រដ្ឋមន្ត្រីការពារជាតិលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន អះអាងថា កងទ័ពដែលត្រូវដាក់ពង្រាយនៅតែបន្តការពារសនិ្តសុខ សុវត្ថិភាពនៅឡើយ នៅពេលលោក លោកសម រង្ស៊ី មេដឹកនាំក្រុមជំទាស់ដែល កំពុងនិរទេសខ្លួននៅក្រៅប្រទេសដាក់គម្រោងការជាថ្មីក្នុងការធ្វើដំណើរមាតុភូមិនិវត្តន៍មកកម្ពុជានៅថ្ងៃទី៩ វិច្ឆិការបស់លោកដែលមន្ត្រីរដ្ឋាភិបាលបានចោទប្រកាន់ថា ជាការប៉ុនប៉ងដឹកនាំពលករចំណាកស្រុកនិងប្រជាពលរដ្ឋ ដើម្បីផ្តួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣៤ឆ្នាំ។
ថ្លែងប្រាប់ VOA ក្រោយពីបុណ្យឯករាជ្យជាតិដែលមានព្រះរាជវត្តមានរបស់ព្រះមហាក្សត្រខ្មែរព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី លោក ទៀ បាញ់ លោកបានបញ្ជាក់ថា៖
«រឿងនេះវាពិបាកនឹងនិយាយមុន វាពិបាកណាស់ ព្រោះកិច្ចការទាំងនេះ តាមវោហាសាស្ត្ររបស់គេៗបានសម្រេចចិត្តប្រឹងប្រែងខ្លាំងក្លាណាស់ទោះជាយើងមើលឃើញថាស្ថានភាពនេះ វាមិនអាចទៅរបៀបហ្នឹងកើតទេ គឺថារដ្ឋមួយមិនអាចឲ្យ អ្នកមួយចំនួនក្រៅច្បាប់ហ្នឹងមកធ្វើអ្វីងាយៗស្រួលដូចគេបានគិតនោះទេ រដ្ឋមួយ គេមានឧបករណ៍ មានអំណាចការពាររដ្ឋរបស់គេផងដែរ»។
លោកបានអះអាងថា ការថមថយឬតានតឹងនៅតាមព្រំដែនក្តីវា ជាស្ថានការណ៍ មិនអាចទាយទុកបាន តែអាជ្ញាធរនៅតែការពារសន្តិសុខម្មត់ចត់ តាមគោលដៅ និងកន្លែងបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅពេលមានពិធីបុណ្យអំទូក អកអំបុក សពះព្រះខែចាប់ផ្តើមនៅថ្ងៃស្អែកនេះ។
លោក ទៀ បាញ់ បន្ថែមថា៖ «ការបន្ថែមកម្លាំងអីមួយចំនួនហ្នឹងគឺវាកំណត់ទៅលើស្ថានភាពជាក់ស្តែងនោះ ទីកន្លែងនោះវាមានការវិត្តយ៉ាងណានោះទេ ចំណែកសមត្ថកិច្ចធម្មតាដែលគេ បំពេញសមត្ថកិច្ចរបស់គេរៀងៗខ្លួននោះគឺគេបំពេញកិច្ចការងារគេធម្មតា អត់ មានស្អីទេ»។
ក្រុមអាជ្ញាធរបានបង្កើនសន្តិសុខនិងកម្លាំងប្រដាប់អាវុធនៅតាមជាយដែនដែលជាខេត្តជាប់ព្រំដែនថៃ ជាពិសេសដូចជាច្រកបោយប៉ែត និង បណ្តាខេត្តមួយចំនួននៅស្របពេលមានការរៀបចំពិធីបុណ្យអំទូក ទទួលទានអំបុកទូទាំងប្រទេសនោះ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្នុងពេលលោក កឹម សុខា ស្ថិតនៅក្នុងការឃុំខ្លួនក្នុងផ្ទះ ត្រូវគេរាយការណ៍មកថា បានធ្វើដំណើរតាមជើង យន្តហោះពីប្រទេសបារាំងមកប្រទេសម៉ាឡេស៊ីបន្ទាប់ពីលោកបានប្រកាសថាលោកនឹង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៩វិច្ឆិកា។ លោកអះអាងថា មានគេលួចប្តូរជើងយន្តហោះរបស់លោក និងថា មានការបញ្ជាមិនឲ្យដឹករូបលោកមកកាន់ប្រទេសថៃដែលជាកន្លែងលោក មានគម្រោងការ ប្រមូលផ្តុំជាមួយអ្នកគាំទ្ររបស់លោក និងពលករចំណាកស្រុក។
លោក សម រង្ស៊ី ដែលដាក់គម្រោងការមកកម្ពុជានៅថ្ងៃឆាប់ៗខាងមុខនេះ បានស្តីបន្ទោសរដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពីការចង់រារាំងដំណើររបស់ លោកដោយខ្លាចវត្តមានលោកផ្ទាល់នៅលើទឹកដីកម្ពុជា។
សមាជិកសភាអាមេរិក និង សមាជិកព្រឹទ្ធសភាអាមេរិក សម្តែងការព្រួយ បារម្ភចំពោះអំពើហិង្សាលើលោក សម រង្ស៊ី ដែលកំពុងតស៊ូធ្វើឲ្យគណបក្ស សង្គ្រោះជាតិរស់ឡើងវិញក្រោយពីការរំលាយមិនបានចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៨ ដើម្បីតស៊ូធ្វើឲ្យមានការបោះឆ្នោតឡើងវិញនិងទាមទារឲ្យ មានការដោះលែងលោក កឹម សុខា ដើម្បីលោកមានសេរីភាពធ្វើនយោបាយឡើងវិញ ដូចជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដទៃដែរ។
នៅក្នុងលិខិតរបស់អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលចំនួន៨រូប ដែលបានផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈស្ថានទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលគ្រោងនឹងវិលទៅដល់ប្រទេសកម្ពុជានៅថ្ងៃសៅរ៍ឬក៏ថ្ងៃឆាប់ៗខាងមុខនេះ។
លិខិតរបស់អ្នកតំណាងរាស្ត្រដែលបានចេញផ្សាយនៅថ្ងៃសុក្រ ហើយដែល VOA ទទួលបាន បញ្ជាក់ថា៖
«យើងព្រួយបារម្ភយ៉ាងខ្លាំងនឹងអត្ថាធិប្បាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានគំរាមកំហែងនិងបណ្តោយឱ្យមានអំពើហិង្សាប្រឆាំងនឹងអ្នកទាំងនេះ នៅពេលដែលពួកគេត្រឡប់ទៅវិញ»។
ក្រុមអ្នកតំណាងរាស្ត្របានបញ្ជាក់បន្ថែមថា៖
«យើងថ្កោលទោសរាល់ទម្រង់នៃអំពើហិង្សានយោបាយនៅកម្ពុជា។ ការអនុញ្ញាតឱ្យគណបក្សប្រឆាំងធ្វើសកម្មភាពដោយសេរីក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាចការសងសឹកនយោបាយគឺជាការចាំបាច់សម្រាប់ស្តារលទ្ធិប្រជាធិបតេយ្យ»។
អ្នកតំណាងរាស្ត្រទាំង៨រូបមកពីគណបក្សទាំងពីរនៅក្នុងសភាតំណាងរាស្ត្រគឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ រួមមានលោកអាឡាំង ឡូវឹនសល លោកស្ទីវ ឆាបុត្រ លោកអ៊ីលៀត អ៊ីងហ្កល លោកថេត យូហូ លោកប្រែដ សឺមឹន លោកជែម ម៉ាក់ហ្កូវឺន លោកស្រីឡូរី ត្រាហាន់ និងលោកជេរ៉ល ខូណូលី។
សកម្មជននិងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាង៥០នាក់ត្រូវបានចាប់ឃុំឃាំង ក្រោយពីការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់លោកសមរង្សី កាលពីខែសីហា។
លោក សម រង្ស៊ី និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីគណបក្សចំនួន២០នាក់ទៀត មាននៅក្នុងបញ្ជីចាប់ខ្លួនដែលអាជ្ញាធរបានបិទប្រកាសនៅតាមទីសាធារណៈ ដោយអាជ្ញាធរចាត់ទុកថាជា«ក្រុមឧទ្ទាមក្បត់ជាតិ» ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ក៍ប៉ុន្តែនៅក្នុងលិខិតរបស់លោក ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលផ្ញើថ្វាយព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សហមុនី ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ លោក ត្រាំបាន បញ្ជាក់ថា សហរដ្ឋអាមេរិកឈរជាមួយនឹងពលរដ្ឋកម្ពុជាដែលចង់បានព្រះរាជាណាចក្រ ប្រកបដោយសន្តិភាព វិបុលភាព លទ្ធិប្រជាធិបតេយ្យនិង អធិបតេយ្យភាព៕