ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ទី​៦៤​នៃ​ការ​បង្កើត​គណបក្ស


គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​តាំង​ផ្ទាំង​ថ្មី​នៃ​រូប​មេដឹកនាំ​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​ ដែល​មាន​តែ​រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​ និង​ប្រធាន​រដ្ឋ​សភា​ ហេង​ សំរិន​ ដើម្បី​អប​អរ​ខួប​ទី​៦៤​ នៃ​ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​២៨​ មិថុនា​។ (នូវ​ ពៅ​លក្ខិណា/VOA)

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ អំ​ពី​ការ​ខិតខំ​របស់​គណបក្ស​កាន់​អំណាច​របស់​ខ្លួន​ ចំពោះ​ការ​អភិឌ្ឍន៍ប្រទេស​កម្ពុជា​ប្រកប​ដោយ​ថាមពលក្រោយ​ការ​ដួល​រលំ​នៃ​របបខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩។​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​ៗជា​ប្រធាន​គណបក្ស ​ បន្ទាប់​ពី​មរណភាព​របស់​អតីត​ប្រធាន​គណបក្ស​ គឺ​លោក ជា ស៊ីម បាន​ថ្លែង​ដែរ​ថា​ លទិ្ធ​ប្រជាធិបតេយ្យ​បាន​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ប្រទេសនេះ។​

លោក ​ហ៊ុន សែន​ ដែល​ជា​ប្រធាន​ពេញច្បាប់​របស់​គណបក្ស​នយោបាយ​នេះ​ បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​រាជរដ្ឋាភិបាល​និងមន្ត្រីអង្គទូត​នៃ​បណ្តា​ប្រទេស​នានា ហើយ​នឹង​អ្នក​ចូលរួម​រាប់​ពាន់​នាក់​ផ្សេង​ទៀត នៅក្នុង​ពិធី​រំឭក​ខួប​នេះ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​គោល​ការណ៍ ប្រជាធិបតេយ្យ​ប្រជាជន​ជានិច្ច ​ចាប់​តាំង​ពី​បាន​ស្រោ​ច​ស្រង់​ប្រទេស​កម្ពុជា​ចេញ​របប​កម្ពុជាប្រជាធិបតេយ្យ។​

លោក​សង្កត់​ធ្ងន់ថា ​គណបក្ស​របស់​លោកក្នុង​រយៈពេល​ជាង​៣៦​ឆ្នាំ​មកនេះ​ បាន​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ​បន្ទាប់​ពី​បាន​ធ្លាក់​ដល់​ចំណុច​សូន្យ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដ៏យង់​ឃ្នង​។​

«ក្នុង​រយៈពេល​ជាង​៣៦​ឆ្នាំ​ចុងក្រោយ​នេះ​ អាស្រ័យ​ដោយ​មាន​ការ​គាំទ្រយ៉ាង​រឹង​មាំពី​ប្រជាជន​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ដឹក​នាំ​ប្រទេស​ឆ្លង​កាត់​ឧបសគ្គ​ និង​ការ​លំបាក​យ៉ាង​ច្រើន​ឥត​គណនា​ ហើយ​សម្រេច​បាន​សមិទ្ធផល​ធំ​ៗ​ជាប្រវត្តិ​សាស្រ្ត និង​មិនអាច​កាត់​ថ្លៃ​បាន​យ៉ាង​ច្រើន​ជូន​ជាតិ​មាតុ​ភូមិ»។​

​ដោយ​បាន​ថ្លែង​សុន្ទរកថានៅ​ពីមុខ​ លោក​ ហេង សំរិន​ប្រធាន​កិត្តិយស​នៃ​គណបក្សប្រជាជនកម្ពុជា​ និង​អនុ​ប្រធាន​គណបក្ស​ពីរ​រូប​ទើប​ជ្រើសតាំង​ថ្មី​ គឺលោក​ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​លោក​ សាយ ឈុំ​ ប្រធានព្រឹទ្ធសភា លោក​ហ៊ុន សែន​ បាន​ថ្លែងថា ​កម្ពុជា​ ជា​ប្រទេស​មាន​សន្តិភាព ប្រកប​ដោយ​ការ​អភិវឌ្ឍន៍នយោបាយ​ និង​សេដ្ឋ​កិច្ច​។

លោកបញ្ជាក់ថា លទិ្ធ​ប្រជា​ធិបតេយ្យ​កំពុង​ចាក់​គ្រឹះយ៉ាងរឹងមាំក្នុង​ប្រទេស​កម្ពុជាដែល​បាន​ហែល​ឆ្លង​សោក​នាដ​កម្ម​ក្នុង​របប​ខ្មែរក្រហម​ដ៏​ប្រល័យ។​

គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​ ​ត្រូវ​បាន​បង្កើត​ឡើង​នាថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​១៩៥១​ ក្រោម​ឈ្មោះ​ថា​ «គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា»។​

គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​អ្នក​វិភាគ​សង្គម​ និង​នយោបាយស្គាល់​ថា​ ជា​អតីត​បក្ស​កុម្មុយនិស្តដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឡើង​កាន់​អំណាច​ចាប់​តាំង​ពី​ដើម​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ​ ក្រោម​ការជួយជ្រោម​ជ្រែង​ពីរដ្ឋាភិបាល​ក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម​។

លោក​ កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម​ និង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​បក្ស​នយោបាយ​បែប​ប្រជា​ធិប​តេយ្យ​នៅ​តាម​មូល​ដ្ឋាន​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ គណបក្សប្រជាជន​កម្ពុជា​មិន​បាន​ចាត់​ទុក​ប្រជាជន​ជា​ធំ​ទេ ដោយ​លោក​ពន្យល់ថា​គណបក្ស​ប្រជាជន​កម្ពុជាមិន​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​យល់​ដឹងពីបញ្ហាធំៗ​ទាក់ទង​នឹងកិច្ចការសង្គមនិងការ​សម្រេចចិត្ត​ផ្នែកនយោបាយ​។​

លោក​អះអាង​ថា​ គណបក្ស​នយោបាយ​នេះ​ ក៏ពុំទាន់​បាន​នំាមក​ឲ្យ​ប្រទេស​កម្ពុជា​នូវ​លិទ្ធិប្រជា​ធិបតយ្យ​ពិតប្រាកដ​នៅ​ឡើយ​ដែរ ដោយសារ​តែផ្នត់​គំនិត​បែប​កុម្មុយ​នីស្ត​នៅ​បន្ត​មាន​នៅ​ឡើយ​ នៅ​ក្នុង​របៀប​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​គ្រា​ដែលអំណាច​មិនទាន់​បែង​ចែក​ឲ្យ​គ្រប់​គ្រាន់​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន។

«ភាគច្រើន​ចំណុច​ដែល​ខ្វះខាត​នៅមាន​គឺ​ទាក់​ទង​ទៅនឹងការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​តាម​បែប​វិមជ្ឈការ​ប្រជា​ធិបតេយ្យ​ផ្ទៃក្នុង​ជាតិ ផ្ទៃក្នុង​បក្ស»។​

​អ្នក​ស្រាវជ្រាវ​សង្គម​រូប​នេះ​ បាន​មើល​ឃើញ​ផងដែរ​នូវ​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​អភិវឌ្ឍ​តាំង​ពី​ប្រទេសនេះ ​មានហូរហៀរ​នូវ​ធនធាន​ធម្មជាតិ​រហូតដល់​សម្បត្តិ​ទាំង​អស់​នេះ​បាន​រលាយ​បន្តិចម្តង​ៗ​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​គណបក្សដែល​កាន់កាប់​កម្ពុជា​ជាយូរឆ្នាំមកនេះ។

អតីត​បក្សកុម្មុយនិស្តមួយនេះ ​ទទួលបានជំនួយ​យោធា​ពី​ប្រទេសវៀតណាម ដើម្បីផ្តួល​រំលំ​របប​វាល​ពិឃាដ​កម្ពុជា​ប្រជា​ធិបតេយ្យ ដ៏​អមនុស្សធម៌​និង​សាហាវ​ឃោរឃៅ​នៅ​ថ្ងៃទី​៧ខែមករា ឆ្នាំ​១៩៧៩៕

XS
SM
MD
LG