ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​សុំ​ឱ្យ​សភា​ឯកបក្ស​ផ្អាក​ការ​ពិភាក្សា​ច្បាប់​កែ​ទម្រង់​តុលាការ


ប្រព័ន្ធ​​​តុលាការ​​​កម្ពុជា​​​កន្លង​​​មក​​​ត្រូវ​​​បាន​​​រិះ​​​គន់​ថា​មាន​ភាព​លម្អៀង​ឬ​រង​សម្ពាធ​ផ្នែក​នយោបាយ និង​ពាក់ព័ន្ធ​នឹង​ការ​​​ប្រព្រឹត្តិ​​​អំពើ​​​ពុក​​​រលួយ ដែល​​​កាត់​​​ក្តី​​​លម្អៀង​​​ទៅ​​​អ្នក​​​មាន​​​ទ្រព្យ​​​សម្បត្តិ​និង​មាន​អំណាច។
អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៤​ស្ថាប័ន​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ស្នើសារ​ជា​ថ្មី​ឱ្យ​រដ្ឋ​សភា​ពន្យា​ពេល​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ចំនួន​បី​ដែល​អាច​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ​ប្រសិន​បើ​អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ។

​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​គ្រោង​នឹង​ពិភាក្សា​នៅ​រដ្ឋ​សភានៅ​ថ្ងៃ​អង្គារ​ទី​២០​សប្តាហ៍​ក្រោយ។

សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នោះ​រួម​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​និង​អយ្យការ ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ និង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃចៅក្រម​និង​ព្រះ​រាជអាជ្ញា។

ក្នុង​ចំណោម​អង្គការ​ទាំង​នោះ​រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​និង​អង្គការ​សមធម៌​កម្ពុជា​ មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ជាដើម។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​បាន​រិះគន់​ថា​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​នឹង​ផ្តល់​អំណាច​ហួស​ហេតុ​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​ការ​គ្រប់គ្រង​និង​ដឹកនាំ​សេចក្តី​សម្រេច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ​ដែល​ជា​ស្ថាប័ន​កំពូល។ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​នឹង​ផ្តល់​អំណាច​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​គ្រប់គ្រង​និង​ចាត់ចែង​ថវិកា​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់​និង​មាន​សិទ្ធិ​ដំឡើង​ឋានៈ តួនាទី​ ឬ​ផ្លាស់ប្តូរ​ចៅក្រម​និង​ព្រះ​រាជអាជ្ញា​ផង​ដែរ។

ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​នេះ ​លោក​មេធាវី ​សុក សំអឿន ​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​មាន​ប្រសាសន៍​ថា​ប្រសិន​បើ​ច្បាប់​ទាំង​នេះ​អនុម័ត​ក្នុង​ទម្រង់​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​និង​ប្រសិទ្ធភាព​របស់​តុលាការ ​ត្បិត​អំណាច​នឹង​ប្រមូល​ផ្តុំ​តែ​ក្នុង​ដៃ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ជា​សមាជិក​គណបក្ស​នយោបាយ​ជាប់​ឆ្នោត។

«​ប្រសិន​បើ​ច្បាប់​ហ្នឹង​មិន​មាន​ការកែប្រែ​មាន​ន័យ​ថា​ឯករាជ្យភាព​និង​ប្រសិទ្ធភាព​របស់​តុលាការ​គឺ​នៅ​ក្នុង​ដៃ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​និង​នាយក​រដ្ឋ​មន្ត្រី។ កាល​ពី​មុន​មក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អត់​សូវ​មាន​អំណាច​ផង​ហ្នឹង​តែ​ឥឡូវ​នេះ​អំណាច​ធំ​មែន​ទែន​ពី​ព្រោះ​ការ​តំឡើង​តំណែង ​ឋានៈ ​តួនាទី ដាក់​ពិន័យ ​ផ្លាស់ប្តូរ​ទៅ​ទី​ណា​ជិត​ឆ្ងាយ​អី ​គឺ​គាត់​មាន​ឥទ្ធិពល»។

ប្រព័ន្ធ​តុលាការ​កម្ពុជា​កន្លង​មក​ត្រូវ​បាន​រិះ​គន់​ថា​មាន​ភាព​លម្អៀង​ឬ​រង​សម្ពាធ​ផ្នែក​នយោបាយ និង​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ដែល​កាត់​ក្តី​លម្អៀង​ទៅ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​និង​មាន​អំណាច។ ក្រុម​អ្នក​ច្បាប់​យល់​ថា​ការ​អនុម័ត​ច្បាប់​ទាំង​បី​បាន​ល្អ​ត្រឹមត្រូវ​នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ។ ប៉ុន្តែ​ប្រសិន​បើ​អនុម័ត​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​អន្តរជាតិ ​ច្បាប់​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​ការ​រំលោភ​បំពាន​ទាំងនោះ​កាន់​តែ​ស្រប​ច្បាប់។ នេះ​បើ​តាម​លោកស្រី​ ចក់ សុភាព ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

លោកស្រី​បញ្ជាក់​ថា​៖ «ប្រព័ន្ធ​តុលាការ​ហាក់​ដូចជា​ផ្ទុយ។ នេះ​មិន​ទាន់​ទាំង​មាន​អំណាច​ផង។ តែ​ឥឡូវ​នេះ​បើ​តាម​ទម្រង់​ច្បាប់​ដែល​បាន​តាក់តែង​នេះ​ មើល​ទៅ​ការ​រំលោភ​បំពាន​នេះ​មើល​ទៅ​កាន់​តែ​ស្រប​ច្បាប់​ថែម​ទៀត»។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​សភា​ពន្យាពេល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ និង​ដាក់​សេចក្តី​ព្រាង​ច្បាប់​នេះ​ជា​សាធារណៈ​ដើម្បី​ឱ្យ​សង្គម​ស៊ីវិល​និង​ភាគី​ពាក់ព័ន្ធ​ចូលរួម​ពិគ្រោះ​យោបល់​មុន​ពេល​បញ្ជូន​សេចក្តី​ព្រាង​នេះ​ទៅ​ឱ្យ​រដ្ឋ​សភា​អនុម័ត។

លោក សុក សំអឿន ​ស្នើ​ឱ្យ​មាន​ការ​ពន្យាពេល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​រហូត​ដល់​មាន​ការ​ត្រូវរ៉ូវ​គ្នា​ផ្នែក​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈពេល​រដ្ឋសភា​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង។

ប៉ុន្តែ​លោក ជាម យៀប ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​អះអាង​ថា​រដ្ឋ​សភា​នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​គ្មាន​ការ​ពន្យាពេល​នោះ​ឡើយ។

លោក​បន្ថែម​ថា៖ «តាំង​ពី​ឆ្នាំ​១៩៩៣​មក​ដល់​បច្ចុប្បន្ន​ហ្នឹង​ វា​ជិត​២៥​ឆ្នាំ​ហើយ ​អត់​ដែល​មាន​សង្គម​ស៊ីវិល​ហ្នឹង​សុំ​ផ្អាក​អ្វី​បាន​ទេ។ សម័យ​ប្រជុំ​រដ្ឋ​សភា​គឺ​អត់​មាន​រង់ចាំ​ការ​ស្នើ​សុំ​ឱ្យ​ផ្អាក​អី​បាន​ទេ។ សូម​ជម្រាប​ជា​រួម​គឺ​អត់​បាន​ទេ»។​

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​បីកាល​ពី​ខែ​មេសា​ហើយ​កាល​ពី​ថ្ងៃ​ទី​២៨​មេសា ​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​រិះ​គន់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ម្តង​ហើយ​ថា​បាន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ហួស​កម្រិត​និង​កំពុង​តែ​ដណ្តើម​យក​ការងារ​របស់​រដ្ឋាភិបាល​យក​ទៅ​ធ្វើ​ជំនួស ​បន្ទាប់​ពី​ពួកគេ​ទាមទារ​ឱ្យ​ផ្សព្វផ្សាយ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​ជា​សាធារណៈ​និង​បើក​ឱ្យ​មាន​ការ​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​មុន​នឹង​ដាក់​ឱ្យ​សភា​អនុម័ត៕
XS
SM
MD
LG