ប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មមួយចំនួននៅរាជធានីភ្នំពេញ បានសាទរចំពោះលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើកទី៤រកជំងឺកូវីដ១៩ ក្នុងចំណោមអ្នកធ្វើចត្តាឡីស័កដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី។ រដ្ឋមន្ត្រីដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ក្នុងប្រទេសថៃ ក្រោយលោកបានចាកចេញពីរាជធានីភ្នំពេញ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា អ្នកជាប់ពាក់ព័ន្ធប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីចំនួន ១៤២២នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ជាលើកទី៤ ជាលទ្ធផល គឺអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់គ្នា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃពុធ ក៏បានប្រកាសឲ្យបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា គឺចាប់ពីសប្តាហ៍ក្រោយទៅ។ ចំណែករោងភាពយន្ត ពហុកីឡាដ្ឋានជាតិអូឡាំពិក សារមន្ទីរ ពិធីរៀបការ ការជួបជុំប្រារព្ធពិធីសាសនា នឹងបើកដំណើរឡើងវិញជាធម្មតា។
លទ្ធផលធ្វើតេស្តលើកទី៤នេះ ដែលជាការតម្រូវរបស់ក្រសួងសុខាភិបាល ដើម្បីធានាថាមិនមានជំងឺកូវីដ១៩ គឺជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋខ្មែរដែលប្រកបរបរអាជីវកម្ម ដើម្បីពួកគេអាចរកស៊ីឡើងវិញ។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group ដែលគ្រប់គ្រងសាលារៀន Westline មានប្រសាសន៍ថា នេះពិតជាដំណឹងគួរឲ្យរីករាយបំផុត ដែលលោកបានទន្ទឹងរង់ចាំទាំងព្រួយបារម្ភយ៉ាងខ្លាំងអស់រយៈពេលជាង១០ថ្ងៃកន្លងមកនេះ ។
លោកបន្តថា សាលារៀនរបស់លោក នឹងបើកឲ្យសិស្សចូលរៀនឡើងវិញតាមការគ្រោងទុកនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។
លោកមានប្រសាសន៍ថា៖ «ភ្លាមៗហាក់បីដូចជាទំហំនៃការចាប់ផ្តើមការបារម្ភចង់ធំជាងកាលពីខែ៣ [ខែមីនា] ផង។ តែឥឡូវ ធូរមែនទែន អាហ្នឹង គឺជាដំណឹងដែលល្អបំផុត ដែលយើងអាចដំណើរការបាននៃការសិក្សារបស់សិស្ស វាអាចត្រឡប់មកដូចដើមវិញ»។
កាលពីខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំបានប្រកាសម្តងហើយឲ្យសាលាទាំងអស់នៅទូទាំងប្រទេសផ្អាកការសិក្សាមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ក្រសួងអប់រំ ក៏បានចាប់ផ្តើមឲ្យសាលាបើកដំណើរការដំណាក់កាលដំបូងក្នុងខែសីហា ដោយបង្រៀនផ្ទាល់ខ្លះនិងតាមអនឡាញខ្លះ។ ការបើកដំណើរការសាលាទើបតែបានមួយរយៈ រដ្ឋាភិបាលក៏ប្រកាសឲ្យផ្អាកម្តងទៀតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ក្រោយពេលដែលមានមនុស្សម្នាក់ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ ក្រោយពីបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី។
ក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសបើកដំណើរការសាលារៀនឡើងវិញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា មានប្រសាសន៍ថា ទោះមានការបើកសាលារៀនឡើងវិញទាំងកូនសិស្ស ឪពុកម្តាយ ម្ចាស់គ្រឹះស្ថានអប់រំទាំងអស់ ត្រូវចូលរួមប្រកាន់ភ្ជាប់អនាម័យឲ្យបានត្រឹមត្រូវ តាមស្តង់ដារសុវត្ថិភាព ជាពិសេសសាលារៀនឯកជន ត្រូវដាក់សិស្សក្នុងមួយថ្នាក់ មិនឲ្យលើស២៥នាក់នោះទេ។
លោកមានប្រសាសន៍ថា៖ «ដូច្នេះ គឺថាទោះបីជាយើងបើកឲ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ចាប់តាំងពីថ្ងៃទី២៣ វិច្ឆិកាក្តី ក៏យើងទាំងអស់គ្នាត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារសុវត្ថិភាពអនាម័យ ដែលក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បានដាក់ចេញ»។
ជាមួយគ្នានេះដែរ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋាភិបាលក៏សម្រេចឲ្យផ្អាកបណ្តោះអាសន្នផងដែរនូវកន្លែងប្រមូលផ្តុំមួយចំនួន រួមមានការប្រគំតន្ត្រី កន្លែងច្រៀងកម្សាន្ត ខារ៉ាអូខេ ក្លឹបកម្សាន្ត បៀរហ្គាឌិន ក្លឹបហាត់ប្រាណ កាស៊ីណូ និងកន្លែងប្រារព្ធពិធីសាសនាជាដើម ។ ប៉ុន្តែនៅពាក់កណ្តាលខែសីហា រោងភាពយន្ត និងរោងសិល្បៈ ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ។ ប៉ុន្តែកន្លែងទាំងនោះត្រូវបានឲ្យផ្អាកម្តងទៀត កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩នេះ។
លោក ជី សិលា ម្ចាស់រោងភាពយន្ត Major Cineplex និងជាម្ចាស់អាជីវកម្មលើមុខរបរមួយចំនួនទៀត មានប្រសាសន៍ថា រយៈពេលជាង១០ថ្ងៃនៃការផ្អាកលើកទីពីរនេះ ពិតជាមានហានិភ័យខ្ពស់បំផុត ជាពិសេសសម្រាប់អ្នកដែលមានអាជីវកម្មជាច្រើន។
លោកបន្តថាការអនុញ្ញាតឲ្យបើកដំណើរការរោងភាពយន្តឡើងវិញភ្លាមៗ និងកន្លែងមួយចំនួនទៀត គឺជាសញ្ញាល្អមួយសម្រាប់ការងើបឡើងរបស់សេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកមានប្រសាសន៍ថា៖ «គាត់[រដ្ឋាភិបាល] ក៏យល់ពីស្ថានភាពសង្គម ហើយក៏គាត់យល់ពីស្ថានភាពសេដ្ឋកិច្ចដែរ។ វាជារឿងមួយដែលប្រពៃមែនទែន ពីព្រោះភ្លាមៗឡើង គឺខាងក្រសួងសុខាភិបាល ក៏បានចេញលិខិត១ភ្លាមៗដែរ ដែលប្រកាសឲ្យបើកដំណើរការរោងភាពយន្ត សារៈមន្ទីរឡើងវិញ។ ការងារមួយចំនួន គឺយើងត្រូវការសម្រេចចិត្តលឿនធ្វើឲ្យបានរហ័ស។ អ៊ីចឹង សេដ្ឋកិច្ចក៏ដូចគ្នាដែរឲ្យតែយើងចេះប្រែប្រួលទៅតាមស្ថានការណ៍»។
ការប្រកបរបររបស់ប្រជាពលរដ្ឋ ទើបតែចាប់ផ្តើមងើបឡើងវិញបានបន្តិច ក្រោយពីស្ងប់ស្ងាត់ជំងឺកូវីដ១៩នេះ អស់រយៈពេលជាច្រើនខែ។ ប៉ុន្តែវាបានធ្លាក់ចុះមកវិញយ៉ាងខ្លាំងម្តងទៀត បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ១៩ កាលពីដើមខែវិច្ឆិកា។
កំពុងអង្គុយលើរម៉កកង់បី តាមចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញ លោក សឿន សុវណ្ណារ៉ា មានប្រសាសន៍ថា កាលពីមិនមានជំងឺកូវីដ១៩ លោកអាចរកចំណូលបាន៧ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែពេលមានជំងឺកូវីដ១៩ ចំណូលរបស់លោក បានធ្លាក់មកត្រឹម៣ម៉ឺនរៀល បន្ទាប់មក ក៏បានកើនឡើង៥ម៉ឺនរៀលវិញ។ តែនៅក្នុងអំឡុងពេលផ្ទុះជំងឺនេះម្តងទៀត ចំណូលរបស់លោក ក៏បានធ្លាក់មកត្រឹម២ម៉ឺនរៀលវិញក្នុងមួយថ្ងៃ។ លោកបន្តថា លោកពិតជាព្រួយបារម្ភខ្លាំងចំពោះការធ្លាក់ចុះចំណូលម្តងទៀត ក៏ប៉ុន្តែ ពេលនេះស្ថានភាពល្អប្រសើរ ដូច្នេះលោកសង្ឃឹមថា ប្រាក់ចំណូលរបស់លោកនឹងកើនឡើងវិញ។
លោកថ្លែងប្រាប់VOAថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំអរ ដោយសារយើងអត់មានកំណើនការឆ្លងហ្នឹងច្រើន។ សង្ឈឹមថា សេដ្ឋកិច្ចយើង នឹងដើរ ហើយប្រជាពលរដ្ឋអាចរកស៊ីទទួលទានធ្វើតាមជំហានរបស់គាត់ ដើម្បីកាត់បន្ថយការលំបាកផ្សេងៗ»។
ចំណែកអ្នកស្រី សាត គន្ធណារី ជាអ្នកលក់ម្ជូរនៅតាមផ្លូវនៅទីក្រុងភ្នំពេញ ក៏បានបង្ហាញអារម្មណ៍អបអរយ៉ាងខ្លាំង នៅពេលដឹងថា មិនមានអ្នកឆ្លងថ្មី ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមានអារម្មណ៍អរណាស់ ហើយរីករាយទៀត ដោយសារវាអត់មានការឆ្លង។ អ៊ីចឹង សាលាបើកឡើងវិញ កូនខ្ញុំបានចូលរៀនត្រឹមត្រូវវិញ។ ចំណូលខ្ញុំ មួយថ្ងៃបាន៤ ទៅ៥ម៉ឺនដែរ។ ដល់ពេលផ្ទុះរយៈក្រោយនេះមក ធ្លាក់ដល់បាតដាលតែម្តង ស្ងាត់ឈឹង។ តាំងពីព្រឹករហូតដល់ស្មាននេះ ទើបតែបានលុយ៦ពាន់រៀលហើយ ស្ងាត់អ៊ីចឹងហើយបើយប់មិញទៅលក់ពោតលីងទៀត បានលុយតែ៣ពាន់រៀលគត់។ លើកមុនសៅរ៍ អាទិត្យអី ពួកខ្ញុំអាចរកចំណូលពី៥ ទៅ១០ម៉ឺន។ ហើយខ្ញុំបន់ឲ្យតែអាកូវីដចង្រៃហ្នឹង ឲ្យវាចប់ទៅ ឲ្យពួកខ្ញុំស្រួលរកស៊ីវិញ»។
កាលពីយប់ថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យបើកដំណើរការអាជីវកម្មឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ច ប៉ុន្តែលោកអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងក៏មិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង។ ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីឲ្យរម្លឹកបងប្អូនជានិច្ចជាកាលប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម»។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន៣០៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន២៩១នាក់។ ក្រសួងសុខាភិបាលឲ្យដឹងទៀតថាការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដោយផ្ទាល់និងប្រយោល មានប្រមាណជា១.៨០០នាក់ ដែលក្នុងនោះមនុស្ស៤នាក់ មានឆ្លងកូវីដ១៩ គឺជនជាតិខ្មែរ៣នាក់ និងបរទេសម្នាក់ ជាឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។ ក្នុងចំណោមអ្នកទាំង៤នោះ មានម្នាក់បានជាសះស្បើយហើយ៕