លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ក្នុងកម្មវិធី ហេឡូវីអូអេកាលពីថ្ងៃច័ន្ទថាក្នុងប្រព័ន្ធបោះឆ្នោតសមាមាត្រនាពេលបច្ចុប្បន្នប្រជាពលរដ្ឋខ្លះមិនទាំងស្គាល់ឈ្មោះតំណាងរាស្ត្រនៅតំបន់របស់គាត់ផងដោយសារបេក្ខជនត្រូវគណបក្សជាអ្នកដាក់ហើយពលរដ្ឋបោះឆ្នោតជ្រើសរើសគណបក្សដែលគេស្រឡាញ់ហើយគណបក្សមានឥទ្ធិពលខ្លាំងពេកទៅលើអ្នកតំណាងរាស្រ្ត។
លោកបានបន្ថែមថា៖
«ជាពិសេសនៅ ពេលដែលបក្សមានឥទ្ធិពលរៀបបញ្ជីឈ្មោះ បេក្ខជននៅក្នុងខេត្តនីមួយៗ បក្សក៏ មានសិទ្ធិប្តូរតំណាងរាស្រ្តផងដែរ គឺនៅពេលណាដែលបក្សមិនសប្បាយចិត្តបក្សដកបុគ្គលនោះ ចេញពីគណបក្សគឺជាស្វ័យប្រវត្តិបុគ្គលនោះ បាត់បង់អាសនៈសភាផងដែរ»។
ប៉ុន្តែលោកបានបញ្ជាក់ថាប្រព័ន្ធសមាមាត្រផ្តល់ឱកាសឱ្យមានអ្នកតំណាងរាស្រ្តមកពីគណបក្សច្រើននៅក្នុងសភាជាតិបើទោះ ជាគណបក្សនោះតូចក៏ដោយ។
លោកបានបញ្ជាក់ថាមាននិន្នាការខ្លះបានលើកឡើងថាកម្ពុជាគួរតែជ្រើសរើសប្រព័ន្ធឯកត្តនាមដែលអនុញ្ញាតឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសអ្នកតំណាងរបស់ពួកគេដោយផ្ទាល់និងបើកឱកាសឱ្យអ្នកឯករាជ្យអាចឈរឈ្មោះបាន។ ក្នុងករណីនោះ គឺភូមិសាស្រ្តប្រទេសកម្ពុជាត្រូវបែងចែកជាមណ្ឌលបោះឆ្នោតចំនួន១២៣ទៅ តាមចំនួនអ្នកតំណាងរាស្រ្តដែលត្រូវជ្រើសរើស។
លោកអ៊ូ វីរៈបានលើកពីគុណវិបត្តិនៃប្រព័ន្ធឯកត្តនាមថា«ការបោះឆ្នោតឯកត្តនាមនេះក៏ ទទួលរងការរិះគន់ផងដែរព្រោះថាអ្នកដែលមានលុយមានឱកាសក្នុងការឈ្នះដែរ»ដែលលោកថានេះជាការដកឱកាសរបស់គណបក្សថ្មីនិងតូចៗក្នុងការដាក់បេក្ខភាពរបស់ពួកគេ។ ប្រការនេះធ្វើឱ្យសំឡេងរបស់ជនជាតិភាគតិចឬសំឡេងភាគតិចអាចបាត់បង់សំឡេងដែលធ្វើឱ្យពលរដ្ឋធុញទ្រាន់ក្នុងរឿងនយោបាយ។
ក្នុងការបោះឆ្នោតឆ្នាំ២០១៣កន្លងមកនេះខេត្តដែលមានមួយអាសនៈចំនួន៩មណ្ឌលត្រូវបានគណបក្សប្រជាជនកម្ពុជាឈ្នះយកអាសនៈទាំងអស់។
លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងព័ត៌មាននៃគណបក្សប្រជាជនកម្ពុជាបានយល់ស្របដែរថាប្រព័ន្ធសមាមាត្រពិតជាផ្តល់អំណាចដល់គណបក្សនយោបាយគឺទាំងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងប៉ុន្តែលោកយល់ថាប្រព័ន្ធចម្រុះអាចជាជម្រើសមួយដែលគណបក្សរបស់លោកគួរតែគិតគូរដល់ដែរនៅក្នុងពេលអនាគត។ ប្រព័ន្ធចម្រុះ គឺជាការបូកបញ្ជូលគ្នារវាងប្រព័ន្ធសមាមាត្រនិងប្រព័ន្ធឯកត្តនាម៕