ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​កម្ពុជា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គ​តុលាការ


ការ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​កន្លង​មក។
ការ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​កន្លង​មក។
រដ្ឋសភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​អង្គការតុលាការ​ដោយ​មាន​ការ​គាំទ្រ​មួយ​រយ​ភាគរយ​ ទោះ​បី​ជា​មាន​ការ​ជំទាស់​ឲ្យ​មាន​ការ​ព្យួរ​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ពី​ឧត្តម​ស្នង​ការ​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​និង​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ណាក្តី។

សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​៨​ជំពូក​ និង​៩២​មាត្រា​ត្រូវ​បាន​សមាជិក​សភា​របស់​គណបក្ស​ប្រជាជនលើក​ដៃ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ​៦៤​សំឡេង។​

សភា​បាន​ធ្វើ​ការ​ថា៖ ​«ប្រកាស​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំអង្គការ​តុលាការ»។​

ក្នុង​រយៈ​ពេលប្រហែល​ប្រមាណ​ជាង​២​ម៉ោង​គេ​ឃើញសមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រហែល​៦​រូប​បាន​ឡើង​ធ្វើ​ការ​គាំទ្រឲ្យ​រដ្ឋ​សភា​ធ្វើ​ការអនុម័តសេចក្តី​ព្រាង​ច្បាប់​ដដែល​នេះ​ ខណៈ​ពេល​ដែលមិន​មាន​ការ​សួរ​ដេញ​ដោល​ធ្ងន់ៗ​ ដែល​កន្លងម​ក​គេ​ធ្លាប់​ឃើញ​មាន​តែ​តំណាង​រាស្រ្តមកពី​គណបក្ស​ប្រឆាំង​សាក​សួរ​នោះ។​

លោក​ឈាង​ វ៉ុន ​តំណាងរាស្រ្តគណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មើល​ទៅ​ហាក់​មាន​សកម្មភាព​សកម្ម​ជាង​គេ​ បាន​ឡើង​គាំ​ទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ​និង​បាន​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌​គិត​គួរ​បន្ថែម​ទៀត​លើក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​ប្រព័ន្ធ​តុលាការ​ និង​ធានា​ថា​ មន្ត្រី​រាជការ​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ​មាន​ប្រាក់​ខែ​សមរម្យ។​

«យើង​គួរ​គិត​គូរ​ពី​រឿង​នេះ​ដែរ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​មន្ត្រី​ដែល​ធ្វើ​ការ​ក្នុង​ប្រព័ន្ធ​តុលការ​ហ្នឹង​អាច​បម្រើ​ការ​ងារ​របស់គាត់​បាន​ត្រឹម​ត្រូវ»។​

តំណាង​រាស្រ្តរបស់​គណបក្ស​ដដែល​គឺ​លោក​សួស​ យ៉ារ៉ា​បាន​ធ្វើ​ការ​ចោទ​សួរ​ទៅ​កាន់​លោក​អង់​ វង្ស​វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​ស្រាយ​បំភ្លឺ​ ថា​តើ​ក្រោយ​ពី​អនុម័ត​ច្បាប់​នេះ​ហើយ​ តើ​ក្រសួង​យុត្តិធម៌​អាច​នឹង​បង្កើតប្រព័ន្ធ​មួយ​ដែល​ត្រឹម​ត្រូវ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​ដែរ​ឬទេ?​

«ឥឡូវ​នេះ​យើង​មាន​វិមាន​រដ្ឋសភា​ វិមាន​សន្តិភាព​របស់​រដ្ឋាភិបាល​ ដល់​ពេល​ច្បាប់​នេះ​អនុម័ត​ហើយ​តើ​យើង​អាច​មាន​វិមាន​យុត្តិធម៌​ដែរ​ឬ​ទេ?»​

ជា​ការ​ឆ្លើយ​តប​ តំណាង​រដ្ឋាភិបាល​ ដែល​ត្រូវ​ឡើង​មក​ការពារ​ច្បាប់នេះគឺ​លោក អង់​ វង្សវឌ្ឍនា​ទទួលស្គាល់​ថា​ វិស័យ​តុលាការ​នៅ​កម្ពុជា​នៅ​មាន​បញ្ហា​ចន្លោះ​ប្រហោង​ច្រើន។​ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នឹង​ជួយ​កាត់​បន្ថយ​ចន្លោះ​ប្រហោ​ង​ទាំង​នោះ។​

«អ្វី​ដែល​យើង​បាន​ធ្វើ​ បាន​សរសេរទាំង​អស់​ហ្នឹង​គឺ​ដើម្បីគោល​ដៅ​ទាំង​អស់​ហ្នឹង​ មិន​មែន​យក​អំណាច​នោះ​ទេ​ គោលដៅ​ដើម្បី​បម្រើ​ឲ្យ​តុលាការ​ហ្នឹង​មាន​ភាព​ត្រឹមត្រូវ»។

ទោះ​បីជា​យ៉ាង​ណាក្តី​ សង្គម​ស៊ីវិល​យល់​ឃើញ​ថា ​ច្បាប់​ស្តីពី​ការ​រៀប​ចំ​អង្គការ​តុលាការ​ដែល​ទើប​ត្រូវ​បាន​អនុម័ត​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពីលក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​នឹង​ផ្តល់អំណាច​ហួសហេតុ​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​ការ​គ្រប់​គ្រង​និង​ដឹកនាំ​សេចក្តី​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​ជា​ស្ថាប័ន​កំពូល​ ហើយ​ហាក់​ដូច​ជា​បើក​ឱកាស​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ ចាត់​ចែង​ថវិកា​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់​ និង​អាច​ផ្លាស់​ប្តូរ​ ឬ​ដំឡើង​ឋានៈ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​ផង។​

លោក​សុខ​ អឿន ​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់ការ​ពារ​សិទ្ធិ​កម្ពុជា​ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​ដើរ​តួ​ជា​សាក្សី​ ថាតើ​ច្បាប់​ដែល​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ នឹង​ជួយ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នេះ​ នឹង​មាន​ប្រសិទ្ធិ​ឬ​យ៉ាងណា។

«ពេល​ច្បាប់​ហ្នឹង​ចេញ​ទៅ​ តើ​មាន​ការ​កែ​លម្អ​កេរ្តិ៍​ឈ្នោះ​តុលាការ​ដែរ​ឬ​អត់?​ តើ​ប្រជា​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ហ្នឹង​ចុះ​ថយ​ដែរ​អត់?»​

បន្ទាប់​ពី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​អង្គការតុលាការ​ រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បិទ​បញ្ចប់​ការ​ពិភាក្សា​របស់​ខ្លួន​នៅ​ត្រឹម​ការ​ពិភាក្សាសេចក្តី​ព្រាង​ច្បាប់ស្តីអំពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​ ដោយអនុម័ត​បាន១​ជំពូក​ មាន​៧មាត្រាក្នុងចំណោម៦​ជំពូក​ដែល​មាន​១១១​មាត្រា។​ ការ​ពិភាក្សា​នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក​ទៀត៕
XS
SM
MD
LG