ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន ​និង​លោក​សម រង្ស៊ីពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ បង្ហាញ​សញ្ញា​វិជ្ជមាន

  • ហេង រស្មី

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​រថយន្ត​ជួប​​អ្នក​ទទួល​​ស្វាគមន៍​​លោក​​
ក្រោយ​ពី​រលក​មហា​បាតុកម្ម​ និង​ការ​បាញ់​បង្ក្រាប​ដោយ​អំពើ​ហិង្សា​កាល​ពីដើម​ខែ​មករា​បាន​បញ្ចប់​ ​មេដឹកនាំ​គណបក្ស​គូជម្លោះទាំង​ពីរ​គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​កាន់​អំណាច​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលជា​គណបក្ស​ប្រឆាំង​ បាន​ងាក​មក​ចរចា​គ្នា​តាម​ទូរស័ព្ទ​ដើម្បី​ទម្លុះទម្លាយ​ភាព​ទាល់​ច្រក​នយោ​បាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត។​

លោក​ អេង ឆៃអ៊ាង​ អនុ​ប្រធាន​គណៈ​កម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ទីស្នាក់​ការ​គណបក្ស​នៅ​ថ្ងៃពុធនេះ​ថា ​លោក​សម រង្ស៊ី​ និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ព្រម​ទាំង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​បាន​ឆ្លើយ​ឆ្លង​គ្នា​តាម​ទូរស័ព្ទ​រយៈពេល​៤៥​នាទី​ដើម្បី​ពិភាក្សា​គ្នា​អំពី​ភាព​ជាប់​គាំង​នយោបាយ។

លោក​ អេង ឆៃអ៊ាង​បាន​បញ្ជាក់​ថា​ ក្នុង​ជំនួប​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​យល់​ព្រម​ឲ្យ​បោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​ ក៏ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​ថា ​នឹង​យក​ថ្ងៃណា​ និង​ឆ្នាំ​ណា​ពិត​ប្រាកដ​ទេ។

លោក​មាន​ប្រសាសន៍​ថា​ មេដឹក​នាំ​ទាំង​ពីរ​ក៏​បាន​យល់​ព្រម​ឲ្យ​សមាសភាពរៀប​ចំការ​បោះឆ្នោត​ឲ្យ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​និង​អនុញ្ញាតឲ្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ស្ថានីយ៍ទូរទស្សន៍​និង​វិទ្យុ​ដោយ​ឯក​រាជ្យ​របស់​ខ្លួន។​

លោក​និយាយ​ថា៖ ​«លោក​ប្រធាន​សម រង្ស៊ី​បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយ​លោក​ ស ខេង​ ហើយ​ក៏​ជាមួយ​លោក​ ហ៊ុន សែន​ដែរ​ ហើយ​ជួប​ទូរស័ព្ទ​ជាមួយ​លោក​ហ៊ុន សែន​ ហ្នឹង​រយៈ​ពេល​ប្រហែល​ជិត​មួយ​ម៉ោង ​ចាប់​ពី​ម៉ោង​១១​ទៅ​រយៈ​ពេល​ប្រហែល​៤៥​នាទី​ ហើយ​លោក​ប្រធាន​បាន​ពិភាក្សា​គ្នា​ជា​មួយ​លោក​ហ៊ុន សែនហ្នឹង​អំពី​ពេល​វេលា​នៃ​ការ​បោះ​ឆ្នោត​ឡើង​វិញ ​សម្រាប់ការ​បោះ​ឆ្នោត​ជាតិ​ ការ​បោះឆ្នោត​ឃុំ​ និង​ការ​កែ​ទម្រង់​គ.ជ.ប. ហើយ​នឹងប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ​តែ​លទ្ធផល​នៃ​ការ​ជជែក​គ្នា​ហ្នឹង​មិន​ទាន់​ចេញ​ជាផ្លែ​ផ្កា​នៅ​ឡើយ​ទេ»។​

ជំនួប​តាម​ទូរស័ព្ទ​រវាង​លោក​សម រង្ស៊ី​ លោក​ស ខេង​ និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស។ ក៏ប៉ុន្តែបើ​តាម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ក៏បាន​រាយ​ការណ៍​អំពី​លទ្ធផល​នៃ​ជំនួប​ជូនលោក​កឹម​ សុខាបាន​ដឹង​ផង​ដែរ។​

វីអូអេ​បានព្យាយាម​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជាន់​ខ្ពស់​សំខាន់ៗ​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។ ក៏ប៉ុន្តែ​លោក​ឈាង វ៉ុន​ សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ​ ដោយ​លោក​គ្រាន់​តែ​បួង​សួង​ឲ្យ​គណបក្ស​ទាំង​ពីរ​ឆាប់​បាន​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ។

លោក​និយាយ​ថា៖​«យើង​សង្ឃឹម​ថា ​ទេព្តា​ឆ្នាំ​ថ្មី​នឹង​ជួយ​កម្ពុជា​ឲ្យ​ទទួល​បាន​ការ​អប​អរ​សារទរ​ពរជ័យ​ពី​ទេព្តា​ឆ្នាំថ្មី​ឲ្យ​បញ្ហា​ទាំង​អស់​អាច​ដោះស្រាយ​បាន​មុន​ចូល​ឆ្នាំ»។

ភាព​ជាប់​គាំង​ខាង​នយោបាយ​បាន​អូស​បន្លាយ​តាំង​ពី​ខែកក្កដា​ឆ្នាំ​២០១៣​ ដោយ​សារ​តែ​គណបក្ស​សង្គ្រោះជាតិ​ដែល​ទទួល​បាន​៥៥​អាសនៈ​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​៦៨​អាសនៈ​ថា​ បាន​ឈ្នះ​ឆ្នោត​ដោយ​សារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​ លើក​ដំបូង​បាន​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មួយ​លើ​លទ្ធផល​បោះ​ឆ្នោត។​ ​ក្រោយ​មក​បាន​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ​និង​កំណែទម្រង់សមាស​ភាព​គ.ជ.ប.ជា​ដើម។​

ក៏​ប៉ុន្តែរយៈ​ពេល​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរបាន​បន្ទន់​ឥរិយាបថ​រក​គ្នា។ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​ការ​បោះឆ្នោត​ត្រូវ​បាន​គេ​ទុក​ចោល​ ហើយ​ងាក​មកចរចា​ដើម្បី​បែង​ចែក​អំណាច​នៅ​ក្នុង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោតវិញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG