ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រឿង​ញៀន​ជាង​៤​តោន​ត្រូវ​ដុត​បំផ្លាញ ខណៈ​ជាង​​៣​តោន​ទៀត​​នឹង​ត្រូវ​បន្សាប​​តាម​លក្ខណៈ​បច្ចេកទេស​គីមី​


មន្ត្រីកម្ពុជាដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។
មន្ត្រីកម្ពុជាដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។

អាជ្ញាធរ​ប្រឆាំងគ្រឿង​ញៀន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ដុត​បំផ្លាញ​គ្រឿង​ញៀន ជាង​៤​តោនដែល​ធ្វើ​ឡើង​ក្បែរ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ខណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំពេញ ដែល​ជា​គ្រឿង​ញៀន​ត្រូវ​បាន​ឃាត់​ទុកកាល​ពី​ឆ្នាំ​មុន ដែល​ជាឆ្នាំ​ចាប់​បាន​ក្នុង​ចំនួន​ច្រើន។

របាយ​ការណ៍របស់​គណៈ​កម្មការ​ដុត​បំផ្លាញគ្រឿង​ញៀន​ដែល​វីអូអេ​ទទួល​បាន ឲ្យ​ដឹង​ថា​បន្ថែម​ពី​ការ​ដុត​បំផ្លាញ​គ្រឿង​ញៀន​ប្រមាណ​៤​តោន​៤០០​គីឡូ​ក្រាម គ្រឿង​ញៀន​ប្រមាណ​៣​តោន​២០០​គីឡូក្រាម​ទៀត​នឹង​ត្រូវ​បន្សាប​តាម​លក្ខណៈ​បច្ចេកទេស​គីមី នៅ​ពេល​ក្រោយ ដោយ​ហេតុ​ផល​ថា​ការ​ដុត​បំផ្លាញ​ច្រើន​ប៉ះ​ពាល់​បរិស្ថាន។

របាយ​ការណ៍​បន្ថែម​ថា​គ្រឿង​ញៀនដែល​ត្រូវ​ដុត​ទទួល​បានពី​សាលា​ដំបូងនិង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង កំពង់​ឆ្នាំង ព្រៃ​វែង និង​ខេត្ត​តាកែវ តាម​អំណាច​សាលក្រម និង​សាល​ដីកា​ឲ្យដុត​បំផ្លាញ​តាមលក្ខណៈ​បច្ចេកទេស និង​មាន​សុវត្ថិភាព។

បើ​តាម​របាយ​ការណ៍ គ្រឿង​ញៀន​នោះ​បាន​មក​ពី​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន​៣៩​សំណុំ​រឿង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​គ្រឿង​ញៀន​និង​សារ​ធាតុគីមី​ផ្សំ​ផលិត​គ្រឿង​ញៀន ច្រើន​ជាង​គេ គឺ​រហូត​ដល់​ជាង​៧​តោន​កន្លះ។ ចំណែក​សំណុំ​រឿង​ព្រហ្មទណ្ឌ​មាន​ចំនួន​៨៤ សំណុំ​រឿង​របស់​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ដែល​មាន​គ្រឿង​ញៀន​ទម្ងន់​សរុប​ចំនួន​១​តោន​១៦០​គីឡូ​ក្រាម ច្រើន​បន្ទាប់​ពី​រាជធានី​ភ្នំពេញ។

មន្ត្រីកម្ពុជាត្រៀមដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។
មន្ត្រីកម្ពុជាត្រៀមដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។

លោក ច្រឹង ខ្មៅ ព្រះ​រាជ​អាជ្ញា​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ការ​ដុត​បំផ្លាញ​នេះ បាន​ថ្លែងក្នុង​ពិធី​ដុតបំផ្លាញ​គ្រឿង​ញៀន កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទថា​គ្រឿង​ញៀន​ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​ថ្ងៃ​នេះ មាន​កេតា​មីន ហេរ៉ូ​អ៊ីន ម៉ក​ហ្វិន និង​ប្រភេទ​មួយ​ចំនួន​ទៀត។ លោក​បន្ថែម​ថា​«បរិមាណ​គ្រឿង​ញៀន​ដ៏​ច្រើន​នេះ»​ប្រសិន​បើ​សមត្ថកិច្ចបង្ក្រាប​មិន​ទាន់​ពេល​នោះ​ទេ វា​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ ជា​ពិសេស​អនាគត​យុវជន។

លោក ច្រឹង ខ្មៅ បាន​ថ្លែង​ថា៖ «ចំណែក​សមត្ថកិច្ចរបស់​យើង ទាំង​មន្ត្រី​នគរបាល មន្ត្រី​កង​រាជ​អាវុធហត្ថ អាជ្ញាធរ​មូល​ដ្ឋាន ព្រម​ទាំង​អយ្យការ តុលាការ បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​អនុវត្តវិ​ធាន​ការ​ច្បាប់ ដោយ​មិន​យោគ​យល់ ឬ​អត់​ឱន​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​អស់​នេះ។ តុលាការ​នឹង​ធ្វើ​ការ​ផ្តន្ទា​ទោស​ជន​ល្មើសយ៉ាង​ម៉ឺង​ម៉ាត់​នា​ពេល​ខាង​មុខ»។

បើ​តាម​លោក ច្រឹង ខ្មៅ ដោយ​សារ​សារធាតុគីមីផ្សំ និង​សារធាតុ​គីមី​ប្រភេទខ្លះ មាន​លក្ខណៈ​គីមី ឆាប​ឆេះខ្លាំង​និង​បង្កើត​កម្រិត​ពុល​ខ្ពស់ ដូច្នេះ​មិន​អាច​បំផ្លាញ​ដោយ​វិធីដុតបាន ព្រោះ​ពាក់ព័ន្ធ​បញ្ហា​សុវត្ថិភាព និង​បរិស្ថាន។ ចំពោះ​សារធាតុ​ដែល​ត្រូវ​ការ​បន្សាប គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿង​ញៀន​សម្រេច​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដើម្បី​បន្សាប​និង​បំផ្លាញ​ចោល​តាម​លក្ខណៈ​បច្ទេកទេស​នៅ​ពេល​ក្រោយ។

លោក ម៉ក់ ជីតូ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿង​ញៀន បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថាការ​ផលិត ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀនមិន​មាន​ការ​ថម​ថយ​នោះ​ទេ​ក្នុង​ពិភព​លោក ជា​ពិសេស​ការ​ផលិត​នៅ​ប្រទេស​មីយ៉ាន់​ម៉ា និង​ប្រទេស​ឡាវ​ដែល​លោក​ថា​វាធ្វើ​ឲ្យមាន​រំហូរ​ចូលកម្ពុជា និង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​តំបន់ឆ្លង​កាត់ ដើម្បី​ចែក​ចាយ​គ្រឿង​ញៀនទៅ​លក់​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។

លោក​ថ្លែង​ថា៖ «យើង​ចាប់​បាន​ច្រើន​ដោយ​សារ​អី គ្រឿង​ញៀន​ទាំង​អស់​ហ្នឹង គឺ​ថា​គេ​នាំ​ឆ្លង​កាត់​ប្រទេស​យើង។ អញ្ចឹង​បាន​យើង​ស្ទាក់​ចាប់​តាម​ផ្លូវរាល់​ថ្ងៃ​នេះ។ គ្រឿង​ញៀន​ទាំង​អស់​មិន​មែន​យក​មក​ប្រើ​ប្រាស់​ឬ​លក់​ដូរ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ទេ​ភា​គច្រើន​នាំ​ឆ្លង​កាត់​ទៅ​បណ្តា​ប្រទេស​ផ្សេង​ៗ ដែល​កន្លង​មក​យើងចាប់​បាន ដោយ​សារ​ការ​ដឹក​ជញ្ជូន។ ជា​ពិសេស​ឥឡូវ​នេះ វា​ឆ្លង​កាត់​ផ្លូវគោក​ហើយ​វា​ចុះ​សមុទ្រ​នាំ​ទៅ​បណ្តា​ប្រទេស​ផ្សេង​ៗ ដូច​ជា​អូស្ត្រាលី ចិន​ហុងកុង​ចិន​តៃ​វ៉ាន ជប៉ុន កូរ៉េ​ដើម»។

មន្ត្រីកម្ពុជាត្រៀមដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។
មន្ត្រីកម្ពុជាត្រៀមដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។

កាល​ពី​ឆ្នាំ​២០២០ កម្ពុជា​បាន​ចាប់​គ្រឿង​ញៀន​គ្រប់​ប្រភេទ សរុប​ ៣.៨៧៥​ គីឡូក្រាម ដែល​កើន​ឡើង​ប្រមាណ​៥១៦%​ធៀប​នឹង​ឆ្នាំ​២០១៩។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ការ​ចែក​ចាយ​គ្រឿង​ញៀន និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​ចរាចរណ៍​ឬ​ការ​ចែក​ចាយ​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​មិន​ថយ​ចុះ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «បញ្ហា​គ្រឿង​ញៀន​នេះ​នៅ​តែ​បន្ត​ ការ​បង្ក្រាប​បាន​ច្រើន​ទៀត​ដែរ អា​ហ្នឹង​ឆ្លុះ​បញ្ចាំង​ថា​រឿងបញ្ហា​គ្រឿង​ញៀន​នេះ វា​មិន​ទាន់​មាន​ថម​ថយ​នៅ​ឡើយ​ទេ។ វា​ជា​ចំណុច​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ហើយ​នៅ​ក្នុង​ស្ថានភាព​នេះ​អ្នក​ដែល​ចរាចរ​គ្រឿង​ញៀន​គិត​ថា​ជា​ឱកាស​សម្រាប់​ពួក​គេ​ផង​ដែរ...។ អញ្ចឹង​ទោះ​បី​ជា​កាលៈទេសៈ​ណា​ក៏​ដោយ គ្រឿង​ញៀន​នេះ នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​និង​កើត​ឡើង​ជា​បន្ត​បន្ទាប់​អញ្ចឹង»។

គួរ​បញ្ជាក់​ថាការ​ដុត​បំផ្លាញ​គ្រឿង​ញៀន​ដ៏​ច្រើន​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្រប​ពេល​ដែល​ការ​រត់​ពន្ធ​គ្រឿង​ញឿន​មក​កម្ពុជា​ក៏​មាន​កាន់​តែ​ច្រើន ហើយ​គ្រឿង​ញៀនដែល​ចាប់​បាន​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០២១​នេះ​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ បើ​ទោះ​ប្រទេស​កម្ពុជា​ប្រឈម​ជំងឺ​កូវីដ​១៩​ក៏​ដោយ៕

XS
SM
MD
LG