ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ស​ ខេង៖ ៥១ភាគរយ​នៃ​អ្នក​ជាប់​ឃុំ​ជិត​៤ម៉ឺននាក់​នៅទូទាំង​ប្រទេស​ជាប់​ពាក់​ព័ន្ធ​នឹងបទ​ល្មើស​​គ្រឿង​ញៀន


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមពិនិត្យមើលប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះពីការរលំអគារនៅខេត្តកែប កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង​ បាន​ថ្លែង​កាលពីថ្ងៃ​អង្គារ​ថា ​មាន​អ្នកជាប់ឃុំ​ប្រមាណ​៥១ភាគរយ​នៃ​អ្នកជាប់​ឃុំ​សរុបជិត​៤ម៉ឺន​នាក់​មាន​ជាប់ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន​ ហើយ​នៅ​ក្នុងតែ​រយៈពេល​មួយ​ខែ​ធ្នូនេះ​ អាជ្ញាធរ​រឹបអូស​បាន​គ្រឿង​ញៀន​ជាង ​២តោន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​នីតិ​សម្បទា​ស្ថិត​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង​ បាន​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ថា បញ្ហា​គ្រឿង​ញៀន​ជា​ហានិភ័យ​ធំ​ណាស់​សម្រាប់​សង្គម​កម្ពុជា ក្រៅ​ពី​ការ​គំរាម​កំហែង​ពី​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ១៩ ​ដែល​នៅ​ពេលបច្ចុប្បន្ន​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​អាចគ្រប់​គ្រង​បាន​នោះ​។

លោក​លើក​ឡើង​យ៉ាង​ដូច្នេះ​៖ «​ប៉ុន្តែ​នោះ​សម្រាប់​គ្រឿង​ញៀន​វា​គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ របស់​សង្គម​យើង​ទៅ​មុខ​ទៀត​នោះបើ​សិន​ណា​ជា​យើង​មិន​នាំ​គ្នាប្រឹង​ប្រែង​ដើម្បី​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ទាំង​អស់​គ្នា»។

បើ​តាម​លោក​ ស ខេង​ នៅ​ក្នុង​ខែធ្នូ​ឆ្នាំ​២០២១​នេះ​អាជ្ញាធរ​បាន​រឹបអូស​គ្រឿង​ញៀន​សរុប​ប្រមាណ​២៣០០​គីឡូ​ក្រាម​នៅ​ក្នុង​ការ​បង្ក្រាបរបស់​អាជ្ញាធរ​មានសមត្ថកិច្ច​ពីរ​លើក​ជាបន្តបន្ទាប់​ក្នុង​ខេត្តកំពង់​ស្ពឺ​និង​ទីក្រុង​ភ្នំពេញ​៕

​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងការ​បរទេស​អាមេរិក​កាលពី​ឆ្នាំ២០១៧​ បានឲ្យ​ដឹងថា​ប្រទេស​កម្ពុជា​ត្រូវគេ​ចាត់ទុក​ថាជា​កន្លែង​ចែកចាយ​ឆ្លងកាត់​ ផលិត និង​ជួញដូរ​គ្រឿង​ញៀន​ក្នុង​តំបន់ ដែល​ក្រុមអ្នក​ជួញដូរ​មកពី​តំបន់​អាស៊ី​រួមទាំង​ភូមា​និង​តំបន់​អាហ្រ្វិក​នាំចូល​គ្រឿង​ញៀនខុស​ច្បាប់​ច្រើន​ប្រភេទ​មក​កម្ពុជា​ហើយ​ចែកចាយ​នៅក្នុង​ស្រុកនាំទៅ​កាន់​ប្រទេស​ចិន​ អូស្ត្រាលី​ ថៃ​ ជាដើម៕

XS
SM
MD
LG