លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ប៉ាន សូរស័ក្តិ កាលពីដើមខែធ្នូ បានផ្ដល់ប្រឹក្សាតាមរយៈលិខិតមួយផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យលោករិះរកវិធីធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា។ នេះបើតាមលិខិតមួយដែលគេចែកចាយតាមបណ្តាញសង្គមនាដើមសប្តាហ៍នេះ។
អ្នកនាំពាក្យម្នាក់នៃក្រសួងពាណិជ្ជកម្មមិនបានបញ្ជាក់ពីនីត្យានុកូលភាពរបស់លិខិតខាងលើថា ពិតជាលិខិតរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្មផ្ញើជូនលោកនាយករដ្ឋមន្ត្រីមែន ឬយ៉ាងណានោះទេ។ ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចថ្លែងថា លិខិតនោះទំនងជាត្រឹមត្រូវ។
យោងតាមលិខិតនោះ ដែលចុះថ្ងៃទី៤ ខែធ្នូនេះ ហើយដែលទើបត្រូវបានចែកចាយលើបណ្ដាញសង្គម Twitter កាលពីព្រឹកថ្ងៃច័ន្ទ លោករដ្ឋមន្ត្រី ប៉ាន់ សូរស័ក្តិ បានរាយការណ៍លម្អិតអំពីទិន្នន័យទីផ្សារ និងសារៈសំខាន់នៃការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ជូនលោក ហ៊ុន សែន ដែលកំពុងស្ថិតក្នុងការប្រឈមនឹងការគំរាមព្យួរការអនុគ្រោះពន្ធលើទីផ្សារនាំចេញ និងទណ្ឌកម្មទិដ្ឋាការលើមន្ត្រីរបស់លោក។
លិខិតនោះបង្ហាញថា តាមរយៈក្របខណ្ឌអនុគ្រោះពន្ធគយ កម្ពុជាមិនបានបង់ប្រាក់សូម្បីតែមួយកាក់មួយសេនជាលុយពន្ធ សម្រាប់ការនាំចូលទំនិញសព្វសារពើចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលតម្លៃសរុបជាទឹកប្រាក់ចំនួន៦.២៥៩លានដុល្លារអាមេរិក ពេញមួយឆ្នាំ២០១៦។
ដោយឡែកសម្រាប់ទីផ្សារអាមេរិកវិញ លិខិតនោះបានរាយការណ៍ជូននាយករដ្ឋមន្ត្រីថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ២.៩១៦លានដុល្លារអាមេរិក ហើយត្រូវបង់ពន្ធក្នុងអត្រា១២% ដែលគិតជាទឹកប្រាក់ប្រមាណ៣០០លានដុល្លារ ព្រោះថា «សហរដ្ឋអាមេរិកមិនបានផ្ដល់ការអនុគ្រោះពន្ធគ្រប់មុខទំនិញ ដូចសហភាពអឺរ៉ុបឡើយ»។
លិខិតនេះបានសរសេរយ៉ាងដូច្នេះថា៖
«ប្រសិនជាសហភាពអឺរ៉ុបតម្រូវឱ្យកម្ពុជាបង់ពន្ធនាំចូលនោះ ប្រាក់ពន្ធដែលត្រូវបង់គិតជាមធ្យមមានរហូតដល់៦៧៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលផលិតកម្មទំនិញនាំចេញទាំងនេះប្រើប្រាស់កម្មករប្រមាណ៤០ម៉ឺននាក់»។
លិខិតដែលគេជឿថាជារបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបន្តទៀតថា កន្លងមកសហភាពអឺរ៉ុបក៏ធ្លាប់ព្យួរការអនុគ្រោះពន្ធដល់បណ្ដាប្រទេសមួយចំនួនដែលមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាប្រទេសមីយ៉ាន់ម៉ា ប្រទេសស៊ូដង់ ប្រទេសស្រីលង្កា និងប្រទេសបេឡារុសជាដើម។ លិខិតបានផ្ដល់ជាយោបល់ថា៖
«ដើម្បីទប់ស្កាត់ការសម្រេចព្យួរសម្បទានពន្ធគយលើគ្រប់មុខទំនិញដោយសភាអឺរ៉ុបជាយថាហេតុ កម្ពុជាគួរបញ្ចុះបញ្ចូល (lobby) បណ្ដាប្រទេសជាមិត្តដែលជាសមាជិកសហភាពអឺរ៉ុប តាមរយៈបណ្ដាញការទូត និងពាណិជ្ជកម្ម ព្រោះសហភាពអឺរ៉ុបច្រើនមានភាពទន់ភ្លន់ និងយោគយល់ដល់ស្ថានភាពរបស់កម្ពុជា»។
កម្ពុជាកំពុងរងការព្រមានជាបន្តបន្ទាប់ពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា ភាពអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញពីកម្ពុជាចូលទៅកាន់ទីផ្សារទាំងពីរ អាចនឹងត្រូវបានព្យួរចោល បើសិនជារដ្ឋអំណាចខ្មែរមិនធ្វើការបកត្រឡប់បែរក្រោយស្ដារស្ថានការណ៍នយោបាយដែលឈានដល់សភាពទុំជោរទេនោះ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប្រតិកម្មនឹងស្ថានការណ៍នយោបាយនៅកម្ពុជា ដ្បិតរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានសម្រេចប្ដឹងផ្ដល់នៅតុលាការកំពូលរហូតឈ្នះក្ដីក្នុងការរំលាយអង្គការចាត់តាំងនៃគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏ស្រួចស្រាល់ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ បូករួមនឹងការដេញអ្នកនយោបាយបក្សជំទាស់ចេញពីនយោបាយរយៈពេលប្រាំឆ្នាំ និងការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ ដោយប្រឈមបទចោទថា បានប្រព្រឹត្តអំពើក្បត់ជាតិ។
ទាក់ទិននឹងលិខិតដែលគេចែកចាយតាមបណ្តាញសង្គម លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី សុទ្ធតែបាននិយាយថា ពួកលោកមិនអាចបញ្ជាក់បានទេ ថាលិខិតខាងលើនេះពិតជាលិខិតរបស់លោករដ្ឋមន្ត្រីឡើយ។
ដោយឡែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ តាមរយៈការពិនិត្យរបស់លោកថា លិខិតខាងលើជាលិខិតពិតនៅត្រង់ចំណុចជាច្រើន។ លោកបានប្រាប់ VOA ថា៖
«ខ្ញុំគិតថា ពិតភាគច្រើនហើយ ទោះបីខ្ញុំមិនបានដឹងពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តែខ្ញុំយល់ថា វាជាការណ៍ពិត»។
ដោយឡែក លោកបណ្ឌិត Bradley Jansen Murg សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យ Seattle Pacific University សហរដ្ឋអាមេរិក និយាយថា ខណៈដែលភាពមិនប្រាកដប្រជា ក៏ដូចជាដំណើរវិវត្តន៍ទៅរកទណ្ឌកម្មពីសំណាក់លោកខាងលិច កាន់តែរន្ថើនឡើង វាកាន់តែជាពេលសំខាន់ក្នុងការប្រាប់រាជរដ្ឋាភិបាលកម្ពុជាថា ដល់ពេលធ្វើពិពិធកម្ម ពង្រីកមុខព្រួញទិសដៅទីផ្សារនាំចេញហើយ។
អ្នកស្រាវជ្រាវរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«ខ្ញុំពិតជាមានមន្ទិលជាពន់ពេក ថាតើមានទម្រង់ណាមួយនៃការ Lobby បញ្ចុះបញ្ចូលទៅលើបណ្ដារដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបដែលនឹងមានប្រសិទ្ធភាពក្នុងការបង្វែរទិសដៅនៃដំណើរវិវត្តន៍ទៅរកទណ្ឌកម្ម។ នៅទីបំផុតទៅ សហភាពអឺរ៉ុបស្ថិតក្នុងកាលៈទេសៈដែលត្រូវចាត់វិធានការ ហើយក្នុងនាមជាប្រទេសតូចមួយ កម្ពុជាមិនមានអ្វីច្រើននោះទេ ដើម្បីតថ្លៃ[បញ្ចុះបញ្ចូលដើម្បីបញ្ឈប់ការមកដល់នៃទណ្ឌកម្មមកលើខ្លួន»។
ចាប់តាំងពីថ្ងៃផ្ញើលិខិតនោះមក សហភាពអឺរ៉ុបបានសម្រេចផ្ដាច់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ដោយសំអាងហេតុផលថា បើពុំមានវត្តមានចូលរួមរបស់គណបក្សជំទាស់នោះទេ គេពិបាកនឹងជឿលើភាពស្របច្បាប់នៃការបោះឆ្នោតរដ្ឋសភាឆ្នាំក្រោយណាស់។
ដោយឡែកសភាអឺរ៉ុបដែលជាស្ថាប័នមួយផ្សេងទៀតនៃសហភាពអឺរ៉ុបបានបោះឆ្នោតអនុម័តសេចក្ដីសម្រេចមួយកាលពីសប្ដាហ៍មុន ស្នើឱ្យមានការព្យួរការអនុគ្រោះពន្ធពីសំណាក់ប្លុកដែលមាន២៨ប្រទេស ដល់ការនាំចេញរបស់កម្ពុជាចូលទៅទីផ្សាររបស់ខ្លួន បើសិនជាមិនមានសញ្ញាណាមួយដែលថា រដ្ឋាភិបាលកម្ពុជានឹងបែរក្រោយ និងបន្ធូរបន្ថយនូវសកម្មភាពបង្ក្រាបផ្នែកនយោបាយទេនោះ។
ឆ្លើយតបនឹងវិធានការរបស់សភាអឺរ៉ុប លោក ហ៊ុន សែន មិនបានបង្ហាញសញ្ញាណាមួយដែលថា លោកនឹងរាថយនោះទេ។ លោកបបួលបណ្ដារដ្ឋបរទេសឱ្យដាក់ទណ្ឌកម្មលើរាល់មន្ត្រីខ្មែរណាដែលមានប្រាក់នៅក្រៅប្រទេស តែលោកបានលើកទឹកចិត្តដល់អតីតមន្ត្រីបក្សជំទាស់ឱ្យបង្កើតគណបក្សថ្មី ចូលរួមការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ៕