ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ច្រាន​ចោល​ព័ត៌មាន​អំពី​ការ​ប្រឈម​ជាមួយ​កងទ័ព​ឡាវ


រូបឯកសារ៖ ទាហានកម្ពុជាធ្វើដំណើរតាមបណ្តោយផ្លូវប្រហែល ២០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារដែលមានអាយុកាល ៩០០ឆ្នាំ នៅតាមព្រំដែនរវាងប្រទេសថៃនិងប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ (REUTERS/Samrang Pring)
រូបឯកសារ៖ ទាហានកម្ពុជាធ្វើដំណើរតាមបណ្តោយផ្លូវប្រហែល ២០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារដែលមានអាយុកាល ៩០០ឆ្នាំ នៅតាមព្រំដែនរវាងប្រទេសថៃនិងប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ (REUTERS/Samrang Pring)

កងទ័ព​កម្ពុជានិង​កងទ័ព​នៃ​ប្រទេស​ឡាវ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​របស់​កម្ពុជា​ផ្សព្វ​ផ្សាយ​ថា ​កំពុង​ស្ថិត​ក្នុង​ភាព​ប្រឈម​មុខ​ដាក់​គ្នា​នៅតំបន់​មុំ​បី​នៃ​ព្រំដែន​ខេត្ត​ព្រះវិហារ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​គោក​បាន​ចេញ​មុខ​បក​ស្រាយ​នៅថ្ងៃសុក្រ​នេះថា មិន​មាន​ភាព​តាន​តឹង​ផ្នែក​យោធា​នោះ​ទេ។​ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​គ្នា។

អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​គោក​របស់កម្ពុជា​ លោក ម៉ៅ ផល្លា ​បាន​ច្រាន​ចោល​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​ថា​ ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​កម្ពុជា​ និង​កងទ័ព​នៃ​ប្រទេស​ឡាវ ​នៅ​ចំណុចព្រំ​ដែន​ក្នុង​ខេត្ត​ព្រះ​វិហារ។​

លោក​ ម៉ៅ ផល្លា​ បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ភាគី​ទាំង​ពីរ​គឺឡាវ ​និង​កម្ពុជា​កំពុង​ចរចា​ មិន​មាន​ការ​ប្រឈម​គ្នា​រហូត​មាន​ការ​ជម្លៀស​ប្រជាជន​ចេញ​នោះ​ទេ។ ​ទោះជា​យ៉ាងណា​ ​អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​គោក​ដដែលបដិសេធមិន​ផ្តល់​ព័ត៌មានលម្អិត​ទាក់ទងករណី​នេះ​ទេ ដោយ​អះអាង​ថា​ ថ្នាក់​លើ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ឡើយ​ទេ។​

«ព្រោះ​ឥឡូវ​ប្រភព​ទាំង​អស់​គឺ​អត់​ច្បាស់​ទេ ​ហើយ​មាន​ប្រភព​ខ្លះនិយាយ​បំផ្លើស​ទៀត។​ អ៊ីចឹងគឺ​មេ​គាត់​ប្រាប់​ខ្ញុំ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​អី​ជាមួយ​សារ​ព័ត៌មាន​ទេ។ ​ហើយ​ឯក​ឧត្តម ខៀវ កាញារីទ្ធ​ ក៏​គាត់​បាន​បិទ​ព័ត៌មាន​នេះ​សិន​ដែរ ​ដើម្បី​កុំ​ឲ្យ​ព័ត៌មាន​ហ្នឹង​គ្មាន​ប្រភព​ច្បាស់​លាស់»។​

ទាហាន​ម្នាក់​ដែល​បាន​ប្រាប់​ VOA ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​ថ្នាក់​លើរបស់​លោក​បញ្ជា​ឲ្យ​ចល័ត​ទៅ​កាន់តំបន់​ព្រំ​ដែន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ឡាវ ​នៅ​ត្រង់​ចំណុច​ភូមិ​សែន​តេជៈ ​ឃុំ​មរកត​តេជោ ​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ។​ ប៉ុន្តែ​យោធា​ដដែល​នោះអះអាង​ថា ​លោកមិន​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ភាព​តាន​តឹង​ផ្នែក​យោធា​ជាមួយ​កង​ទ័ព​ឡាវ​នោះ​ទេ។​

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក ​ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ​បាន​បង្ហោះ​សារ​មួយ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ដោយ​រៀបរាប់​ថា ​នៅ​ថ្ងៃ​ទី​២៣​ខែ​សីហា​នេះ ​យោធា​ឡាវ​បន្ត​ឈរ​ជើង​នៅ​ចំណុច​ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះ​វិហារ​ និង​មាន​ការ​កើន​ឡើង​កម្លាំង​ច្រើន​ជាង​មុន ​ស្រប​ពេល​ដែល​ភាគី​កម្ពុជា​ក៏​បន្ថែម​កម្លាំង​គ្រប់​គោល​ដៅ​ផង​ដែរ។​

សារ​ដែល​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​រដ្ឋមន្រ្តី​ព័ត៌មាន​នោះ​បញ្ជាក់​ថា​ ​ថ្ងៃ​ទី​២២ ​ខែ​សីហា ​ឆ្នាំ​២០១៩​ លោក​ស្រី ​ឌឹក ​មេបញ្ជាការ​កង​ពល​ធំ​លេខ​៣​បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ថ្នាក់​ដឹកនាំ​ និង​សមត្ថ​កិច្ច​ស្រុក​ជាំ​ក្សាន្ត ​ឲ្យត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាជន​ចំនួន​៤​ភូមិ ​ឲ្យ​មក​ស្នាក់​នៅ​តំបន់​ផ្សេង​ ​ក្នុង​ករណី​អាសន្ន​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ។ ​ភូមិទាំង​នោះ​រួមមាន​ភូមិ​របុញ​ ភូមិ​សែនតេជៈ ​ភូមិ​មរតក​តេជោ ​និង​ភូមិ​សែន​រុងរឿង។​

ភ្លាមៗ​ក្រោយ​ការ​បង្ហោះ​សារ​នោះ​ គេ​ឃើញ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​បាន​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ដោយ​ថា ភាគី​ទាំង​ពីរ​កំពុង​ប្រឈម​គ្នា។ ​ប៉ុន្តែ​ក្រោយ​មក​លោក​ខៀវ កាញារីទ្ធ​បាន​លុប​សារ​អំពី​បញ្ហា​ទាក់ទង​នឹង​កងទ័ព​តាម​ព្រំ​ដែន​នោះ ​ចេញ​ពី​គណនី​ហ្វេសប៊ុក​របស់​លោក​វិញ។​

កម្ពុជា​ធ្លាប់​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជា​មួយថៃ ​ទាក់ទង​នឹងការ​ប្រទាញ​ប្រទង់​ដណ្ដើម​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ កាល​ពី​ឆ្នាំ​២០០៨។ ​រីឯ​កាល​ពី​ខែ​សីហាឆ្នាំ​២០១៧​ ​កង​ទ័ព​កម្ពុជា​ក៏​បាន​ប្រឈម​មុខ​នឹង​កង​ទ័ព​ឡាវ​មួយ​រយៈ​ពេល​ខ្លី​ ​ទាក់ទង​នឹង​ការ​ទាម​ទារ​ការ​កាន់​កាប់​តំបន់​ព្រៃ​ធម្មជាតិ​លើ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង។

ពីរ​ខែក្រោយ​ការ​ប្រឈម​ជាមួយ​ឡាវ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បង្កើត​កង​អន្តរាគមន៍​មួយ​ប្រចាំ​នៅ​ខេត្ត​ស្ទឹងត្រែង​ជាប់​នឹង​ព្រំដែន​ឡាវ​ ដែល​មាន​ទាហាន​ជាង​៣​ពាន់​នាក់។​ ​ការ​បង្កើត​នោះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ដោយមាន​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ​ជា​អនុ​ប្រធាន​ប្រចាំ​ការ៕

XS
SM
MD
LG