ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​អាច​នឹង​ចាញ់​ប្រៀប​ប្រទេស​ផ្សេងៗ​ ពេល​សមាហរណ​កម្ម​អាស៊ាន

  • គង់ សុឋានរិទ្ធ

ការ​បង្កើត​សហគមន៍​សេដ្ឋ​កិច្ច​តែមួយ​នៅ​ចុង​ឆ្នាំ​ក្រោយ​នេះ​ នឹង​បើក​របាំងពន្ធគយ​ ឬ​មាន​ន័យថា​​ ការ​នាំទំនិញ​ផ្សេងៗ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​នឹង​មិនត្រូវ​យក​ពន្ធ​នោះ​ទេ។
នៅ​ពេល​ដែល​បណ្តា​ប្រទេស​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា ​អាស៊ាន​នឹង​ឈាន​ដល់​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​នៅ​ចុង​ឆ្នាំ​២០១៥ ​ក្រុម​មន្ត្រី​កម្ពុជា​បាន​សម្លឹង​ឃើញ​ថា ​កម្ពុជា​នៅ​មាន​កម្លាំង​ខ្សោយ​នៅ​ឡើយ​ដើម្បី​ធ្វើ​សមាហរណ​កម្ម​ក្នុង​សហគមន៍​នេះ។​

លោក​បណ្ឌិត​ កែម ឡី ​អ្នកស្រាវជ្រាវ​កិច្ច​អភិវឌ្ឍសង្គម​ មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​សូវ​ទទួល​ផល​ចំណេញ​ពី​សមាជិក​ភាព​ក្នុង​សមាគម​តំបន់​នេះ​ទេ។​

អ្នក​ស្រាវជ្រាវរូប​នេះ​មើល​ឃើញ​ថា​ កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ផ្នែក​កសាង​គតិយុត្តិ ​ឬ​ផ្នែក​ច្បាប់​ និង​កិច្ច​ព្រមព្រៀង​នានា ​ប៉ុន្តែ​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​មិន​សូវ​ទទួល​បានផល​ចំណេញ​ពី​សមាគម​អាស៊ាន​នោះ​ទេ។​

«បើ​យើង​ចូល​អាស៊ាន​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការនាំ​ទំនិញ​ចេញ។ ​ប៉ុន្តែ​យើង​អត់មាន​ទំនិញនាំ​ដដែល។​ ទំនិញ​ដែល​យើង​នាំ​ចេញ​ភាគ​ច្រើន​គឺ​ដោយសារ​ឈ្មួញ​មក​ពីប្រទេស​ចិន ​តៃវ៉ាន់ ​និង​ជប៉ុន​ជាដើម។​ ចំណែក​ឯ​ផលិតផល​ក្នុង​ស្រុក​នឹង​ស្លាប់​ទៅៗ​ ដោយសារ​គេ​គ្រប​ដណ្តប់។ ​គិតទៅ​ហាក់​ដូចជា​អត់មាន​អ្វី​ចំណេញ»។

ប្រទេស​សមាជិក​អាស៊ាន​ រួម​មាន​កម្ពុជា វៀតណាម ឡាវ ភូមា ថៃ ​សិង្ហបុរី ហ្វីលីពីន​ ម៉ាឡេស៊ី ប្រ៊ុយណេ ​និង​ឥណ្ឌូណេស៊ី។​ ការ​បង្កើត​សហគមន៍​សេដ្ឋ​កិច្ច​តែមួយ​នៅ​ចុង​ឆ្នាំ​ក្រោយ​នេះ​នឹង​បើក​របាំងពន្ធគយ​ ឬ​មាន​ន័យថាការ​នាំទំនិញ​ផ្សេងៗ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​នឹង​មិនត្រូវ​យក​ពន្ធ​នោះ​ទេ។ ​មួយវិញ​ទៀត​ ពលករ​ជំនាញ​ ដូចជា​វិស្វករ ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ត​ និង​ផ្នែក​គណនេយ្យ​ជាដើម​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លង​ទៅធ្វើ​ការ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ដោយ​សេរី។​

លោក​បណ្ឌិត​កែម ឡី ​យល់​ថា​ កម្ពុជានឹង​បាត់បង់​សក្តា​នុពល​សេដ្ឋកិច្ច​ដោយសារ​កម្ពុជា​ត្រូវ​សម្រប​ទៅ​តាម​ការ​លើក​លែង​ពន្ធគយ​ក្នុង​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​ដោយសារតែ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​លើ​ចំណូល​ពន្ធ​គយ​រហូត​ដល់​ប្រមាណ​ជា​៣៥​ភាគរយ​នៃ​ចំណូល​សម្រាប់​ថវិកា​ជាតិ​សរុប។​មួយវិញ​ទៀត​ កម្ពុជា​ពិបាក​នឹង​ប្រកួត​ប្រជែង​ជាមួយ​ពលករ​ជំនាញ​របស់ប្រទេស​វៀតណាម​ និង​ប្រទេសថៃ ​ដែល​ជា​ប្រទេស​ជិតខាង​ខ្លួន។ ​ហើយ​ពលករ​នៃ​ប្រទេស​ទាំងនេះ​អាច​នឹង​ហូរ​ចូល​ច្រើន​មក​ធ្វើ​ការនៅ​ប្រទេស​កម្ពុជា​ ដំណាល​គ្នា​នឹង​វិស័យ​អប់រំ​កម្ពុជា​មិន​ទាន់​រឹងមាំ។​

ដោយ​ឡែក​លោក​ពូ សុវជ្ជនា ​អនុប្រធាន​វិទ្យាស្ថានជាតិ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព​ មាន​ប្រសាសន៍​ថា​ កម្ពុជា​ខ្វះ​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​ ក៏ប៉ុន្តែ​កម្ពុជា​កំពុង​កសាង​ធនធាន​មនុស្ស។​

«បើយើង​និយាយ​អំពី​សេដ្ឋ​កិច្ច​ យើង​អត់​សូវមាន​អ្វី​ក្រៅ​អំពី​ផលិត​ផល​រោង​ចក្រ​កាត់ដេរ។ ការនាំ​ចេញ​របស់​យើង​ យើង​អត់មាន​ភាព​វិជ្ជមាន​ទេ។​ក៏​ប៉ុន្តែ​យើង​បាន​បង្កើត​ការ​ពង្រឹង​គុណភាព​សមត្ថភាព​ទៅ​តាម​ស្តង់​ដារ​មួយ​ដែល​គេ​ទទួល​ស្គាល់​ក្នុង​តំបន់»។​

ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩។​លោក​ពូ សុវជ្ជនា​យល់​ថា ​សមាជិក​ភាព​នេះ​បាន​ផ្តល់​ឲ្យ​កម្ពុជា​ពង្រីកទី​ផ្សារ​ដែល​អាច​បើក​ទូលាយ​ទៅ​រក​ទីផ្សារ​ក្នុង​តំបន់​មួយ​ដែល​មាន​ប្រជាជាតិ​ចំនួន​ជាង​៦០០​លាន​នាក់។​ ផ្ទុយ​ទៅវិញ​ កម្ពុជា​នឹង​ប្រឈម​នឹង​គុណភាព​នៃពលករ​ជំនាញ​ដែល​មិន​មាន​គុណភាព​តាម​ស្តង់ដារ​របស់​អាស៊ាន​ ដែល​យោង​ទៅ​លើ​គុណភាព​របស់​ពលករ​នៅ​ប្រទេស​សិង្ហបុរី​ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម។​

ប្រទេស​កម្ពុជា​មាន​ប្រជាជន​ចំនួន​ជាង​១៤​លាននាក់​ ក្នុង​នោះ​ភាគច្រើន​គឺ​ជា​កសិករ។ ​ហើយ​វិស័យ​ឧស្សាហ​កម្ម​របស់​កម្ពុជា​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើការវិនិយោគ​ពី​ក្រៅ​ប្រទេស។​ មួយវិញ​ទៀត​ ការ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​កំពុង​ស្ថិតនៅជា​បញ្ហា​ចំណោទ​មួយ។​ ពលករ​កម្ពុជា​បាន​ប្រថុយ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិត​ខាង​ដោយ​ខុសច្បាប់ដើម្បី​ស្វែងរក​ប្រាក់​កម្រៃ​ខ្ពស់ ​និង​ដើម្បី​គេច​ពី​ភាព​ឥត​ការងារ​ធ្វើ។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ប្រទេសថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជាង​២០​ម៉ឺន​នាក់​រួច​ទៅ​ហើយ។​ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​ច្រើន​ជាង​នេះ។​

លោក​ធន់ សារ៉ាយ ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកមើល​ឃើញ​ថា ​កម្ពុជា​បាន​ទទួល​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ខ្លះ​ដែរ ​នៅ​ពេល​ដែល​ពលករ​កម្ពុជា​ស្រប​ច្បាប់​មាន​ភាព​ងាយ​ស្រួល​ជាង​មុនក្នុង​ការ​ផ្លាស់​ទៅ​ធ្វើការ​ជា​កម្មករ​នៅ​ប្រទេស​សមាជិក​អាស៊ាន។​

ប៉ុន្តែ​កម្ពុជា​ហាក់ដូចជា​មិនទាន់​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​សេរី​របស់​អាស៊ាន​ ក្រោយ​ពី​ប្រទេស​ទាំង​ដប់​បង្កើត​សហគមន៍​សេដ្ឋកិច្ច​តែមួយ​នោះ។​

«ខ្ញុំ​មាន​ការព្រួយ​បារម្ភ​ថា ​ផលិតផល​យើង​មួយ​ចំនួន​នឹង​ត្រូវ​ក្ស័យ​ធន​វិញ​ដោយសារ​ការ​ប្រកួត​ប្រជែង​ពី​ខាងក្រៅ​ដែល​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន»។​

ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥គឺ​ជាគោល​ដៅ​មួយ​ដែល​គេ​អាច​មើល​ឃើញ​ថា ​ប្រទេស​ជា​សមាជិក​ទាំងដប់​នឹង​បង្កើត​បាន​នូវ​កម្លាំង​នយោបាយ​តំបន់​មួយ​មាន​ឥទ្ធិពល​ខ្លាំង​ជាងមុន ​ហើយ​វិស័យ​សន្តិសុខ ​សេដ្ឋកិច្ច ​និង​វប្បធម៌​ក៏​នឹង​ត្រូវ​ពង្រឹង​ដូចគ្នា​រវាង​បណ្តា​ប្រទេស​សមាជិក​ទាំង​ដប់។

ប៉ុន្តែ​លោក​ធន់ សារ៉ាយ​ផ្តល់​យោបល់​ថា​ កម្ពុជា​ត្រូវ​ពង្រឹង​គុណភាព​កម្មករ​ជំនាញចាប់​ពី​ពេល​នេះ​ត​ទៅ។ ​ហើយ​កម្ពុជា​ត្រូវ​តែ​ពង្រឹង​គុណភាព​អប់រំ​ផ្នែក​ភាសា​បរទេស​ដល់​ពលករ​ជំនាញ​របស់​ខ្លួន។​

ជាមួយ​គ្នា​នេះ​ដែរ ​លោក​បណ្ឌិត​ ម៉ី កល្យាណ ​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​ លើកឡើង​ថា ​កម្ពុជា​បាន​ទទួល​ផល​ចំណេញ​ផ្នែក​កម្លាំង​នយោបាយ​ក្នុង​ការចូល​ជា​សមាជិក​អាស៊ាន​នា​ពេល​កន្លង​មក​ដោយសារ​តែ​ប្រទេស​កម្ពុជាជា​ប្រទេស​តូច​ហើយ​ត្រូវ​ពង្រឹង​កម្លាំង​ជាមួយ​ប្រទេស​ដទៃ។​

«សេដ្ឋកិច្ច​ក៏​របៀប​ហ្នឹង​ដែរ​ ពីព្រោះ​ថា​ ការ​វិនិយោគ​នៅ​ស្រុក​ខ្មែរ​គឺ​សម្រាប់​បម្រើ​ទីផ្សារ​នៅ​អាស៊ាន​ទាំង​មូល»។​

លោក​បណ្ឌិតម៉ី កល្យាណ​ទទួល​ស្គាល់​ថា ​កម្ពុជា​នៅ​មានកម្រិតប្រកួត​ប្រជែង​ ក្រោយ​ពី​កម្ពុជា​ចូល​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥។​ ក៏ប៉ុន្តែ​លោក​គិត​ថា ​នោះ​គឺ​ដោយសារ​កម្ពុជា​ទើប​នឹង​ចប់​សង្គ្រាម​មិន​អាច​រឹងមាំ​ដូច​ប្រទេស​ជិត​ខាង​ ដូចជា​ថៃ​ និង​វៀតណាម​នោះ​ទេ។​

លោក​បណ្ឌិត​ម៉ី ​កល្យាណ​យល់​ថា​ ការ​ពង្រឹង​គុណភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ត្រូវ​ការ​ពេលវេលា​បន្ថែម​តែ​ប៉ុណ្ណោះ៕​
XS
SM
MD
LG