ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នងការរង​ប៉ូលិសខេត្ត​កំពត​​ត្រូវគេ​ចាប់ខ្លួន​បញ្ជូន​​ទៅតុលាការ​ ពីបទ​សង្ស័យថា​ជួញដូរ​គ្រឿង​ញៀន


រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

កម្លាំង​នគរបាល​បង្ក្រាប​គ្រឿង​ញៀន​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ចាប់ខ្លួន​ស្នង​ការរង​ខេត្ត​កំពតលោក ​អ៊ឹម ឈូន ​និង​ជនសង្ស័យ ​២ នាក់​ផ្សេង​ទៀត ​កាល​ពី​ថ្ងៃ​អង្គារ ពីបទ​សង្ស័យថា​ពាក់​ព័ន្ធនឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ដែល​មានទម្ងន់​ប្រមាណ ​២ គីឡូក្រាម។

លោក ​អ៊ឹម ឈូន​ ស្នង​ការរង​ខេត្ត​កំពត​និង​ជនសង្ស័យ​ ២ នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​ ៦ ខែ​មេសា នៅទីក្រុង​ភ្នំ​ពេញ និង​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ៧ ខែមេសា។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ។

ក្រុមអ្នក​ការពារសិទ្ធិមនុស្ស​ជំរុញ​ឲ្យកម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​បើក​ការ​អង្កេត​រក​ជន​ពាក់​ព័ន្ធ​ផ្សេង​ទៀត ហើយ​ចង់​ឃើញការបង្ក្រាប​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀន​ធំៗ​បន្ថែម​ទៀត។

លោក ​យន់ ផល្លី​ អ្នក​សម្រប​សម្រួល​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក​ប្រចាំខេត្ត​កំពត ​មាន​ប្រសាសន៍​ លោក ​អ៊ឹម ឈូន​ ស្នងការរងខេត្ត​កំពត ត្រូវ​គេស្គាល់​ថា​ជាឈ្មួញ​ជួញដូរ​ដីមួយ​រូប​ដែរ ​បន្ថែមលើ​តួនាទីរបស់​លោក​ជា​មន្ត្រី​នគរបាលក្នុង​ខេត្ត។

លោក​ប្រាប់​ VOA ថា៖ «នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​សម្រាប់​ការ​ចាប់​ក្នុងជួរមន្ត្រី​នគរបាល​ជាតិ​ហ្នឹង​ឃើញ​ថា​ជាលើក​ទីមួយ​ហើយ​សម្រាប់​ថ្នាក់​ដឹកនាំ​ធំ​ចាប់​លើក​ទីមួយ ប៉ុន្តែ​កន្លងមក ​មានៗចាប់​ដែរ គ្រាន់​តែ​មន្ត្រី​តូចតាច​បាន​ន័យ​ថា ​ប៉ូលិស​ដែរ​តែទាស់​ជាមន្ត្រីតូច​តាច​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ ក៏មាន​ចាប់​មន្ត្រី​តូចតាច​មួយដែរ»។

លោកជំរុញ​ឲ្យ​បើក​ការស៊ើបអង្កេត​រក​ជនពាក់​ព័ន្ធបន្ថែម​ទៀត​ ក្រោយ​ចាប់ខ្លួនស្នងការ​រង​និង​ជន​សង្ស័យ​ ២ នាក់​ទៀត ដែល​មានឈ្មោះ កែវ ទិត្យ​មេសា អាយុ​ ២១ ​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​ដែរ​និង​ជាក្មួយ​សាច់​ថ្លៃ​របស់ស្នងការ​រង និងលោក ​ហុង គា អាយុ​ ៦១ ​ឆ្នាំ ជាជន​ស៊ីវិល។ លោក​កត់​សម្គាល់​ថា ការ​ប្រើប្រាស់​គ្រឿង​ញៀន​កំពុង​រីកសាយ​ភាយ​ដល់​តំបន់​ជន​បទ​ក្នុងខេត្តកំពត។

លោក​បន្ថែម​ថា៖ «យើង​កន្លង​មក​យើង​ធ្លាប់​តែ​ឮថា​មាន​ការ​ប្រើប្រាស់​ចែក​ចាយ​អីផ្សេង​ៗ​នៅ​តំបន់​ទីប្រជុំ​ជន​ ប៉ុន្តែ​បច្ចុប្បន្ននេះ ​វា​រាលដាល​ទៅដល់​បណ្តាតំបន់​ជន​បទ​វា​ស្ទើរតែ​ទូទាំង​ខេត្ត ទៅ​តាម​បណ្តាជន​បទ​តាម​ស្រុក​នីមួយៗ ​ហ្នឹង​ក៏​មាន​ការ​ប្រើប្រាស់»។

លោក ​អ៊ឹម ឈូន​ ស្នង​ការរង​ខេត្ត​កំពត​ និង​ជនសង្ស័យ​២នាក់​ទៀត ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​៦ ខែ​មេសា នៅទីក្រុង​ភ្នំ​ពេញ។ (រូបថតដកស្រង់ពីហ្វេសប៊ុក៖ Vuthy Som)
លោក ​អ៊ឹម ឈូន​ ស្នង​ការរង​ខេត្ត​កំពត​ និង​ជនសង្ស័យ​២នាក់​ទៀត ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​៦ ខែ​មេសា នៅទីក្រុង​ភ្នំ​ពេញ។ (រូបថតដកស្រង់ពីហ្វេសប៊ុក៖ Vuthy Som)

ក្នុង​ការ​បង្ក្រាប​កាល​ពី​យប់​ថ្ងៃ​ទី​ ៦ ខែ​មេសា ជិត​ចំណត​រថយន្ត​ផ្សារ​ទំនើបមួយក្នុងសង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ​សមត្ថ​កិច្ច​បាន​រឹបអូស​គ្រឿង​ញៀន​ប្រភេទ​ម៉េតំហ្វេតាមីន ​(ICE)​ ទម្ងន់​ជាង ​១.៧៣៨​ ក្រាម​ឬស្មើនឹង​ជិត​ ២ ​គីឡូក្រាម។

អគ្គស្នងការ​រង​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្រ្កាប​គ្រឿង​ញៀន​លោក ​ម៉ក់ ជីតូ ប្រាប់​វីអូអេនៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ករណី​លោក ​អ៊ឹម ឈូន​ និងគូកន​កំពុងស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា​ ហើយ​ថា​សមត្ថកិច្ច​នឹងបន្ត​តាម​ចាប់​ជន​សង្ស័យ​ពាក់​ព័ន្ធផ្សេង​ទៀត។

លោក​បញ្ជាក់​ថា៖ «យើង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​ឥឡូវ​កំពុងធ្វើការ​។ ការចោទ​ប្រកាន់​បន្តិចទៀត​បាន​ដឹង។​...យើង​ចោទ​ប្រកាន់​គាត់​ចោទ​ប្រកាន់​រឿង​បទ​រក្សា​ទុក​និង​ជួញដូរ​សារធាតុ​ដោយ​ខុសច្បាប់»។

លោក​ គុជ គឹមឡុង ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិនទាន់ឆ្លើយតប​សំណួរ​តាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេ​ក្រាមនៅ​ថ្ងៃ​សុក្រ​នេះ។

បើ​តាម​របាយ​ការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​ ២១.៥៦៦ ​នាក់​ក្នុង​បទល្មើស​គ្រឿងញៀន​ចំនួន ១០.៤៦១ ​ករណី ក្នុង​ឆ្នាំ​ ២០២០ ដែល​កើន​ជាង​ឆ្នាំ ​២០១៩ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មនុស្ស​បាន ២០.៤៩០ នាក់ នៅ​ក្នុង​ការ​បង្ក្រាប​បទ​លើ្មស​គ្រឿង​ញៀន​ចំនួន ៩.៨០៦ ករណី។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និងការ​ពារ​សិទ្ធិមនុស្សរបស់​អង្គការ​លីកាដូ​ យល់​ថា ការ​ប្រើប្រាស់ថ្នាំ​ញៀន​កំពុង​ក្លាយ​ជាបញ្ហា​គួរ​ឲ្យព្រួយបារម្ភ​មួយ​នៅ​កម្ពុជា ដែល​ប្រឈមនឹង​ការ​បាត់​បង់​ធនធាន​មនុស្ស​ដោយ​សារ​គ្រឿង​ញៀន។

លោក​បន្ថែម​ថា ​អ្វីដែល​គួរឲ្យកត់​សម្គាល់​ទៀតនោះ​គឺ​ស្ថានភាព​ក្នុងពន្ធនាគារ​ក៏មាន​សភាព​កាន់តែចង្អៀត​ណែន ​ស្រប​ពេល​សមត្ថកិច្ច​បន្តបង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​និង​ចាប់​បាន​ភាគ​ច្រើន​តែអ្នក​ជួញ​ដូរ​តូចតាច ឬអ្នកដែល​ប្រើប្រាស់​គ្រឿង​ញៀន​ តែ​ក្រោយមក​ត្រូវចោទថារក្សាទុក​គ្រឿង​ញៀន​វិញ។​

លោក​មាន​ប្រសាសន៍ថា៖ «បើយើង​និយាយ​អំពី​បញ្ហា​ពន្ធនាគារ​ក៏​វាចង្អៀត​ណែន​ខ្លាំង​ ដោយ​សារ​បញ្ហា​គ្រឿង​ញៀន​ហ្នឹង​ផងដែរ​។ អីចឹង​ហើយ​ អានេះ​ដែល​ជា​ចំណុច​មួយ​ដែល​ត្រូវ​តែអនុវត្ត​ដោយ​តឹង​រ៉ឹង​ចាប់​មូលដ្ឋាន ​រហូត​ទៅ​ដល់​ថ្នាក់​ជាតិ​ហ្នឹង។ ជាពិសេស​ អ្នក​ដែល​ពាក់​ព័ន្ធហ្នឹង​ត្រូវតែ​អនុវត្ត​ឲ្យបាន​តែ​ម្តង​ទោះបី​ជា​អ្នក​ហ្នឹង​ជា​អ្នកណា​ក៏ដោយ»។

កន្លង​មក​អាជ្ញាធរ​មានសមត្ថកិច្ច​ធ្លាប់​បាន​ចាប់ខ្លួន​បុគ្គល​មួយចំនួន ​ដូច​ជា​អ្នកមានងារ​ជាឧកញ៉ា​ និងមន្ត្រី​ជាន់​ខ្ពស់​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ ក៏ប៉ុន្តែ​ករណី​ចាប់ខ្លួន​បុគ្គលសំខាន់​ៗ​នៅមាន​តិច​។ ចំណែកឈ្មួញ​ធំៗ​ ដូច​ជា​អ្នកនាំគ្រឿង​ញៀន​ចូល​មកកម្ពុជា ​និងអ្នកផលិត​គ្រឿង​ញៀន​កម្រត្រូវ​បាន​ចាប់ខ្លួន។ នេះបើតាម​ការបញ្ជាក់​របស់លោក ​អំ សំអាត។

ក្នុង​កិច្ចខិតខំ​បង្ក្រាប​គ្រឿងញៀននេះ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពីខែ​មករា​ ឆ្នាំ​២០២១ ​បាន​ស្នើឲ្យ​អាជ្ញាធរមូលដ្ឋាន​ «កុំ​ពាក់​ព័ន្ធ​កុំ​អន្តរាគមន៍ កុំ​លើ​ក​លែង» ជា​មួយ​ពួក​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន។

បើតាម​លោក​ ស ខេង​ គ្រឿង​ញៀន​ប្រមាណ​៣តោន​ត្រូវ​បាន​រឹប​អូស​កាល​ពី​ឆ្នាំ​ ២០២០ ដែល​កើន​ជាង​ឆ្នាំ​ ២០១៩។

ក្នុង​កិច្ច​ប្រជុំ​មួយ​ស្តី​ពី​ការ​កែ​សម្រួល​លក្ខណ​សម្បតិ្ត​នៃ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​មករា លោក ​ស ខេង​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បំបាត់​ឲ្យ​បាន​នូវ​ការ​ចរាចរ​គ្រឿង​ញៀន​ក្នុងភូមិឃុំ​សង្កាត់៕

XS
SM
MD
LG