាល​ពី​ថ្ងៃ​ពុធ លោក ច្រឹង​ ខ្មៅ ​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា​ សារ​ធាតុ​ញៀន​និង​សារ​ធាតុ​គីមី ទម្ងន់​ជាង៥​តោន ​ត្រូវ​កម្ទេច​ដោយ​«វិធីដុត»​។ ចំណែកសារ​ធាតុ​ញៀន​ និង​សារ​ធាតុ​គីមីផ្សេង​ទៀត​ ដែល​មាន​ទម្ងន់៣៣៦​តោន ​នឹងធ្វើ​ប្រតិ​កម្ម​បន្សាប ព្រោះ​សារ​ធាតុ​ទាំង​នោះ​ ជា​សារ​ធាតុ​រំលាយ ​ហើរ ​ជា​អាស៊ីត ​និង​គីមី​ពុល​ឆាប​ឆេះ​ខ្លាំង​ មិន​អាច​ធ្វើ​ការ​បំផ្លាញ​តាម​វិធី​សាស្ត្រ​ដុត​បាន​ឡើយ​។

​លោក​ថ្លែង​ថា​៖ «វ​ត្ថុ​តាង​គ្រឿង​ញៀន ​សារ​ធាតុ​គីមី​ផ្សំ សារ​ធាតុ​គីមី​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ចំនួន​ ៤៧​រឿង​ខាង​លើ​នេះ ​មាន​ទម្ងន់​សរុប ​៣៤២​តោន ​២៥៧​គីឡូ​ក្រាម និង​ ៦១៨​,៦០​ក្រាម​ ដែល​រួម​មាន​ សារធាតុគីមី និង​សារធាតុ​ញៀន ​ជា​ច្រើន​ប្រភេទ ​ជាអាទ៍ ហេរ៉ូអ៊ីន មេតំ​ហ្វេ​តា​មីន ​អឹម​ដេ​អឹម​អា​[ថ្នាំគ្រ​វី] កេតាមីន នី​មេ​តា​ហ្សេ​ប៉ាម​ ហាយ​ដ្រុក​ស៊ី​លី​មីន​ ​ព្រម​ទាំង​សារ​ធាតុ​គីមី​ផ្សំ ​សារ​ធាតុ​គីមី​ទាំង​អស់​សរុប​ចំនួន​ខាង​លើ​»​។

លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ដែល​ចូលរួម​ក្នុង​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នេះ​ដែរ បាន​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា ​ទាំង​អាជ្ញាធរ និង​ប្រជាពល​រដ្ឋ​ ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀនក្នុង​ទឹក​ដី​កម្ពុជា​។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំមន្ត្រី ដុតបំផ្លាញគ្រឿងញៀន នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៣ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំមន្ត្រី ដុតបំផ្លាញគ្រឿងញៀន នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៣ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)


លោក ស ខេង ​បន្ត​ថា​ សមត្ថ​កិច្ច​បាន​ខិត​ខំ​ប្រឹង​ប្រែង​ស៊ើប​អង្កេត​ ស្រាវ​ជ្រាវ បង្ក្រាប​បាន​បទ​ល្មើស​ចរាចរ ​កែច្នៃ ផលិត​គ្រឿង​ញៀន បាន​កាន់តែ​ច្រើន ជា​រៀង​រាល់​ឆ្នាំ។ ​ចំណែក​ការ​នាំ​គ្រឿង​ញៀន​ពី​តំបន់ត្រី​កោណ​មាស ​ចូល​មក​កម្ពុជា ឆ្លង​កាត់​តាម​ខេត្តភាគ​ឦសាន្ត​នៃ​ប្រទេស ​នៅ​តែ​មាន​ការ​កើន​ឡើង​។

​លោក​បន្ថែម​ថា​ ក្រុម​ឧក្រិដ្ឋ​ជន​នៅ​តែ​ព្យាយាម​ លួច​កែ​ច្នៃ​ផលិត​គ្រឿង​ញៀន​សំយោគ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​បង្វែ​រ​សារ​ធាតុ​គីមី​ផ្សំ ​ពី​ការ​នាំ​ចូល​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ស្រប​ច្បាប់ ​ទៅ​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់​ជា​ដើម​។

បើ​តាម​លោក ស ខេង ក្រុម​ឈ្មួញ​គ្រឿង​ញៀន ​បាន​ប្រើប្រាស់​រូប​ភាព​បំភ្លៃ និង​ភូត​សមត្ថ​កិច្ច ​ជា​ពិសេស​ក្រសួង​ដែល​ចេញ​អាជ្ញា​បណ្ណ​ថា​ ការ​នាំ​សារ​ធាតុ​ផ្សំ​អ្វី​មួយ ដើម្បី​យក​មក​ផលិត​ជា​របស់​របរ ​ឬ​ទំនិញ​ប្រើ​ប្រាស់ ​ដែល​មិន​មែន​ជា​គ្រឿង​ញៀន ​ប៉ុន្តែ​បែរ​ជា​មាន​ការ​លួច​លាក់ ​និង​បង្វែរ​ទៅ​ធ្វើ​ជា​គ្រឿង​ញៀន​សំយោគ​ទៅ​វិញ​។

​លោក​ថ្លែង​ថា​៖ «​ម្តង​គេ​យក​សារ​ធាតុ​១​ឬ​២ ម្តង​ទៀត​គេ​យក​សារ​ធាតុ​២​ឬ៣​បន្ថែម នៅ​ពេល​គេ​យក​បាន​គ្រប់​ គេ​ចាប់​ផ្តើម​ដំឡើង​ម៉ាស៊ីន ​ហើយ​បោះ​ពុម្ព​ ផលិត​នៅកម្ពុជា​។ ម្យ៉ា​ង​ដើម្បី​នាំ​ចេញ​ ប៉ុន្តែ​ម្យ៉ាង​ទៀត ​ក៏​ដើម្បី​ចែក​ចាយ ​ចរាចរ នៅ​ក្នុង​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ ផង​ដែរ។ នេះជា​បញ្ហា​ដ៏​មហា​គ្រោះ​ថ្នាក់ បើ​សិន​ជា​យើង​មិន​ឯក​ភាព​គ្នា។ លុះ​ណា​តែ​យើង​មាន​ឯក​ភាព​គ្នា មាន​ឆន្ទៈ​មុះ​មុត ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​»។

​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ឱ្យដឹង​ទៀត​ថាបទ​ល្មើស​ជួញ​ដូរ ចរាចរ កែ​ច្នៃ​ផលិត​ផល​ធំៗ ​ត្រូវបាន​សមត្ថ​កិច្ច​បង្ក្រាប​បាន​យ៉ា​ង​មាន​ប្រសិទ្ធ​ភាព និង​ទាន់​ពេល​វេលា ប៉ុន្តែ​បទ​ល្មើស​ចែក​ចាយ​ ជួញ​ដូរ ​តូច​តាច និង​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​មូលដ្ឋាន​នៅ​តែ​បន្តកើត​មាន​គួរ​ឱ្យ​កត់​សម្គាល់។

គំនរគ្រឿងញៀនត្រូវបានដុតបំផ្លាញ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
គំនរគ្រឿងញៀនត្រូវបានដុតបំផ្លាញ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

ក្នុង​ឆ្នាំ​២០២២​ សមត្ថ​កិច្ច​បាន​បង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​សរុប​ចំនួន​ជាង​៦​ពាន់​ករណី ដោយ​រឹប​អូស​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ពី​ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ ​បាន​ចំនួន​ជិត​១៥តោន ​ស្មើ​នឹង​៣១៨​% ​បើ​ធៀប​ទៅ​នឹង​បរិមាណ​គ្រឿង​ញៀន ដែល​រឹប​អូស​បាន​ក្នុង​ឆ្នាំ​២០២១​។​ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​១៥.​០០០​នាក់។ ចំណែក​ក្នុង​រយៈ​ពេល​៥​ខែ ​នៃ​ដើមឆ្នាំ​២០២៣​នេះ សមត្ថ​កិច្ច​ បង្រ្កាប ​ដោយ​រឹប​អូស​គ្រឿង​ញៀន​គ្រប់​ប្រភេទ​សរុប​ចំនួន​ ៨៤០​គីឡូ​ក្រាម​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​លោក ស ខេង។

នាយក​ប្រតិ​បត្តិមជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិម​អេង ថ្លែង​ថា​ដើម្បី​កាត់​បន្ថយ​បញ្ហា​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ជា​អ​ប្បបរមា ​រដ្ឋា​ភិបាល​ ត្រូវ​រឹត​បន្តឹងបន្ថែម​ទៀត​ទាក់​ទង​ការ​អនុវត្ត​វិធាន​ការ​ច្បាប់ និង​បង្ក្រាប​ឱ្យ​ជាប់​ជា​ប្រចាំ​ដូច​ជាភ្លៀង​រលឹម​ ទៅ​លើ​ជន​ល្មើស ឬ​មន្ត្រី​ខិល​ខូចដែល​ពាក់​ព័ន្ធ​គ្រឿង​ញៀន​នេះ ហើយ​អាជ្ញាធរ​ត្រូវ​សហការ​គ្នា​តាំង​ពី​ថ្នាក់​លើ ​ដល់​ថ្នាក់​មូលដ្ឋាន។

លោក​ថ្លែង​ថា៖ «កន្លង​មក ឃើញ​មាន​ការ​ចាប់​បាន​ទាំង​មន្ត្រី​ ជា​មន្ត្រី​មាន​ស័ក្តិ​ទៅ​ទៀត កន្លង​មក។ អ៊ីចឹង​យើង​ឃើញ​ថា​បញ្ហា​គ្រឿង​ញៀន​ហ្នឹង​ វា​ជាប់​ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី ​បុគ្គល​ជា​មន្ត្រី​មួយ​ចំនួន​ ដែលអា​ច​ធ្វើ​ឱ្យ​បញ្ហា​គ្រឿង​ញៀន ​អាចចរាចរ​បាន​ងាយ​ស្រួល​ក្នុង​ប្រទេស​កម្ពុជា​។ ហើយ​យើង​ឃើញ​ថា​ពេល​ខ្លះ​ ដែល​កម្រ​ចាប់​បាន​ទៅ​ទៀត ដោយ​សារ​ថា​បញ្ហា​ដែលជាប់​ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី​ខិល​ខូច​ខ្លះ​»។

បើ​តាម​លោក ​យង់ គិមអេង ​កំណើន​គ្រឿង​ញៀន​ក្នុង​សហ​គមន៍​មូលដ្ឋាន គឺ​ជា​ក្តី​កង្វល់ និង​ជា​ការ​ព្រួយ​បារម្ភខ្លាំង ​ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស សន្តិ​សុខ​ និង​សុវត្ថិ​ភាព​សហ​គមន៍ ព្រម​ទាំង​ធ្វើ​ឱ្យ​យុវ​ជន​មួយ​ចំនួន​បោះ​បង់​ការ​សិក្សា និង​ឈាន​ទៅ​ប្រឡូក​ក្នុង​ក្រុមបង​តូច​ ​បងធំ​ជា​ដើម៕

XS
SM
MD
LG