ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ទទួច​ឲ្យ​មាន​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ​ក្នុង​កំណែ​ទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត


អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ធ្វើ​មហាបាតុកម្ម​​​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣។ (AP Photo/Heng Sinith)
អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ធ្វើ​មហាបាតុកម្ម​​​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣។ (AP Photo/Heng Sinith)

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៩​ នៅ​ថ្ងៃ​ពុធនេះ​ បាន​ទទូច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ចរចា​អំពី​កំណែ​ទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត ​បញ្ចូល​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ​របស់អង្គការ​សង្គម​ស៊ីវិល​ ដែល​ចង់​សម្តែងមតិ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​ចរចា​ស្តីពី​កំណែ​ទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ លោក​ប៊ិន ឈិន​ ប្រធាន​ក្រុម​ការ​ងារ​ចរចា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​កួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ការងារ​ចរចា​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ ​បាន​លើក​ឡើង​នូវ​វិធាន​ការ​ថ្មី​មួយ​ដែល​ហាម​ឃាត់​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​ដែល​អាច​«ជេរប្រមាថ»គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​លើក​ឡើង​ថា ​វិធានការបែប​នេះ​អាច​នឹង​ត្រូវ​ប្រើ​សម្រាប់​តែ​ការ​រារាំង​ការ​ជជែក​ពិភាក្សា​ជា​សារធារណៈ​ ​ កាត់​បន្ថយ​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​របស់​ជាតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​សារធារណៈទទួល​ខុស​ត្រូវ​តែ​ប៉ុណ្ណោះ។​

លោក​ នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ការ​ផ្នែក​ច្បាប់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា​ រឿង​នយោបាយ​គឺ​ជា​រឿង​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប។​ ​ ដូច្នេះ​អ្វី​ដែល​ជា​ការ​លើក​ឡើង​ដើម្បី​ហាម​ប្រាម​មិន​ឲ្យ​សម្តែង​មតិ​គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចូល​រួម​សម្តែង​មតិ​ខាង​នយោបាយ។​

លោក​និយាយ​ថា៖ ​«បើ​យើង​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​ការ​រិះ​គន់​ទេ​នោះ​ វា​ធ្វើ​ឲ្យ​គណបក្ស​ដែល​ទទួល​បាន​សំឡេងហ្នឹង​គឺ​ថា​ មិន​បាន​ឆ្លុះ​បញ្ជាំង​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ទេ​ នៅ​ពេល​ដែល​ខ្លួន​ដាក់​គោល​នយោបាយ​ហ្នឹង​ទៅ​ដែល​ជា​បញ្ហា​សំខាន់​សម្រាប់​កសាង​ប្រទេស​នោះ»។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​បាន​ជជែក​គ្នា​ឈាន​ដល់​ជំពូក​ទី​៨​ហើយ​ក្នុង​ចំណោម​១២​ជំពួក​នៃ​សេចក្តី​ព្រាងច្បាប់ស្តីពី​ការ​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។​

គណបក្ស​ទាំង​ពីរ​រំពឹង​ថា ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នឹង​ធ្វើ​ចប់​សព្វគ្រប់​នៅ​ចុង​ខែកុម្ភៈ​នេះ។​ បើ​ទោះ​បី​ជា​មាន​ចំណុច​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ព្រម​ព្រៀង​គ្នា​ក៏ដោយ​ តែ​គណបក្ស​ទាំង​ពីរ​បាន​សន្យា​ថា​ នឹង​ទុក​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​អ្នក​សម្រេច​នូវ​ចំណុច​ដែល​នៅ​សេស​សល់។​

លោក​កួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ការងារ​ចរចា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ចំណុច​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​លើក​ឡើង។ ​លោក​មាន​ប្រសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​គោរព​នូវ​គោលការណ៍​សេរីភាព​បញ្ចេញ​មតិ​ តែ​បើ​មាន​ការ​ជេរ​ប្រមាថ​គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។​

លោក​និយាយ​ថា៖​ «គណបក្ស​សង្គ្រោះជាតិ​គាំទ្រ​នូវ​សិទ្ធិ​បញ្ចេញ​មតិ​ហើយ​គាំទ្រ​ចង់​ឲ្យ​មាន​ភាគី​ដទៃ​ទៀត​ផ្សេង​ទៀត ​ដែល​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​តាម​ដាន​អំពី​យន្តការ​នៃ​ការ​បោះ​ឆ្នោត​ ធ្វើ​ម៉េច​ដើម្បី​ឲ្យ​មាន​ការ​រៀប​ចំ​បាន​ល្អ​ប្រសើរ​ ស្រប​តាម​គោល​ការណ៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌»។​

លោក​ប៊ិន ឈិន​ ​ប្រធាន​ក្រុម​ការ​ងារ​ចរចា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ដោយ​លោក​និយាយ​ថា ​កំពុង​ជាប់​ប្រជុំ។

លោក​និយាយ​ថា៖​ «ខ្ញុំ​កំពុង​ប្រជុំ​ ជាប់​រវល់​ប្រជុំ»។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​រំពឹង​ថា​ ច្បាប់ថ្មីស្តីពី​ការ​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្មី​នេះ​នឹង​មាន​ស្ថាប័ន​គ.ជ.ប.មួយ​ឯករាជ្យ​ យុត្តិធម៌​ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ទាំង​អស់៕

XS
SM
MD
LG