ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​រិះគន់​តុលាការ​ដែល​ឃុំ​ឃាំង​ជន​រងគ្រោះ​ដីធ្លី


ពលរដ្ឋ​តវ៉ា​នឹង​ការ​ចាប់ខ្លួន​លោក​ម៉ម សូណង់ដូ
ពលរដ្ឋ​តវ៉ា​នឹង​ការ​ចាប់ខ្លួន​លោក​ម៉ម សូណង់ដូ
ភ្នំពេញ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០ ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍នេះ​បានធ្វើការ​បរិហា​រធ្ងន់ៗ​ដល់​តុលាការ​ក្រុងភ្នំពេញ​ក្រោយពី​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​សកម្មជន​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​តំបន់​បឹងកក់ ​និង​តំបន់​បុរី​កីឡា​ថា​មិនមាន​ភាពយុត្តិធម៌​ទៅតាម​ទម្រង់​ច្បាប់។
កាលពី​ថ្ងៃ​អង្គារ ​និង​ថ្ងៃ​ពុធ ​អ្នកស្រី ​យោ​ម បុប្ផា ​សកម្មជន​ការពារ​ដីធ្លី​ដ៏​លេចធ្លោ​នៅ​តំបន់​បឹងកក់​និង​អ្នកស្រី​ ទឹម សាក់​មុន្នី ​សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា​ព្រមទាំង​លោក​តុ​ប គឹមហុង ​អតីត​ប្រធាន​ភូមិ​បុរី​ឡា ​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ​ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ទោស​ក្រោម​បទចោទ​ប្រកាន់​ផ្សេងៗ​គ្នា។

អ្នកស្រី ​យោ​ម បុប្ផា ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា។ អ្នកស្រី ទឹម សាក់​មុន្នី ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ​ចំណែកឯ​លោក​តុ​ប គឹមហុង ត្រូវ​ជាប់ចោទ​ពីបទ​ពុករលួយ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួមគ្នា​រវាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន១០ បាន​លើក​យករ​ណី​ឃុំខ្លួន​មិន​ប្រក្រតី​ទៅលើ​ប្រជា​ពលរដ្ឋ​បឹងកក់​តែ​ពីរ​នាក់​តែប៉ុណ្ណោះ។ អង្គការ​ទាំងនោះ​បានចាត់ទុក​ថា ការប្រើប្រាស់​ការឃុំ​ឃាំង​មុន​សវនាការ​ចំពោះ​រឿងក្តី​នេះ ​គឺជា​រឿង​រន្ធត់។

លោក ហួន ចាន់​ឌី ​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​និយាយ​ថា ការចាប់ខ្លួន​និង​ការឃុំខ្លួន​មិនមាន​មូលដ្ឋាន​ត្រឹមត្រូវ​ទេ។ លោក​បាន​និយាយ​ទៀត​ថា ​បទល្មើស​ទាំង​ពីរ​ករ​ណី​នេះ​មាន​ទំហំ​តូចតាច​ហើយ​ហេតុផល​នៃ​ការចោទប្រកាន់​មិនមាន​
ភាពច្បាស់លាស់​គប្បី​តែ​តុលាការ​គួរតែ​ដាក់​ពួកគេ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​សិន។

«ជាគោលការណ៍​ច្បាប់​មិន​គប្បី​ចាប់គាត់​ឃុំខ្លួន​នោះ​ទេ​ទោះបី​មានការ​ចោទប្រកាន់​ក៏ដោយ។ គាត់​គួរតែ​ត្រូវ​តុលាការ​បើក​ការ​ស៊ើប​អ​ង្កេ​ត​អី​ញ្ចឹ​ង​ចុះ។ ក៏ប៉ុន្តែ​ការឃុំខ្លួន​ គឺជា​លក្ខណៈ​មួយ​មិនចាំបាច់​ទាល់តែសោះ»។

លោក ធុល កុសល ​មន្ត្រី​ផ្នែក​ច្បាប់​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​និយាយ​ថា​ ប្រព័ន្ធ​តុលាការ​ខ្មែរ​មិនបាន​គោរព​ច្បាប់​ទេ ​ដោយសារតែ​ជនសង្ស័យ​មិនទាន់បាន​ពឹងពាក់​សេវាកម្ម​ផ្លូវ​ច្បាប់​ពី​មេធាវី​នៅឡើយ។

«ក៏​ជា​សារ​មួយ ​ដែល​បញ្ជាក់ថា​ខាង​រដ្ឋាភិបាល ​គាត់​យក​ប្រព័ន្ធតុលាការ​នេះ​ជាការ​គំរាម​កំហែង​ ដល់​អ្នកតស៊ូ ​ជាពិសេស​សិទ្ធិ​ដីធ្លី ​សិទ្ធិ​ផ្ទះសម្បែង​នេះឯង»។

មន្ត្រី​តុលាការ​ក្រុងភ្នំពេញ​មិនអាច​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ។ ក៏ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​លោក ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ​នេះ​គឺជា​ដែន​សមត្ថកិច្ច​របស់​តុលាការ​ ហើយ​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​គ្រាន់តែ​ស្រែក​ដើម្បី​ឲ្យ​ល្បី​តាម​រយៈ​សារព័ត៌មាន​តែប៉ុណ្ណោះ។

«នេះ​គឺជា​ដែន​សមត្ថកិច្ច​របស់​តុលាការ ​មិនមែន​នរណា​ក្រៅពី​តុលាការ​ទេ​ ដែលមាន​ដែន​សមត្ថកិច្ច ហើយ​ឆន្ទា​នុ​សិទ្ធិ​ក្នុងការ​ធ្វើ​អ្វី​មួយ ​វា​ជា​អំណាច​របស់​តុលាការ»។

កាលពី​ថ្ងៃទី២៧ ខែមិថុនា ​កន្លង​ទៅនេះ ​អ្នកភូមិ​បឹងកក់​ចំនួន១៣នាក់​ត្រូវបាន​សាលា​ឧទ្ធរណ៍​បានសម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ក៏ប៉ុន្តែ​ពួកគេ​បានដាក់​ឲ្យ​នៅ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ​នៅឡើយ ​ក្រោយពី​អ្នកភូមិ​ចំនួន១៣នាក់​បាន​ចូលរួម​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​តំបន់​បឹងកក់៕
XS
SM
MD
LG