ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​​កាន់​អំណាច​និង​គណ​បក្ស​ប្រឆាំង​មិន​ទាន់​កំណត់​ថ្ងៃ​ចរចា​គ្នា

  • គង់ សុឋានរិទ្ធ

គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​ឲ្យ​ដាក់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​និង​សមាជិក​នៃ​ស្ថាប័ន​នេះ​ត្រូវ​តែ​ជ្រើស​តាំង​ដោយ​ការ​យល់​ព្រម​ដោយ​សមាជិក​សភា​ចំនួន​ពីរ​ភាគ​បី។ ​ប៉ុន្តែ​សំណើ​​នេះ​បាន​ធ្វើ​ឲ្យ​ការ​ចរចា​​ជាប់គាំង​និង​ការ​ជាប់គាំង​បន្តទៀត ​ក្រោយ​ពីគណ​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ថា ​សំណើ​​នេះ​ត្រូវ​ដាក់​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​អ្នក​សម្រេច។​
ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ជួប​ចរចាគ្នា​ជាថ្មី​ទេ​ ក្រោយ​ពី​បរាជ័យ​ជា​លើក​ទី​២​នៅ​ក្នុង​ការ​ចរចាកាល​ពី​សប្តាហ៍​មុន។​ ហើយ​ភ្លាមៗ​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​មាន​ជំនួប​កំពូល​នៃ​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ។​

គណៈកម្មការ​ចម្រុះ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរបាន​បរាជ័យ​សារ​ជាថ្មី​ក្នុង​ការ​ចរចា​កាល​ពី​ថ្ងៃ​ច័ន្ទទី​២៤​ ខែមិនាដើម្បី​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​លម្អៀង​ទៅរក​គណបក្ស​កាន់​អំណាច។​

លោក​ឈាង វុន ​តំណាងរាស្ដ្រ​និង​ជា​សមាជិក​ក្រុម​ចរចាខាង​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ភ្ជាប់​ការ​ចរចាគ្នា​ឡើង​វិញ​នៅ​ឡើយ​ទេ។​

«អ្នក​ដែល​ផ្តាច់​(ការ​ចរចា)​ហ្នឹង​គេ​អត់​ភ្ជាប់​មក​វិញ​ មិន​ដឹង​ធ្វើ​ម៉េច​ដែរ»។​

ភ្លាមៗ​ក្រោយ​ពី​ការ​ចរចាមិន​បាន​លទ្ធផល​ គណបក្ស​ជំទាស់​បាន​ប្រកាស​ជា​ឯកតោ​ភាគី​ផ្អាក​ការ​ប្រជុំ​របស់​គណៈ​កម្មការ​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​គណបក្ស​នេះ​ស្នើ​ឱ្យ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំង​ពីរ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ជា​គោល​ការណ៍​អំពី​របៀប​នៃ​ការ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ​និង​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ឡើង​វិញ។​

​លោក​សុន ឆ័យ ​តំណាងរាស្ដ្រ​ និង​ជា​ប្រធាន​ក្រុម​ចរចាខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឆ្លើយ​យ៉ាង​ប្រយ័ត្នប្រយ៉ែង​ថា​ លោក​មិន​ទាន់​ដឹង​អំពី​គម្រោង​ការ​ចរចាគ្នា​ឡើង​វិញ​នោះ​ទេ​ ហើយ​កិច្ច​ការ​បន្ត​លោក​បង្វែរ​សំណួរ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស។​

«មិនទាន់ដឹងដែរ ​បាទ»។​

គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​ឲ្យ​ដាក់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​និង​សមាជិក​នៃ​ស្ថាប័ន​នេះ​ត្រូវ​តែ​ជ្រើស​តាំង​ដោយ​ការ​យល់​ព្រម​ដោយ​សមាជិក​សភា​ចំនួន​ពីរ​ភាគ​បី។ ​ប៉ុន្តែ​សំណើនេះ​បាន​ធ្វើ​ឲ្យ​ការ​ចរចាជាប់គាំង​និង​ការ​ជាប់គាំង​បន្តទៀត ​ក្រោយ​ពីគណ​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ថា ​សំណើនេះ​ត្រូវ​ដាក់​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​អ្នក​សម្រេច។​

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ​គណបក្ស​សង្គ្រោះ​ជាតិបាន​បើក​សមាជ​មហាជន​ជា​លើកទី​២​របស់​ខ្លួន ​ហើយ​បាន​សម្រេចបន្ត​ដាក់​លក្ខខណ្ឌ​ថា នឹង​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដោយ​ឯករាជ្យ​ ឬ​ត្រូវ​កំណត់​ការ​បោះឆ្នោត​ឡើង​វិញ។​

ហើយ​ប្រសិនបើមាន​ការ​បោះឆ្នោត​ឡើង​វិញ​មែន​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ ​និង​យុត្តិធម៌ ​ហើយ​គ.ជ.ប.​ ត្រូវ​តែ​ឯករាជ្យ។​ ក៏ប៉ុន្តែ​បើ​សិន​ជា​មិន​មាន​ការ​ស៊ើប​អង្កេតភាព​មិន​ប្រក្រតី​នេះ​ ឬ​បើ​គ្មាន​ការ​បោះឆ្នោត​ឡើង​វិញ​ រួម​ទាំង​គ្មាន​ការ​កែ​ទម្រង់​គ.ជ.ប.​ទេ​ ​ នោះ​គណបក្ស​សង្គ្រោះជាតិ​នឹង​មិន​ចូល​ប្រជុំ​សភា​ឡើយ។​

ជាមួយ​គ្នានោះ​ គណបក្ស​ជំទាស់​បាន​ដាក់​ផែនការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ឡើង​វិញក្រោយ​ពី​មាន​ការ​បង្រ្កាប​យ៉ាង​ហិង្សា​ដោយ​រដ្ឋាភិបាល​កាល​ពី​ខែ​មករា។​

លោក​ឈាង វុន​ តំណាង​រាស្ដ្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំណុច​ទាំង​នេះ​ទេ៕
XS
SM
MD
LG