ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី ឃួន សុដារី នឹងក្លាយជាស្រ្តីដំបូងគេកាន់តំណែងប្រធានរដ្ឋសភា


លោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភាជាតិកម្ពុជា ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ។ (Facebook/National Assembly of Cambodia)
លោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភាជាតិកម្ពុជា ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ។ (Facebook/National Assembly of Cambodia)

លោកស្រី​ ឃួន សុដារី ដែល​មាន​វ័យ​ ៧១ ​ឆ្នាំ នឹង​ក្លាយ​ជា​ប្រធាន​រដ្ឋ​សភា​ថ្មី​សម្រាប់​នីតិកាល​ទី​ ៧​ និង​ជា​ស្រ្តី​ដំបូង​គេ​ក្នុង​ប្រវត្តិថ្នាក់​ដឹកនាំ​កំពូល​របស់​ស្ថាប័ន​នីតិបញ្ញត្តិ​មួយ​នេះ។ នេះ​បើ​តាម​ការ ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។ លោក​នាយក​រដ្ឋមន្រ្តីកាលពី​ថ្ងៃទី​ ៩ ខែ​សីហា បាន​ផ្សាយ​សារ​សំឡេង​របស់​លោក ដោយ​បញ្ជាក់​ថា លោក​ស្រី ឃួន សុដារី នឹង​ក្លាយជា​ប្រធាន​រដ្ឋសភាថ្មី សម្រាប់​អាណត្តិ​ទី​ ៧​ នេះ ជំនួស​លោក ហេង សំរិន ដែល​បាន​កាន់​តំណែង​នេះ​ប្រមាណជាបី​អាណត្តិ​មក​ហើយ​។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ជូន​អស់​លោក​ទាំង​អស់​គ្នា​ឱ្យ​បាន​ជ្រាប​ថា​ លោក​ជំទាវ ឃួន សុដារី ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​ ២ នៃ​រដ្ឋ​សភា​នឹង​ក្លាយ​ទៅ​ជា​ប្រធាន​រដ្ឋ​សភា​នា​ពេល​ខាង​មុខ​ដែល​ជា​ការអនុវត្ត​ការលើក​កម្ពស់​តួនាទី​របស់​ស្រ្តី»។

លោក​នាយក​រដ្ឋមន្រ្តីបន្ថែមថា​ លោក​ ជាម យៀប ​ជា​អនុ​ប្រធាន​ទី ១ ​នៃ​រដ្ឋសភា ហើយ​លោក វង សូត្រ ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ នឹង​ក្លាយ​ទៅ​ជា​អនុ​ប្រធាន​ទី ២ នៃ​រដ្ឋសភា។

លោក​ស្រី​ ឃួន សុដារី ​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុ​ប្រធាន​ទី ២ ​នៃ​រដ្ឋ​សភា​ ហើយ​ក៏​ជា​ស្រ្តី​ទី ​១ ដែល​កាន់​តំណែង​ជា​អនុ​ប្រធាន​រដ្ឋសភា។ លោកស្រីមាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង ប៉ុន្តែ​លោក​ស្រីបាន​ក្លាយជា​អ្នកតំណាង​រាស្រ្តមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​កណ្តាល តាំង​ពីអាណត្តិ​ទី ២ ​ក្នុង​ឆ្នាំ ​១៩៩៨ ​មក។ លោក​ស្រី​ក៏ធ្លាប់​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​សិទិ្ធ​មនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា-ព្រឹទ្ធសភា​នៃ​រដ្ឋសភា​ផង​ដែរ។

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ស្រី ឃួន សុដារី បាន​នៅ​ឡើយ​ទេ។

លោក​ ឈាង វុន ប្រធានគណៈកម្មការទី ២ ​នៃរដ្ឋសភា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះថា​ រចនា​សម្ពន្ធ​រដ្ឋសភា ​និង​នាយក​រដ្ឋ​មន្រ្តី​ថ្មី​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​ នៅ​ល្ងាច​ថ្ងៃ​ទី ២២ ខែ​សីហា ​បន្ទាប់​ពី​ចូល​ស្បថ​នៅព្រះបរមរាជ​វាំង​។​

លោក​ថ្លែងថា​៖ «រចនា​សម្ពន្ធ​រដ្ឋសភា​ និង​រចនា​សម្ពន្ធ​គណៈរដ្ឋ​មន្រ្តី​ ពាក្យ​ថា​រចនា​សម្ពន្ធ​គណៈរដ្ឋ​មន្ត្រី​ សមាជិក​គណៈរដ្ឋ​មន្រ្តី​ថ្មី​ទាំង​អស់​ហ្នឹង ​រួម​ទាំង​នាយករដ្ឋ​មន្រ្តី​ថ្មី​ផង ដែល​សភា​អនុម័ត​ហើយ​ហ្នឹង ​មិន​ទាន់​ទៅ​ជា​ផ្លូវ​ការ​ទេ​ ត្រូវ​ទៅ​ស្បថ​សិន។ ល្ងាច​ថ្ងៃ​ទី​ ២២ ខាង​គណៈរដ្ឋ​មន្រ្តី​ថ្មី​ទៅ​ស្បថ​នៅ​ព្រះបរម​រាជ​វាំង​ នឹង​ទៅ​ធ្វើ​ការងារ​បាន​ហើយ»។

អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ​ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្រ្វែល​ អ្នកស្រី សឺនកេត សិរីលក្ខណ៍ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អ្នកស្រី​សាទរ​ចំពោះ​វត្តមាន​របស់​លោកស្រី​ ឃួន សុដារី ដែល​នឹង​ក្លាយ​ទៅ​ជា​ប្រធាន​រដ្ឋ​សភា​នា​ពេល​ខាង​មុខ។ ប៉ុន្តែ​អ្នកស្រី​ថា​ បើ​ការដឹកនាំ​របស់​ប្រធាន​រដ្ឋ​សភា​ថ្មី​រូប​នេះ​មិនឯករាជ្យ​ និង​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​ណា​មួយ​នោះ អ្នកស្រី​ថា​ កម្ពុជា​ក៏​មិន​មាន​ការអភិវឌ្ឍ​រីកចម្រើន​ដែរ។

អ្នកស្រី​និយាយ​ថា​៖ «ទោះបី​គាត់​មក​តាម​រយៈការឈរ​ឈ្មោះ​ជាសមាជិក​គណបក្ស​មែន​ តែ​ស្ថាប័ន​ជាតិ​នេះ​ជា​ស្ថាប័ន​ឯករាជ្យ​ ជា​ស្ថាប័ន​សម្រាប់​ប្រជា​ជាតិ​ទាំង​មូល​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​មាន​ការរីក​ចម្រើន​ប្រសើរ​ជាង​មុន​។ ព្រោះ​តាម​ការរក​ឃើញ​ថា​ នៅ​ពេល​មាន​មេដឹកនាំ​ជា​ស្រ្តី​ស្ថិត​នៅ​ថ្នាក់​កំពូលៗ​ក្នុង​ការដឹកនាំ​កាន់​តែ​ច្រើន ​នឹង​ធ្វើ​ឱ្យ​លទ្ធផល​ក្នុង​ប្រទេស​កាន់តែ​ប្រសើរ»។

ខណៈដែលសមាសភាព​ប្រធាន​រដ្ឋសភា​ថ្មី​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជាស្រ្តី ប៉ុន្តែ​ចំនួន​ស្រ្តី​អ្នកតំណាង​រាស្រ្ត​ក្នុង​អាណត្តិ​ទី​ ៧ ​នេះ ថយ​ចុះ​ពី​ ២០ ​ភាគ​រយ មក​នៅ​ត្រឹម​ ១២ ​ភាគ​រយ ឬ​ថយ​ពី​ ២៦ ​នាក់ មក​នៅ​ត្រឹម​ ១៦ ​នាក់​ប៉ុណ្ណោះ។

អ្នកស្រី សឺនកេត សិរីលក្ខណ៍ បន្ថែម​ថា​ ប្រធាន​រដ្ឋ​សភា​នីតិកាល​ថ្មី​ដែល​ជាស្រ្តី គួរ​តែ​ជំរុញ​ឱ្យ​មាន​ការគិត​គូរ​បន្ថែមកុំ​ឱ្យ​មាន​ការរើស​អើង​លើ​ស្រ្តី និង​ផ្តល់​ឱកាស​ការងារ​ដល់​ស្រ្តី​ឱ្យ​បាន​ច្រើន​បន្ថែមទៀត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោមជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG