ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​នយោបាយ​គាប​សង្កត់​លោក ​សម រង្ស៊ី ​និង​គណបក្ស​ប្រឆាំង


រូបឯកសារ៖ លោក ស ខេង​ និង​ លោក សម រង្ស៊ី បន្ទាប់​ពីជំនួប​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/VOA Khmer)
រូបឯកសារ៖ លោក ស ខេង​ និង​ លោក សម រង្ស៊ី បន្ទាប់​ពីជំនួប​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/VOA Khmer)

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​តាម​ដាន​ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា​ចុង​ក្រោយ​នេះ​បាន​រួម​គ្នា​រិះគន់​លើ​ការ​វាយ​ប្រហារ​ផ្ទួន​លើ​គណបក្ស​ជំទាស់​ ដោយ​ចាត់​ទុក​ថា ​វា​ជា​ការ​បង្ក្រាប​ និង​ជា​ការ​គំរាម​កំហែង​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​វា​ជា​ទង្វើ​ដែល​មាន​និន្នាការ​នយោបាយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​តាម​ដាន​ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា​ចុង​ក្រោយ​នេះ​បាន​រួម​គ្នា​រិះគន់​លើ​ការ​វាយ​ប្រហារ​ផ្ទួន​លើ​គណបក្ស​ជំទាស់​ ដោយ​ចាត់​ទុក​ថា ​វា​ជា​ការ​បង្ក្រាប​ និង​ជា​ការ​គំរាម​កំហែង​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​វា​ជា​ទង្វើ​ដែល​មាន​និន្នាការ​នយោបាយ។​

លោក ​សម រង្ស៉ី​ ត្រូវ​ចោទ​ប្រកាន់​ និង​ត្រូវ​ក្រុម​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​គណៈ​អចិន្ត្រៃយ៍​ដក​ហូត​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃសុក្រ​ ហើយ​លោក​ជាប់​ពិរុទ្ធ​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ​ ពេល​មក​ដល់​កម្ពុជា។​ លោក​ សម រង្ស៊ី ​បាន​លើក​ពេល​ធ្វើ​ដំណើរ​វិល​មក​កម្ពុជា​វិញ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។

ថ្មីៗ​នេះ​លោក​ កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ត្រូវ​គេ​ដក​តំណែង​អនុប្រធាន​សភា​ មក​ត្រឹមតែ​សមាជិក​សភា​ធម្មតា ហើយ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ពីរ​រូប​ត្រូវ​គេ​វាយដំ ​ទាត់ធាក់​ រីឯសមាជិក​ព្រឹទ្ធ​សភាម្នាក់ត្រូវជាប់​គុក​ដោយសារ​ការ​បញ្ចេញ​មតិ ​ដូច​សកម្ម​ជន​២០​នា​ក់​ទៀត​ដែរ។ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ថ្កោលទោស​ទង្វើ​ដែល​ជា​ការ​បង្រ្កាប​លើ​ក្រុម​ជំទាស់​នេះ។​

រូបឯកសារ៖ លោក​ Phil Robertson ​នាយក​រង​អង្គការ ​Human​ Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី។
រូបឯកសារ៖ លោក​ Phil Robertson ​នាយក​រង​អង្គការ ​Human​ Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី។

លោក​ Phil Robertson ​នាយក​រង​អង្គការ ​Human​ Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី ​បាន​ថ្លែង​ប្រាប់ ​VOA ថា នេះជា​ការ​ចោទ​ប្រកាន់ ​និង​ការ​កាត់​ទោស​ដោយ​ហេតុផល​នយោបាយ ​ដែល​គេ​ចង់​ឲ្យ​លោក​ សម រង្ស៉ី​ មាន​ការ​លំបាក។​

«ល្បែង​នេះ​បង្ហាញ​ថា​ គ្មាន​អ្វីកើត​ឡើង​នៅ​កម្ពុជា​ត្រូវ​គេ​គិត​គូរ​ពី​ច្បាប់​ទេ។ ​រឿង​ទាំង​អស់គឺ​មាន​តែ​ច្បាប់​របស់​លោក​ ហ៊ុន សែន ​ហើយ​លោក ​ហ៊ុន សែន​ គ្រប់គ្រង​តុលាការ​ ដែល​លោក​គ្រប់គ្រង​ទាំង​ស្រុង។​ វា​ជា​សម័យ​ដ៏​សែន​សង្វេគ​សម្រាប់​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​ នី ចរិយា ​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ថ្លែង​ថា​ វា​ជា​រឿង​នយោបាយ​ និង​ជា​ការ​ព្យាយាម​បិទ​មាត់​ក្រុម​អ្នក​ជំទាស់។​

«អញ្ចឹង​ប្រសិន​បើ​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក៏​ដូច​ជា​រដ្ឋ​សភា​ដើម្បីគំរាមកំហែង​ ចាប់​ដាក់​គុក​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្ម​ភាព​របស់​គណបក្ស​ប្រឆាំង​បែប​នេះ ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជា​ធិបតេយ្យ​ និង​ច្បាប់»។​

លោក​ នី ចរិយា ​បាន​បន្ត​ថា​ ការ​រារាំង​ និង​ការ​ចោទ​ប្រកាន់លោក​ សម រង្ស៊ី​ ​ជា​ការ​រំលោភ​ដល់​ច្បាប់​លើ​សំណុំ​រឿងរ៉ាវ​ដែល​បាន​ចប់​ហើយ​ ហើយ​ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់​បោះ​ឆ្នោត ​និង​សភា​ផង​ដែរ។​

លោក​ថ្លែង​ថា​ សង្គម​មួយ​អាច​មាន​ប្រជា​ធិបតេយ្យ​ទៅ​បាន​ទាល់​តែ​សង្គម​នោះ​នៅ​មាន​គណបក្ស​ជំទាស់​ធ្វើ​កិច្ចការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ និង​មាន​សុវត្ថិភាព។​

លោកស្រី ​ស្រី សុធាវី​ ប្រធាន​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ​បាន​ថ្លែង​ថា​ មេ​ដឹកនាំ​គណបក្ស​ទាំងពីរ​ត្រូវ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ ហើយ​ចៀស​វាង​ការ​វាយ​ប្រហារ​គ្នា​ ដែល​ឥត​ប្រយោជន៍។​

«បើ​សិនជា​នៅតែ​មាន​ទំនាស់ ​ការ​វាយ​បក ​ការ​ប្រើ​នយោបាយ​វាយ​ប្រហារ​គ្នា​ដោយពាក្យ​សម្តី ដោយ​កម្លាំង​នៃ​អ្នក​គាំទ្រ​ ដោយការ​ធ្វើ​បាតុកម្ម​អី​ហ្នឹង ​ប្រហែល​ជា​ដូចជា​មិនមាន​ប្រយោជន៍​អី​ដល់​សង្គម​ជាតិ​ទេ។​ អញ្ចឹង ​ជា​សំណូមពរ​ពី​អង្គការ​សង្គម​ស៊ីវិល​ក្តី ​ចង់​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​យើង​ហ្នឹង​ ចង់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួបគ្នា​ រក​ដំណោះ​ស្រាយ​រួមមួយ​ ដោះស្រាយបញ្ហា​រួមគ្នា ​ព្រោះ​មាន​បញ្ហា​ជាតិ​ច្រើនផ្សេងៗ​ទៀត។ ​អញ្ចឹង​សូម​ឲ្យ​គិត​គូរ​ពី​ផល​ប្រយោជន៍​រាស្ត្រ​ជា​ធំ»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានរៀប​រាប់​លម្អិត​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​អំពី​បញ្ហា​គំរាម​គណបក្ស​ជំទាស់​ ហើយ​ក៏​បាន​ទទូច​ឲ្យ​ម្ចាស់​ជំនួយធ្វើ​អន្តរាគមន៍​អំពី​រឿង​នេះ​ ហើយ​ចង់​ឃើញ​ថា ​មេ​ដឹកនាំ​ទាំងពីរ​មាន​ការ​អត់ធ្មត់​ ហើយ​បញ្ចៀស​អំពើ​ហិង្សា​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​ណា​មួយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG