ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​គាំទ្រ​បេក្ខភាព​លោក​ហង្ស ពុទ្ធា​សម្រាប់​បេក្ខជន​ទី៩ គ.ជ.ប


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​អ្នក​យក​ព័ត៌មាន​ចោម​រោម​​នៅ​ក្រោយ​ជំនួប​កំពូល​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មន្ទីរ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​អង្គារ​ទី​២២​ខែ​កក្កដា​​ឆ្នាំ​២០១៤ ដែល​បាន​បញ្ចប់​ភាព​ជាប់គាំង​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​អ្នក​យក​ព័ត៌មាន​ចោម​រោម​​នៅ​ក្រោយ​ជំនួប​កំពូល​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មន្ទីរ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​អង្គារ​ទី​២២​ខែ​កក្កដា​​ឆ្នាំ​២០១៤ ដែល​បាន​បញ្ចប់​ភាព​ជាប់គាំង​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ប្រមុខ​ដឹក​នាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៊ី ​បានអះអាង​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ការ​គាំទ្រ​បេក្ខ​ភាព​លោក​ហង្ស ពុទ្ធា ​ជា​បេក្ខជន​ទី​៩​សម្រាប់​ជ្រើស​រើស​ជា​សមាជិក​ថ្មី​នៃ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គជប) ​ហើយ​រដ្ឋ​សភា​នៃគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បើក​សម័យ​ប្រជុំ​ដើម្បី​ជ្រើស​តាំង​សមាជិក​គ.ជ.ប ​ថ្មី​នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា។

​សេច​ក្តី​អះអាង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក្រោយ​ពីលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បានបង្ហាញ​ប្រតិ​កម្ម​ខ្លាំងៗកាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ថា​រូប​លោក​បាន​ប្តូរ​ជំហរ​គាំទ្រ​បេក្ខភាព​លោក​ហង្ស ពុទ្ធា ​ដោយ​សារ​បញ្ហា​សុខភាព​របស់​មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​រូប​នេះ។

​លោក​សម រង្ស៊ី ​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថាការ​ខ្វែង​គំនិត​បែប​នេះ​បាន​ចប់​សព្វ​គ្រប់​ហើយ​ក្រោយ​ពី​ព័ត៌មាន​ដែលលើក​ឡើង​ថាលោក​ហង្ស ពុទ្ធា ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ជា​ព័ត៌មាន​មិន​ពិត។

លោក ពុទ្ធា ហង្ស នាយកប្រតិបត្តិ​នៃ​អង្គការ​នីកហ្វិក និង​លោក គល់ បញ្ញា​ នាយក​អង្គការ​ខុមហ្វ្រែល ពិភាក្សា​អំពី​ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​សំណើ​ខុស​គ្នា​រវាង​គណបក្ស​នយោបាយ​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៣០ ខែ​តុលា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
លោក ពុទ្ធា ហង្ស នាយកប្រតិបត្តិ​នៃ​អង្គការ​នីកហ្វិក និង​លោក គល់ បញ្ញា​ នាយក​អង្គការ​ខុមហ្វ្រែល ពិភាក្សា​អំពី​ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​សំណើ​ខុស​គ្នា​រវាង​គណបក្ស​នយោបាយ​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៣០ ខែ​តុលា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

លោក​ហង្ស ពុទ្ធា ​ជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោតដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ហៅកាត់​ថា​និកហ្វិក។

លោក​សម រង្ស៊ី ​បញ្ជាក់​ថា​ការខ្វែង​គំនិត​នេះ​ត្រូវ​ដោះ​ស្រាយ​ចប់​ហើយ។ ​ម្យ៉ាង​ទៀតការ​ជ្រើស​តាំង​សមាជិក​ថ្មី​របស់​គជប​ នឹង​ធ្វើ​ឡើង​ដូច​ការ​គ្រោង​ទុក។

«តាម​យើង​ទទួល​បាន​ព័ត៌មាន​ពិត​អត់​មាន​បញ្ហា​(សុខភាព)​បែប​ហ្នឹង​ចោទ​ទេ។ដូច្នេះ​រឿង​នេះ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​អស់​ហើយ»។

​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​កាល​ពី​ចុង​ខែ​មុន​លើ​បេក្ខភាព​លោក​ហង្ស ពុទ្ធា ​ដែល​ជា​បណ្ឌិត​ច្បាប់​ម​ក​ពីអតីត​សហភាព​សូវៀត​បន្ទាប់​ពី​លោក​ស្រី​ពុង ឈីវកេក ​ប្រធាន​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូបាន​បោះ​បង់​ចោល​បេក្ខភាព​នេះ។មូល​ហេតុ​ដោយសារ​លោក​ស្រី​ព្រួយ​បារម្ភមិន​អាច​អនុវត្ត​ឯក​រាជ្យ​ភាពរបស់​ស្ថាប័ន​បោះ​ឆ្នោត​នោះ​បាន។

​កាល​ពី​ថ្ងៃ​ពុធ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ទទូច​ជា​ច្រើនដង​ក្នុង​សុន្ទរកថា​មួយនៅ​ឯ​ខេត្ត​ស្ទឹង​ត្រែង​ដើម្បី​ការពារ​បេក្ខភាព​លោក​ហង្ស ពុទ្ធា ​បន្ទាប់​ពី​លោក​បរិហារ​ថាប្រធាន​គណបក្ស​ជំទាស់​ស្នើ​បេក្ខភាព​ផ្សេង​ទៀត​សម្រាប់​ពិចារណា​ក្រៅ​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ។

«បើ​មិន​បាន​លោក​ហង្ស ពុទ្ធា ​ខ្ញុំ​មិន​ព្រម»។

​លោក​ សម​ រង្ស៊ី បានសម្តែង​ការ​សោក​ស្តាយចំពោះ​ការ​ដក​ខ្លួន​របស់​លោក​ស្រី​ ពុង ឈីវកេក ​ប៉ុន្តែ​លោក​សាទរ​បេក្ខភាព​លោក​ហង្ស ពុទ្ធា។

«លោក​ហង្ស ពុទ្ធា ​ធ្វើការ​ជាមួយ​លោក​ស្រីពុង ឈីវកេក​១៧​ឆ្នាំ​ហើយ។​គឺ​ប្រៀប​ដូច​ជា​មនុស្ស​តែមួយ​អញ្ចឹង។​គឺ​ច្បាស់​ជា​មាន​គោល​ជំហរ​ដូច​គ្នា​ ស្មោះ​ត្រង់​ដូច​គ្នា ច្បាស់​លាស់​ដូច​គ្នា។​ដូច្នេះ​បើ​មិន​បាន​លោក​ស្រីពុង ឈីវកេក បាន​លោក​ហង្ស ពុទ្ធា ក៏​យើង​ពេញ​ចិត្តដែរ»។

​លោកគល់​ បញ្ជា ​នាយក​ប្រតិបត្តិនៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ដែល​ហៅ​កាត់​ថា​ខុមហ្វ្រែល ក៏​បាន​គាំទ្រ​និង​មាន​សុទិដ្ឋិ​និយម​សម្រាប់​បេក្ខភាព​លោក​ហង្ស ពុទ្ធា​ផង​ដែរ។

«លោក​ពុទ្ធា ​ជា​សមាជិក​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ការ​តស៊ូ​មតិ​សម្រាប់​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​យូរ​មក​ហើយ។​យើង​នឹងព្យាយាម​ទាក់​ទង​ការងារ​ជា​មួយ​គាត់​ដើម្បី​ធានា​ថា​ប្បញ្ញត្តិ​មួយ​ចំនួន​ដែល​មិន​សូវ​ល្អ​ក្នុ​ងច្បាប់​បោះ​ឆ្នោតដើម្បី​កុំឲ្យ​ការ​អនុវត្ត​អាក្រក់​ទាក់​ទិន​នឹង​ការ​រឹត​ត្បិត​សេរី​ភាព។​ហើយ​យើង​សង្ឃឹម​ថា​គាត់​នឹង​បន្ត​នូវ​របៀប​ធ្វើ​ការរដូច​គាត់​ធ្វើ​នៅ​សង្គម​ស៊ីវិល​ដែរ»។​

​រហូតមក​ទល់​ពេល​នេះ​បេក្ខជន​ចំនួន​បួន​រូប​ដែល​ស្នើ​ដោយ​គណបក្ស​កាន់​អំណាច​ត្រូវ​គេ​ដឹង​ក្រៅ​ផ្លូវ​ការ។ ​ប៉ុន្តែ​បេក្ខជន​របស់​គណបក្ស​ជំទាស់​មិន​ទាន់​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

XS
SM
MD
LG