អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះនៅតែជាបញ្ហាចម្បងមួយ ដែលធ្វើឲ្យប្រជាជនកម្ពុជានៅតាមទីជនបទដាច់ស្រយាល បាត់បង់ជីវិត និងធ្លាក់ខ្លួនពិកាជារឿយៗ។
គ្រាប់មីនកប់ក្នុងដីរាប់លានគ្រាប់មានប្រភពមកពីសម័យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ហើយគ្រាប់មិនទាន់ផ្ទុះជាច្រើនលានតោន ត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាមវៀតណាមចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣។
ក្នុងពេលថ្មីៗនេះ ពលរដ្ឋខ្មែរ-អាមេរិកាំងកំពុងស្វែងរកជំនួយបន្ថែម ដើម្បីដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះទាំងនេះឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
លោក Allen Dodgson Tan ប្រធានផ្នែកបច្ចេកវិទ្យាអនុវត្តនៃមូលនិធិមនុស្សធម៌របស់ហ្គោលដេនវេសន៍ និងលោក Sam Oum អ្នកជំនាញកម្ចាត់មីនសញ្ជាតិអាមេរិកដើមកំណើតខ្មែរ ព្រមទាំងលោក Adam Jasinski ប្រធានអង្គការ HALO Trust (សហរដ្ឋអាមេរិក) បានជួបប្រជុំជាមួយក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា ដើម្បីស្នើសុំជំនួយបន្ថែមយកមកដោះស្រាយបញ្ហាមីននៅកម្ពុជា កាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញាកន្លងទៅនៅវិមានសភាកាពីតូល រដ្ឋធានី Washington។
លោក Allen Dodgson Tan ប្រធានផ្នែកបច្ចេកវិទ្យាអនុវត្តនៃមូលនិធិមនុស្សធម៌របស់ហ្គោលដេនវេសន៍ ប្រាប់ VOA ខេមរភាសាថា សំណើសុំជំនួយក្រុមរបស់លោកទទួលបានការគាំទ្រពីការិយាល័យរបស់សមាជិកសភា លោក Alan Lowenthal ដែលតំណាងឲ្យសហគមន៍ខ្មែរ-អាមេរិកកាំងធំបំផុតនៅទីក្រុង Long Beach ភាគខាងត្បូងរដ្ឋកាលីហ័្វរញ៉ា និងសមាជិកសភា លោក Steve Chabot ដែលជាសហប្រធាននៃក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា។
«ដូច្នេះអ្វីដែលយើងកំពុងធ្វើនៅទីនេះ គឺយើងកំពុងតែស្វែងរកការគាំទ្រពីសមាជិកសភាដទៃទៀត ដើម្បីដាក់សំណើនេះចូលទៅក្នុងគម្រោងថវិកាឆ្នាំ ២០១៨របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។
ផ្នែកមួយនៃការងាររបស់លោក Allen នៅក្នុងមូលនិធិមនុស្សធម៌របស់ហ្គោលដេនវេសន៍ក្នុងប្រទេសកម្ពុជា គឺការបង្កើតឧបករណ៍កម្ចាត់មីនដោយប្រើបច្ចេកវិទ្យាទំនើបតាមបែប3D។ ឧបករណ៍កម្ចាត់មីននេះ បង្កើតឡើងដោយក្រុមការងាររបស់លោកផ្ទាល់នៅកម្ពុជា ហើយឧបករណ៍នេះគឺប្រើសម្រាប់បណ្ដុះបណ្ដាលមនុស្សជុំវិញពិភពលោកក្នុងការបោសសម្អាតមីន។ ឧបករណ៍នេះត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិកកាំង និងអង់គ្លេស ព្រមទាំងឈ្នះរង្វាន់ពីកម្មវិធី«ការច្នៃបង្កើតថ្មីផលិតផលអេឡិចត្រូនិក» CES ឆ្នាំ២០១៦ទៀតផង។
ចាប់ពីឆ្នាំ១៩៧៩មក ផ្ទៃដីដែលមានបង្កប់គ្រាប់មីនចំនួន៥៥ភាគរយ ដែលមានទំហំប្រមាណ៨៨០គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត។ ក្នុងនោះមានគ្រាប់មីនកប់ក្នុងដីប្រមាណជាងមួយលានគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន២លាន៥សែនគ្រាប់ត្រូវបានបោសសម្អាត។ នេះបើតាមសម្ដីរបស់លោក Allen។
ទោះបីជាស្ថានភាពមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាមានភាពប្រសើរឡើងយ៉ាងនេះក្ដី ករណីរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះនៅតែបន្តកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជាជារៀងរាល់សប្ដាហ៍។ មិនតែប៉ុណ្ណោះ បញ្ហានេះក៏បានបង្អាក់ប្រជាជន មិនឲ្យប្រើប្រាស់ដីធ្លីមួយចំនួន ដើម្បីធ្វើកសិកម្ម ចិញ្ចឹមគ្រួសារផងដែរ។
គ្រាប់មីនកប់ក្នុងដីនៅកម្ពុជាត្រូវបានអ្នកជំនាញប៉ាន់ស្មានថា មានចំនួនរាប់លានគ្រាប់ និងមានប្រភពមកពីសម័យសង្គ្រាម ហើយគ្រាប់មិនទាន់ផ្ទុះ ចំនួន២លាន៧សែនតោន ត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាមវៀតណាមចន្លោះឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧៣។
លោក Allen បាននិយាយថា៖
«នៅភាគខាងកើតប្រទេសកម្ពុជា បញ្ហានៃគ្រាប់មិនទាន់ផ្ទុះនេះគឺបណ្ដាលមកពីសម័យសង្គ្រាមវៀតណាម សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចង្កោម ឬគ្រាប់បែកតូចៗ ដែលចេញពីគ្រាប់ធំៗ បន្ទាប់មកគ្រាប់បែកទាំងនោះខ្លះកប់ចូលក្នុងដី ហើយបានក្លាយខ្លួនជាមីន»។
បច្ចុប្បន្ននេះជំនួយកម្ចាត់មីននៅកម្ពុជាមានពីចន្លោះ២៥ទៅ៣០លានដុល្លារ។ ជំនួយទាំងនេះបានមកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងប្រទេសផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ជំនួយទាំងនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់កម្ពុជាក្នុងការបោសសម្អាតមីនឲ្យបានចាប់រហ័ស និងមានប្រសិទ្ធភាព។ ហើយទៅថ្ងៃមុខកម្ពុជាត្រូវការទឹកប្រាក់ប្រមាណ១៧លានដុល្លារក្នុងមួយឆ្នាំបន្ថែមលើជំនួយបច្ចុប្បន្ន ដើម្បីបោសសំអាតមីនកប់ក្នុងដីក្នុងប្រទេសកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។
ការកំណត់បោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥នេះត្រូវបានលោក Allen ពន្យល់ថា៖
«ហេតុផលដែលយើងកំណត់គោលដៅត្រឹមឆ្នាំ២០២៥ ដោយសារកម្ពុជាមានកាតព្វកិច្ចផ្លូវច្បាប់ កម្ពុជាជាហត្ថលេខីទៅនឹងអ្វីដែលហោថា សន្ធិសញ្ញាស្ដីពីការហាមឃាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយផែនការសកម្មភាព និងផែនការថ្នាក់ជាតិទាំងអស់កំណត់ត្រឹមឆ្នាំ២០២៥នោះ»។
លោក Allen បន្ថែម ការស្នើសុំជំនួយនេះដែរ លោកមិនរំពឹងថា អាមេរិកនឹងផ្ដល់បន្ថែម១៧លានដុល្លារក្នុងមួយឆ្នាំនោះដែរ ប៉ុន្តែទោះបីជាក្រុមរបស់លោកមិនអាចសុំជំនួយបន្ថែមពីរដ្ឋាភិបាលអាមេរិកបានយ៉ាងហោចណាស់ក៏អាចធានាឲ្យបានថាចំនួនប៉ុន្មានដែលអាមេរិកនឹងផ្ដល់ឲ្យកម្ពុជា ដូចដែលអាមេរិកផ្ដល់ឲ្យប្រទេសឡាវ និងវៀតណាម។
គួរបញ្ជាក់ថា ជំនួយរបស់រដ្ឋាភិបាលអាមេរិក គឺគ្រប់គ្រងដោយក្រសួងការបរទេសអាមេរិក ផ្ដល់ឲ្យកម្ពុជាតាមរយៈអង្គការមិនមែនរដ្ឋាភិបាល ឬអង្គការមនុស្សធម៌ផ្សេងៗ ដើម្បីបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ មិនមែនផ្ដល់ឲ្យរដ្ឋាភិបាលកម្ពុជាឡើយ៕