ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមគ្រួសារ​ស្រ្តី​បម្រើ​​ដែល​​ស្លាប់​​នៅ​​ម៉ាឡេស៊ី​​ចង់​បាន​ការណ៍​​ពិត


កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ​សព​ពលការិនី​ម្នាក់​ដែល​បាន​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្តហោះ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ។

ជន​រងគ្រោះ​ឈ្មោះ ​អ៊ុប ​សុខគួន ​អាយុ​ ៤៧​ ឆ្នាំ ​បាន​ស្លាប់​បាត់បង់​ជីវិត ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ ហើយ​សព​អ្នកស្រី​ទើបតែ​បញ្ជូន​មក​ប្រទេស​កម្ពុជា​ក្រោយ​ពី​ស្លាប់​បាត់បង់​ជីវិត​អស់​រយៈពេល​បួន​ខែ។

តាម​របាយ​ការណ៍​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ឲ្យដឹង​ថា​ជន​រងគ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ការ​ធ្វើការ​ហួស​កម្លាំង។ ​ប៉ុន្តែ​របាយការណ៍​នេះ​ផ្ទុយ​គ្នា​នឹង​របាយការណ៍​ធ្វើ​កោសល្យ​វិច័យ​របស់​មន្ទីរពេទ្យ​នៃ​ប្រទេស​ម៉ាឡេស៊ី ​បាន​អះអាង​ថា​ ជន​រងគ្រោះ ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​រលាក​សួត។

លោក​ ជា ​មុន្នី ​អាយុ​ ៥៤​ ឆ្នាំ ​បង​ប្អូន​ជីដូន​មួយ​របស់​ជន​រងគ្រោះ​បាន​និយាយ​ថា​លោក​មិន​ជឿ​ទៅ​លើ​របាយការណ៍​សន្និដ្ឋាន​ទាំង​នោះ​ទេ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ធ្វើ​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​អ្នកស្រី​អ៊ុប ​សុខគួន។

«ការ​ធ្វើ​កោសល្យវិច័យ ​វា​ឥតមាន​លិខិត​តូបករណ៍​ណា​អំណះអំណាង​ឲ្យ​វា​ទុក​ចិត្ត។​ មិន​ដឹង​គ្នា​រងគ្រោះ​យ៉ាងម៉េច​ ខ្ញុំ​មិន​ដឹង។ ​អញ្ចឹង​ថា​ឲ្យ​ក្រុមហ៊ុន​វីស៊ី​ហ្នឹង​ គេ​ឲ្យ​មាន​លិខិត​តូបករណ៍​ហ្នឹង​ មក​ពី​ម៉ាឡេ​អី​យ៉ាងម៉េច ​ឲ្យ​គេ​បំភ្លឺ​ឲ្យ​ខ្ញុំ​ទៅ»។

ក្រុមហ៊ុន​វីស៊ី​ម៉ែនផៅវើ​ដែល​បាន​នាំពលករ​នៅ​បម្រើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ​បាន​ផ្តល់​ទឹកប្រាក់​ ១,០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ ​ចំណែក​ឯ​ម្ចាស់​ផ្ទះ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្តល់​ទឹកប្រាក់​ចំនួន​ ៣០០​ ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​ក្រុម​គ្រួសារ​សព។

លោក​ ជា ​មុន្នី ​បាន​មាន​ប្រសាសន៍​ថា​លោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​និង​ទាមទារ​សំណង​ឲ្យ​បាន​សមរម្យ។

ក្រុមហ៊ុន​វីស៊ី​ម៉ែនផៅវើ ​ព្រម​ទាំង​លោក ​អាន ​ប៊ុនហាក់ ​ប្រធាន​ក្រុមហ៊ុន​នាំពលករ​ទៅ​ក្រៅ​ប្រទេស​មិន​អាច​ស្នើសុំ​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ​សេង ​សក្កដា ​អគ្គនាយក ​នៃ​អគ្គ​នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​ក៏​មិន​អាច​ស្នើសុំ​ដើម្បី​ទំនាក់​ទំនង​បាន​ដែរ។

ចំណែក​ឯ​លោក ​ហែម ​មុន្នី​ ប្រធាន​នាយកដ្ឋាន​មុខរបរ​និង​ហត្ថកម្ម​នៃ​ក្រសួង​ការងារ​បាន​និយាយ​ថា​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ដោយសារ​តែ​លោក​កំពុង​មាន​ជំងឺ។

«ខ្ញុំ​ឥត​ដឹង​រឿង​ហ្នឹង​ផង។ ​ជួន​អី​ទៅ​ផ្នែក​ផ្សេង​ទៅ​ការិយាល័យ​ទៅ​អី។ ​ខ្ញុំ​ឥត​ដឹង ​ព្រោះ​ខ្ញុំ​ឈឺ»។

លោក ​ហ៊ុយ ​ពេជ្រ​សុវណ្ណ ​មន្ត្រី​ផ្នែក​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​និយាយ​ថា​មាន​ពលករ​ខ្មែរ​ភាគ​ច្រើន​ដែល​បាន​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​រហូត​ដល់​ជាង​ ១០​ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ធ្វើ​កិច្ច​ព្រមព្រៀង​គ្នា​មួយ​ជាមួយ​នឹង​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

«សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យើង ​ចាត់ចែង​ជាមួយ​នឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ ឲ្យ​ពួក​គាត់​ធ្វើ​ការ​តែ​រយៈពេល​៨​ម៉ោង​ឲ្យ​ត្រូវ​នឹង​អនុសញ្ញា​អង្គការ​ ILO ​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​បាន​អនុម័ត​នៅ​ពេល​ថ្មីៗ​នេះ​ថា ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ក៏​ជា​អ្នក​ធ្វើ​ការ​ដែរ។ ​ដូច្នេះ​គាត់​ត្រូវ​ការ​ត្រឹម​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ហើយ​ ៦​ ថ្ងៃ​ក្នុង​មួយ​អាទិត្យ»។

លោកស្រី ​មូរ ​សុខហួរ ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ដែល​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​ការនាំ​ពលករ​ទៅ​ក្រៅ​ប្រទេស ​បាន​និយាយ​ថា​ មាន​ពលករ​ខ្មែរ ​៩​ករណី​ បាន​ស្លាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ​អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​បាន​សរសេរ​របាយការណ៍​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី ​ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍។ ​ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

«ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យើង ​យក​នូវ​ការណ៍​ពិត។ ​ខ្ញុំ​មិន​ជឿថា​ អ្នក​ដែល​ស្លាប់​ហ្នឹង ​ស្លាប់​មួយ​កន្លែង​ នៅ​ថ្ងៃ​ហ្នឹង ​ដោយ​ឥត​មាន​ជំងឺ​អីសោះ។ ​ស្រាប់​តែ​ថ្ងៃ​ស្លាប់​ហ្នឹង ​ថា​មាន​ជំងឺ​សួត។ ​បើ​សិន​ជា​អ្នក​ហ្នឹង​ ស្លាប់​ដោយសារ​ជំងឺសួត​ហេតុ​អ្វី​បាន​ជា​ធ្វើ​ការងារ​រហូត​ដល់​មាន​ជំងឺ​សួត​ហើយ​រហូត​ដល់​ស្លាប់»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​កាល​ពី​ចុង​ឆ្នាំ​២០១១​ បាន​សម្រេច​ផ្អាក​ មិន​ក្រុមហ៊ុន​ឯកជន​នាំ​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី។

នៅ​ក្នុង​ឆ្នាំ​២០១១ ​យ៉ាង​តិច​មាន​ពលករ​ខ្មែរ​ចំនួន​១២​ នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​ ក្នុង​នោះ​មាន​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​ចំនួន​៩​នាក់​បាន​ស្លាប់ ​កម្មករ​នៅ​តាម​រោងចក្រ​ផ្សេង​ៗ​បី​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ហ៊ុយ ​ពេជ្រសុវណ្ណ ​មន្ត្រី​ផ្នែក​កម្មវិធី​សិទ្ធិការងារ ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍៕

XS
SM
MD
LG