ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ហ៊ុន សែន ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី​នៅចុង​សប្តាហ៍​នេះ

  • សុខ ខេមរា

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៩ ខែ​តុលា ឆ្នាំ២០១៥។ (AP/ហេង ស៊ីនិត)

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​២៧ ​និង​កិច្ច​ប្រជុំ​កំពូល​ជាច្រើន​ទៀតចាប់ពី​ថ្ងៃ​ទី​២០ ​ដល់​ថ្ងៃទី​២២​ខែ​វិច្ឆិកា​ខាងមុខ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​២៧ ​និង​កិច្ច​ប្រជុំ​កំពូល​ជាច្រើន​ទៀត ​ដែល​មាន​មេ​ដឹកនាំ​ក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​មក​ជួប​ជុំ​គ្នា​ ចាប់ពី​ថ្ងៃ​ទី​២០ ​ដល់​ថ្ងៃទី​២២​ខែ​វិច្ឆិកា​ខាងមុខ។​ ​

ក្រុម​មេដឹកនាំ​ទាំងអស់​នឹង​ពិភាក្សា​បញ្ហា​ជា​ច្រើន​ រួមទាំង​បញ្ហា​តំបន់ ​និង​បញ្ហា​សកល ​ដែល​ប្រទេស​នីមួយៗ​កំពុង​ប្រឈម​ ហើយ​តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ​ផ្លាស់ប្តូរ​យោបល់​រួមគ្នា​ដោះស្រាយ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ហ៊ុន សែន​ ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ និង​ការ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួងការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ។​

​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​គ្រោង​នឹង​ចូលរួម​ប្រជុំ​ដាច់​ដោយ​ឡែកៗ​ ជា​ច្រើន ​ដូចជា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ អ.ស.ប.​ ​កិច្ច​ប្រជុំ​អាស៊ាន​ ចិន ​ជប៉ុន ​កូរ៉េ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​លើកទី​៣ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ចិន​ កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើកទី​១០ ​និង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន​ជាមួយ​ក្រុម​ប្រឹក្សា​ធុរៈកិច្ច​ជាដើម។​

លោក​ ហ៊ុន សែន ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​បាន​«ខិតខំ​ពង្រឹង​មិត្តភាព ​និង​ ​សហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា មិត្ត ​ព្រមទាំង​បាន​ធ្វើ​ឲ្យ​កម្ពុជា​ងើប​មុខ​មាត់​ស្មើភាព​ជា​អន្តរជាតិ ​ដែល​ជា​មោទន​ភាព​ របស់​កម្ពុជា​ទាំង​មូល»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជាបាន​បញ្ជាក់​បន្ថែម​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​នោះ​ ​លោក​ ហ៊ុន សែន​ នឹង​ចុះ​ហត្ថលេខា​រួមគ្នា​ជាមួយ​មេ​ដឹកនាំ​ផ្សេងៗ​ទៀត​លើ​សេចក្តី​ថ្លែង​ការណ៍​កូឡាឡាំពួរ​ ​ឆ្នាំ២០១៥ ​ស្តីពី​ការ​បង្កើត​សហគមន៍​អាស៊ាន ​សេចក្តី​ថ្លែង​ការណ៍​កូឡាឡាំពួរ​ ​ស្តី​ពី​អាស៊ាន​ឆ្នាំ​២០២៥​ ​ក្រៅពី​ចូលរួម​អនុម័ត​នូវ​សេចក្តី​ប្រកាស​រួម​ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​អាស៊ាន ​អាមេរិក ​និង​សេចក្តី​ប្រកាស​អាស៊ាន​មួយ​ចំនួន​ទៀត​ និង​ជួប​ទ្វេ​ភាគី​ជាមួយ​មេ​ដឹកនាំ​ប្រទេស​នានា​ ដូចជា ​ស៊ីនហ្សូ អាបេ ​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ ​Malcolm Turnbull នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី ​និងលោក ​Narendra Modi ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា។​

ក្រុម​មេ​ដឹកនាំ​អាស៊ាន​ និង​មេ​ដឹកនាំ​ក្នុង​តំបន់​ ​និង​ក្នុង​ពិភពលោក​នឹង​ត្រៀម​ពិភាក្សាគ្នា​ច្រើន​លើ​បញ្ហា​ចម្រុះ​រាប់​ចាប់ពី​បញ្ហា​សន្តិសុខ​តំបន់​ ដូចជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​បញ្ហា​មជ្ឈឹមបូព៌ា​ បញ្ហា​បរិស្ថាន​ ​បញ្ហា​ការ​ប្រែប្រួល​ ​អាកាសធាតុ​ បញ្ហា​សេដ្ឋកិច្ច ​បញ្ហា​ថាមពល ​បញ្ហា​សិទ្ធិ​មនុស្ស ​បញ្ហា​ភេរវកម្ម​ និង​បញ្ហា​សន្តិភាព​ក្នុង​តំបន់​ និង​ក្នុង​ពិភព​លោក​ជាដើម។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ ​លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​ បាន​និយាយ​ថា​ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​នៅមាន​បញ្ហា​ជាច្រើន​ ដែលត្រូវ​បំពេញ​ដើម្បី​ឲ្យ​កម្ពុជាទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្អ​លើ​ឆាក​អន្តរជាតិ។

ក៏​ប៉ុន្តែ លោក​ វីរៈ​ ​មាន​ជំនឿ​ថា​ ​លោក ​ហ៊ុន សែន ​អាច​ធ្វើ​បាន​ បើ​លោក​ចង់​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ។ ​លោក​បន្ត​ថា​ ​បញ្ហា​ដំបូង​គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​ពង្រឹង​ផ្នែក​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច ​ដោយ​ឈប់​ខ្ចី​លុយ​បរទេស ​និង​ដោះស្រាយ​បញ្ហា​នយោបាយ​ថ្មីៗ ​ដែល​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​ប្រទេស​កម្ពុជា។​

«អញ្ចឹង​បញ្ហា​សេដ្ឋកិច្ច​ជា​កត្តា​មួយ​ដ៏​សំខាន់។ ទី២ ​គឺ​បញ្ហា​នយោបាយ។ ​ខ្ញុំ​មើល​ទៅ ​ព្រឹត្តិ​ការណ៍​នយោបាយ​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាក់​មុខមាត់​ខ្លាំង​មែន​ទែន​លើ​ឆាក​អន្តរជាតិ ​ជាពិសេស​ សភា​យើង​ក្លាយ​ជា​ស្ថាប័ន​មួយ​មិន​អាច​ការពារ​សមាជិក​ខ្លួន​ឯង​បាន​ ​ហើយ​នឹង​មិន​អាច​ការពារ​គោល​នយោបាយ​ប្រជា​ធិបតេយ្យ​បាន​ ​ហើយ​ដោយសារ​អញ្ចឹង​ នយោបាយ​នេះ​ក៏​ធ្វើ​ឲ្យ​យើង​បាក់មុខ​បាក់មាត់ ហើយ​ព្រឹត្តិ​ការណ៍​ថ្មីៗ​នេះ​គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​មែនទែន​លើ​មុខមាត់​ប្រទេស​កម្ពុជា។ កត្តាទី៣​ ​យើង​ដើរ​ទៅ​មុខ​មិន​បាន»។​

លោក​ អ៊ូ វីរៈ​ សម្តែង​ការ​មិន​អស់​ចិត្ត​ ដែល​ថា​ កម្ពុជា​ហាក់​ដូចជា​ដើរ​ផ្ទុយ​ពី​ភូមា​ដែល​ដើរ​ទៅ​មុខ​ ​តែ​កម្ពុជា​បែរ​ជា​ដើរ​ថយ​ក្រោយ​វិញ។ ​លោក​ថ្លែង​ដូច្នេះ​សំដៅ​លើ​ព្រឹត្តិ​ការណ៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ការ​វាយ​អ្នក​តំណាង​រាស្ត្រ ​ការ​ដក​អភ័យ​ឯក​សិទ្ធិ​សភា​ ការ​បង្ក្រាប​ផ្ទូនៗ​លើក្រុម​គណបក្ស​ជំទាស់។​

ព្រឹត្តិ​ការណ៍​ទាំង​នេះ​ធ្វើឲ្យ​មាន​ការ​រិះគន់​ខ្លាំង​ពី​បណ្តាប្រទេស​នានា​ ​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ អំពី​បញ្ហា​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​និង​សេរីភាព​របស់​ក្រុម​ជំទាស់​នោះ៕

XS
SM
MD
LG