ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​៦៥០​នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា ខណៈ​អ្នក​ស្លាប់​កើន​ឡើង​ដល់​៦១​នាក់


រថយន្ត​សង្គ្រោះបន្ទាន់​​របស់ក្រុមមន្ត្រីសុខាភិបាល​រង់ចាំ​ដឹកអ្នកជំងឺកូវីដ១៩ ​ដើម្បី​ទទួល​ការ​ព្យាបាល​នៅតាម​មណ្ឌលព្យាបាលនានា​ ឬ​ពេល​មាន​ផ្លាស់​ប្តូរទីតាំង​ទីតាំងព្យាបាល រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៩ ខែ​មេសា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
រថយន្ត​សង្គ្រោះបន្ទាន់​​របស់ក្រុមមន្ត្រីសុខាភិបាល​រង់ចាំ​ដឹកអ្នកជំងឺកូវីដ១៩ ​ដើម្បី​ទទួល​ការ​ព្យាបាល​នៅតាម​មណ្ឌលព្យាបាលនានា​ ឬ​ពេល​មាន​ផ្លាស់​ប្តូរទីតាំង​ទីតាំងព្យាបាល រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៩ ខែ​មេសា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ជាង​ ៦៥០​ នាក់​ទៀត ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ខណៈ​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើង​ទៅ​ដល់​ ៦១ នាក់។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​ឲ្យ​ដឹង​ថា ​អ្នក​ឆ្លងជំងឺ​កូវីដ​១៩​ មាន​ចំនួន​ ៦៥៥​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​នៅ​ភ្នំពេញ​ដែល​មាន​ចំនួន ​៥២២ ​នាក់និង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ ១១៣​ នាក់។ ករណី​ឆ្លង​សរុប​ចាប់​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ មាន​ចំនួន​សរុប ​៨.៣០១​នាក់​។

ចំនួន​អ្នក​ស្លាប់​ថ្មីមាន​ ២ ​នាក់ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ​សរុប​ក្នុង​ប្រទេស​មាន​ចំនួន​ ៦១​ នាក់។ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ទៀតថា ​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះមាន​ចំនួន​ ២២៤ ​នាក់។

ដោយសារ​ករណី​ឆ្លង​បន្ត​កើន​ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ រដ្ឋបាល​ខេត្តបាន​សម្រេច​បិទ​ខ្ទប់​ក្រុង​ព្រះ​សីហនុ បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ដូច​ក្រុង​ភ្នំពេញ រយៈ​ពេល​ ២ ​សប្តាហ៍ គឺ​ចាប់​ថ្ងៃ​ទី​ ២៣ ខែ​មេសា ដល់​ថ្ងៃ​ទី​ ៦ ខែ​ឧសភា។

ដូចគ្នា​នឹង​ការ​បិទ​ខ្ទប់​ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ ប្រជា​ពលរដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​ផ្ទះ តែ​លើក​លែង​ករណី​ចាំបាច់​មួយ​ចំនួន​ ទាក់​ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​និង​ការ​បំពេញ​ការងារ​ក្នុង​វិស័យ​ឯកជន ដែល​ទទួលបាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ៕

XS
SM
MD
LG