ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកវិភាគ៖​ លោក​ហ៊ុន សែន​ប្រមូល​ផ្តុំ​អំណាច​នៅ​ចំណុច​របត់​ពេល​គណបក្ស​ប្រឆាំង​មាន​សន្ទុះ​

  • នៅ វណ្ណារិន

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​តាំង​ផ្ទាំង​ថ្មី​នៃ​រូប​មេដឹកនាំ​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​ ដែល​មាន​តែ​រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​ និង​ប្រធាន​រដ្ឋ​សភា​ ហេង​ សំរិន​ ដើម្បី​អប​អរ​ខួប​ទី​៦៤​ នៃ​ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​២៨​ មិថុនា​។ (នូវ​ ពៅ​លក្ខិណា/VOA)

អ្នក​វិភាគយល់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ស្ថិត​ក្នុង​របត់​ផ្លាស់ប្តូរ​មួយ​បន្ទាប់​ពី​មរណភាពរបស់​អតីត​ប្រធាន​គណបក្ស​គឺ​លោក​ ជា ស៊ីម​ ខណៈ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​វ័យ​ចំណាស់​នេះ​គ្រោង​បារព្ធ​ខួប​អនុស្សាវរីយ៍​នៃ​ការ​បង្កើត​គណបក្ស​នេះ​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ។​

អ្នក​វិភាគ​យល់​ថា​ ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ រួមការ​ប្រមូល​ផ្តុំ​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ក្នុង​ការ​គ្រប់​គ្រង​គណ​បក្ស​ និង​ការ​ប្រកួត​ប្រជែង​រក​សំឡេង​ឆ្នោត​នា​ពេល​ខាង​មុខ។

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​លោក ​ជា ស៊ីម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​អ្នក​នយោបាយ​និយម​កណ្តាល​ បាន​លា​ចាក​លោក​ទៅ​ សមាជិក​អចិន្ត្រៃយ៍នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្លាស់​ប្តូររូប​សញ្ញា​គណបក្ស​នេះ​ពី​ថ្នាក់​ដឹក​នាំ​៣​រូប​មក​ពីរ​រូប​វិញ​ ដោយ​នៅ​សល់​តែ​រូប​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក ​ហេង សំរិន​ ប្រធាន​កិត្តិយស។​

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ លោក​ហ៊ុន សែន​ត្រូវ​បាន​សន្និបាត​គណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើសជា​ប្រធាន​គណបក្ស។
កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ លោក​ហ៊ុន សែន​ត្រូវ​បាន​សន្និបាត​គណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើសជា​ប្រធាន​គណបក្ស។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ លោក​ហ៊ុន សែន​ត្រូវ​បាន​សន្និបាត​គណៈកម្មាធិការ​កណ្តាល​ជ្រើសរើសជា​ប្រធាន​គណបក្ស​ ខណៈ​ពេល​ដែល​លោក ​ស ខេង​ និង​លោក​ សាយ ឈុំ​ ត្រូវ​កាន់​តំណែង​អនុប្រធាន​គណបក្សដូច​គ្នា។​ ស្លាក​បដា​ធំៗ​ដែល​មាន​រូប​លោក​ហ៊ុន សែន ​និង​លោក​ហេង សំរិន ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ជា​សាធារណៈ​ក្នុង​សប្ដាហ៍​នេះ​ ដោយ​មិន​បាន​បញ្ចូល​រូប​អនុប្រធាន​ថ្មី​ពីរ​រូប​ដែល​ទើប​នឹង​ត្រូវ​បានជ្រើស​រើស​នោះ​ទេ។​

អ្នក​ស្រាវ​ជ្រាវ​និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​គឺ​លោក​កែម ឡី​បានប្រាប់​វីអូអេ​ថា ការ​ផ្តាស់​ប្តូរ​នេះ​នឹង​អាច​នាំ​ឲ្យ​លោក​ហ៊ុន សែន​ទទួល​បាន​អំណាច​កាន់​តែ​ខ្លាំង​នៅ​ក្នុងប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​វា​ក៏អាច​ប្រែ​ជា​អរិភាព​នៅ​ក្នុង​គណបក្ស​ដែរ ប្រសិន​បើ​លោក​ហ៊ុន សែន​មិនធ្វើ​ការ​បែង​ចែក​តំណែងឲ្យ​បាន​ត្រឹមត្រូវ​នោះ។​

«ខ្ញុំ​គិត​ស្អីៗ ​វា​មាន​ការ​ផ្លាស់​ប្តូរ។​ វា​មាន​ការ​ប្រែប្រួល។​ ​វា​អាច​ល្អ​គ្រាន់​ជាង​មុន​ ដោយ​សារកាល​ពី​មុន​ គាត់​ធ្វើ​ទៅ​វា​ប៉ះ​ខែ្ស​នេះ​ ខ្យែ​នោះ។ ​អញ្ចឹង​ដល់​ឥឡូវ​គឺ​វា​មាន​តែ​មួយខ្សែ​ គាត់​កែ​ទៅ​ វាអាច​មាន​ប្រសិទ្ធ​ភាព​ជាង​មុន ឬ​ពេល​ដែល​គាត់​កែ​ខ្លាំង​ពេក​អាច​មាន​បញ្ហា​ដែរ​ ឧទាហរណ៍​ ​ដូច​ជា​ដក​អង្គរក្ស​ទៅ​បន្ទាយ​វិញ ​និង​មាន​ការ​ដក​ទីប្រឹក្សា​អី​ហ្នឹង​ វា​អាច​មាន​បញ្ហា​ដែរ​បើ​គាត់​ធ្វើ​មិន​ស្រួល​នោះ»។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ កន្លង​ទៅ​ ទីប្រឹក្សារបស់​លោក​ជា ស៊ីម​មួយ​ចំនួន​ត្រូវ​បាន​បញ្ចប់​តំណែង​របស់​ខ្លួន ​និង​មាន​ខ្លះ​ត្រូវ​បានតែង​តាំង​ឡើង​វិញជា​ទីប្រឹក្សារបស់​លោក​សាយ ឈុំ​ជំនួស​វិញ​ ដោយ​មាន​ឋានៈ​ចាប់​ពី​អគ្គនាយក​រហូត​ដល់​ទេស​រដ្ឋ​មន្ត្រី។​

បើ​ទោះ​ជា​មាន​ការ​ប្រមូល​កម្លាំង​របស់​គណបក្ស​ប្រជាជន​ឡើង​វិញ​ក៏​ដោយ ​តែ​លោក​កែម ឡី​យល់​ថា ​បរិបទ​និង​របៀប​គ្រប់គ្រង​របស់​គណបក្ស​ដែល​មាន​វ័យ​ចំណាស់​នេះ​ ​នៅ​តែ​ដដែល ​ដោយ​អំណាច​ធំ​គឺ​ប្រមូល​ផ្តុំ​នៅ​ក្នុង​គណៈធម្មាធិការ​អចិន្ត្រៃយ៍ ហើយ​ក្តី​សម្រេច​គឺ​លើ​ប្រធាន​គណបក្ស​នោះ​នៅ​ដដែល។​

លោក​សុខ ឦសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ទទួល​ស្គាល់​ថា ​អំណាច​ទាំង​ស្រុង​កំពុង​តែ​ប្រមូល​ផ្តុំ​លើ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ថ្មី ​ជ្រើស​រើស​ដោយ​សមាជិក​គណៈ​ធម្មាធិការ​កណ្ដាល​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ។​

«មិន​បាច់​វិភាគ​ទេ​ អា​ហ្នឹង​គេ​មើល​ឃើញ​ហើយ​ថា​ ​គឺ​អំណាច​ទាំង​អស់​គឺ​ធ្លាក់​ទៅ​លើ​ប្រធាន​ ហើយ​ប្រធាន​ហ្នឹង​គឺ​ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ ដែល​ចេញ​ពី​គណៈ​កម្មាធិការ​កណ្ដាល​ហ្នឹងគឺ​គេ​ជ្រើស​រើស​ចេញ​មក​អញ្ចឹង»។​

លោក​បាន​បន្ថែម​ថា ​ការ​ផ្លាស់​ប្តូរ​រូប​ភាពរបស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ក៏​តាម​ការ​សម្រេច​នៃ​មហា​សន្និបាត​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​ដែរ។

ដោយ​ឡែកលោក ​អ៊ូ វីរៈ​ ប្រធាននៃវេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក ​បាន​យល់​ថា​ ការ​ផ្លាស់ប្តូរ​ផ្ទៃ​ក្នុង​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នោះ​វា​គ្មាន​អ្វី​ប្លែក​ទេ​សម្រាប់រូប ដោយ​លោក​យល់​ថា ​អំណាច​ទាំង​អស់​នឹង​ត្រូវ​ធ្លាក់​ក្នុង​ដៃ​របស់​លោក​ហ៊ុន សែន​ ហើយ​ ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​សោតនឹង​អាច​នៅសល់​ត្រឹម​តែ​លោក​ហ៊ុន សែន។​ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​យល់​ថា ​ការ​ប្រមូល​ប្រជាប្រិយភាព​ពី​ប្រជាជនគឺ​ជា​ការ​សំខាន់​ជាង​ការ​ចែក​អំណាច​ក្នុង​គណបក្ស។​

«និយាយ​រួម​ទៅ​គឺ​មិន​បញ្ហា​ទេ​ ព្រោះ​វា​ជា​ផ្ទៃ​ក្នុង​គណបក្ស។​ ​ចំពោះ​ខ្ញុំ​ ឲ្យ​តែ​មាន​ការ​ប្រកួត​ប្រ​ជែង​នៅ​ក្រៅ​គណបក្ស​ និង​មាន​គណបក្ស​ដទៃ​គេ​អាច​ប្រកួត​ប្រជែង​តាម​រយៈ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ណា៎​គឺ​ល្អ​ហើយ។​ អញ្ចឹង​គណ​បក្ស​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​កែទម្រង់​ឲ្យ​ខ្លាំង​ដែរ ហើយ​បើ​ទោះ​ជា​មាន​ការ​ដឹក​នាំ​របៀប​ម៉េច ​តាម​បុគ្គល​ក៏ដោយ​ តាម​ជាក្រុម​ក៏ដោយ​ ​អា​ហ្នឹង​គឺ​ជា​សិទ្ធ​របស់​គណបក្ស​ទេ។ ហើយ​វា​មិន​មានប៉ះពាល់​ប៉ុន្មាន​ទេ។​ តាម​ពិត​ទៅ​សំខាន់​ភាព​ប៉ះពាល់​ទាំងឡាយ​គឺវា​ទាក់ទង​នឹង​ការ​ប្រកួត​ប្រជែង​នៅក្រៅ​គណបក្ស​នយោបាយ​ ប្រកួត​ប្រជែងតាម​រយៈ​ការ​បោះឆ្នោត​ទេ»។​

ស្រប​ពេល​នេះ​ដែរ​ លោក​កែម ឡី​បាន​យល់​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​ប្រឈម​ជា​មួយ​ការ​រីក​ដុះដាល​និងប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​ដៃ​គូ​ធំ​របស់​គេ​នោះ។​

គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​ ​ត្រូវ​បាន​បង្កើត​ឡើង​នាថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​១៩៥១​ ក្រោម​ឈ្មោះ​ថា​«គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា»។​ គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​នេះ​ ដែល​គេ​ស្គាល់​ថា​ ជា​អតីត​គណបក្ស​កុម្មុយនិស្តដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ បាន​ឡើង​កាន់​អំណាច​ចាប់​តាំង​ពី​ដើម​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ​ បន្ទាប់​ពី​កងទ័ព​វៀតណាម​បាន​ផ្តួល​រំលំ​របប​វាល​ពិឃាត​កម្ពុជា​ប្រជា​ធិបតេយ្យ ឬ​ប៉ុល ពត​ដ៏​សាហាវឃោរឃៅ៕

XS
SM
MD
LG