ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​ខ្ទប់​និង​បិទ​ផ្សារ​ប៉ះពាល់​ដល់ការ​ផ្គត់​ផ្គង់​ចែក​ចាយ​ស្បៀង​ក្នុង​រាជ​ធានី​ភ្នំពេញ


រូបឯកសារ៖ អាជីវករម្នាក់ដែលកំពុងដឹកសាច់មាន់ទៅកាន់ផ្សារ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់នៅតំបន់បិទច្រកចេញចូលមួយកន្លែង នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈភ្នំពេញកំពុងរងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ អាជីវករម្នាក់ដែលកំពុងដឹកសាច់មាន់ទៅកាន់ផ្សារ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់នៅតំបន់បិទច្រកចេញចូលមួយកន្លែង នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈភ្នំពេញកំពុងរងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។

ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ការ​បិទ​ផ្សារ​បន្លែ​ជា​បន្ត​បន្ទាប់ ដើម្បី​ទប់​ទល់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ បាន​បង្ក​ផល​ប៉ះពាល់ ដូច​ជារអាក់​រអួល​ដល់​ចរន្ត​ផ្គត់​ផ្គង់​ស្បៀង​អាហារ ​ជា​បន្លែ​ អាហារ​ត្រីសាច់​ដល់​ប្រជាជន​ជាង​ ២​ លាន​នាក់ ​ដែល​កំពុង​កំហិត​ខ្លួន​នៅ​ផ្ទះ។

ចាប់​តាំង​ពី​ថ្ងៃទី​ ១៥ ​ខែ​មេសា​មក រាជ​ធានីភ្នំពេញ និងក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​ ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់ ដែល​ជា​វិធាន​ការ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លើយ​តប​នឹង​កំណើន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​សហ​គមន៍​ដែល​កើន​ឡើង​ខ្លាំង​ក្នុង​ខែមេសានេះ។

អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​សម្រេច​បិទ​ផ្សារ​ជា​បន្ត​បន្ទាប់ ខណៈ​រក​ឃើញ​ការ​ឆ្លង​វីរុស​ទៅ​លើ​បណ្ដា​អាជីវ​ករ​និង​អតិថិជន។ មក​ទល់​នឹង​ថ្ងៃទី​ ២៣ ​ខែ​មេសា​នេះ មាន​ផ្សារ​យ៉ាងតិច ២៥​ ទីតាំង​ហើយ​ដែល​ត្រូវ​បាន​បិទ ដើម្បី​បញ្ចៀស​មនុស្ស​កកកុញ។

អ្នកស្រី ស៊ី​ រ៉ាស៊ី អាជីវករ​បោះ​ដុំ​បន្លែ​នៅ​ផ្សារ​ដើម​គ និង​ស្វាមី ព្រម​ទាំង​អាជីវករ​ផ្សេង​ទៀត​នៅ​ផ្សារ​នេះ ​ត្រូវ​បាន​តម្រូវ​ឱ្យផ្អាក​អាជីវកម្ម​ទាំង​ស្រុង តាំង​ពី​សប្ដាហ៍​មុន ដើម្បី​ធ្វើ​តេស្ដ​រក​មេរោគ​កូវីដ​១៩ បន្ទាប់​ពី​មាន​ការ​ឆ្លង​រាលដាល​ក្នុងចំណោម​អាជីវករ​ក្នុង​ផ្សារ​ដ៏​ធំ​មួយ​នេះ។

អាជីវករ​វ័យ​ ២២ ​ឆ្នាំ​រូប​នេះ ​និង​ស្វាមី ទទួល​បាន​លទ្ធ​ផល​តេស្ដ​អវិជ្ជមាន ប៉ុន្តែ​តម្រូវ​ឱ្យ​ធ្វើ​ចត្តា​ឡីស័ក។

អ្នកស្រី​បាន​លើក​ឡើង​ថា​ ការ​ផ្អាក​អាជីវកម្ម​ទាំង​ស្រុង​នៅ​ផ្សារ​ដើមគ និង​ផ្សារ​ផ្សេង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ បានប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​អាហារ ដ្បិត​អ្នក​ផ្គត់​ផ្គង់​ដឹក​ជញ្ជូន​មក​លក់​ឱ្យអ្នកស្រី ក៏​ពិបាក​ចូល​មក​ភ្នំពេញ ហើយ​ចូល​មក​ ក៏​មិន​ដឹង​ទៅ​លក់​នៅ​កន្លែង​ណា។

អ្នកស្រី​ប្រាប់វីអូអេ​ថា៖ «អាច បង​អាច ព្រោះ​សូម្បី​តែ​ពួក​ខ្ញុំ ពេល​ខ្លះ​សឹង​តែ​អត់​មាន​សាច់​ញ៉ាំ​នៅផ្ទះ រាល់​ថ្ងៃ​ហូប​តែ​បន្លែ»។

អ្នកស្រី រ៉ាស៊ី បន្ថែម​ថា ​អ្នកស្រី​នៅ​សល់​បន្លែ​ខ្លះ ដែល​អាច​ធ្វើ​ជា​អាហារបរិភោគ​ជា​បណ្ដោះ​អាសន្ន ខណៈ​មាន​ការ​លំបាក​ចេញ​ក្រៅ​ផ្ទះ។

អាជីវករ​បន្លែ​រូប​នោះ​ក៏​បាន​ស្នើ​ដែរ​ថា​ ក្រុម​អាជីវករ​ដែល​ទទួល​បាន​តេស្ដ​អវិជ្ជមាន​គួរ​ត្រូវ​បាន​អនុ​ញ្ញាតឱ្យ​ចេញ​មក​លក់​ខ្លះ​ៗវិញ ដោយ​គោរព​តាមវិធាន​ការ​អនាម័យ ដើម្បី​ធានា​ការ​ផ្គត់​ផ្គង់​ស្បៀង​ក្នុង​ក្រុង​។

អ្នកស្រី​បន្ថែម​ថា៖ «បើ​បាន​ជម្រើស​ហ្នឹង​ក៏​ល្អដែរ ព្រោះ​អី​មួយ​រយៈ​ហ្នឹង​ពួក​យើង​នៅ​ផ្ទះ​អ៊ីចឹង ខ្វះ​ខាត​ពួក​យើង​អត់​សូវ​មាន​លុយ​គ្រប់​គ្រាន់ ​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព ព្រោះ​នៅ​ផ្ទះ​បង ​ក៏​ដឹង​ស្រាប់​ហើយ អត់​មាន​ចំណូល​អ្វី​ត្រូវ​ចូល​ទេ»។

រូបឯកសារ៖ ស្ថានភាព​សង្គម​ និងសេដ្ឋកិច្ច​នៅក្នុងទីក្រុង​ភ្នំពេញ​បាន​ប៉ះពាល់ធ្ងន់ធ្ងរ​ក្នុងអំឡុង​នៃ​ការផ្ទុះ​ឆ្លង​ជំងឺកូវីដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​តាំងពី​ព្រឹត្តិការណ៍២០កុម្ភៈ ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី​២១ ខែ​មីនា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ ស្ថានភាព​សង្គម​ និងសេដ្ឋកិច្ច​នៅក្នុងទីក្រុង​ភ្នំពេញ​បាន​ប៉ះពាល់ធ្ងន់ធ្ងរ​ក្នុងអំឡុង​នៃ​ការផ្ទុះ​ឆ្លង​ជំងឺកូវីដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​តាំងពី​ព្រឹត្តិការណ៍២០កុម្ភៈ ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី​២១ ខែ​មីនា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

រូបឯកសារ៖ កម្មកររោងតចក្រនៅតំបន់ជ្រាយរាជធានីភ្នំពេញជាប់ខេត្តកំពង់ស្ពឺ កំពុងរង់ចាំធ្វើដំណើរចូលក្រុងវិញ ខណៈភ្នំពេញរងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ កម្មកររោងតចក្រនៅតំបន់ជ្រាយរាជធានីភ្នំពេញជាប់ខេត្តកំពង់ស្ពឺ កំពុងរង់ចាំធ្វើដំណើរចូលក្រុងវិញ ខណៈភ្នំពេញរងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១។

លោក យ៉ង សាំងកុមារ អ្នក​ជំនាញ​ខាង​កសិកម្ម​និង​ជាសហស្ថាបនិក​គណ​បក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន (GDP)​ បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​គួរ​ពិចារ​ណា​ឡើង​វិញលើ​ជម្រើស​បិទ​ផ្សារ​ទាំង​ស្រុង ខណៈ​ការ​ផ្គត់​ផ្គង់​ចែក​ចាយ​ស្បៀង​អាហារ​នៅ​ក្នុង​ទីក្រុង​ជួប​បញ្ហា​រអាក់រអួល។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​រៀបវា​ឡើង​វិញ អ្នក​ដែល​គាត់​អត់​មាន​ផ្ទុក​មេរោគ ឱ្យ​គាត់​លក់​ត​ទៀត​ទៅ អ្នក​ដែល​គាត់​មាន​ផ្ទុក​មេរោគ​យក​គាត់​ទៅ​ព្យាបាល​ទៅ ហើយ​យើង​ឧស្សាហ៍​ធ្វើ​តេស្ដ​ពួក​គាត់ តែ​ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​គឺ​យើង​ត្រូវ​ឱ្យ​គាត់​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ»។

អ្នក​ជំនាញ​ខាង​កសិកម្ម​រូប​នោះ បាន​ឲ្យ​ជា​យោបល់​ថា រដ្ឋាភិបាល​គួរ​បញ្ឈប់​អាជីវកម្ម​មិន​ចាំបាច់​ក្នុង​ផ្សារ ដើម្បី​ទុក​កន្លែង​ឱ្យ​អាជីវករលក់​ម្ហូប​អាហារ​ត្រី​សាច់ និង​រក្សា​គម្លាត​សុវត្ថិភាព។

វីអូអេ ​មិន​ទាន់​អាច​ទាក់​ទង​អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាស​ភក្តី ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ។

យ៉ាងណាក៏ដោយ ទាក់ទិន​នឹងរឿង​បិទ​ផ្សារ​និង​ការ​ផ្គត់​ផ្គង់​អាហារ​នេះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិផ្នែក​ខេមរ​ភាសា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អាជ្ញាធរ​កំពុង​សម្រួល​ដឹកជញ្ជូន​បន្លែ​ត្រី​សាច់ តាម​រថយន្ត​ក្រុង​ទៅ​លក់​តាម​ទីតាំង​នានា​ក្នុង​រាជធានី​ភ្នំពេញ ហើយ​អាជ្ញាធរ​ក៏​មិន​បាន​ហាម​ឃាត់​ការ​ដឹកបញ្ជា​ទិញ​តាម​អន​ឡាញ​នោះ​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែវាពិតជាលំបាកជាង​កាល ដែលយើងមិន​ទាន់បិទខ្ទប់ វាពិត​ជា​លំបាក​ហើយ តែ​ការ​លំបាក​របស់​យើង​នេះ ចៀស​មិន​ផុត​ នៅ​រយៈពេល​ខ្លី ប្រសើរ​ជាង​លំបាក​រយៈ​ពេល​វែង ប៉ុន្តែ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​និង​រាជ​រដ្ឋាភិបាល កំពុង​រិះរក​មធ្យោបាយ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​មាន​ភាព​ធូរ​ស្រាល​ឡើង»។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​សុខភាព​ពិភព​លោក ​(WHO) បាន​លើក​ឡើង​ថា​ រដ្ឋនានា​ត្រូវ​គិត​គូរ​ថ្លឹង​ថ្លែង​វិធាន​ការ​រដ្ឋបាល​ក្នុង​ការ​បិទ​ផ្សារ​ ឬ​បិទ​ទីតាំង​នានា​ជាមួយ​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​បណ្ដាល​ពី​ការ​បិទ​នោះ។

លោកស្រី​បញ្ជាក់​ថា​ ការ​បន្ត​ឱ្យ​ផ្សារ​បើក អាច​ធ្វើ​បាន​តាម​រយៈ​ការ​អនុវត្ត​វិធាន​ការ​អនាម័យ ពិនិត្យ​កម្តៅ​របស់អាជីវ​ករ​និង​កម្មករ​ក្នុង​ផ្សារ រក្សា​គម្លាត​ពី​តូប​មួយ​ទៅ​តូប​មួយ ផ្ដល់​ទឹក​លាង​ដៃ​រក្សា​អនា​ម័យ​និង​កំណត់​ចំនួន​មនុស្ស​ក្នុង​ផ្សារ។

យ៉ាងណា​ក៏​ដោយ ក្រុម​អ្នក​ដាំ​ដុះ​និង​ដឹក​ជញ្ជូន​បន្លែ​វិញ បាន​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​នៃ​ការធ្វើ​ដំណើរ​ពិបាក​និង​ស្មុគស្មាញ​ក្នុង​ការ​ដឹក​ស្បៀង​ឱ្យ​មក​ដល់​ភ្នំពេញ។​

អ្នកស្រី ញ៉ែម សុវណ្ណារី កសិករ​ដាំ​បន្លែ​នៅ​ស្រុក​ត្រាំ​កក់​ខេត្ត​តាកែវ លើក​ឡើង​ថា​ ការ​ផ្គត់ផ្គង់​កសិផល​របស់​អ្នកស្រី​និង​សមាជិក​សហគមន៍​កសិកម្ម​មក​ភ្នំពេញ ជួបឧបសគ្គ ដោយ​អ្នក​ដឹក​ជញ្ជូន​មាន​កាន់​តែ​តិច​ទៅ ប្រឈម​មុខ​នឹង​រនាំងរបស់​សមត្ថ​កិច្ច​ជា​ច្រើន​កន្លែង ទម្រាំ​មក​ដល់​ភ្នំពេញ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «បាន​ផ្ញើ​ទៅ​បន្តិចៗ​ដែរអូន តែវា​ពិបាករឿ​ង​នាំ​ចូល បើ​ឡាន​គាត់​ត្អូញ​ពិបាក​ប្រាប់​បង​ថា ​ពេល​យក​ទៅ​មាន​រនាំងច្រើន​កន្លែង​ដែល​គាត់​ហាម ហើយ​រនាំង​មួយៗ​ហ្នឹង​ពូឡាន​ហ្នឹង​គាត់​សុំ​អនុញ្ញាត​ខាង​អ្នក​ដែល​យាម​ផ្លូវ​ហ្នឹង លើក​ដៃ​សំពះ​ថា​ បន្លែរបស់​កសិករ​ទេ​នាំ​យក​ទៅ​ផ្សារ»។

ចំណែក​អ្នកស្រី គីម ង៉ិច ជា​កសិករ​ដាំស្ពៃ​សាឡា​ដ​នៅក្នុង​ឃុំ​ទឹក​វិល ស្រុ​កស្អាង ខេត្ត​កណ្ដាល បាន​លើក​ឡើង​ថា​ ការ​បិទ​ផ្សារ​និង​បិទ​ខ្ទប់បាន​ប៉ះពាល់​ដល់​ការ​ប្រមូល​ទិញ​បន្លែ​នៅ​ក្នុង​មូលដ្ឋាន​អ្នកស្រី ហើយ​អ្នកស្រី​បារម្ភ​ថា​ស្ពៃ​សាលាដ​ដែល​ត្រូវ​ប្រមូល​ផល​នៅ​ចុង​សប្ដាហ៍​នេះ អាច​នឹង​គ្មាន​ទីផ្សារ ខណៈ​ការ​បិទ​ទីក្រុង​ត្រូវ​បាន​កំណត់​បញ្ចប់នៅ​ថ្ងៃ​ទី​ ២៨ ខែ​មេសា ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ​តើរដ្ឋា​ភិបាល​នឹង​បន្ត​អូស​បន្លាយ​ការ​បិទ​ខ្ទប់​នេះទៀត ឬ​យ៉ាង​ណា៕

XS
SM
MD
LG