ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សបានជំរុញនៅថ្ងៃចន្ទនេះឲ្យអាជ្ញាធរកម្ពុជាធានាកាត់ទោសលោក ម៉ម សុណង់ដូ ប្រកបដោយយុត្តិធម៌ខណៈពេលដែលមេធាវីរបស់លោកម៉ម សុណង់ដូ មិនសូវមានសង្ឃឹមពីជ័យជម្នះ។
សាលាដំបូងរាជធានីភ្នំពេញ នឹងកាត់ទោសលោក ម៉ម សុណងដូ នាយកវិទ្យុសំបុក្រឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅថ្ងៃអង្គារទី១១ ខែកញ្ញា។
នៅក្នុងសេចក្ដីថ្លៃងការណ៍មួយថ្ងៃមុនការកាត់ទោសនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា លោកម៉ម សុណង់ដូ ទទួលរងការចោទប្រកាន់ «ក្លែងក្លាយ និងប្រកបដោយចរិតនយោបាយ»។
លោកម៉ម សុណង់ដូ អាយុ៧០ ឆ្នាំ ដែលបានស្ថិតជាគោលដៅរបស់រដ្ឋាភិបាលត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកក្នុងក្រុងភ្នំពេញកាលពីពាក់កណ្តាលខែកក្កដា បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ប្រកាសស្វែងរកចាប់ខ្លួនលោកជាសាធារណៈ។
សកម្មជនប្រជាធិបតេយ្យរូបនេះត្រូវចោទប្រកាន់ពីបទញុះញង់ប្រជាពលរដ្ឋឲ្យប្រើប្រាស់អាវុធខុសច្បាប់ ការចោទទាក់ទងនឹងការប្រឆាំងនឹងអាជ្ញាធរស្របច្បាប់និងការផ្តួចផ្តើមគំនិតប្រឆាំងនឹងរាជការសាធារណៈ បន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបយ៉ាងហិង្សាលើជម្លោះដីធ្លីមួយក្នុងខេត្តក្រចេះកាលពីខែឧសភា ដែលការបង្ក្រាបនោះ ក្រុមសមត្ថកិច្ចរដ្ឋាភិបាលបានបាញ់សម្លាប់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា ការចាប់ខ្លួននិងការចោទប្រកាន់លើលោកម៉ម សុណង់ដូ គ្រាន់តែជារឿងដែលបង្វែងដានលើឃាតកម្មកុមារីនោះហើយឆ្លៀតពេលធ្វើការគាបសង្កត់លើសកម្មជនសិទ្ធិមនុស្ស។
«ដូច្នេះយើងយល់ថានេះជារឿងដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ហើយយើងសង្ឃឹមថាសវនាការស្អែកនេះនឹងរកយុត្តិធម៌ជូនលោកម៉ម សុណង់ដូ ផងហើយក៏អាចជំរុញឲ្យមានការកែលម្អប្រព័ន្ធតុលាការផងដែរ»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ដ្រីមានប្រសាសន៍តបថា ការអំពាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគឺជាជួយលើកទឹកចិត្តមួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលចង់ឃើញថា ការវិនិច្ឆ័យលើលោកម៉ម សុណង់ដូ ឈរលើផលប្រយោជន៍យុត្តិធម៌។ ប៉ុន្តែលោកមានប្រសាសន៍ថា រដ្ឋាភិបាលមិនមានអំណាចលើអធិបតេយ្យរបស់តុលាការនោះទេ។
«រាជរដ្ឋាភិបាលមិនមានអ្វីដែលពាក់ព័ន្ធដែលធ្វើឲ្យមានឧបសគ្គដល់ការវិនិច្ឆ័យរបស់តុលាការនោះទេ។ ដូច្នេះតុលាការមានអធិបតេយ្យភាព មានឯករាជ្យភាពក្នុងកិច្ចសម្រេចក្តីវិនច្ឆ័យនេះ»។
តុលាការកោះហៅបុគ្គលចំនួន៤០នាក់ឲ្យចូលធ្វើសាក្សីក្នុងការកាត់ទោសលោកម៉ម សុណង់ដូ។ ការណ៍នេះត្រូវគេមើលឃើញថា គឺជាចំនួនសក្សីដ៏សម្បើម។ ដោយឡែកមេធាវីរបស់លោកម៉ម សុណង់ដូ គឺលោកសុខ សំអឿន មានសក្សីត្រឹមតែប្រាំនាក់តែប៉ុណ្ណោះ។
លោកសុខ សំអឿន មានប្រសាសន៍ថា លោកមានសង្ឃឹមខ្លះៗតែប៉ុណ្ណោះ ហើយលោកពឹងលើការវិនិច្ឆ័យនៃអ្នកដឹកនាំនយោបាយក្នុងអំណាចរដ្ឋាភិបាល។
«សង្ឃឹមតិចៗដែរ។ សង្ឃឹមថាថ្នាក់ដឹកនាំពេលដែលស្តាប់សវនាការរួចហើយដឹងការពិតយ៉ាងណាអាចសម្រេចដោយយុត្តិធម៌»។
យ៉ាងណាក៏ដោយលោកសុខ សំអឿន អះអាងថា មិនមានភស្តុតាងដែលបង្ហាញពីកំហុសកូនក្តីរបស់លោកទាក់ទងនឹងការចោទប្រកាន់ពីបទបង្កើតឲ្យមានតំបន់អបគមន៍នោះទេ៕